ពន្ធបដិការបស់អាមេរិក៖ សេណារីយ៉ូមុនថ្ងៃផុតកំណត់
(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានា ធិបតីអាមេរិក លោក Donald Trump បានផ្ញើលិខិតប្រកាសអត្រាពន្ធថ្មី ទៅកាន់បណ្តាប្រទេស ជុំវិញពិភពលោក បានបង្កសម្ពាធយ៉ាងខ្លាំង បង្ខំឱ្យដៃគូពាណិជ្ជកម្មរបស់អាមេរិកត្រូវរត់ប្រណាំងជាមួយពេលវេលា ដើម្បីចៀសវាងអត្រាពន្ធខ្ពស់លើការនាំចេញទំនិញទៅកាន់សហរដ្ឋ អាមេរិក ចាប់ពីថ្ងៃទី ១ ខែសីហា។
ក្នុងអំឡុងពេលពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ញើលិខិតប្រកាសអត្រាពន្ធថ្មីទៅកាន់ប្រទេសជាង ៣០ ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក រួមទាំងសហភាពអឺរ៉ុប (EU) ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក និងកាណាដា ហើយបានឲ្យដឹងថា លោកនឹងផ្ញើលិខិតទៅកាន់ប្រទេសជាង ១៥០ ផ្សេងទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយអំពីពន្ធបដិកា នៅឯសេតវិមានក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Carlos Barria |
តើអ្វីជាជម្រើសសម្រាប់សហភាពអឺរ៉ុប?
យោងតាមខ្លឹមសារក្នុងលិខិតដែលបានផ្ញើដោយលោក Donald Trump សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក ហើយយកពន្ធ ៣៥% លើប្រទេសកាណាដាចាប់ពីថ្ងៃទី ១ ខែសីហា ប្រសិនបើភាគីទាំងនេះ មិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិកមុនថ្ងៃកំណត់។ សម្រាប់កូរ៉េខាងត្បូង និងជប៉ុន ដែលជាដៃគូពាណិជ្ជកម្មធំៗទាំងពីរ និងជាសម្ព័ន្ធមិត្តនយោបាយកំពូលរបស់អាមេរិកនៅទ្វីបអាស៊ី អត្រាពន្ធបដិកាគឺ ២៥%។ សម្រាប់ប្រទេសជាង ១៥០ ផ្សេងទៀត ដែលភាគច្រើនជាប្រទេសតូចៗនៅទ្វីបអាហ្រ្វិក និងតំបន់ការ៉ាបៀន ដោយមិនមានការជួញដូរពាណិជ្ជកម្មច្រើនជាមួយសហរដ្ឋអាមេរិកនោះ រដ្ឋាភិបាលអាមេរិកនឹងផ្ញើលិខិតបញ្ជាក់យ៉ាងច្បាស់អំពីអត្រាពន្ធថ្មី ជំនួសឱ្យការចរចា។
ចំណាត់ការថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិក បានបង្កបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសនិងអង្គការនានាដែលមានបំណងចង់ជៀសវាងសេណារីយ៉ូនៃជម្លោះពាណិជ្ជកម្មដ៏ទូលំទូលាយ ជាមួយខឿនសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។ សម្រាប់សហភាពអឺរ៉ុប អត្រាពន្ធថ្មីដែសហរដ្ឋ អាមេរិកបានប្រកាស (៣០%) គឺខ្ពស់ជាងអត្រាពន្ធបឋម (២០%) ដែលលោក Donald Trump បានប្រកាសកាលពីដើមខែមេសា។ បើយោងតាមស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic អត្រាពន្ធនេះគឺស្មើនឹងការលុបបំបាត់ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ នាពេលខាងមុខ សហភាពអឺរ៉ុបនៅតែផ្តល់អាទិភាពលើដំណោះស្រាយនៃការចរចា ដោយផ្អាកការសងសឹកចំពោះការដំឡើងពន្ធរបស់អាមេរិកលើផលិតផលដែកថែបនិងអាលុយមីញ៉ូម។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សហភាពអឺរ៉ុបនាបច្ចុប្បន្ននេះគឺថា តើត្រូវជ្រើស រើសវិធីសាស្ត្រតឹងរឹងឬទន់ជ្រាយ ក្នុងដំណាក់កាលចរចាចុងក្រោយរបស់អាមេរិក។
យោងតាមលោក Jacob Funk Kirkegaard អ្នកជំនាញនៅវិទ្យាស្ថាន Bruegel នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) សហភាពអឺរ៉ុបត្រូវតែបង្ហាញពីភាពតឹងរឹងជាង។ លោក Cyrus de la Rubia ប្រធានសេដ្ឋវិទូនៃធនាគារ ពាណិជ្ជកម្ម Hamburg (អាល្លឺម៉ង់) បានធ្វើអត្ថាធិប្បាយថា៖ “ប្រសិនបើគ្រាន់តែក្រឡេកមើលទិដ្ឋភាពពាណិជ្ជកម្មសុទ្ធសាធ ខ្ញុំគាំទ្រគោលជំហរដ៏តឹងរឹង ពីព្រោះយោងតាមការវាយតម្លៃរបស់ខ្ញុំ ហើយត្រូវបានបញ្ជាក់ដោយគំរូសេដ្ឋកិច្ចនានា សហរដ្ឋអាមេរិកអាចរងការខូចខាតច្រើនជាង EU ប្រសិនបើ EU មានគម្រោងអនុវត្តន៍ពន្ធសងសឹក”។
ទោះជាយ៉ាងណាក៏ដោយ សេដ្ឋវិទូមួយចំនួនផ្សេងទៀតជឿជាក់ថា ការដែលលោក Donald Trump បានពន្យារពេលដាក់ពន្ធម្តងហើយម្តងទៀតបានបង្ហាញថា ប្រធានាធិបតីអាមេរិកនៅតែចង់សម្រេចបានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។ លោក Carsten Brzeski ប្រធានសេដ្ឋវិទូនៃធនាគារ ING (ហូឡង់) បានចាត់ទុកថា សហភាពអឺរ៉ុបអាចស្នើឲ្យទិញទំនិញរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដូចជា៖ សណ្តែក ឧស្ម័នធម្មជាតិរាវ (LNG) និងជាពិសេសគឺ សព្វាវុធ ក្នុងបរិបទដែលសហភាពអឺរ៉ុបកំពុងបង្កើនការចំណាយលើវិស័យការពារជាតិផងដែរ។
អេក្រង់បង្ហាញរូបភាពរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅផ្សារហ៊ុន Bombay (BSE) នៅទីក្រុង Mumbai ប្រទេសឥណ្ឌា ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Francis Mascarenhas |
ឥទ្ធិពលនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ
នៅក្នុងសេចក្តីប្រកាសថ្មីបំផុតកាលពីថ្ងៃទី ១៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗជាច្រើននាប៉ុន្មានថ្ងៃខាងមុខនេះ រួមទាំងប្រទេសឥណ្ឌា ដែលជាខឿនសេដ្ឋកិច្ចធំជាងគេទីបួន និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅលើពិភពលោកបច្ចុប្បន្ន អាចធ្វើឱ្យការចរចារពន្ធកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ នាដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ពេលវេលា ៥០ ថ្ងៃសម្រាប់រុស្ស៊ី ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន ហើយបានគំរាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី និងដៃគូសេដ្ឋកិច្ចរបស់ប្រទេសនេះ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែនទទួលបរាជ័យ។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ប្រទេសចិន និងឥណ្ឌាបច្ចុប្បន្នជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់រុស្ស៊ី ដូច្នេះប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធ ១០០% លើប្រទេសទាំងនេះ (ដោយប្រយោលដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី) ត្រូវបានអនុវត្តនោះ លទ្ធផលនៃការចរចានាពេលថ្មីៗនេះ ជាមួយឥណ្ឌា និងសូម្បីតែកិច្ចព្រមព្រៀងជាមួយប្រទេសចិនកាលពីមុននោះ អាចនឹងរងការខូចខាត។ សម្រាប់ខឿនសេដ្ឋកិច្ចដ៏ធំមួយទៀត គឺប្រទេសប្រេស៊ីល ការគំរាមកំហែងរបស់លោក Donald Trump ក្នុងការយកពន្ធ ៥០% ក៏ត្រូវបានចាត់ទុកថា ភាគច្រើនគឺផ្តើមចេញពីកត្តាមិនមែនពាណិជ្ជកម្ម។ លោក Jochen Stanzl ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុនសេវាពាណិជ្ជកម្ម CMC Markets (UK) បានធ្វើអត្ថាធិប្បាយថា៖ “បច្ចុប្បន្ន នៅមានភាពមិនប្រាកដប្រជាច្រើនពេក ហើយខ្ញុំគិតថានោះគឺជាឧបសគ្គដ៏ធំបំផុត។ ខ្ញុំគិតថា គេអាចទទួលយកអត្រាពន្ធខ្ពស់ ដែលមិនមែនជាការសប្បាយនោះទេ ប៉ុន្តែប្រការដ៏សំខាន់ គឺរៀបចំផែនការសុវត្ថិភាព ដែលយើងមិនមាននៅបច្ចុប្បន្នឡើយ។ ទាំងអស់កំពុងផ្លាស់ប្តូរជាបន្តបន្ទាប់។ ខ្ញុំគិតថា ការរៀបចំផែនការសុវត្ថិភាពគឺជាប្រការសំខាន់បំផុតនៅពេលនេះ ក៏ដូចជាអត្រាពន្ធទាបបំផុតដែរ ប៉ុន្តែប្រការនេះ ត្រូវរង់ចាំលទ្ធផលនៃការចរចា"។
យោងតាមសាស្រ្តាចារ្យ Alan Sykes មកពីសាលាច្បាប់នៃសាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក) ក្នុងបរិបទបច្ចុប្បន្ន លទ្ធភាពកើតមានជម្លោះពាណិជ្ជកម្មសកល ត្រូវបានដោះស្រាយមុនថ្ងៃទី ១ ខែសីហា ដែរឬទេ នៅតែជាសញ្ញាសួរដ៏ធំមួយ៕