សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖ ភាពស្ងប់ស្ងៀមបណ្ដោះអាសន្ន

(VOVWORLD) - ដូចការរំពឹងទុករបស់មជ្ឈដ្ឋានអ្នកវិភាគថា គ្រោះអាសន្តផ្ទុះឡើងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ទីបំផុតត្រូវបានផ្សះផ្សា ក្រោយពីភាគីទាំងពីរបញ្ចប់វង់ចរចាលើកទី២អំពីពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោននាចុងសប្ដាហ៍ មុន។ សេចក្ដីថ្លែងការណ៍រួមនៃជំនួបចរចានេះបានបញ្ជាក់ថា មហាអំណោចសេដ្ឋកិច្ចទាំង២នេះ នឹងម្ចាស់ការរិះរកដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ប៉ុន្តែ គោលដៅកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក ជាមួយចិនគឺជាភារកិច្ចមិនងាយស្រួលចំពោះភាគីទាំងពីរឡើយ។
សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖ ភាពស្ងប់ស្ងៀមបណ្ដោះអាសន្ន - ảnh 1លទ្ធផលនៃការចរចានៅទីក្រុងវ៉ាស៊ីនតោននាចុងសប្ដាហ៍មុន បានឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់ភាគីទាំងពីរដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្ម (រូបថត៖ Reuters)

  នាពេលកន្លងទៅ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានក្លាយទៅជាបញ្ហាក្ដៅគគុក ពេលដែលប្រទេសទាំងពីរបានតបតគ្នាជាបន្តបន្ទាប់ពាក់ព័ន្ធដល់ការដាក់ពន្ធដារលើមុខទំនិញនាំចេញ។ បម្រែបម្រួលដ៏តានតឹងនេះធ្វើឲ្យកើតមានឡើងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មមួយរវាងប្រទេសទាំងពីរ។

        ការខិតខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹង

        ក្នុងប៉ុន្មានសប្ដាហ៍កន្លងមក អាមេរិកនិងចិនបានខិតខំប្រឹងប្រែងរិះរកសម្លេងរួមក្នុងបញ្ហាឱនភាពពាណិជ្ជកម្ម។ លទ្ធផលគឺក្នុងសេចក្ដីថ្លែងការណ៍រួម ដោយប្រទេសទាំងពីរបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយឲ្យបានខ្លាំងនូវឱនភាពពាណិជ្ជកម្មជាង៣០០ពាន់លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំរបស់អាមេរិកជាមួយចិន។ ចិនបានសន្យានាំចូលបន្ថែមបរិមាណធំមុខទំនិញកសិផលពីអាមេរិក។ នេះជាលើកដំបូងដែលចិនយល់ព្រមកាត់បន្ថយរបាំងពាណិជ្ជកម្មនិងពន្ធដារនាំចូលទំនិញអាមេរិកដែរ។

        ក្រឡែកមើលឡើងវិញនូវប្រវត្តិសាស្ត្រជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន យើងអាចឃើញថា ទោះបីមិនថាភាគីណាបង្ករឿងហេតុជាមុនក្ដី ប៉ុន្តែគេជានិច្ចកាលទុកចំហនូវលទ្ធភាពមួយដើម្បីការសម្រុះសម្រួល។ ហើយលទ្ធផលនៃជំនួបចរចាលើកនេះ បានសរឲ្យឃើញដែរថា ទោះបីជាភាពតានតឹងត្រូវបានជំរុញឲ្យឡើងខ្ពស់ក្ដី ប៉ុន្តែនាពេលចុងក្រោយប្រទេសទាំងពីរត្រូវគិតគូរដល់ផលប្រយោជន៍គន្លឹះរបស់ខ្លួន ព្រោះថាអាមេរិកនិងចិននាបច្ចុប្បន្នជាដៃគូសំខាន់ ជាទីផ្សារសំខាន់របស់គ្នាទៅវិញទៅមក ហើយស្រូបយក៤០% GDP សកលលោកទាំងមូល។ ដោយហេតុនេះ បញ្ហាគន្លឹះក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មអាមេរិក-ចិននោះគឺកិច្ចសហប្រតិបតិ្តការដើម្បីយកឈ្នះដូចគ្នា។

        ឧបសគ្គដែលត្រូវការដោះស្រាយ

        ប៉ុន្តែ មជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ចចាត់ទុកថា ចិននឹងជួបការលំបាកដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយអាមេរិកក្នុងរយៈពេលខ្លីៗ។ ចង់ឆ្លើយតបនឹងសំណូមពររបស់អាមេរិក ចិនត្រូវការនាំចូលបន្ថែមទំនិញអាមេរិកដោយតំលៃជាង២០០ពាន់លានដុល្លាជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ឧបសគ្គនៅទីនេះគឺ អ្វីៗដែលអាមេរិកចង់លក់ឲ្យចិន ត្រឹមតែនាំមកនូវទំហំទឹកប្រាក់ដ៏តិចតួចបើប្រៀបនឹងកម្រិត២០០ពាន់លានដុល្លា ខណៈដែលផលិតផលបច្ចេកវិទ្យាទំនើបដែលចិនចង់ទិញពីអាមេរិកនោះ គឺអាមេរិកមិនចង់លក់ទេ។ តាមការប៉ាន់ស្មានថា សូម្បីតែ ពេលដែលចិនបញ្ឈប់ទិញផលិតផលមួយចំនួនពីដៃគូផ្សេងៗដូចជាយន្តហោះ Airbus របស់សហភាពអឺរ៉ុបឬសណ្ដែកសៀងរបស់ប្រេស៊ីល ហើយផ្លាស់ទៅទិញរបស់អាមេរិកនោះ គឺគ្រាន់តែអាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងអាមេរិកនិងចិននូវកម្រិតពី៥០ដល់៦០ពាន់លានដុល្លាតែប៉ុណ្ណោះ។ អាមេរិកក៏ជួបការលំបាកជាច្រើនដើម្បីអាចផលិត ទំនិញឲ្យបានគ្រប់គ្រាន់ សំដៅឆ្លើយតបនឹងគោលដៅនាំចេញបន្ថែមទំនិញដោយតំលៃជាង២០០ពាន់លានដុល្លាជាងរៀងរាល់ឆ្នាំចូលក្នុងចិន ពិសេសគឺក្នុងរយៈពេលខ្លីៗ។ ក្រៅពីនោះ អាមេរិកកំពុងបង្កើតឡើងរបាំងពាណិជ្ជកម្មចំពោះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនផងដែរ។

        រាល់ភស្តុតាងខាងលើបានសរឲ្យឃើញថា បញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែជាការសាកល្បងធំមួយក្នុងការរក្សាទំនាក់ទំនងអាមេរិក-ចិន។ ប៉ុន្តែ លទ្ធផលនៃការចរចានៅទីក្រុងវ៉ាស៊ីនតោននាចុងសប្ដាហ៍មុន បានឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់ភាគីទាំងពីរដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្ម ដោយសារគ្មានភាគីណាចង់ជំរុញឲ្យជម្លោះនាបច្ចុប្បន្នក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ