(VOVWORLD) - ភាពជាប់គាំងក្នុងការខិតខំប្រឹងប្រែង បង្កើតបទឈប់បាញ់រយៈពេលវែងនៅតំបន់ហ្គាហ្សា ស្ថានភាពផុយស្រួយនៅលីបង់ ស្ថានភាពស្មុគស្មាញថ្មីនៅស៊ីរី និងការប្រឈមមុខដាក់គ្នាជាសាធារណៈកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងបណ្ដាលឱ្យបរិយាកាសសន្តិសុខនៅមជ្ឈិមបូព៌ា បន្តជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងឆ្នាំ ខាងមុខ។
កាលពីថ្ងៃទី ២៥ ខែធ្នូ ការចរចាថ្មីបំផុតរវាងអ៊ីស្រាអែល និងចលនាហាម៉ាសនៅតំបន់ហ្គាហ្សា បន្តទទួលបរាជ័យនៅពេលដែលភាគីទាំងពីរមិនអាចសម្រេចបាននូវសម្បទានចាំបាច់។ ការពិតនេះបង្ហាញថា ១៤ ខែបន្ទាប់ពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ហើយរីករាលដាលដល់តំបន់ បញ្ហាប្រឈមដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ានៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
មូលដ្ឋានទ័ពអាកាសនៅជិតទីក្រុង Damascus ប្រទេសស៊ីរីត្រូវបានទម្លាក់គ្រាប់បែកដោយអ៊ីស្រាអែល។ (រូបថត៖ CNN) |
ដំណោះស្រាយនយោបាយសម្រាប់ហ្គាហ្សា
យោងតាមអ្នកសង្កេតការណ៍ នៅក្នុងបរិបទដែលជម្លោះនៅតំបន់ហ្គាហ្សាបានអូសបន្លាយរយៈពេលជាង ១៤ ខែ ជាមួយនឹងផលវិបាកដ៏មហន្តរាយលើអាយុជីវិតមនុស្ស (មនុស្សជាង ៤៥,០០០នាក់បានស្លាប់) និងហេដ្ឋារចនាសម្ព័ន្ធរងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនោះ អាទិភាពខាងយោធា និងនយោបាយកំពុងផ្លាស់ប្តូរជាបណ្ដើរៗ និងឈានដល់ចំណុចរបត់មួយ។ ទាក់ទងនឹងផ្នែកយោធា កងទ័ពអ៊ីស្រាអែលបានបំផ្លាញកម្លាំងភាគច្រើនរបស់ចលករហាម៉ាស ព្រមទាំងបានបង្កើតស្ថានការណ៍ថ្មីនៅលើដីជាក់ស្ដែង ដោយស្ទើរតែបំបែកភាគខាងជើងហ្គាហ្សាចេញពីតំបន់នេះ។ ក្រៅពីនោះ ការចុះខ្សោយរបស់សម្ព័ន្ធមិត្តសំខាន់ៗជាច្រើនរបស់ ហាម៉ាស ដូចជា៖ កម្លាំង Hezbollah នៅក្នុងប្រទេសលីបង់ ក្រុមឧទ្ទាមនៅស៊ីរី អ៊ីរ៉ាក់ និងក្នុងកម្រិតខ្លះគឺអ៊ីរ៉ង់ បានធ្វើឲ្យក្រុមហាម៉ាសមានជម្រើសយោធាតិចតួច ដើម្បីបន្តជម្លោះជាមួយអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ខាងអ៊ីស្រាអែលវិញ ជ័យជម្នះខាងយោធាក៏ត្រូវបង់តម្លៃថ្លៃខាងការទូត និងនយោបាយផងដែរ ដោយសារផលវិបាកដ៏មហន្តរាយ និងវិបត្តិមនុស្សធម៌ដ៏អូសបន្លាយនៅតំបន់ហ្គាហ្សា ធ្វើឱ្យអ៊ីស្រាអែលរងការរិះគន់កាន់តែខ្លាំង សូម្បីតែត្រូវគេដាក់ឲ្យនៅឯកោលើឆាកអន្តរជាតិ។ ដូច្នេះហើយ បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ពេលនេះជាពេលដែលអ៊ីស្រាអែលត្រូវផ្តល់អាទិភាពដល់បញ្ហានយោបាយ ដោយចៀសវាងការរុញច្រានជនជាតិប៉ាឡេស្ទីនរាប់លាននាក់នៅតំបន់ហ្គាហ្សាឱ្យចូលដល់ផ្លូវជ្រុលនិយម។
“វិធីល្អបំផុតដើម្បីធ្វើរឿងនោះ តាមគំនិតរបស់ខ្ញុំ គឺត្រូវមានដំណោះស្រាយនយោបាយមួយ។ ប្រការនោះត្រូវចាប់ផ្តើមជាមួយនឹងការយល់ដឹងជាមូលដ្ឋានថា ជនស៊ីវិលនៅតំបន់ហ្គាហ្សា ចាំបាច់ត្រូវបានធានាថា ពួកគេមិនត្រូវគេដាក់ក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ ដែលអាចធ្វើឲ្យពួកគេកាន់តែជ្រុលនិយម”។
ដំណោះស្រាយនយោបាយក៏ជាចំណុចផ្ដោតសំខាន់ ដែលប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានសង្កត់ធ្ងន់នៅក្នុងសម័យប្រជុំពិសេសស្តីពីអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៩ ខែធ្នូ ផងដែរ។ លោក Khaled Khiari ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក បានអំពាវនាវថា៖
“យើងត្រូវកសាងក្របខណ្ឌនយោបាយ និងសន្តិសុខ ដែលអាចដោះស្រាយគ្រោះមហន្តរាយមនុស្សធម៌បច្ចុប្បន្ន ចាប់ផ្តើមការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ ក្នុងពេលឆាប់ៗនេះ ដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរការនយោបាយដើម្បីបញ្ចប់ការទន្ទ្រានកាន់កាប់ បង្កើតដំណោះស្រាយរដ្ឋពីរប្រកបដោយនិរន្តរភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន”។
គំនរបែកបាក់នៃតំបន់មន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្គាហ្សាបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។ (រូបថត៖ AFP/TTXVN) |
ការគិតគូររបស់អ៊ីស្រាអែលនិងកត្តាអាថ៌កំបាំងស៊ីរី
ក្រៅពីភាពចាំបាច់បន្ទាន់នៃបទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់មនុស្សរាប់លាននាក់ដែលរងការគំរាមកំហែងដោយគ្រោះអត់ឃ្លាន និងជំងឺរាតត្បាតនោះ ការកសាងដំណោះស្រាយនយោបាយរយៈពេលវែងយ៉ាងឆាប់រហ័សសម្រាប់តំបន់ហ្គាហ្សាក៏ត្រូវបានចាត់ទុកថា ជាឫសគល់ដើម្បីរក្សាស្ថិរភាពចំណុចក្តៅគគុកផ្សេងទៀតនៅក្នុងតំបន់។ បច្ចុប្បន្ននេះ ជម្លោះរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡា នៅក្នុងប្រទេសលីបង់ នៅតែស្ថិតក្នុងស្ថានភាពមួយ ដែលអាចផ្ទុះឡើងវិញគ្រប់ពេលវេលា ខណៈដែលភាគីទាំងពីរបន្តចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានលើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ដែលបានបង្កើតឡើងតាំងពីថ្ងៃទី ២៦ ខែវិច្ឆិកា។
លើសពីនេះ ភាពចលាចលនយោបាយដែលមិននឹកស្មានដល់នៅប្រទេសស៊ីរី ជាមួយនឹងការដួលរលំកាលពីថ្ងៃទី ៨ ខែធ្នូ របស់រដ្ឋាភិបាលលោក Bashar Al-Assad កំពុងជំរុញឱ្យអ៊ីស្រាអែលធ្វើសកម្មភាពគ្មានកោតក្រែងថែមទៀត រួមទាំងការបញ្ជូនកងទ័ពទៅកាន់កាប់ទីតាំងមួយចំនួននៅខ្ពង់រាប Golan ជាតំបន់យុទ្ធសាស្ត្រជាប់ព្រំដែនរវាងលីបង់ខាងត្បូង និងអ៊ីស្រាអែលខាងជើង។ យោងតាមលោក Bader Al-Saif កាយវិកាទាំងនេះអាចជួយអ៊ីស្រាអែលទទួលបានប្រៀបមួយចំនួននារយៈពេលខ្លីខាងមុខនេះ ក្នុងការបង្កើតសណ្តាប់ធ្នាប់ក្នុងតំបន់ថ្មី ប៉ុន្តែក្នុងរយៈពេលវែង ពួកគេអាចបង្កឡើងកិបផ្ទុះដល់អស្ថិរភាពនៅមជ្ឈិមបូព៌ា។
«ក្នុងរយៈពេលវែង ពួកគេនឹងត្រូវស្វែងរកផ្លូវសន្តិភាព។ ខ្ញុំគិតថា អ៊ីស្រាអែលចង់ប្រដេញតាមវិធានការមួយចំនួនដើម្បីបង្ខំឲ្យប្រទេសផ្សេងទៀត ដូចជាប្រទេសឈូងសមុទ្រពែក្ស អនុវត្តន៍តាម។ ប៉ុន្តែរឿងនេះមិនបានកើតឡើងទេ។ ប្រទេសទាំងនេះកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ដើម្បីរកមធ្យោបាយឆ្លើយតបនឹងអ៊ីស្រាអែល។ ដូច្នេះ អ៊ីស្រាអែលត្រូវដឹងពីរឿងថា ពួកគេមិនមែនរស់នៅតែម្នាក់ឯងក្នុងតំបន់នោះទេ»។
អនាគតរបស់ស៊ីរីយ៉ាងដូចម្ដ៉េច បន្ទាប់ពីការចលាចលផ្នែកនយោបាយក៏ជាកត្តាអាថ៌កំបាំងដែរ ចំពោះសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា។ អ្នកជំនាញ Haid Haid របស់ Chatham House បានធ្វើអត្ថាធិប្បាយថា ប្រសិនបើកងកម្លាំងដែលកំពុងកាន់អំណាចក្នុងប្រទេសស៊ីរី រួមជាមួយនឹងមហាអំណាចទាំងក្នុង និងក្រៅតំបន់ អាចកសាងផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់សន្តិភាពសម្រាប់ស៊ីរី រួមទាំងការផ្ទេរអំណាចដោយរលូន និងការបោះឆ្នោតដោយសេរីនោះ វាអាចជះឥទ្ធិពលវិជ្ជមានលើតំបន់ដូចក្នុងឆ្នាំ ២០១១ នៅពេលដែលប្រជាជនក្នុងប្រទេសមួយចំនួន ត្រូវបានបន្ថែមកម្លាំងចិត្តដើម្បីតស៊ូសម្រេចបាននូវវឌ្ឍនភាពសង្គមកាន់តែទូលំទូលាយ៕