សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន

(VOVWORLD) - មួយខែកន្លះ ក្រោយពីក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចវិញ ប្រទេសអាហ្វហ្កានីស្ថាននៅតែប្រឈមនឹងបញ្ហាសាកល្បងដ៏ធ្ងន់ធ្ងរទាំងផ្នែកសន្តិសុខនិងសុខមាលភាពសង្គម។ ក្នុងបរិបទនេះ សហគមន៍អន្តរជាតិបានបន្ត ខិតខំប្រឹងប្រែងជាច្រើនដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅប្រទេសអាស៊ីខាងត្បូងនេះដើម្បីជម្នះពុះពារលើការលំបាកផងដែរ។
សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន - ảnh 1កុមារជនភៀសខ្លួននៅច្រកឆ្លងកាត់ព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន  (រូបថត៖ THX/VNA)

ទប់ស្កាត់សោនាដកម្មមនុស្សធម៌ និងគ្រោះអាសន្នដួលរលំនៃប្រព័ន្ធហិរញ្ញវត្ថុ

យោងតាមការវាយតម្លៃថ្មីៗបំផុតរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ថានការណ៍កង្វះស្បៀងអាហារនៅអាហ្វហ្គានីស្ថានកំពុងមានការវិវឌ្ឍកាន់តែស្មុគស្មាញ។ មូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) បានព្រមានថា ប្រជាជនប្រមាណ 1/3 នៃចំនួនប្រជាជនអាហ្វហ្កានីស្ថានសរុប ៣៣ លាននាក់ កំពុងប្រឈមនឹងគ្រោះអត់ឃ្លាន។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានឲ្យដឹងថា បច្ចុប្បន្ននេះ មានប្រជាជនត្រឹមតែ ៥% នៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន ដែលបានបរិភោគអាហារប្រកបដោយគុណភាពចំនួន ៣ ពេលក្នុងមួយថ្ងៃប៉ុណ្ណោះ។ អស់រយៈពេលកន្លះខែកន្លងទៅ ចំនូនប្រជាជនអាហ្វហ្គានីស្ថានពាក់កណ្តាល គ្មានអាហារបរិភោគត្រឹមតែមួយពេលក្នុងមួយថ្ងៃឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាស៊ីខាងត្បូងនេះក៏កំពុងស្ថិតក្នុងស្ថានការណ៍ហួសចំណុះ និងកង្វះខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ យោងតាមអង្គការសុខភាពពិភពលោក(WHO) បានវាយតម្លៃថា ប្រជាជនអាហ្វហ្កានីស្ថានរាប់សែននាក់មិនអាចទទួលបានសេវាកម្មសុខាភិបាល និងការថែទាំសុខភាពបានឡើយ។ ក្នុងពេលនោះ រតនាគារជាតិរបស់អាហ្វហ្គានីស្ថានក៏ស្ទើរតែទទេដែរ ហើយប្រព័ន្ធហិរញ្ញវត្ថុបានប្រឈមនឹងគ្រោះអាសន្នដូលរលំ។

នៅចំពោះស្ថានការណ៍គ្រោះអាសន្ននេះ សហគមន៍អន្តរជាតិបានបន្តខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះស្ថានការណ៍។ នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិបានប្រកាសថានឹងដកប្រាក់ចំនួន ៤៥ លានដុល្លារអាមេរិកពីមូលនិធិឆ្លើយតបគ្រាអាសន្នរបស់អង្គការសហប្រជាជាតិ (CERF) ដើម្បីជួយឧបត្ថម្ភអាហ្វហ្គានីស្ថាន សំដៅឆ្លើយតបនឹងស្ថានការណ៍កង្វះខាតថ្នាំសង្កូវ សំភារៈ បរិក្ខាពេទ្យ និងប្រេងឥន្ធនៈ។ ក្នុងពេលនោះ សហភាពអឺរ៉ុប (EU) បានប្តេជ្ញាបង្កើនជំនួយហើយនឹងប្រកៀកស្មាជាមួយប្រជាជនអាស៊ីខាងត្បូងនេះ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានអះអាងថា EU និងផ្ដល់ជំនួយមនុស្សធម៌បំពេញបន្ថែមចំនួន ១០០ លានអឺរ៉ូដល់ប្រជាជនអាហ្វហ្កានីស្ថាន។ ចំណែកសហរដ្ឋអាមេរិកក៏បានសម្រេចចិត្តអនុញ្ញាតឲ្យបើកប្រតិបត្តិការមួយចំនួនជាមួយក្រុមតាលីបង់ ដើម្បីជួយសម្រួលលំហូជំនួយទៅកាន់អាហ្វហ្គានីស្ថាន។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងបង្កកប្រាក់ប្រមាណ ៩ ពាន់លានដុល្លារអាមេរិករបស់អាហ្វហ្កានីស្ថាន ។

សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន - ảnh 2ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen (រូបថត៖ VNA)

ជំរុញការផ្សះផ្សានិងធានាសិទ្ធិស្ត្រី

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌នោះ សហគមន៍អន្តរជាតិក៏កំពុងផ្តោតសំខាន់លើការជំរុញដំណើរការផ្សះផ្សារ និងធានាសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន ជាពិសេសគឺសិទ្ធិស្ត្រីនិងកុមារី។

មានភស្តុតាងជាច្រើនដែលសរឲ្យឃើញថារដ្ឋាភិបាលតាលីបង់បាន “និយាយ ប៉ុន្តែមិនដើរទន្ទឹមនឹងការអនុវត្តឡើយ“ ហើយក្រុមតាលីបង់កំពុងមិនអនុវត្តន៍ការប្តេជ្ញាចិត្ត ហើយក៏ជាសំណើររបស់សហគមន៍អន្តរជាតិ ចំពោះអង្គការនេះពោលគឺ ជំរុញការផ្សះផ្សាជាតិ ភាពសុខដុមរមនាជាតិ និងគោរពសិទ្ធិស្ត្រី។ សមាជិករដ្ឋាភិបាលបណ្តោះអាសន្នដែលក្រុមតាលីបង់បានប្រកាសនាពេលថ្មីៗនេះ មិនមានអ្នកតំណាងក្រៅពីក្រុមតាលីបង់ ហើយក៏មិនមានស្ត្រីដែរ។ នៅថ្ងៃទី ២៨ ខែកញ្ញា ក្រុមតាលីបង់បានប្រកាសអនុម័តលើរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន ឆ្នាំ ១៩៦៤ ក្នុងនោះបានចែងអំពីការផ្ដល់សិទ្ធិដល់ស្ត្រី។ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តាលីបង់ លោក Mawlavi Abdul Hakim Sharaee បានព្រមានភ្លាមៗថា មិនថាចំណុចណាមួយនៅក្នុងរដ្ឋធម្មនុញ្ញដែលត្រូវបានរកឃើញថាមានទំនាស់ជាមួយច្បាប់ Sharia និងគោលការណ៍របស់ក្រុមតាលីបង់នឹងត្រូវទុកជាមោឃៈ។

ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ២៦ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Maio បានសង្កត់ធ្ងន់ថា មិនគប្បីទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ឡើយ ព្រោះថា ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ គឺមានមុខសញ្ញាភេរវករចំនួន ១៧ នាក់ ខណៈពេលដែលសិទ្ធិមនុស្សរបស់ស្ត្រី និងកុមារីត្រូវបានរំលោភបំពានជាបន្តបន្ទាប់។ នាបច្ចុប្បន្នុនេះ  អ៊ីតាលីកំពុងធ្វើជាប្រធានក្រុមប្រទេសអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ហើយក្រុមនេះគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសមួយស្តីពីបញ្ហាអាហ្វហ្គានីស្ថានក្នុងខែកញ្ញានេះ។ មុននេះ  នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក៏បានអះអាងថា ការទទួលស្គាល់ជាអន្តរជាតិចំពោះក្រុមតាលីបង់មិនទាន់ត្រូវបានគេពិចារណាឡើយ។

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងថ្នាក់ដឹកនាំប្រទេសជាច្រើនបានឲ្យដឹងថា ក្នុងបរិបទបច្ចុប្បន្ននេះ បញ្ហាទទួលស្គាល់របស់សហគមន៍អន្តរជាតិគឺជាវិធានការន៍តែមួយគត់ ដើម្បីដាក់សម្ពាធ ដោយចាប់បង្ខំឲ្យក្រុមតាលីបង់ត្រូវធ្វើការផ្សះផ្សានិង គោរពសិទ្ធិជាមូលដ្ឋាន ជាពិសេសគឺសិទ្ធិស្ត្រី និងកុមារីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ