អនុវត្តដំណោះស្រាយជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយភាពបត់បែនតាមកាលៈទេសៈ

(VOVWORLD) - នាថ្ងៃទី១៥ មិថុនា សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានបញ្ចប់រយៈពេល២ថ្ងៃធ្វើការពិភាក្សាដោយផ្ទាល់អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៩និងក្នុងឆមាសទី១ឆ្នាំ២០២០។ សមាជិកសមាជិកាសភាបានលើក ឡើងនូវដំណោះស្រាយជាច្រើនក្នុងគោលដៅដោះស្រាយការលំបាកសម្រាប់ សេដ្ឋកិច្ចជាតិក្រោយជំងឺរាតត្បាត Covid-19 ដោយផ្អែកទៅលើរាល់ប្រៀបខ្លាំង បន្ទាប់ពីការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យ ដើម្បីចាប់យកការប្ដូរទិស នៃរលកទុនវិនិយោគ ក៏ដូចជាជំរុញសេដ្ឋកិច្ចឌីជីថលដោយម្ចាស់ការផងដែរ។

ឱកាសរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជំនះពុះពារលើការបាក់ដាច់ នៃខ្សែសង្វាក់ផលិតកម្ម

 ជំងឺរាតត្បាត Covid-19 បានបង្កឡើងការ “បាក់ដាច់” ខ្សែសង្វាក់ផលិតកម្ម ដែលអាចអូសបន្លាយជាច្រើនឆ្នាំតទៀត។ ដើម្បីបំពេញចន្លោះប្រហោងនៃខ្សែ សង្វាក់ផលិតកម្ម សមាជិកសមាជិកាសភាជាច្រើនបានចាត់ទុកថា ក្រៅពីការ ទាក់ទាញនិងសម្រិតសម្រាំងដើមទុនវិនិយោគពីបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន នោះ គឺត្រូវការយកចិត្តទុកដាក់ដល់តួនាទីស្នូលនៃសេដ្ឋកិច្ចរដ្ឋ តាមបទបញ្ញត្តិនៃ រដ្ឋធម្មនុញ្ញ ជាពិសេសគឺសហគ្រាសរដ្ឋ។ សមាជិកសភា Hoang Quang Ham បានចាត់ទកថា៖

“ត្រូវក្រឡែកមើលឡើងវិញលើសហគ្រាសរដ្ឋឡើងវិញនៅជ្រុងជ្រោយចំនួន២។ ទីមួយគឺ ដោយសារសហគ្រាសរដ្ឋត្រូវបោះទុនទៅក្នុងវិស័យនានាដែលសមាសភាគសេដ្ឋកិច្ចផ្សេងៗទៀតមិនធ្វើ ហេតុដូច្នេះ ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋមិនអាចត្រូវ បានវាយតម្លៃដោយឈរលើប្រាក់ចំណេញបានឡើយ។ ទីពីរគឺ ការធ្វើភាគហ៊ុន ភាវូបនីយកម្មនិងការដកទុនរបស់រដ្ឋគួរតែបានចាត់ទុកថា ជាការរៀបចំរចនា សម្ព័ន្ធនៃផលប័ត្រវិនិយោគរបស់រដ្ឋឡើងវិញ ហេតុដូច្នេះ ចំពោះទឹកប្រាក់ដែល ទទួលបាន ក្រៅពីសម្រាប់បង់ថវិកា គឺត្រូវលៃទុកមួយចំណែកសម្រាប់ការវិនិ យោគ ពង្រីកអាជីវកម្មរបស់សហគ្រាសរដ្ឋ។ នេះជាបញ្ហាដែលត្រូវការដោះ ស្រាយដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជំនះពុះពារលើការបាក់ដាច់នៃ ខ្សែសង្វាក់ផលិតកម្មហើយឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព”។

ក្នុងប៉ុន្មានខែដើមឆ្នាំ២០២០ រដ្ឋាភិបាលបានផ្សព្វផ្សាយគោលនយោបាយ ជាច្រើនដើម្បីជួយឧបត្ថម្ភដល់សហគ្រាស គ្រួសារអាជីវកម្មនិងពលករដែលរង ផលប៉ះពាល់នៃជំងឺ Covid-19។ ប៉ុន្តែ ត្រូវជំរុញឲ្យបានឆាប់រហ័សនូវដំណើការអនុវត្តគោល នយោបាយទាំងនេះ ជាពិសេសគឺផ្ដោតទៅលើការដោះស្រាយការលំបាក សម្រាប់សហគ្រាស ដោយសារសហគ្រាសគឺជា “ឆ្អឹងខ្នង” នៃខឿនសេដ្ឋកិច្ច។ សមាជិកសភា Nguyen Nhu So នៃខេត្ត Bac Ninh បានចាត់ទុកថា៖

“ត្រូវការជំរុញខ្លាំងនូវគោលនយោបាយសារពើពន្ធស្ដីពីរូបិយវត្ថុ ក្នុងនោះ យកចិត្តទុកដាក់ដល់គោលនយោបាយស្ដីពីលំហូរសាច់ប្រាក់ដើម្បីជួយឲ្យសហគ្រាសអាចអភិក្រមនឹងលំហរសាច់ប្រាក់យ៉ាងពិតប្រាកដ ព្រមទាំងផ្ដល់នូវកញ្ចប់កម្ចីដោយ មានអត្រាការប្រាក់ទាប និងពន្យាពេលកញ្ចប់កម្ចីផងដែរ។ ក្រៅពីនោះ ត្រូវការមានជំហានលោតផ្លោះក្នុងការកែទម្រង់បែបបទរដ្ឋបាល ជំរុញការបំពេញ បែបបទរដ្ឋបាលនៅលើមូលដ្ឋានឌីជីថលដើម្បីសន្សំសម្ចៃពេលវេលា និងការ ចំណាយសម្រាប់សហគ្រាស។ ម្យ៉ាងទៀតគឺត្រូវមានគោលនយោបាយដើម្បី ទាក់ទាញសហគ្រាសចូលរួមក្នុងការកែច្នៃកសិផលដើម្បីសម្របសម្រួលទីផ្សារ ក្នុងស្រុកផងដែរ”។

កសាងសមត្ថភាពផលិតកម្មជាតិតាមជំហាននីមួយៗ

សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថា ជាដំណោះស្រាយដ៏សំខាន់មួយដើម្បី ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពី Covid-19។ សមាជិកាសភា Le Thu Ha នៃខេត្ត Lao Cai បានលើកមតិថា៖

“វៀតណាមត្រូវការចូលរួមដោយម្ចាស់ការក្នុងក្របខ័ណ្ឌគតិយុត្តនានាក្នុង តំបន់និងលើពិភពលោកដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយមាន គោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍ ជួយឧបត្ថម្ភសហគ្រាសក្នុងការផ្ទេរប្ដូរ ឌីជីថលនិងអនុវត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាយកចិត្តទុកដាក់ដល់គោលនយោបាយ ស្ដីពីការទូទាត់ប្រកបដោយសុវត្ថិភាព។ ទន្ទឹមនេះ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់លើទូទាំងប្រទេស កសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យជាតិ ផ្ដោតទៅលើការអភិវឌ្ឍវិស័យសំខាន់ៗដូចជាបច្ចេកវិទ្យាព័ត៌មាន ទូរគមនា គមន៍-អេឡិចត្រូនិក សុវត្ថិភាពបណ្ដាញអ៊ីនធឺណែត ឧស្សាហកម្មផលិតឆ្លាតវៃ  ហិរញ្ញវត្ថុ ធនាគារ ពាណិជ្ជកម្មអេឡិចត្រូនិក កសិកម្មឌីជីថល និងទេសចរ ណ៍ឌីជីថល ជាដើម”។

វៀតណាមទទួលបានការកោតសរសើររបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ជោគជ័យទាំងនោះគឺអាស្រ័យទៅលើការរួមសាមគ្គី ការស្រុះចិត្តគំនិតរបស់ប្រជាជននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ឥឡូវនេះ ការ ស្រុះចិត្តគំនិតនិងការប្ដេជ្ញាចិត្ត ត្រូវការបានពង្រីកបន្ថែមទៀតដើម្បីជួយឲ្យវៀតណាមស្ដារសេដ្ឋកិច្ចនិងសន្ទុះកំណើនឡើងវិញយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ