(VOVWORLD) - នាចុងសប្តាហ៍មុន ជាលើកដំបូងដែលវៀតណាមបានរៀបចំពិធីបើកការដ្ឋានសាងសងនិងបើកសម្ពោធដាក់ឲ្យដំណើរការគម្រោង និងសំណង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមសំខាន់ៗថ្នាក់ជាតិចំនួន ៨០។ ទាំងនេះជាសំណង់និមិត្តរូប បង្ហាញរូបភាពប្រទេសវៀតណាមមួយដែលមានការអភិវឌ្ឍ ខ្លួនទីពឹងខ្លួននៅលើពិភពលោក។
គម្រោងនិងសំណង់សំខាន់ៗ ចំនួន ៨០ ដែលលាតសន្ធឹងលើតំបន់ភាគខាងជើង - ភាគកណ្តាល - ភាគខាងត្បូង ជាមួយនឹងទុនវិនិយោគសរុបប្រហែល ៤៥០ ពាន់ពាន់លានដុង (១៩,៥ ពាន់លានដុល្លារ)។ ពិធីសម្ពោធនិងបើកការដ្ឋានសាងសង់គម្រោងមានអត្ថន័យពិសេសលើទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខ-ការពារជាតិ និងសមាហរណកម្មអន្តរជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen អញ្ជើញចូលរួមពិធីប្រគល់ប័ណ្ណសរសើរចំពោះគម្រោងរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ - រូបថត៖ VGP/Nhat Bac |
ព្រឹត្តិការណ៍មានលក្ខណៈប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
គម្រោងជិត ៥០ ជាមួយនឹងទម្រង់ធំ បច្ចេកទេសស្មុគ្រស្មាញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដូចជា៖ គម្រោងផ្លូវល្បឿនលឿនចំនួន ៥គម្រោង ដែលមានប្រវែង ២២៧ គីឡូម៉ែត្រ បានបញ្ចប់/បើកដំណើរការចរាចរណ៍ ដែលនាំឱ្យប្រវែងផ្លូវល្បឿនលឿនសរុបទូទាំងប្រទេសដាក់ឱ្យដំណើរការរហូតដល់ ២.២៦៨ គីឡូម៉ែត្រ។ អាងស្តុកទឹក Krong Pach Thuong (Dak Lak) បម្រើការស្រោចស្រពលើផ្ទៃដីជាង ១៤ ពាន់ហិកតា និងផ្គត់ផ្គង់ទឹកក្នុងស្រុកសម្រាប់ជាង ១០០ពាន់គ្រួសារ; មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា-ស៊ីវិលស្រុក Con Dao មន្ទីរពេទ្យពហុមធ្យោបាយ Hoc Mon និងបានដាក់ឱ្យប្រើប្រាស់នូវសំណង់អប់រំ វេជ្ជសាស្ត្រ វប្បធម៌ និងកីឡាជាច្រើន...។
ជាពិសេស ស្ថានីយអ្នកដំណើរ T3 នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ត្រូវបានបង្ហើយ និងដាក់ឱ្យដំណើរការក្នុងឱកាសពិធីបុណ្យដ៏អធឹកអធមរបស់ប្រទេសជាតិ ពោលគឺមុនកាលកំណត់ ២ ខែ។ ប្រការនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ដើម្បីបង្ហើយគម្រោងជាមូលដ្ឋាននៅឆ្នាំនេះ។ លើសពីនេះ គម្រោងខ្នាតធំជាង ៣០ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋានទូទាំងប្រទេស។ អញ្ជើញថ្លែងមតិក្នុងពិធីបើកការដ្ឋាន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការបើកការដ្ឋានសាងសង់ និងបើកសម្ពោធគម្រោងសំខានៗចំនួន ៨០ ទូទាំងប្រទេស មានអត្ថន័យពិសេសជាច្រើន ។ រូបថត៖ VGP/Nhat Bac |
“ការបើកការដ្ឋានសាងសង់ និងបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ និងមានអត្ថន័យសំខាន់ក្នុងការតភ្ជាប់ខេត្ត និងតំបន់; តភ្ជាប់អន្តរតំបន់ អន្តរខេត្ត អន្តរប្រទេស អន្តរជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្តាមូលដ្ឋាននិយាយដោយឡែក និងរបស់ប្រទេសជាតិនិយាយរួម។ គម្រោងសេដ្ឋកិច្ច-សង្គមទាំងនេះ សុទ្ធតែជាគម្រោងសំខាន់ៗ ដែលមានអត្ថន័យយុទ្ធសាស្ត្រ បង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន និងសហគ្រាសក្នុងការស្ថាបនាលំហអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ធានាសន្តិសុខសង្គម សន្តិសុខ-ការពារជាតិ។ ខ្ញុំសង្ឃឹមថា ទាំងនេះនឹងក្លាយជាគម្រោងមានលក្ខណៈ "និមិត្តរូប" ដែលរួមចំណែកកំណត់រូបភាពរបស់វៀតណាមជាប្រទេស "ឯករាជ្យ - សន្តិភាព - ឯកភាព - ខ្លួនទីពឹងខ្លួន - សុភមង្គល - វិបុលភាព - អរិយធម៌ -សម្បូររុងរឿង" នៅលើផែនទីពិភពលោក ហើយទីបំផុតប្រជាជននឹងទទួលបានផលប្រយោជន៍ពីលទ្ធផលនៃគម្រោងទាំងនេះ”។
កម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើននិងអភិវឌ្ឍន៍ប្រទេសក្នុងដំណាក់កាលថ្មី
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម (ឆ្នាំ២០២១) បានបញ្ជាក់យ៉ាងច្បាស់ថា ដល់ឆ្នាំ២០២៥ ជាឆ្នាំអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមជាតិ៖ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មតាមទិសទំនើប លើសពីកម្រិតចំណូលមធ្យមកម្រិតទាប។
ដើម្បីសម្រេចបាននូវគោលដៅនោះ របកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី ដែលត្រូវបានបក្សកំណត់គឺ "កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា និងទំនើបទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម ផ្តល់អាទិភាពដល់ការអភិវឌ្ឍគម្រោងជាតិសំខាន់ៗមួយចំនួនស្តីពីការដឹកជញ្ជូន ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងទូរគមនាគមន៍ ការបង្កើតវេទិកាផ្លាស់ប្តូរឌីជីថលជាតិ អភិវឌ្ឍបន្តិចម្តងៗ" នៃសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ តាមនោះ សម្រាប់សំណង់ គម្រោងដែលបានបើកសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ នាយបករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើថា៖
“ក្រសួង ស្ថាប័ននិងមូលដ្ឋាន គឺជាភ្នាក់ងារគ្រប់គ្រងគម្រោង និងអ្នកវិនិយោគ រៀបចំប្រតិបត្តិការ និងធ្វើអាជីវកម្មដើម្បីបង្កើនប្រសិទ្ធភាពនៃការវិនិយោគ។ មូលដ្ឋានទាញយកអត្ថប្រយោជន៍ពេញលេញពីគម្រោងដើម្បីរៀបចំផែនការនិងអភិវឌ្ឍលំហថ្មី ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានលើគ្រប់ជ្រុងជ្រោយប្រកបដោយបរិយាប័ន ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ”។
នាយករដ្ឋមន្ត្រី និងគណៈប្រតិភូទទួលបានពិសោធន៍សេវាកម្មមួយចំនួននៅស្ថានីយ T៣ នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat - រូបថត៖ VGP/Nhat Bac |
ចំពោះសំណង់និងគម្រោងដែលចាប់ផ្តើមការដ្ឋានសាងសងក្នុងឱកាសនេះ អ្នកវិនិយោគ និងអ្នកម៉ៅការ ត្រូវកៀងគរសម្ភារៈ និងធនធានមនុស្សជាបន្ទាន់ ដើម្បីអនុវត្តគម្រោងសាងសង់ភ្លាមៗ ដោយខិតខំបង្ហើយឲ្យបានមុនកាលកំណត់ ធានាគុណភាព ដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ និងលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគ។ យ៉ាងណាមិញ ដំណើរការទាំងអស់ត្រូវធានាផលប្រយោជន៍របស់រដ្ឋ ផលប្រយោជន៍របស់ប្រជាជន និងផលប្រយោជន៍របស់អាជីវកម្ម។
ការបើកសម្ពោធ និងបើកការដ្ឋានសាងសង់គម្រោងថ្មីៗ ចំនួន ៨០ មានអត្ថន័យសំខាន់ពិសេសក្នុងទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខ-ការពារជាតិ និងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ គឺជាការអនុវត្តជាក់ស្តែងរាល់គោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ជំនះរាល់ចំណុចកក់ស្ទះអំពីចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម បង្កើតមូលដ្ឋានគ្រឹះ និងលំហថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសន្តិសុខ និងការពារជាតិសម្រាប់មូលដ្ឋាន និងតំបន់ទូទាំងប្រទេស; ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលខាងមុខ៕