មូលដ្ឋាននានាត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយជោគជ័យ

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងបើកយុគសម័យថ្មីមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ចំពោះមូលដ្ឋាននានា ដើម្បីអនុវត្តន៍ភារកិច្ចសំខាន់ៗដែលបានដាក់ចេញនៅមហាសន្និបាតលើកទី១៤ ប្រកបដោយជោគជ័យ ទិសដៅជាក់លាក់ជាច្រើនត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ជាពិសេសនៅពេលដែលលំហអភិវឌ្ឍន៍យុទ្ធសាស្ត្របានពង្រីកក្រោយពីការរួមបញ្ចូលគ្នានៃព្រំដែនរដ្ឋបាល។

ចាប់ពីមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដែលបានធ្វើឡើងនៅពាក់កណ្តាលចុងក្រោយនៃឆ្នាំមុន មូលដ្ឋាននានាបានកំណត់គោលដៅអភិវឌ្ឍន៍ដ៏ទូលំទូលាយ ស្របតាមសន្ទុះងើបឡើងរបស់ប្រទេសជាតិនៅក្នុងសម័យកាលថ្មី។

ពង្រឹងមូលដ្ឋានគ្រឹះ

សម្រាប់ទីក្រុង ហាយហ្វុង ដែលជាប៉ូលកំណើនដ៏សំខាន់មួយនៅភាគខាងជើង អាទិភាពកំពូលមួយក្នុងឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សនោះ គឺការពង្រឹងតួនាទីរបស់ទីក្រុង ហាយហ្វុង ជាមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្ម និងជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ និងតំបន់។ ក្នុងឆ្នាំកន្លងទៅ សេដ្ឋកិច្ចរបស់ទីក្រុងហាយហ្វុង បន្តបញ្ជាក់ពីឋានៈឈានមុខគេរបស់ខ្លួន ជាមួយនឹងអត្រាកំណើន GRDP ១១,៨១% ជាប់ចំណាត់ថ្នាក់លេខពីរលើទូទាំងប្រទេស ហើយរក្សាបាននូវកំណើនពីរខ្ទង់សម្រាប់ឆ្នាំទី១១ ជាប់ៗគ្នា។ រហូតមកដល់បច្ចុប្បន្ន ទីក្រុងហាយហ្វុង បានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១០៣៤ ចូលទៅក្នុងតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្មរបស់ទីក្រុង ដោយមានដើមទុនសរុបចំនួន ៤៣ ពាន់លានដុល្លារអាមេរិក។ សេចក្តីសម្រេចចិត្តលេខ ២២៦ របស់រដ្ឋសភាស្តីពីយន្តការពិសេសដែលផ្តល់ស្វ័យភាពកាន់តែច្រើនដល់ទីក្រុងហាយហ្វុងក្នុងការគ្រប់គ្រងដីធ្លី និងថវិកា គឺជា "គន្លឹះមាស" សម្រាប់ទីក្រុងឆ្ពោះទៅរកការទម្លុះទម្លាយផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័នក្នុងរយៈពេលខាងមុខ។

មូលដ្ឋាននានាត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយជោគជ័យ - ảnh 1លោក ឡេ ទៀនចូវ លេខាគណៈកម្មាធិការបក្សទីក្រុងហាយហ្វុង ថ្លែងនៅក្នុងសន្និសីទបូកសរុបភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចសម្រាប់ឆ្នាំ២០២៦ កាលពីថ្ងៃទី៩ ខែមករា។ (រូបថត៖ plo.vn)

លោក ឡេ ទៀនចូវ លេខាគណៈកម្មាធិការបក្សទីក្រុងហាយហ្វុង បានអះអាងថា៖ "យើងយល់ថាការអភិវឌ្ឍទីក្រុងហាយហ្វុង មិនមែនគ្រាន់តែជារឿងរ៉ាវសម្រាប់ទីក្រុងតែម្នាក់ឯងនោះទេ។ យើងបានច្បាមជាប់យ៉ាងដិតដល់លើកម្លាំងចលករនៃការអភិវឌ្ឍពីមុនៗ ហើយបានដោះសោរកម្លាំងចលករកំណើនថ្មី គិតគូរពីធនធាននានា ហើយឈរលើមូលដ្ឋាននោះ យើងបានស្នើថាសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣០ ទីក្រុងហាយហ្វុង នឹងសម្រេចបានកំណើន GRDP ពី ១៣% ឡើងទៅ ហើយខិតខំសម្រេចបាន ១៤%"។

ការបង្កើតកម្លាំងចលករកំណើនថ្មីៗ

សម្រាប់ខេត្តនិងទីក្រុងជាច្រើនទៀត លំហអភិវឌ្ឍន៍បានបើកឡើង ក្រោយពីការរួមបញ្ចូលគ្នានៃព្រំដែនរដ្ឋបាល អមដោយសក្តានុពលក្នុងការបង្កើតកម្លាំងចលករកំណើនថ្មី។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃតំបន់ដីសណ្តទន្លេ Cuu Long ដែលមានប្រៀបខ្លាំងប្រពៃណីក្នុងវិស័យកសិកម្ម ប៉ុន្តែក្រោយពីការរួមបញ្ចូលគ្នា (ខេត្តសុកត្រាំងនិងខេត្តហូវយ៉ាង) ទីក្រុង កឹនធើ បានកំណត់ការអភិវឌ្ឍឧស្សាហកម្មជាអាទិភាពមួយក្នុងរយៈពេលខាងមុខ។ យោងតាមលោក ង្វៀន វ៉ាន់ហ័រ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ ទីក្រុងនឹងផ្តោតលើការបង្ហើយផែនការមេតំបន់ឧស្សាហកម្ម ដោយពន្លឿនវឌ្ឍនភាពនៃគម្រោងបង្កើតតំបន់សេដ្ឋកិច្ច Tran De ដោយចាត់ទុកនេះជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរបស់ខេត្ត។ ក្នុងឆ្នាំនេះ ទីក្រុង កឹនធើ នឹងបង្កើតតំបន់ឧស្សាហកម្មថ្មីចំនួនបី និងគាំទ្រដល់ការបើកការដ្ឋានសាងសង់ និងដាក់ឲ្យដំណើរការគម្រោងចំនួន ៦។ លោក ង្វៀន វ៉ាន់ហ័រ បានមានប្រសាសន៍ថា៖

“លំហថ្មីនៃទីក្រុងកឹនធើ នាបច្ចុប្បន្ន ត្រូវបានបែងចែកជាតំបន់នានា ដោយគ្រោងមានតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន ៥ ហើយច្រករបៀងសេដ្ឋកិច្ចសង្គមចំនួន ៦ ត្រូវបានកំណត់តាមមាត្រដ្ឋានបច្ចុប្បន្នរបស់ទីក្រុង។ អាទិភាពបន្ទាប់គឺការអភិវឌ្ឍកសិកម្ម ឧស្សាហកម្ម តំបន់ទីក្រុង ទេសចរណ៍ សុខាភិបាល អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងភស្តុភារកម្ម។ លើសពីនេះ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ការធ្វើផែនការមេផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនានា”។

នៅតំបន់ភាគកណ្តាល សេចក្តីសម្រេចចិត្តលេខ ២៥៩ របស់រដ្ឋសភា ស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុងដាណាំង ក៏កំពុងបើកឱកាស ដើម្បីបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុងដាណាំង ដោយផ្អែកលើនវានុវត្តន៍ សេដ្ឋកិច្ចចំណេះដឹង បច្ចេកវិទ្យា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនវានុវត្តន៍ឈានមុខគេលើពិភពលោក ដោយមានគោលដៅបង្កើតយ៉ាងហោចណាស់ ក្រុមហ៊ុនបច្ចេកវិទ្យាយូនីខនមួយ និងអភិវឌ្ឍន៍ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ប្រហែល ៥០០។

មូលដ្ឋាននានាត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយជោគជ័យ - ảnh 2លោក ង្វៀន ថាញ់ហុង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងដាណាំង ថ្លែងនៅក្នុងសន្និសីទបូកសរុបសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចសម្រាប់ឆ្នាំ២០២៦ កាលពីថ្ងៃទី៧ ខែមករា។ (រូបថត៖ VOV-ភាគកណ្តាល)

លោក ង្វៀន ថាញ់ហុង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងដាណាំង បានលើកច្បាស់ថា៖ "ទីក្រុងដាណាំងកំពុងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យានវានុវត្តន៍ក្នុងវិស័យដូចជាទីក្រុងឆ្លាតវៃ ការថែទាំសុខភាព ការអប់រំ ភស្តុភារកម្ម និងទេសចរណ៍; បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាតិនៅទីក្រុងដាណាំង និងមជ្ឈមណ្ឌលពិសោធន៍ AI នៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ សំដៅកសាងប្រព័ន្ធអេកូឡូស៊ីយូរអង្វែង និងប្រកបដោយចីរភាពនៃធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមនោះ នាំទីក្រុងដាណាំងឲ្យក្លាយជាមជ្ឈមណ្ឌលកំណើននិងចាប់ផ្ដើមអាជីវកម្មនវានុវត្តន៍ ឈានមុខគេនៅក្នុងប្រទេសនិងតំបន់"។

ចំពោះមូលដ្ឋាននានា មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សគឺជាសញ្ញាមួយដែលបើកដំណាក់កាលអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ប្រទេសជាតិ ដែលក្នុងនោះខេត្តនិងក្រុងនីមួយៗត្រូវបានផ្តល់លំហអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រប្រកបដោយសក្តានុពលដើម្បីស្ទុះឈានទៅមុខយ៉ាងពិតប្រាកដនៅក្នុងយុគសម័យថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ