អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ

(VOVWORLD) - វៀតណាមកំពុងស្ថិតក្នុងសប្តាហ៍សមុទ្រនិងកោះ (ថ្ងៃទី ១-៨ ខែមិថុនា)។ នេះជាឱកាសដើម្បីវៀតណាមអះអាងនូវសក្ដានុ ពល ដ៏ធំធេងអំពីសេដ្ឋកិច្ចសមុទ្រ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃវិស័យសមុទ្រ ការពារធនធានបរិស្ថានសមុទ្រ និងកោះប្រកបដោយចីរភាព។ សប្តាហ៍នេះប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមខិតខំបញ្ចប់ការរួមបញ្ចូលខេត្ត មុនថ្ងៃទី ១៥ ខែសីហា។ នេះមិនត្រឹមតែជា "ការរៀបចំរចនាសម្ព័ន្ធឡើងវិញ" នៃព្រំដែនរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាឱកាសមាស ដើម្បីបង្កើតលំហរអភិវឌ្ឍន៍ថ្មី តាមទិសសមុទ្រ។

អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ - ảnh 1វៀតណាមមានសក្ដានុពលខ្លាំងក្នុងការដឹកជញ្ជូនទំនិញតាមសមុទ្រ (រូបថត៖ TTXVN)

ការតម្រង់ទិសនៃការរួមបញ្ចូលខេត្ត ក្រុង តាមទិសសមុទ្រ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការតភ្ជាប់ សមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ។

បន្ទាប់ពីការរួមបញ្ចូល  មានខេត្ត ក្រុងជិត ៦២% ជាប់សមុទ្រ

វៀតណាមបច្ចុប្បន្នមានខេត្ត-ក្រុងចំនួន ៦៣ ដែលក្នុងនោះមានខេត្តក្រុងចំនួន ២៨  ជាប់មាត់សមុទ្រ  លាតសន្ធឹងពីខាងជើងទៅខាងត្បូង។ ប្រវែងសរុបនៃឆ្នេរសមុទ្រគឺប្រហែល ៣.២៦០ គីឡូម៉ែត្រ។

ជាមួយនឹងការរួមបញ្ចូលនៃខេត្ត-ក្រុងចំនួន ៦៣ ចុះត្រឹមខេត្ត-ក្រុងចំនួន ៣៤ នោះ តាមគម្រោង  វៀតណាមនឹងមានខេត្ត-ក្រុងឆ្នេរសមុទ្រចំនួន ២១។ ដូច្នេះ អាត្រានៃតំបន់ឆ្នេរនឹងកើនឡើងពី ២៨/៦៣  (ស្រូបយក ៤៤%) ទៅ ២១/៣៤ (ស្រូបយកជិត ៦២%)។

ប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋ កិច្ចសមុទ្រ ប៉ុន្តែមិនបានទាញយកសក្តានុពលទាំងស្រុងពីសេដ្ឋកិច្ចសមុទ្រនោះទេ។ ដូច្នេះការរួមបញ្ចូលខេត្តក្រុង ត្រូវផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ។

ការតម្រង់ទិសការរួមបញ្ចូលខេត្តក្រុងដើម្បីបង្កើតលំហសម្រាប់ការអភិវឌ្ឍឆ្ពោះទៅសមុទ្រ មានសារៈសំខាន់ណាស់សម្រាប់វៀតណាម។

ក្នុងជំនួបជាមួយកម្មាភិបាលបដិវត្តន៍ជើងចាស់នៅតំបន់ភាគខាងត្បូង (ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥) អគ្គលេខាបក្ស លោកតូ ឡឹម បានសង្កត់ធ្ងន់លើការរៀបចំអង្គភាពរដ្ឋបាលក្នុងទិសដៅឆ្លៀតយកអតិបរមាលំហសមុទ្រ ដើម្បីធ្វើការតភ្ជាប់រវាងព្រៃភ្នំ - វាលទំនាប -កោះសមុទ្រ។ ប្រការនេះសំដៅជួយដល់មូលដ្ឋានក្នុងការអភិវឌ្ឍរួមគ្នា បង្កើតសន្ទុះថ្មី ដើម្បីឲ្យខេត្តមួយចំនួន អាចក្លាយជាទីក្រុងចំណុះមជ្ឈឹម ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ នាពេលខាងមុខ។

អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ - ảnh 2ឆ្នេរសមុទ្រជាច្រើនក្នុងប្រទេសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ (រូបថត៖ TTXVN)

ទន្ទឹមនឹងនោះ បើតាមអ្នកជំនាញជាច្រើន ការតភ្ជាប់ខេត្ត ជាពិសេសខេត្តនៅតំបន់ខ្ពង់រាបភាគកណ្តាល ដូចជាតំបន់ខ្ពង់រាប Tay Nguyen ជាមួយតំបន់មាត់សមុទ្រ ស្របតាមបរិបទនៃការអភិវឌ្ឍរួមបញ្ចូលគ្នានាពេលបច្ចុប្បន្ន ដើម្បីបង្កើតជាអ័ក្សតភ្ជាប់ខាងកើត-ខាងលិច តភ្ជាប់តំបន់ឆ្នេរជាមួយតំបន់ព្រៃភ្នំ រវាងវាលទំនាបនិងខ្ពង់រាប ដែលកំពុងត្រូវបានអនុវត្តគឺមានភាពចាំបាច់ណាស់។

នៅភាគខាងកើតនៃតំបន់ដីសណ្ដទន្លេ Cuu Long បណ្តាខេត្តដូចជា Tra Vinh, Vinh Long, និង Ben Tre បន្ទាប់ពីបានរួមបញ្ចូលគ្នា នឹងមានផ្ទៃដីធម្មជាតិដ៍ធំទូលាយ ចំនួនប្រជាជនច្រើន និងចេញលំហរអភិវឌ្ឍន៍ឆ្ពោះទៅសមុទ្រ។ លោក Nguyen Quynh Thien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh បានឲ្យដឹងថា៖ "ការអនុវត្តគោលនយោបាយរួមបញ្ចូលគ្នាខេត្តចំនួន ០៣ នឹងបង្កើតលក្ខខណ្ឌដើម្បីបើកទូលាយលំហរអភិវឌ្ឍន៍កាន់តែធំជាងទៀត សម្រាប់ខេត្ត Vinh Long ថ្មី។ ជាពិសេស ខេត្ត Tra Vinh ដោយឡែក នឹងរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចសមុទ្រ។ តាមការវាយតម្លៃរបស់វិទ្យាស្ថានថាមពល សមត្ថភាពថាមពលខ្យល់របស់ខេត្ត Tra Vinh មានជាង ២៤.០០០ មេហ្គាវ៉ាត់។ សមត្ថភាពនេះអាចអនុវត្តគម្រោង ដើម្បីបង្កើតខ្សែសង្វាក់សេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតងនាពេលអនាគត”។

សម្របសម្រួលអន្តរវិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ក្រៅពីលើអត្ថប្រយោជន៍នៃការរួមបញ្ចូលគ្នានៃខេត្ត ក្រុងមួយចំនួនដើម្បីបង្កើតលំហធំជាង រដ្ឋាភិបាលវៀតណាមក៏កំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមដោយចីរភាពដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (យុទ្ធសាស្ត្រ)។ យុទ្ធសាស្ត្រនេះត្រូវបានអនុវត្តរយៈពេល ៧ ឆ្នាំ ដោយផ្តោតលើវិស័យសេដ្ឋកិច្ចសមុទ្រសំខាន់ៗដូចជា៖ ទេសចរណ៍ - សេវាកម្ម សមុទ្រ សេដ្ឋកិច្ចសមុទ្រ សេដ្ឋកិច្ចដឹកជញ្ជូនសមុទ្រ ធ្វើអាជីវកម្មឧស្ម័ន ជលផល ថាមពលកកើតឡើងវិញ ។ល។ ប៉ុន្តែ ក្នុងចំណោមគម្រោង ភារកិច្ចចំនួន ១៦៩ ដែលរដ្ឋាភិបាលប្រគល់ឱ្យក្រសួង វិស័យ និង ខេត្ត-ក្រុងជាប់មាត់សមុទ្រចំនួន ២៨នោះ មានតែខ្លឹមសារ ៣៥ ប្រភេទ ត្រូវបានដាក់ពង្រាយអនុវត្តន៍ ស្រូបយក ២០% ប៉ុណ្ណោះ៕

ដូច្នេះ វៀតណាមនឹងបង្កើតយន្តការសម្របសម្រួលអន្តរវិស័យ និងអន្តរតំបន់។ យោងតាមឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha នេះជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានសមុទ្រយ៉ាងទូលំទូលាយ។ ឈរលើមូលដ្ឋាននេះ គណៈកម្មាធិការជាតិដឹកនាំសម្រាប់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ ត្រូវ ផ្តោតលើការដោះស្រាយជម្លោះមានលក្ខណៈអន្តរខេត្ត អន្តរតំបន់ ឬពាក់ព័ន្ធនឹងគម្រោងជាតិសំខាន់ៗ ឬបញ្ហាអន្តរជាតិ។

ជាមួយនឹងទីតាំងភូមិសាស្រ្តនៅជិតផ្លូវដឹកជញ្ជូនអន្តរជាតិ រួមជាមួយនឹងគុណសម្បត្តិធម្មជាតិនៃសមុទ្រខាងកើត គឺជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ តភ្ជាប់ពាណិជ្ជកម្ម ការ ពារអធិបតេយ្យភាព និងលើកកំពស់ឋានៈរបស់ប្រទេសជាតិ។ ការរួមបញ្ចូលគ្នានៃខេត្ត-ក្រុងមួយចំនួនក្នុងទិសដៅនៃការប្រើប្រាស់អតិបរមា នៃលំហសមុទ្រ រួមជាមួយនឹងការជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៃសេដ្ឋកិច្ចសមុទ្រ វៀតណាមនឹងបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ប្រទេសវៀតណាមខ្លាំងមាំមួន និងសម្បូរធូធារពីសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ