វៀតណាមបានត្រៀមខ្លួនជាស្រេចសម្របសម្រួលរាល់សកម្មភាពសម្រាប់ឆ្នាំ ប្រធានអាស៊ាន

(VOVWORLD) -ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ វៀតណាមបានដើរតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន។ 
វៀតណាមបានត្រៀមខ្លួនជាស្រេចសម្របសម្រួលរាល់សកម្មភាពសម្រាប់ឆ្នាំ ប្រធានអាស៊ាន - ảnh 1 (រូបថត៖ chinhphu.vn)

ចាប់ពីពេលនេះរហូតដល់ដំណាច់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ក្នុងនាមជាប្រទេសប្រធាននោះ វៀតណាមនឹងរៀបចំ និង សម្របសម្រួលព្រឹត្តិការណ៍ សកម្មភាពធំតូចជាង ៣០០ លើគ្រប់វិស័យ ចាប់ពី នយោបាយ ការទូត សេដ្ឋកិច្ច ការពារជាតិ រហូតដល់វប្បធម៌សង្គម ។ ទំហំការងារគឺធំធេងណាស់ ប៉ុន្តែវៀតណាមបានត្រៀមខ្លួនជាស្រេចឲ្យឆ្នាំប្រធានអាស៊ាន ដែលពោរពេញទៅដោយទំនុកចិត្តនិងការទទួលខុសត្រូវ។

អាទិភាពចំនួន ៥ និងសកម្មភាពចំនួន ៣០០

ពិតណាស់ថា ទំហំការងារ របស់វៀតណាម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ គឺធំធេងណាស់ ទាំងអំពីខ្លឹមសារ និងការងារត្រៀមរៀបចំ ពិធីការ និងការឃោសនា។ ដោយមានប្រធានបទ "ការតភ្ជាប់ និងម្ចាស់ការបន្សាំ"  នោះ វៀតណាមនឹងជំរុញ អាទិភាពចំនួន ៥ ហើយនេះគឺជាកត្តាចាំបាច់ទាំង ៥ ដើម្បីស្ថាបនាសហគមន៍មួយ ប្រកបដោយ ការតភ្ជាប់ និងម្ចាស់ការបន្សាំ។ នោះគឺ សាមគ្កីគ្នា និងឯកភាព;  ជំរុញការតភ្ជាប់និងការតភ្ជាប់ក្នុងតំបន់ លើកកម្ពស់សមត្ថភាពបន្សាំ និងទាញយកផលប្រយោជន៍ពី បដិវត្តឧស្សាហកម្ម ៤.០; ជំរុញការយល់ដឹងរបស់សហគមន៍ បង្កើតតម្លៃរួមរបស់អាស៊ាន និងផ្សព្វផ្សាយ យ៉ាងទូលំទូលាយដល់ប្រជាជន; ជំរុញខ្លាំងទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា; លើកកម្ពស់សមត្ថភាពបន្សាំ និងប្រសិទ្ធភាពប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនអាស៊ាន។

ដោយផ្អែកលើមូលដ្ឋានកំណត់តម្រូវការ និងភារកិច្ចពោលខាងលើនោះ វៀតណាមបានចាប់ផ្តើមត្រៀមខ្លួនជាស្រេចសម្រាប់អាណត្តិជាប្រធានអាស៊ាន ២០២០ យ៉ាងឆាប់ៗ។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានវៀតណាម ២០២០ បានបញ្ជាក់ថា៖

“ទំហំការងារគឺច្រើនណាស់ ហេតុដូច្នេះហើយ យើងត្រូវផ្តោតសំខាន់ទៅលើការងារត្រៀមរៀបចំឲ្យបានឆាប់ៗ។ អំពីការចាត់តាំងក្បាលម៉ាស៊ីន៖ ចាប់ពីចុងឆ្នាំ២០១៨ យើងបានបង្កើតគណៈកម្មាធិការជាតិអាស៊ាន ហើយយើងបានកំណត់ប្រធានបទ ការអាទិភាព ក៏ដូចជា គំនិតផ្តួចផ្តើមរបស់យើងសម្រាប់រយៈពេលពេញមួយឆ្នាំ។ លើសពីនេះទៅទៀត យើងក៏បានរៀបចំផែនការអំពីការងារឃោសនាវប្បធម៌ ពិធីការ សន្តិសុខ សុខាភិបាល និងភ័ស្តុភារ ដើម្បីធានាថា យើងនឹងរៀបចំឆ្នាំប្រធានអាស៊ាន ២០២០ ប្រកបដោយភាពល្អប្រសើរ និងហ្មត់ចត់បំផុតផងដែរ”។

ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ វៀតណាមទទួលរៀបចំ និងសម្របសម្រួលកិច្ចប្រជុំ និងសកម្មភាពផ្សេងៗគ្នាប្រមាណ ៣០០ ដែលក្នុងនោះសំខាន់បំផុតគឺកិច្ចប្រជុំកំពូលនាខែមេសា និងខែ វិច្ឆិកា ឆ្នាំ ២០២០។

ប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះជោគជ័យរបស់ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០

ឆ្នាំ ២០២០ គឺជាឆ្នាំពិសេសរបស់អាស៊ាន និងវៀតណាម។ ចំពោះអាស៊ាន គឺជាឆ្នាំរំលឹកខួបលើកទី ៥ នៃការបង្កើតសហគមន៍អាស៊ាន ហើយជាពេលវេលា ដើម្បីបូកសរុបពាក់កណ្ដាលអាណត្តិនៃការកសាងសហគមអាស៊ាន ២០១៥ - ២០២០ និងបញ្ចប់ការអនុវត្តផែនការសកម្មភាពជាច្រើនរវាងអាស៊ាន ជាមួយដៃគូនានា។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមមានការទទួលខុសត្រូវផង និងមានឱកាសផង។ ការទទួលខុសត្រូវចម្បងគឺធ្វើយ៉ាងមេចដើម្បីរក្សាសន្ទុះ អភិវឌ្ឍន៍អាស៊ាន។ វៀតណាមចាំបាច់ត្រូវពង្រីក និងជំរុញការកសាងសហគមន៍អាស៊ានឲ្យកាន់តែខ្លាំងមាំមួន។

ក្នុងរយៈពេល ២៥ ឆ្នាំនៃការចូលរួមអាស៊ាននោះ វៀតណាមជានិច្ចកាលជាប្រទេសសមាជិកដ៏សកម្មប្រកបដោយមានការទទួលខុសត្រូវ និងមានការចូលរួមចំណែកដ៏សំខាន់ជាច្រើនចំពោះដំណើរការអភិវឌ្ឍន៍អាស៊ាន។ នាឆ្នាំ ២០១០ ក្នុងនាមជាប្រធានអាស៊ានជាលើកដំបូងនោះ វៀតណាមបានសម្រសម្រួលប្លុកអាស៊ានលើគ្រប់វិស័យប្រកបដោយជោគជ័យ។ ក្នុងនាមជាប្រធានអាស៊ានលើកទីពីរឆ្នាំ ២០២០ នោះ វៀតណាមបន្តពង្រីកសមិទ្ធិដែលអាស៊ានទទួលបាន ជំរុញកិច្ចសហប្រតិបត្តិការផ្ទៃក្នុង និងលើកកម្ពស់ឋានៈរបស់អាស៊ានលើឆាកអន្តរជាតិ។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ានវៀតណាម ២០២០បានសង្កត់ធ្ងន់ថា៖

“ក្រោយរយៈពេល ១០ ឆ្នាំ វៀតណាមមានការរីកចម្រើនជាច្រើន ទាំងឋានៈ និងតួនាទី ជាពិសេសគឺយើងមាន បទពិសោធន៍ជា ច្រើនក្នុង ការរៀបចំកិច្ចប្រជុំ ដូចនេះ។ លើសពីនេះទៅទៀត កិត្យានុភាពវៀតណាម ក៏កាន់តែកើនឡើង ដែល ទទួលបានការជឿទុកចិត្តនិងការគាំទ្រពីបណ្តាប្រទេសក្នុងតំបន់ក៏ដូចជានៅលើពិភពលោកផងដែរ”។

ដោយបទពិសោធន៍ដែលមានស្រាប់ និងស្មារតីខិតខំប្រឹងប្រែងខ្ពស់នោះ វៀតណាមបានត្រៀមខ្លួនជាស្រេចបង្ហាញសម្ថភាពរបស់ខ្លួន និងពង្រីកតួនាទីជាអ្នកដឹកនាំ ប្តេជ្ញាចិត្តនិងផ្ដល់អាទិភាពបំផុត សំដៅអនុវត្តភារកិច្ចនេះប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ