វៀតណាមរួមចំណែកក្នុងការកំណត់អនាគតរបស់អាស៊ាន

(VOVWORLD) - វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (AFF ២០២៥) បានបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។  ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ AFF ២០២៥  គឺជាព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុតមួយ ដែលវៀត ណាមធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ ដែលជាគំនិតផ្តួចផ្តើមបង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់ វៀតណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរួមអាស៊ាន បង្កើតអនាគតអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សហគមន៍។ ដោយមានតំណាងជាង ៥០០នាក់ចុះបញ្ជីរឈ្មោះចូលរួមដោយផ្ទាល់    វេទិកានេះបានប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសអាស៊ាននិងដៃគូ អ្នកជំនាញ និងអ្នកប្រាជ្ញឈានមុខគេក្នុងតំបន់និងអន្តរជាតិ រួមជាមួយអ្នកតំណាងជាច្រើនមកពីអង្គការអន្តរជាតិ និងសហគមន៍ធុរកិច្ច។
វៀតណាមរួមចំណែកក្នុងការកំណត់អនាគតរបស់អាស៊ាន - ảnh 1វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ (រូបភាព៖ គណៈកម្មាធិការរៀបចំ)

នេះជាលើកទី២ហើយ ដែលវេទិកាអនាគតអាស៊ានត្រូវបានប្រារព្ធឡើងនៅប្រទេសវៀតណាម បន្ទាប់ពីគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលើកឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែកញ្ញា ឆ្នាំ ២០២៣កន្លងមក។ កាលពីឆ្នាំមុន រាល់ខ្លឹមសារដែលបានលើកមកពិភាក្សានៅវេទិកា ត្រូវបានកត់ត្រានៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានក្លាយជាផ្នែកមួយនៃកិច្ចសន្ទនាអាស៊ាន។

ការភ្ជាប់គំនិតផ្តួចផ្តើមសម្រាប់អនាគតអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អាស៊ាន

ប្រធានបទ “ការកសាងអាស៊ានប្រកបដោយការរួបរួម បរិយាប័ន្ននិងភាពធន់ និងរួមបញ្ចូលក្នុងបរិបទនៃបរិវត្តកម្មសកល” របស់ AFF ២០២៥ បានឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់អាស៊ាន។ នាពេលថ្មីៗនេះ និយមន័យ “ភាពធន់”  បានលេចឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រធានបទ និងយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់អាស៊ាន ជាពិសេសចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ក្នុងពេលជាមួយគ្នានោះ និយមន័យ “បរិយាប័ន្ន” ត្រូវបានទទួលស្គាល់ នៅក្នុងធម្មនុញ្ញអាស៊ាន ហើយត្រូវបានពង្រីកជាបន្តបន្ទាប់ក្នុងរយៈពេលបច្ចុប្បន្ន។ នោះគឺជាវិធីសាស្រ្តថ្មីមួយចំពោះស្ថាបត្យកម្មតំបន់ដែលបើកចំហ តម្លាភាព បរិយាប័ន្ន និងផ្អែកលើច្បាប់ដោយអាស៊ានជាមជ្ឈភាព; កិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមរមនាក្នុងយន្តការដឹកនាំដោយអាស៊ាន ដោយមានការចូលរួម និងការទទួលខុសត្រូវរបស់ដៃគូទាំងអស់។ហេតុដូច្នេះ ការផ្តួចផ្តើម និងរៀបចំ AFF ដូចជាយន្តការសន្ទនារបស់អាស៊ាន ដើម្បីទទួលយករាល់គំនិត និងអនុសាសន៍គោលនយោបាយថ្មីសម្រាប់អាស៊ាន សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំទាំងក្នុង និងក្រៅអាស៊ាន។

វៀតណាមរួមចំណែកក្នុងការកំណត់អនាគតរបស់អាស៊ាន - ảnh 2លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (រូបថត៖ TTXVN)

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន មានប្រសាសន៍ថា៖ “វៀត ណាមមានចក្ខុវិស័យរវែងឆ្ងាយ សម្រាប់ដំណើរការអភិវឌ្ឍន៍របស់អាស៊ាន។ ដូច្នេះ វេទិកាអនាគតអាស៊ាន គឺសមស្របនឹងអ្វីៗដែលអាស៊ានកំពុងបន្តក្នុងការកសាងចក្ខុវិស័យសហគមន៍ឆ្នាំ ២០៤៥។ វេទិកានេះគឺជាបណ្តាញ សន្ទនា ដែលផ្តល់ឱ្យយើងនូវការគិតប្រកបដោយការស្ថាបនា ជួយឱ្យអាស៊ានកំណត់បញ្ហាប្រឈម និងដំណើរឆ្ពោះទៅមុខកាន់តែច្បាស់លាស់”។

ក្រៅពីការពិភាក្សាអំពីនិន្នាការសំខាន់ៗដែលជះឥទ្ធិពលដល់អាស៊ាន និងតួនាទីរបស់អាស៊ានក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន វេទិកាឆ្នាំនេះ ក៏បានលើកឡើងទស្សនស្តីពីប្រធានបទដែលមានលក្ខណៈជានិន្នាការ និងចាំបាច់។ នោះជាបញ្ហាអភិបាលកិច្ចបច្ចេកវិទ្យាដែលទើបលេចចេញ ដើម្បីធានាបាននូវសុវត្ថិភាពដ៏ទូលំទូលាយ; និន្នាការបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្តអាចប៉ះពាល់ដល់ភាពធនស់អាស៊ាននាពេលអនាគត។ នាយកស្តីទីនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ បណ្ឌិត្យសភាការទូត ក្រសួងការបរទេសវៀតណាម លោក Trinh Minh Manh បានឲ្យដឹងថា៖ “បញ្ហាបច្ចេកវិទ្យាបច្ចុប្បន្នគឺលេចឡើងយ៉ាងច្បាស់ណាស់ មានបញ្ហាជាច្រើនជុំវិញការអភិវឌ្ឍបច្ចេកវិទ្យា ដូចជា៖ លទ្ធភាពប្រើប្រាស់ តម្លៃនៃបច្ចេកវិទ្យា បញ្ហាអភិបាលកិច្ចដើម្បីបញ្ចៀស ហានិភ័យ...។ វត្តមានរបស់ DeepSeek, ChatGPT, បានបង្ហាញច្បាស់អំពីការប្រកួតប្រជែងបច្ចេកវិទ្យាបច្ចុប្បន្ននៅក្នុងពិភពលោក។ ការរៀបចំសម័យប្រជុំពិភាក្សាអំពីបច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់ ហើយក៏ជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្តលេខ ៥៧ របស់វៀតណាម ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍និងបរិវត្តកម្មផងដែរ”។

វៀតណាមបន្តរួមចំណែកក្នុងការសន្ទនាអំពីអនាគតនៃតំបន់

សម្រាប់វៀតណាម វេទិកាឆ្នាំនេះប្រព្រឹត្តទៅក្នុងពេលដែលមានសារៈសំខាន់ពិសេស។ពោលគឺឆ្នាំនេះគឺជាខួប៣០ឆ្នាំដែលវៀតណាម ចូលជាសមាជិកអាស៊ាន (១៩៩៥-២០២៥)។ អាស៊ានគឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាម ដើម្បីធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសហគមន៍អន្តរជាតិ រួមចំណែកយ៉ាងសកម្ម   និងមានការទទួលខុសត្រូវចំពោះឆាកអន្តរជាតិ។ ឆ្នាំនេះក៏ជាខួបលើកទី ១០ នៃការបង្កើតសហគមន៍អាស៊ាន និងជាឆ្នាំដែលអាស៊ានបានអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ វេទិកាអនាគតអាស៊ានក្លាយជាផ្នែកបំពេញបន្ថែមនឹងយន្តការផ្លូវការរបស់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន។ តាមរយៈវេទិកា រដ្ឋាភិបាលនានាអាចបង្ហាញ និងផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រដល់សាធារណជន; ផ្ទៀងស្តាប់ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ; កំណត់បញ្ហាប្រឈម និងភាពងាយរងគ្រោះក្នុងតំបន់ តាមនោះ បង្កើតដំណោះស្រាយសមស្រប។

ក្នុងបរិបទនោះ វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ បានអះអាងជាថ្មីម្តងទៀតនូវតួនាទីសកម្ម និងត្រួសត្រាយរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ តាមរយៈការបង្កើតវេទិកាសន្ទនាពហុវិមាត្រ AFF ២០២៥ រំពឹងថា នឹងរួមចំណែកគំនិតផ្តួចផ្តើមសំខាន់ៗ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍អាស៊ាននាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ