យថាទស្សន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិន

(VOVWORLD) - មានព័ត៌មានដែលថា ប្រធានាធិបតី អាមេរិកលោក Donald Trump នឹងអញ្ជើញជួបជាមួយប្រធានរដ្ឋចិនលោក Xi Jinping នាថ្ងៃទី២៧ ខែមីនា ខាងមុខ ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម នេះ។
យថាទស្សន៍ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិន - ảnh 1ប្រធានាធិបតី អាមេរិកលោក Donald Trump នឹងអញ្ជើញជួបជាមួយប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ CNN)

  រាល់ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ការវាយតម្លៃរបស់សារព័ត៌មាននិងអ្នកជំនាញអន្តរជាតិស្ដីពីការដែលវ៉ាស៊ីនតោននិងប៉េកាំងកំពុងខិតមកជិតកិច្ចព្រមព្រៀងមួយនោះ គឺមានមូលដ្ឋានទាំងស្រុង។ ទោះបីជាមិនទាន់សម្រេចរួចរាល់នៅឡើយក្ដី ប៉ុន្តែបម្រែបម្រួលនាពេលថ្មីៗនេះនៃភាគីទាំងពីរត្រូវបានរំពឹងទុកថា នឹងត្រាយផ្លូវសម្រាប់ជំនួបចរចាក្រោយៗ សំដៅបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតពិភពលោកទាំងពីរនេះ។

        ឆ្លើយបទសម្ភាសន៍ជាច្រើនជាមួយសារព័ត៌មាននាពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានជម្រាបថា អាមេរិកនិងចិនអាចឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយក្នុងរយៈពេលពី១ទៅ២សប្ដាហ៍ខាងមុខ ដើម្បីធ្វើអោយការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយសមភាពជាងមុន ហើយចិននឹងមិនដម្លើងពន្ធឆ្លើយតបទៅលើកសិផលអាមេរិកទៀតឡើយ។

        ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេស (រដ្ឋសភា) ចិន លោក Zhang Yesui បានអះអាងថា ចិននិងប្រទេសផ្សេងជាច្រើនវាយតម្លៃខ្ពស់ចំពោះ “ការរីកចម្រើនជាក់ស្ដែង” នៅក្នុងវង់ចរចាពាណិជ្ជកម្មជាមួយអាមេរិក។ លោកបានសង្ឃឹមថា ប្រទេសទាំងពីរអាចបន្តបង្កើនការពិគ្រោះយោបល់គ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងប្រកប ដោយសមភាពមួយ ដែលធានាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។

        ស្វែងរកទស្សនៈរួម បោះបង់ចោលការខ្វែងគំនិត

        ក្នុងជំនួបចរចានាពេលថ្មីៗនេះ ទាំងវ៉ាស៊ីនតោននិងប៉េកាំងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយមួយ។ ជាក់ស្ដែងគឺ កិច្ចព្រមព្រៀងនេះត្រូវរួមមានខ្លឹមសារមួយចំនួនដូចជា៖ ចិនកាត់បន្ថយពន្ធឬបន្ធូរស្រាលកំហិតទៅលើទំនិញកសិផល សារធាតុគីមី រថយន្ត និងផលិតផលផ្សេងៗទៀតរបស់អាមេរិក។ ចំពោះសំណូមពរបង្រួញឱនភាពពាណិជ្ជកម្មរបស់វ៉ាស៊ីនតោន ប៉េកាំងនឹងបង្កើនការនាំចូលទំនិញអាមេរិក ដែលរួមមានការទិញឧស្ម័នដុតធម្មជាតិក្នុងតម្លៃរាប់ពាន់លានដុល្លាអាមេរិក ពីសម្ព័ន្ធក្រុមហ៊ុនថាមពលអាមេរិក Cheniere Energy ទៀតផង។

        ដោយប្ដូរយកទៅវិញ វ៉ាស៊ីនតោននឹងបញ្ឈប់ផែនការដម្លើងពន្ធចាប់ពី១០%ឡើងដល់ទៅ២៥% ទៅលើកញ្ចប់ទំនិញនាំចូលពីចិនក្នុងតម្លៃ២០០ពាន់លានដុល្លាអាមេរិក ព្រមទាំងពិចារណាលុប ចោលបទដាក់ទណ្ឌកម្មសឹងតែទាំងអស់ទៅលើផលិតផលចិនកាលពីឆ្នាំមុន ផងដែរ។

        រាល់កិច្ចព្រមព្រៀងសំដៅបន្ធូរភាពតានតឹងទាំងនេះត្រូវបានធ្វើឡើងចំនឹងកាលកំណត់៩០ ថ្ងៃ ឈប់សង្គ្រាមពាណិជ្ជកម្ម គិតចាប់តាំងពីជំនួបរវាងភាគីទាំងពីរកាលពីខែវិច្ឆិកាឆ្នាំ២០១៨។ សេចក្ដីប្រកាសពីមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បានរួមចំណែកពង្រឹងសុទិដ្ឋិនិយមចំពោះដំណើរការចរចាពាណិជ្ជកម្មរវាងវ៉ាស៊ីនតោននិងប៉េកាំង។ មានព័ត៌មានដែលថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងអញ្ជើញជួបជាមួយប្រធានរដ្ឋចិនលោក Xi Jinping នាថ្ងៃទី២៧ ខែមីនា ខាងមុខ ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះតែម្ដង។

        ត្រាយផ្លូវសម្រាប់ជំនួបចរចាក្រោយៗ

        ជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានបំផ្ទុះឡើងចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៨។ ភាគីទាំងពីរបានដម្លើងពន្ធឆ្លើយតបតគ្នាជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ តម្លៃនៃកញ្ចប់ទំនិញរបស់ភាគីទាំងពីរដែលត្រូវបានដម្លើងពន្ធ បានហួសពី៣៦០ពាន់លានដុល្លាអាមេរិក។ អាមេរិកបានសំណូមពរអោយចិនត្រូវមានការកែតម្រូវដល់បទបញ្ញាត្តិច្បាប់និងគោលការណ៍នានា ដើម្បីការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់អាមេរិក ហើយបញ្ឈប់ការចាប់បង្ខំផ្ទេរប្រគល់បច្ចេកវិទ្យាអមេរិកសម្រាប់ក្រុមហ៊ុនចិន ក៏ដូចជាបញ្ឈប់សកម្មភាពគាំទ្រតម្លៃវិស័យឧស្សាហកម្ម និងបើកទ្វារចំហរចំពោះទំនិញអាមេរិក ផងដែរ។ ក្រៅពីនោះ វ៉ាស៊ីនតោនមានគោលបំណងចង់អោយប៉េកាំងបង្កើនការនាំចូលទំនិញអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលតាមការប៉ាន់ស្មានបានឡើងដល់ទៅ៤១៧ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៨។

        នាបច្ចុប្បន្ន រាល់បញ្ហាសំខាន់បំផុតក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន នៅតែកំពុងទន្ទឹងរង់ចាំការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ជាមួយនឹងសញ្ញាជាវិជ្ជមានស្ដីពីលទ្ធផលនៃកិច្ចចរចារវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ យើងអាចសង្ឃឹមថា កិច្ចព្រមព្រៀងស្ដីពីបញ្ឈប់ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរនេះ នឹងក្លាយទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ