ក្រឡែកមើលរយៈពេល៥០ឆ្នាំកន្លងទៅ ប្រជាជនវៀតណាមសុទ្ធតែមោទនភាពចំពោះយុទ្ធជ័យត្រចះត្រចង់ ភ្លូកទឹកភ្លូកដី ដែលបានបើកយុគសម័យថ្មី យុគសម័យហូជីមិញដ៏រុងរឿង។ ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ វិទ្យុសម្លេងវៀតណាមសូមផ្ដល់ជូនលោកអ្នកនាងនិងប្រិយមិត្តនូវកម្មវិធីផ្សាយសម្លេងពិសេស ដែលមានចំណងជើងថា «ផ្លូវទៅកាន់សន្តិភាព»។
ផែនទីប្រទេសវៀតណាមបង្រួបបង្រួមនៅឆ្នាំ១៩៧៦ បោះពុម្ពនៅលើកាសែត ប្រជាជន ច្បាប់ពិសេស។ (រូបថត៖ កាសែតប្រជាជន) |
ផ្នែកទី១៖ ផែនទីប្រទេសបង្រួបបង្រួម
នៅថ្ងៃមួយដើមខែមេសា នៅក្នុងផ្ទះតូចមួយនៅវិថី Tho Lao (ហាណូយ) យើងខ្ញុំបានជួបវិចិត្រករ Cao Trong Thiem ដែលឆ្នាំនេះមានវ័យជាង ៨០ ឆ្នាំហើយ។ លោកគឺជាអ្នកដែលបានគូរផែនទីវៀតណាមបង្រួបបង្រួមនៅឆ្នាំ១៩៧៦ បោះពុម្ពនៅលើកាសែត ប្រជាជន ច្បាប់ពិសេស ដើម្បីបម្រើការបោះឆ្នោតសកលលើកដំបូងក្រោយពីថ្ងៃរំដោះ។
“មានផែនទីជាច្រើនហើយ ប៉ុន្តែហេតុអ្វីបានជាកាសែត ប្រជាជន ជួលខ្ញុំឲ្យគូរផែនទីថ្មីដើម្បីបោះពុម្ពនៅលើច្បាប់ពិសេស? បំណងដែលកាសែតចង់បញ្ជាក់តាមរយៈផែនទីនេះ គឺភាពជាផ្លូវការនៃព្រំដែន និងអធិបតេយ្យភាពរបស់វៀតណាម”។
វិចិត្រករ Cao Trong Thiem (ខាងស្ដាំ)។ (រូបថត៖ កាសែតប្រជាជន) |
ទោះបីជាភ្ញាក់ផ្អើលនឹងសំណើរនេះម៉ែន ក៏វិចិត្រករ Cao Trong Thiem មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង។ លោកបានគូសបន្ទាត់តូចនីមួយៗយ៉ាងយកចិត្តទុកដាក់បំផុត ដោយប្រាប់ខ្លួនឯងថា ត្រូវគូរយ៉ាងណាឲ្យផែនទីមានភាពសាមញ្ញ ងាយស្រួលមើល ប៉ុន្តែនៅតែរំលេចបាននូវប្រធានបទ "ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ"។
“មានពេលតែ ២៤ ម៉ោងប៉ុណ្ណោះដើម្បីសម្រេចរួចរាល់។ ខ្ញុំត្រូវគូរពេញមួយថ្ងៃទាំងយប់ដើម្បីយកទៅបោះពុម្ពឲ្យទាន់ពេល។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះនេះជាភារកិច្ចដ៏សែនសំខាន់ ដែលត្រូវតែបង្ហាញថា ប្រជាជាតិវៀតណាមគឺតែមួយ ប្រទេសវៀតណាមគឺតែមួយ។ យើងត្រូវពលី ប្រយុទ្ធ មនុស្សជាច្រើនរាប់មិនអស់បានពលីជីវិតទើបមានថ្ងៃនេះ”។
នៅលើផែនទី ទីតាំងសម្គាល់ត្រូវបានវិចិត្រករបង្ហាញយ៉ាងល្អិតល្អន់ ព្រំប្រទល់ច្បាស់លាស់ ហើយជាពិសេសប្រជុំកោះ Truong Sa, Hoang Sa និងកោះ Tho Chu ត្រូវបានគូររំលេចដើម្បីបញ្ជាក់ពីអធិបតេយ្យភាព។
“ពេលគូរផែនទីនេះ ខ្ញុំបានបង្ហាញយ៉ាងច្បាស់ថា វៀតណាមជាប្រជាជាតិតែមួយ។ ប្រជាជាតិដែលមានអធិបតេយ្យភាពពេញលេញ។ ប្រជាជននៅគ្រប់តំបន់ទាំងអស់សុទ្ធតែជាជនជាតិ
វៀតណាម។ នៅលើផែនទីមានខេត្តក្រុងចំនួន ៣៨។ ព្រំដែនជាតិលើដីគោក និងលើសមុទ្រត្រូវបានគូររំលេចដើម្បីឲ្យអ្នកមើលងាយស្រួលស្គាល់ ជាពិសេសប្រជុំកោះ Hoang Sa Truong Sa និងកោះ Tho Chu”។
ជិតកន្លះសតវត្សបានកន្លងផុតទៅ កាសែតដែលមានផែនទីវៀតណាមនោះ ត្រូវបានគ្រួសារវិចិត្រករ Cao Trong Thiem ថែរក្សាយ៉ាងយកចិត្តទុកដាក់ ដូចការដឹងគុណចំពោះយុទ្ធជន និងជនរួមជាតិដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីសន្តិភាពនិងការបង្រួបបង្រួមប្រទេសជាតិ។
ផ្នែកទី២៖ ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ
ដើម្បីឱ្យវិចិត្រករ Cao Trong Thiem និងវិចិត្រករផ្សេងទៀត អាចគូរផែនទីប្រទេសវៀតណាមបង្រួបបង្រួមបាន ក្នុងអំឡុងពេល ២១ ឆ្នាំនៃការតស៊ូ (១៩៥៤ - ១៩៧៥) យុទ្ធជន និងជនរួមជាតិវៀតណាមរាប់លាននាក់បានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហានលើគ្រប់សមរភូមិ ពីខាងជើងទៅខាងត្បូង ពីព្រៃភ្នំ Tay Nguyen ដល់វាលទំនាបឆ្នេរសមុទ្រ។
លោកស្រី Tran Thi Hoa (ទី ២ ពីខាងស្តាំ) ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយអតីតឈ្លើយសិកបដិវត្តន៍ស្ត្រី នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ (រូបថត៖ hoilhpn.org.vn) |
ប្រិយមិត្តកំពុងស្តាប់ការច្រៀងរបស់លោកស្រី Tran Thi Hoa រស់នៅខេត្ត Dong Nai។ លោកស្រីគឺជាអតីតឈ្លើយសិកមួយ ក្នុងចំណោមអតីតឈ្លើយសិកស្រីរាប់ពាន់នាក់ ដែលធ្លាប់ជាប់ឃុំឃាំង និងរងទារុណកម្មក្នុងគុកសត្រូវដ៏ឃោរឃៅ ដូចជា៖ Con Dao Phu Quoc Phu Tai... ពួកគេបានចែករំលែកគ្រាប់អំបិលនីមួយៗ ដុំបាយនីមួយៗជាមួយគ្នា ប្រែក្លាយគុកទៅជាសាលាបដិវត្តន៍ តស៊ូទាមទារសិទ្ធិសម្រាប់ឈ្លើយសិក។
យោងតាមលោកស្រី Hoa មនុស្សម្នាក់ៗមិនអាចបង្កើតប្រវត្តិសាស្ត្របានទេ វាគឺជាសាមគ្គីភាព និងសេចក្ដីស្នេហាជាតិ បាននាំមកនូវជ័យជំនះជូនប្រជាជាតិ។
“ជាងកន្លះសតវត្សបានកន្លងផុតទៅហើយ។ កាលនោះយើងខ្ញុំជាយុវជន មានឆន្ទៈដែកថែប និងសេចក្ដីស្នេហាជាតិដ៏ក្លៀវក្លា ឆ្ពោះទៅមុខដោយមិនគិតពីខ្លួនឯងទេ ប្ដេជ្ញាប្រយុទ្ធ ប្ដេជ្ញាយកឈ្នះខ្មាំងសត្រូវ និងពួកក្បត់ជាតិ។ យើងខ្ញុំមិនប្រយុទ្ធដើម្បីក្លាយជាវីរជនទេ។ យើងខ្ញុំលះបង់ជូនមាតុភូមិក្នុងនាមសមមិត្តរបស់យើងដែលបានពលីផងដែរ”។
សំបុត្ររបស់យុទ្ធជនពលីចំនួន ៣ នាក់៖ Le Hoang Vu, Nguyen Chi និង Tran Viet Dung។ (រូបថតឯកសារ) |
មិនត្រឹមតែអ្នកដែលនៅរស់ប៉ុណ្ណោះទេ សូម្បីតែយុទ្ធជនមុនពេលពលីជីវិត ក៏មានជំនឿយ៉ាងមុតមាំចំពោះថ្ងៃជ័យជំនះ និងសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិ ដូចនៅក្នុង “សំបុត្រទៅកាន់អ្នកដែលកំពុងរស់” ដែលសរសេរដោយយុទ្ធជនពលី ៣ នាក់នៃកងវរសេនាធំ Binh Gia ក្នុងឆ្នាំ ១៩៦៦ មុនពេលពួកគេពលីជីវិត។ ១៨ ឆ្នាំក្រោយមក (ក្នុងឆ្នាំ ១៩៨៤) សំបុត្រនេះត្រូវបានគេរកឃើញនៅក្បែរអដ្ឋិធាតុយុទ្ធជន ៣ នាក់នៅទន្លេ Dong Nai ខេត្ត Binh Duong។
"ប្រសិនបើយើងខ្ញុំត្រូវបានរកឃើញក្រោយពី ៥ ឆ្នាំ - ១០ ឆ្នាំនៃសេរីភាពដ៏មានតម្លៃសូមឱ្យយើងខ្ញុំ - ផ្ញើដល់អ្នកដែលកំពុងរស់ រស់យ៉ាងត្រឹមត្រូវតាមអត្ថន័យរបស់វា ក្នុងយុគសម័យដ៏រុងរឿង នូវការដឹងគុណដ៏ជ្រាលជ្រៅ ព្រោះថាអ្នកកំពុងធ្វើឲ្យការស្លាប់របស់យើងខ្ញុំរក្សាបាននូវអត្ថន័យពេញលេញ។ អ្នកកំពុងធ្វើការដោយមិនគិតតែពីខ្លួនឯង ដូចយើងខ្ញុំបានប្រយុទ្ធដោយមិនគិតតែពីខ្លួនឯងដើម្បីមាតុភូមិយើងកាន់តែស្រស់បំព្រង ដើម្បីប្រជាជនយើងកាន់តែរីកចម្រើន សុភមង្គល ដើម្បីសង្គមយើងកាន់តែប្រជាធិបតេយ្យ និងយុត្តិធម៌”។
លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងជំនួបជាមួយកម្មាភិបាលបដិវត្តន៍ជើងចាស់ អ្នកមានគុណូបការៈ និង គ្រួសារគោលនយោបាយនៅតំបន់ភាគខាងត្បូង នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នៅទីក្រុងហូជីមិញ។ (រូបថត៖ VOV) |
ពួកគេ ទាំងអ្នកដែលនៅរស់ និងអ្នកដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន បានរួបរួមគ្នាជាកម្លាំងចម្រុះ បង្កើតឡើងមហាវីរកថា ក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរំដោះ និងការពារមាតុប្រទេស។ ដូចប្រសាសន៍លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានអះអាងនៅពេលជួបជាមួយកម្មាភិបាលបដិវត្តន៍ជើងចាស់ អ្នកមានគុណូបការៈ និង គ្រួសារគោលនយោបាយនៅតំបន់ភាគខាងត្បូង នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នៅទីក្រុងហូជីមិញ៖
“គ្មានវេយ្យាករណ៍អក្សរសាស្ត្រណាមួយ អាចឆ្លុះបញ្ជាំងបានពេញលេញពីភាពមហិមារ របស់ប្រជាជាតិវៀតណាម ប្រជាជនវៀតណាម និងកងទ័ពលោកអ៊ុំហូក្នុងការតស៊ូដ៏ពិសិដ្ឋពីររបស់ប្រជាជាតិ; គ្មានស្នាដៃសិល្បៈណាមួយអាចពណ៌នាបានពេញលេញពីឆន្ទៈ និងកម្លាំងដ៏មហិមារបស់ប្រជាជនវៀតណាម ប្រទេសវៀតណាមក្នុងសេចក្តីប្រាថ្នា “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ”។ ពីក្នុងព្យុះភ្លើងនៃសង្រ្គាម ប្រជាជាតិវៀតណាមបានក្លាយជាអ្នកឈ្នះ ក្លាយជា "សុភនិច្ឆ័យនិងរបៀបរស់នៅ" របស់ប្រទេសជាច្រើនដែលកំពុងតស៊ូរំដោះជាតិ ហើយក្លាយជានិមិត្តរូបនៃសម័យកាលផងដែរ”។
ប្រទេសជាតិសព្វថ្ងៃមានសន្តិភាព និងសេរីភាព។ សន្តិភាពដែលកសាងឡើងដោយសាច់ស្រស់ឈាមស្រស់របស់ជំនាន់មុនៗ មិនត្រឹមតែនាំមកនូវស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងវិបុលភាពជាតិទៀតផង។
វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថាជា “រឿងរ៉ាវជោគជ័យ” នៃការអភិវឌ្ឍ។ (រូបថត៖ VOV) |
ផ្នែកទី៣៖ ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា
នៅពេលដែលវៀតណាមទើបតែបង្រួបបង្រួមក្នុងឆ្នាំ១៩៧៥ អ្នកកាសែតអន្តរជាតិម្នាក់បាននិយាយថា វៀតណាមត្រូវការពេលវេលាយ៉ាងហោចណាស់១០០ឆ្នាំដើម្បីមានឋានៈនៅលើ
ពិភពលោក។ ប៉ុន្តែការពិតគឺក្រោយពីតែ ៥០ ឆ្នាំប៉ុណ្ណោះ ប្រទេសនេះបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លាលើរណសិរ្សការទូត សេដ្ឋកិច្ច និងការអភិវឌ្ឍដោយសន្តិភាព។
ដោយធ្លាប់មកកាន់ប្រទេសវៀតណាមតាំងពីដើមទស្សវត្សរ៍ឆ្នាំ ២០០០ ហើយបានវិលត្រឡប់មកប្រទេសដ៏តូចតាចប៉ុន្តែប្រកបដោយភាពធន់នេះច្រើនដងហើយ អ្នកកាសែតបារាំង លោក Alain Thomas បាននិយាយថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដ៏ខ្លាំងក្លានៃសង្គមវៀតណាម។
“វៀតណាមជាភស្តុតាងដ៏រស់រវើកដែលបង្ហាញឲ្យឃើញថា ប្រទេសតូចតាចមួយអាចយកឈ្នះលើអានុភាពដែលមើលទៅហាក់ដូចជាមិនដែលចេះចាញ់ ហើយកំពុងបោះជំហានយ៉ាងរឹងមាំលើមាគ៌ាក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅអាស៊ី”។
អ្នកកាសែត Alain Thomas។ (រូបថត៖ Huong Giang/VNA) |
លោក Alain Thomas បានសង្កត់ធ្ងន់លើការលេចឡើងនៃវណ្ណៈកណ្តាលនៅក្នុងតំបន់ទីក្រុង ជាមួយនឹងគុណភាពជីវភាពកាន់តែប្រសើរឡើងគួរឱ្យកត់សម្គាល់ និងការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការប្រើប្រាស់ក្នុងស្រុក រួមជាមួយនឹងការរីកចម្រើននៃទីផ្សារអចលនទ្រព្យ។
ជាពិសេស លោកបានវាយតម្លៃខ្ពស់ចំពោះប្រពៃណីលើកតម្កើងការអប់រំរបស់វៀតណាម ដោយចាត់ទុកថា ភាពម៉ឺងម៉ាត់ ភាពឧស្សាហ៍ព្យាយាម និងវិន័យក្នុងការសិក្សា និងធ្វើការ គឺជាសក្តានុពលដែលជួយវៀតណាមងើបឡើងក្នុងយុគសម័យនៃសេដ្ឋកិច្ចសកល និងសង្គមឌីជីថល ៤.០។
លោកក៏បានសម្តែងនូវ “ការកោតសរសើរ” ចំពោះស្ថិរភាពនយោបាយ និងសង្គមប្រកបដោយនិរន្តរភាពក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនៅវៀតណាមផងដែរ។
“គ្មានចលាចលដ៏ធំ គ្មានជម្លោះសង្គមជ្រាលជ្រៅនោះទេ នេះជាកត្តាសំខាន់ដែលជួយវៀតណាម
បោះជំហានទៅអនាគតប្រកបដោយទំនុកចិត្ត ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម”។
លោក Alain Thomas បានអះអាងថា ប្រជាជនវៀតណាមគឺជាប្រជាជាតិមួយដែលបានយកឈ្នះលើមហាអំណាចបរទេស ហើយស្មារតីដ៏មុតមាំនោះ នឹងបន្តជាកម្លាំងចលករដើម្បីជួយ
វៀតណាមជំនះពុះពារលើបញ្ហាប្រឈមនាពេលខាងមុខក្នុងដំណើរស្ទុះឈានទៅមុខរបស់ប្រជាជាតិ។
ខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងបានបង្ហាញកាន់តែច្បាស់ពីតម្លៃនៃឯករាជ្យ សេរីភាព និងការរក្សាបាននូវបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ពាក់កណ្តាល
សតវត្សក្រោយពីថ្ងៃរំដោះ ទំនាក់ទំនងវៀតណាម-អាមេរិកបានក្លាយទៅជាគំរូលើពិភពលោកនៃការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ ចាប់ពីការប្រឈមមុខដាក់គ្នារហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Craig McNamara ឧទ្ទេសនាមអំពីសៀវភៅ “ព្រោះតែឪពុកយើងខ្ញុំកុហក” នៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ (រូបថត៖ My Hanh/qdnd.vn) |
នៅដើមខែមីនាឆ្នាំនេះ លោក Craig McNamara បានមកដល់វៀតណាម។ លោកគឺជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក Robert McNamara ដែលត្រូវបានគេស្គាល់ថា ជាទស្សនវិទូនៃសង្គ្រាមវៀតណាម។
មានវត្តមាននៅក្នុងជំនួបសំណេះសំណាលនៅឯសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ដែលរក្សាទុកវត្ថុ ឯកសារ និងកំណត់ត្រារាប់សិបម៉ឺនអំពីប្រវត្តិនៃការបង្កើត ការប្រយុទ្ធ និងជ័យជំនះរបស់កងទ័ពវៀតណាម លោក Craig McNamara បានពាក់ផ្លាកសញ្ញាចំនួនពីរនៃទង់ជាតិអាមេរិក និងវៀតណាម ដែលតោងជាប់គ្នានៅលើអាវកាក់របស់លោក ដូចជានិមិត្តរូបមួយនៃការផ្សះផ្សាអញ្ចឹង។
“ខ្ញុំបានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ហើយអ្វីដែលនៅសល់ក្នុងចិត្តខ្ញុំគឺឱកាសសន្តិភាពដែលត្រូវរំលង។ ហេតុដូច្នេះ ខ្ញុំមានវត្តមាននៅទីនេះ ដើម្បីពិភាក្សា ស្វែងយល់ពីអ្វីដែលបុព្វបុរសរបស់អ្នកនិងខ្ញុំបានឆ្លងកាត់។ ខ្ញុំពិតជាត្រូវបានបំផុសគំនិតដោយដំណើរទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធា”។
លោក Craig McNamara មកដល់ឈាបនដ្ឋាន Truong Son។ |
នៅពេលមកដល់ឈាបនដ្ឋាន Truong Son លោក Craig McNamara បានអុជធូបលើផ្នូររាប់រយ ហើយឈប់នៅផ្នូររបស់យុទ្ធជនម្នាក់ដែលបានពលីជីវិតនៅឆ្នាំ ១៩៥០។ លោកបានឈប់ហើយស្រក់ទឹកភ្នែកព្រោះថ្ងៃដែលយុទ្ធជននោះពលីជីវិត ក៏ជាថ្ងៃដែលលោកបានកើតដែរ។
“ដូចដែលឧត្តមសេនីយ៍ Giap បានប្រាប់ឪពុកខ្ញុំថា៖ "អ្នកមិនយល់ពីវប្បធម៌របស់យើងទេ"។ សោកស្ដាយណាស់ថា ឪពុកខ្ញុំមិនបានមកវៀតណាម ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់អ្នក អំពីប្រជាជនវៀតណាម អំពីសេចក្តីប្រាថ្នារបស់អ្នកចង់ក្លាយជាប្រជាជាតិបង្រួបបង្រួម។ វ័យជំទង់របស់ខ្ញុំ ខ្ញុំបានរស់នៅក្រោមកញ្ចក់នៃសង្រ្គាមនៅ វៀតណាម។ លើកនេះខ្ញុំមកវៀតណាមដើម្បីរួមចំណែកកសាងអនាគតសម្រាប់ប្រទេសយើងទាំងពីរ”។
លោក Craig McNamara និងអតីតយុទ្ធជនវៀតណាម។ |
លោក Craig McNamara បានចែករំលែកថា លោកនឹងចំណាយពេលនៅសេសសល់ក្នុងជីវិតរបស់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម រួមទាំងផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ដែលឪពុករបស់លោកក្នុងអំឡុងពេល ៨ ឆ្នាំធ្វើជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានសម្រេចចិត្តរោយទម្លាក់លើប្រទេសវៀតណាម។ លោកក៏នឹងបោះពុម្ភផ្សាយសៀវភៅជាភាសាវៀតណាមដោយមានចំណងជើងថា "ព្រោះតែឪពុកយើងកុហក - កំណត់ត្រានៃការពិត និងគ្រួសារ ពីវៀតណាមដល់សព្វថ្ងៃ"។ សៀវភៅនេះនិយាយអំពីដំណើរការផ្លាស់ប្ដូររបស់លោក Craig ក្លាយជាអ្នកចូលរួមយ៉ាងខ្លាំងក្លាទៅក្នុងចលនាប្រឆាំងនឹងសង្រ្គាម ដែលឪពុករបស់លោកគឺជាឥស្សរជនជួរមុខក្នុងការកសាង និងប្រតិបត្តិ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ គឺជាខួបពាក់កណ្តាលសតវត្សរ៍នៃការបង្រួបបង្រួមជាតិ។ ជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនត្រឹមតែបញ្ចប់ការតស៊ូដណ្ដើមឯករាជ្យជាច្រើនទស្សវត្សរ៍ប៉ុណ្ណោះទេ ថែមទាំងបានចាក់គ្រឹះសម្រាប់ការឈានឡើងរបស់វៀតណាមនៅលើឆាកអន្តរជាតិទៀតផង។ ផ្លូវទៅកាន់សន្តិភាពពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈម ប៉ុន្តែប្រជាជាតិវៀតណាមទៅដល់ច្រាំងនៃឯករាជ្យ សេរីភាព និងសុភមង្គល៕