វៀតណាមម្ចាស់ការនិងសកម្មជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តំបន់

(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នៅថ្ងៃទី ១៧ តុលា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់និងផ្លូវ (BRI) លើកទី ៣ នៅទីក្រុងប៉េកាំង (ចិន)។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងអាទិភាពជួរមុខរបស់បក្ស និងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ព្រមទាំងបង្ហាញពីការស្វាគមន៍ និងការគោរពចំពោះគំនិតផ្តួចផ្តើមតភ្ជាប់នានា ក្នុងនោះមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវផងដែរ។

វៀតណាមម្ចាស់ការនិងសកម្មជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តំបន់ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់និងផ្លូវ (BRI) លើកទី ៣ នៅទីក្រុងប៉េកាំង (ចិន)។ (រូបថត៖ VNA)

នេះជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់ប្រធានរដ្ឋ លោក Vo Van Thuong ទៅកាន់ប្រទេសចិន ចាប់តាំងពីវៀតណាមបានរៀបចំមហាសន្និបាតបក្សលើកទី១៣ (ឆ្នាំ២០២១) ដោយជោគជ័យ ហើយចិនបានរៀបចំមហាសន្និបាតបក្សលើកទី២០ (ឆ្នាំ២០២២) ដោយជោគជ័យផងដែរ។

កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

វៀតណាមនិងចិនបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៩៥០។ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ទំនាក់ទំនងទ្វេភាគីទទួលបានសមិទ្ធិផលជាច្រើន។ គួរកត់សម្គាល់ថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក (ឆ្នាំ ២០០៨) កំពុងរក្សាបាននូវនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្រេចបានវឌ្ឍនភាពជាវិជ្ជមាន ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong កាលពីខែវិច្ឆិកាឆ្នាំមុន។ ក្នុងឆ្នាំនេះ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ត្រូវបានប្រទេសទាំងពីរអនុវត្តន៍យ៉ាងទូលំទូលាយ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បន្តមានការអភិវឌ្ឍយ៉ាងជាក់ស្ដែង។ កាលពីឆ្នាំមុន ទំហំនៃការនាំចូលនាំចេញរបស់ភាគីទាំងពីរសម្រេចបាន ១៧៥,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៤៧% បើធៀបនឹងឆ្នាំមុន។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ទំហំនៃការនាំចូលនាំចេញសរុបរវាងវៀតណាម-ចិន សម្រេចបាន ១២២ ពាន់លានដុល្លារអាមេរិក។

វាយតម្លៃទូទៅអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងចិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានឲ្យដឹងថា៖

“កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណុចលេចធ្លោនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែជាការពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក៏មានសារៈសំខាន់ខ្លាំងទៀតផង។ ប្រការនេះមានអត្ថន័យដ៏ធំធេងសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមជាច្រើនឆ្នាំមកហើយ ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍”។

ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទៅកាន់ប្រទេសចិន គឺជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់ BRI ដែលរៀបចំដោយប្រទេសចិន ហើយជាការបន្តនៃការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងមក។ ដំណើរទស្សនកិច្ចការងារនេះមានអត្ថន័យដ៏សែនសំខាន់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានវាយតម្លៃថា៖

“ដំណើរទស្សនកិច្ចបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងអាទិភាពជួរមុខរបស់បក្ស និងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ចំពោះគំនិតផ្តួចផ្តើមតភ្ជាប់នានា ក្នុងនោះមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវផងដែរ។ នេះជាឱកាសដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបន្តផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីវិធានការនានាសំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មនូវការយល់ដឹងរួមកម្រិតខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បន្តអភិវឌ្ឍប្រកបដោយស្ថិរភាព កាន់តែស៊ីជម្រៅ និងជាក់ស្តែងជាមួយនឹងទំនុកចិត្តនយោបាយកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ មូលដ្ឋានសង្គមកាន់តែរឹងមាំ ហើយការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រងបានកាន់តែល្អ”។

រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ BRI លើកទី៣ ប្រធានរដ្ឋលោក Vo Van Thuong នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំជាន់ខ្ពស់ដោយប្រធានបទ “សេដ្ឋកិច្ចឌីជីថលជាកម្លាំងចលករថ្មីនៃកំណើន”។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai បានចាត់ទុកថា៖

“ការដែលលោកប្រធានរដ្ឋអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅឯវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ BRI លើកទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន គណៈប្រតិភូ និងសហគមន៍ធុរកិច្ចមកពីប្រទេសប្រមាណ ១៤០ និងអង្គការអន្តរជាតិនានា នឹងរួមចំណែកសំឡេងរបស់វៀតណាមក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ កាងចងសម្ព័ន្ថសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់ ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងសកល ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចែករំលែកសារសំខាន់ៗអំពីគោលដៅ ទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាមផងដែរ”។

ក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានជាច្រើន ហើយសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅនោះ ការដែលប្រធានរដ្ឋ លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ BRI លើកទី៣ គឺជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ ប្រកបដោយភាពបត់បែននិងប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចការងារក៏បានបញ្ជូនសារថា វៀតណាមជាមិត្ត ជាដៃគូរគួរឲ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ