ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ៖ វៀតណាមចូលដល់ “ទីលានលេងដ៏ធំ”
(VOVWORLD) - មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ ដែលជាដំណាក់កាលថ្មីមួយ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ក្នុងដំណើរការចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក។
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ Lai Hoa/VOV |
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម (IFC) គឺជាការចាប់ផ្តើមនៃដំណើរការច្នៃប្រឌិតប្រកបដោយគុណភាព និងប្រសិទ្ធភាព ចំពោះការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជាមួយការជះឥទ្ធិពលយ៉ាងទូលំទូលាយលើគ្រប់វិស័យ និងម្ចាស់កម្មវត្ថុនៃប្រទេសជាតិ។ មជ្ឈមណ្ឌលនេះដំណើរការលើគំរូ “មជ្ឈមណ្ឌលមួយ គោលដៅពីរ” ដែលមានទីតាំងនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង។
ចំណុចរបត់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍
ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម គឺជាភាពចាំបាច់ជាក់ស្តែងនិងបន្ទាន់ ដែលកើតចេញពីសក្តានុពល និងចក្ខុវិស័យសហសម័យសម្រាប់គោលដៅអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម។ នៅក្នុងសន្និសីទ ប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនាថ្ងៃទី ២១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា នេះគឺជា “ចំណុចរបត់” មួយនៅក្នុងដំណើរការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយរយៈពេល ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី៖
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទប្រកាស បង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ Lai Hoa/VOV |
“ខណៈដែល មជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសវៀតណាម ជាមួយនឹងទីតាំងភូមិសាស្ត្រនយោបាយអំណោយផលរបស់ខ្លួន អាចក្លាយជាចំណុចប្រសព្វធម្មជាតិ សម្រាប់លំហូរនៃមូលធន ទំនិញ និងបច្ចេកវិទ្យាសកល ប្រសិនបើយើងដឹងពីរបៀបទាញយកអត្ថប្រយោជន៍ពីឱកាសនោះ។ ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មិនមែនគ្រាន់តែជាការទាក់ទាញធនធានវិនិយោគប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀត គឺក្លាយជាសសៃឈាម ដែលទាក់ទាញកម្លាំងជំរុញកំណើនថ្មីជាមួយនឹងទីផ្សារសេវាកម្មហិរញ្ញវត្ថុ ហិរញ្ញវត្ថុកម្រិតខ្ពស់ និងយន្តការ គោលនយោបាយ និងគំរូអភិបាលកិច្ចថ្មីៗ។ ទាំងនេះនឹងក្លាយជាកម្លាំងចលករដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយជំរុញវៀតណាម ឱ្យឈានដល់កម្រិតខ្ពស់ជាងនៅក្នុងខ្សែសង្វាក់តម្លៃសកល”។
ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមក៏ជាការចាប់ផ្តើមនៃដំណើរការច្នៃប្រឌិតប្រកបដោយគុណភាព និងប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជាមួយការជះឥទ្ធិពលយ៉ាងទូលំទូលាយលើគ្រប់វិស័យ និងម្ចាស់កម្មវត្ថុទាំងអស់នៃប្រទេសជាតិ៖ “ទីមួយ លើកកម្ពស់ឋានៈជាតិ៖ ប្រទេសវៀតណាមមិនត្រឹមតែត្រូវបានគេស្គាល់ថា ជា "រោងចក្រ" សម្រាប់ដំណើរការប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជា "តំណភ្ជាប់" ដ៏សំខាន់មួយនៅក្នុងបណ្តាញសន្តិសុខហិរញ្ញវត្ថុសកល និងខ្សែសង្វាក់តម្លៃសកល។ ទីពីរ ការបង្កើតរបកគំហើញមួយនៅក្នុងធនធាន៖ ការបង្កើត និងអភិវឌ្ឍបណ្តាញកៀរគរមូលធនដែលមានប្រសិទ្ធភាព ទ្រង់ទ្រាយធំនិងមានតម្លៃទាបសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដោយមិនបង្កើនពិដានបំណុលសាធារណៈ។ ទីបី "របកគំហើញនៃរបកគំហើញ" នៅក្នុងស្ថាប័ន។ អត្ថប្រយោជន៍ដ៏ធំបំផុតនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមិនត្រឹមតែត្រូវបានវាស់វែងតាមន័យរូបិយវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការច្នៃប្រឌិតនៃការគិតគ្រប់គ្រង និងបច្ចេកវិទ្យាទំនើបផងដែរ។ សម្ពាធប្រកួតប្រជែងអន្តរជាតិនឹងជំរុញកំណែទម្រង់រដ្ឋបាល និងឌីជីថលូបនីយកម្មឱ្យកាន់តែរឹងមាំ មានតម្លាភាព និងទូលំទូលាយជាងមុន”។
ឱកាសនៅក្នុង "ទីលានលេងធំ"
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជាចំណុចប្រសព្វសម្រាប់ស្ថាប័នហិរញ្ញវត្ថុ លំហូរមូលធន ផលិតផលហិរញ្ញវត្ថុចម្រុះ និងសេវាកម្មគាំទ្រកម្រិតខ្ពស់។ នៅក្នុងបរិបទនៃការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការផ្លាស់ប្តូរលំហូរមូលធន ការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅក្នុង "ទីលានលេង" នេះបង្ហាញពីចក្ខុវិស័យរយៈពេលវែង ដែលមិនពឹងផ្អែកតែលើកម្លាំងពលកម្មថោក ឬការផ្ទេរការងារទៅខាងក្រៅនោះទេ ប៉ុន្តែមានគោលបំណងឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់។ លោក Don Lam នាយកប្រតិបត្តិនៃមូលនិធិវិនិយោគ VinaCapital បានថ្លែងថា៖ “ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនឹងជួយវៀតណាមទាក់ទាញមូលធនបន្ថែមដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងទ្រង់ទ្រាយធំដែលវៀតណាមកំពុងអនុវត្តន៍។ ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដើរតួនាទីយ៉ាងសំខាន់។ យើងកំពុងសហការជាមួយសម្ព័ន្ធក្រុមហ៊ុន Bamboo Capital (BCG) ដើម្បីឧបត្ថម្ភទីក្រុងហូជីមិញ ក្នុងការបង្កើតផែនការសម្រាប់ IFC។ ក្រៅពីការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ មូលធននិងឥណទាន វៀតណាមគឺជាអ្នកនាំចេញផលិតផលកសិកម្មឈានមុខគេមួយដូចជាអង្ករ កាហ្វេ និងម្រេចទៅកាន់ពិភពលោក”។
ពីទស្សនៈជាតិ វត្តមានរបស់សាជីវកម្មហិរញ្ញវត្ថុធំៗនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនឹងនាំឱ្យមានប្រព័ន្ធអេកូឡូស៊ីសេវាកម្មដែលមានគុណភាពខ្ពស់ ដូចជាការប្រឹក្សាផ្នែកច្បាប់ ការធ្វើសវនកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ការធានារ៉ាប់រង ការគ្រប់គ្រងហានិភ័យ។ល។ ដែលរួមចំណែកដល់ការលើកកម្ពស់ទីផ្សារសេវាកម្មរបស់វៀតណាម។ ពីទស្សនៈអន្តរជាតិ ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជួយវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងបណ្តាញហិរញ្ញវត្ថុអាស៊ី-ប៉ាស៊ីហ្វិក ខណៈពេលដែលក៏បម្រើជាវេទិកាសម្រាប់អាជីវកម្មវៀតណាមដើម្បីពង្រីកអន្តរជាតិ ចូលប្រើប្រាស់ស្តង់ដារអន្តរជាតិ តម្លៃជឿនលឿននិងខ្សែសង្វាក់តម្លៃសកល។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc បានថ្លែងថា៖
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc។ រូបថត៖ VGP/HT |
“ទីក្រុងហូជីមិញបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការរបស់ខ្លួនជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ៗ និងមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនដូចជាទីក្រុងញូវយ៉ក ប្រទេសបារាំង សិង្ហបុរី ឌូបៃ អាស្តាណា...។ ជាមួយនឹងវិធីសាស្រ្តនេះ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងមិនត្រឹមតែជាកន្លែងហិរញ្ញវត្ថុសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជានិមិត្តរូបនៃការគិតគូរអភិវឌ្ឍន៍ថ្មី នៃស្មារតីនៃការហ៊ានពិសោធន៍ ហ៊ានច្នៃប្រឌិត និងហ៊ានទម្លុះលើផ្លូវឆ្ពោះទៅរកការសម្រេចនូវសេចក្តីប្រាថ្នារបស់ប្រទេស សម្រាប់វិបុលភាព ការពឹងផ្អែកលើខ្លួនឯង និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងយុគសម័យថ្មី”។
ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ។ មិនត្រឹមតែជាការសម្រេចចិត្តជាយុទ្ធសាស្ត្រលើការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់យ៉ាងមុតមាំអំពីសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការងើបឡើងនៅលើផែនទីហិរញ្ញវត្ថុក្នុងតំបន់ និងពិភពលោក៕