ភាពចលាចលនៅស៊ីរីបង្កឡើងផលប៉ះពាល់មិនអាចទាយទុកជាមុនបានលើតំបន់និងពិភពលោក

(VOVWORLD) - កងកម្លាំងឧទ្ទាម Hayat Tahrir al-Sham (ហៅកាត់ថា HTS) នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ៨ ខែធ្នូ បានសម្រុកចូលរដ្ឋធានី Damascus ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Al-Assad ដែលបង្កឡើងភាពចលាចលនយោបាយដ៏ធំបំផុតក្នុងរយៈពេលជាង ៥ ទសវត្សរ៍កន្លងមកនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។ ព្រឹត្តិការណ៍នេះក៏អាចបណ្តាលឱ្យមានផលប៉ះពាល់ដែលមិនអាចទាយទុកជាមុនបាន លើតំបន់ និងពិភពលោកនាពេលខាងមុខផងដែរ។

ភាពចលាចលនៅស៊ីរីបង្កឡើងផលប៉ះពាល់មិនអាចទាយទុកជាមុនបានលើតំបន់និងពិភពលោក - ảnh 1កងទ័ពរដ្ឋាភិបាលស៊ីរីបានដួលរលំយ៉ាងឆាប់រហ័សនៅចំពោះមុខការវាយប្រហាររបស់កងកម្លាំងឧទ្ទាម។ (រូបថត៖ AFP/TTXVN)

ក្រោយពីរយៈពេលវែងនៃប្រតិបត្តិការដ៏ស្ងប់ស្ងាត់ នៅថ្ងៃទី ២៧ ខែវិច្ឆិកា កងកម្លាំង HTS នៅភាគខាងជើងប្រទេសស៊ីរី បានបើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើល តម្រង់ទៅលើតំបន់ដែនដីដែលកាន់កាប់ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Al-Assad។ នៅចំពោះមុខការតបតដ៏ទន់ខ្សោយដែលមិននឹកស្មានដល់ របស់កងទ័ពស៊ីរី ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ HTS បានទន្ទ្រានកាន់កាប់ទីក្រុងសំខាន់ៗរបស់ស៊ីរីជាបន្តបន្ទាប់ ហើយនៅថ្ងៃទី ៨ ខែធ្នូបានសម្រុកចូលទៅក្នុងរដ្ឋធានី Damascus ដើម្បីផ្តួលរំលំរដ្ឋាភិបាលកំពុងកាន់អំណាច។

ការដួលរលំគួរឲ្យភ្ញាក់ផ្អើល

ការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar Al-Assad បានធ្វើឱ្យភាគីទាំងអស់មានការភ្ញាក់ផ្អើល រួមទាំងសម្ព័ន្ធមិត្តសំខាន់ៗរបស់ស៊ីរីផងដែរ។ យោងតាមអ្នកសង្កេតការណ៍ ការតបតដ៏ទន់ខ្សោយ និងការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad មានមូលហេតុជាច្រើន។ ទីមួយ ការវាយប្រហាររបស់ HTS កើតឡើងនៅពេលដែលតុល្យភាពអំណាចនៅមជ្ឈិមបូព៌ាមានការផ្លាស់ប្តូរជាច្រើន។ ក្រុម ហេសបូឡា ជាកងកម្លាំងនៅលីបង់ ដែលចូលរួមប្រយុទ្ធជាមួយរដ្ឋាភិបាល al-Assad បានទទួលរងការខូចខាតជាច្រើននៅក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល អស់រយៈពេលជាច្រើនខែកន្លងមក ហើយអ៊ីរ៉ង់ក៏ស្ថិតក្នុងដំណាក់កាលដែលងាយផ្ទុះឡើងជម្លោះជាមួយអ៊ីស្រាអែលផងដែរ ដូច្នេះពួកគេត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ី ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយទៀតរបស់ស៊ីរី ត្រូវប្រមូលផ្ដុំធនធានលើជម្លោះក្នុងប្រទេសអ៊ុយក្រែន ដូច្នេះហើយត្រឹមតែអាចគាំទ្រកងទ័ពស៊ីរីក្នុងកម្រិតមួយ ជាមួយនឹងកម្លាំងទ័ពអាកាសតិចតួចដែលរុស្ស៊ីកំពុងរក្សានៅមូលដ្ឋាន Hmeimim។ ហេតុដូច្នេះ រដ្ឋាភិបាលរបស់លោក Bashar al-Assad ខ្វះការគាំទ្រផ្នែកយោធា និងសន្តិសុខដ៏សំខាន់បំផុត។ បន្ទាប់មក គឺស្ថានការណ៍អស់កម្លាំងនៃសេដ្ឋកិច្ច និងកងទ័ពស៊ីរី ក្រោយពីសង្រ្គាមស៊ីវិលដ៏កាចសាហាវរយៈពេល ១៣ ឆ្នាំ ដែលបានបណ្ដាលឲ្យមនុស្សរាប់លាននាក់ក្នុងប្រទេសនេះបានស្លាប់។ ភាពអន់ខ្សោយនេះបណ្ដាលឱ្យកងទ័ពសំខាន់ៗរបស់ស៊ីរីបាត់បង់កម្លាំង ហើយខ្វះកម្លាំងចលករចាំបាច់ក្នុងការប្រយុទ្ធ។ លោក Ibrahim Al-Assil អ្នកជំនាញស្រាវជ្រាវនៅវិទ្យាស្ថានមជ្ឈិមបូព៌ា (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖

"ខ្ញុំគិតថា កត្តាដែលមានលក្ខណៈស្លាប់រស់ក្នុងការវាយលុកនេះ គឺកងកម្លាំង HTS មានគោលដៅរួម ខណៈដែលកងទ័ពស៊ីរីមិនមានគោលដៅច្បាស់លាស់ថា ហេតុអ្វីបានជាពួកគេត្រូវតែប្រយុទ្ធនោះ"។

សម្រាប់ប្រជាជនស៊ីរី ភាពចលាចលនយោបាយគួរឲ្យភ្ញាក់ផ្អើលបច្ចុប្បន្នត្រូវបានគេទទួលយកដោយសន្តិវិធី។ បន្ទាប់ពី HTS និងក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្តមួយចំនួន ចូលកាន់កាប់រដ្ឋធានី Damascus សណ្តាប់ធ្នាប់នៅតែបានរក្សាជាស្ថាពរ។ លោក Haid Haid អ្នកជំនាញនៃកម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃ Chatham House (អង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖

“នេះគឺជាលើកដំបូងដែលប្រជាជនស៊ីរីមានលទ្ធភាពដែលថា ពេលវេលាខាងមុខនឹងប្រសើរជាងថ្ងៃនេះ។ ពិតណាស់ថា ក៏មានហានិភ័យដែលអ្វីៗនឹងកាន់តែអាក្រក់ទៅៗ ប៉ុន្តែនេះជាលើកដំបូងដែលស៊ីរីមានលទ្ធភាពច្រើនជាងមួយ”។

ផលប៉ះពាល់ដែលមិនអាចទាយទុកជាមុនបានលើតំបន់

ភាពចលាចលនយោបាយដ៏ធំនៅក្នុងប្រទេសស៊ីរី ប្រាកដថានឹងបង្កឡើងផលប៉ះពាល់ដ៏ធំទៅលើតំបន់មជ្ឈិមបូព៌ា និងពិភពលោក ដោយសារតែទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ប្រទេសនេះ ក៏ដូចជាទំនាក់ទំនងសន្តិសុខដ៏ស្មុគស្មាញរវាងកងកម្លាំងជាច្រើននៅស៊ីរី ជាមួយនឹងកត្តាខាងក្រៅ។ ក្នុងរយៈពេលខ្លីខាងមុខនេះ ការដែលកងកម្លាំង HTS ដណ្ដើមបានអំណាច
លឿនពេក បានធ្វើឲ្យព័ត៌មាន និងអត្ថាធិប្បាយអំពីកម្លាំងនេះ នៅមានកម្រិតនៅឡើយ។ យោងតាមអ្នកជំនាញ Ibrahim Al-Assil កងកម្លាំង HTS មានឈ្មោះដើមគឺ Jabhat al-Nusra ដែលជាសាខាមួយនៅប្រទេសស៊ីរីរបស់អង្គការភេរវកម្ម Al-Qaeda។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០១៧ មក HTS មានការផ្លាស់ប្តូរជាច្រើន តាមទិសដៅបោះបង់ចោលជាបណ្ដើរៗនូវឧត្តមគតិជ្រុលនិយមជាច្រើន ហើយបានប្រកាសជាច្រើនលើកច្រើនសារថា ចង់កសាងសង្គមឥស្លាមទំនើបជាងមនោគមន៍បុរាណ។ ការដែល HTS បាននិយាយថា ខ្លួនចង់ចែករំលែកអំណាចជាមួយកងកម្លាំងផ្សេងទៀតនៅក្នុងប្រទេសស៊ីរី ព្រមទាំងនៅតែរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោក Bashar al-Assad បានបង្ហាញឲ្យឃើញសញ្ញាវិជ្ជមានមួយចំនួនអំពីក្រុមនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ Ibrahim Al-Assil បានសង្កត់ធ្ងន់ថា នៅតែចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ហើយវាយតម្លៃ HTS ដោយផ្អែកលើកាយវិកាបន្ទាប់របស់ក្រុមនេះ។

ចែករំលែកជាមួយមតិខាងលើ អ្នកជំនាញស្រាវជ្រាវស៊ីរីនៃក្រុមប្រឹក្សាអាត្លង់ទិក លោក Qutaiba Idlbi បាននិយាយថា ផលប៉ះពាល់នៃចលាចលនយោបាយនៅក្នុងប្រទេសស៊ីរីទៅលើតំបន់ នឹងពឹងផ្អែកភាគច្រើនទៅលើរយៈពេលប៉ុន្មានខែបន្ទាប់ នៅពេលដែលកងកម្លាំងនៅស៊ីរីពិភាក្សាអំពីដំណើរការអន្តរកាល។ ទាក់ទងនឹងការងឿងឆ្ងល់អំពីវិធីអភិក្រមនាពេលខាងមុខ របស់រដ្ឋាភិបាលអាមេរិកចំពោះស៊ីរី អ្នកជំនាញ Qutaiba Idlbi បានធ្វើអត្ថាធិប្បាយថា៖

“សម្រាប់សហរដ្ឋអាមេរិក មិនមានផលប្រយោជន៍យុទ្ធសាស្ត្រនៅស៊ីរីណាមួយ ធំជាងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការបញ្ឈប់លំហូរជនភៀសខ្លួន ឬ រារាំងសកម្មភាពរបស់អ៊ីរ៉ង់នៅទីនេះ ពីការរីករាលដាលទៅកន្លែងផ្សេង នោះទេ។ ក្រៅពីប្រការទាំងនោះ សហរដ្ឋអាមេរិកពិតជាមិនមានផលប្រយោជន៍ណាមួយ ក្នុងការចាប់បង្ខំដាក់រដ្ឋស៊ីរីបន្ទាប់ពីអ្វីនោះទេ”។

ក្នុងពេលនេះ ការពិភាក្សាអំពីរយៈពេលអន្តរកាលនៅស៊ីរី កំពុងត្រូវបានជំរុញដោយភាគីជាច្រើន។ ប្រទេសនានានៅក្នុងតំបន់បានប្រកាសពីការត្រៀមខ្លួនជាស្រេចដើម្បីជួយស៊ីរីរក្សាស្ថិរភាពស្ថានការណ៍ និងកសាងផែនការផ្ទេរអំណាច។ ថ្លែងមតិនាថ្ងៃទី ៨ ខែធ្នូ នៅវេទិកា Doha ក្នុងប្រទេសកាតា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Geir Pedersen បាននិយាយថា ទោះបីជាដំណើរការកសាងឡើងវិញនូវប្រទេសស៊ីរីដែលបែកបាក់គ្នា គឺពិតជាលំបាកនិងស្មុគស្មាញក៏ដោយ ប៉ុន្តែនេះគឺជាឱកាសដែលមិនអាចរំលងបាន។

“បញ្ហាប្រឈមនៅខាងមុខគឺធំធេងណាស់ ហើយយើងខ្ញុំបានលឺសំឡេងនៃភាពអសន្តិសុខ និងការភ័យខ្លាច។ ប៉ុន្តែនេះគឺជាពេលវេលាដែលយើងត្រូវចាប់យកឱកាសដើម្បីស្តារស៊ីរីឡើងវិញ ហើយភាពធន់របស់ប្រជាជនស៊ីរីនាំមកនូវផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរីដែលមានសាមគ្គីភាព និងសន្តិភាព”។

នៅក្នុងសំណើដំបូង សម្ព័ន្ធភាពជាតិស៊ីរីប្រឆាំង ជាអង្គការមួយដែលប្រមូលផ្តុំកម្លាំងនយោបាយប្រឆាំងរបស់ស៊ីរីនៅក្រៅប្រទេស កាលពីថ្ងៃទី ៨ ខែធ្នូ បានអំពាវនាវឱ្យមានអន្តរកាលរយៈពេល ១៨ ខែ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញ និងឆ្ពោះទៅរកការបោះឆ្នោតសកល។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំង HTS និងក្រុមបក្សពួកក្នុងស្រុក នៅស៊ីរី មិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ