(VOVWORLD) - នៅនិទាឃរដូវជារៀងរាល់ឆ្នាំ មូលដ្ឋានជាច្រើនក្នុងខេត្ត Lai Chau តែងរៀបចំពិធីបុណ្យផ្សេងៗ ដើម្បីថ្លែងអំណរព្រះគុណ ដែលបានប្រទានពរប្រជាជនឲ្យមានលាភសំណាង រដូវអំណោយផល ក៏ដូចជាបួងសួងសុំទទួលបាននូវសុខសន្តិភាព សុភមង្គល និងវិបុលភាពក្នុងឆ្នាំថ្មីផងដែរ។ មកទីនេះ ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសពិធីបុណ្យនិទាឃរដូវដ៏វិសេសវិសាល និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ចម្រុះពណ៌។
ពិធីបុណ្យនិទាឃរដូវនៅ Lai Chau គឺជាកត្តាទាក់ទាញភ្ញៀវទេសចរ។ រូបថត៖ Khac Kien/VOV |
ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ បរិយាកាសដ៏សប្បាយរីករាយ បានរីកសាយភាយដល់គ្រប់ភូមិនៅលើតំបន់ភ្នំ Ta Leng ស្រុក Tam Duong ខេត្ត Lai Chau។ តាំងពីព្រឹកព្រលឹមនៃទិវាបុណ្យ Gau Tao យុវជន និងយុវនារី បានស្លៀកពាក់សម្លៀកបំពាក់ចរបាប់ចម្រុះពណ៌ រួមគ្នាលេងគែន និងរាំរបាំប្រពៃណី។ នេះគឺជាឱកាសសម្រាប់ប្រជាពលរដ្ឋជនជាតិ Mong បង្ហាញពីការគោរព និងអរព្រះគុណដល់ព្រះអាទិទេព។ លោក Giang Lang Pao ប្រជាពលរដ្ឋនៅភូមិ Pho Lao Cai ឃុំ Ta Leng បានឲ្យដឹងថា៖
“Gau Tao គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិ Mong ដែលត្រូវបានថែរក្សាពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំរីករាយណាស់ដែលបានចូលរួមក្នុងពិធីបុណ្យនេះ។ ខ្ញុំនឹងបង្រៀនកូនចៅដើម្បីរក្សាទុកជារៀងរហូត”។
ពិធីបុណ្យ Gau Tao នៅឃុំ Ta Leng បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីក្នុង និងក្រៅខេត្ត Lai Chau មកទស្សនា និងស្វែងយល់។ អ្នកស្រី Bui Thi Tinh ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖
“មកដល់ពិធីបុណ្យ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ រំភើប និងស្ញប់ស្ញែងជាមួយនឹងអត្តសញ្ញាណរបស់បងប្អូនជនជាតិ Mong។ មនុស្សម្នាបានចូលរួមក្នុងការប្រកួត និងល្បែងកំសាន្តយ៉ាងសកម្មនិងក្លៀវក្លាណាស់”។
ពិធីបុណ្យ Gau Tao មិនត្រឹមតែរក្សានូវលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកដែលទៅធ្វើការនៅឆ្ងាយៗបានវិលត្រឡប់ជួបជុំគ្រួសារវិញទៀតផង។ លោក Hang A Lu អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ta Leng ស្រុក Tam Duong បានឲ្យដឹងថា៖
“ពិធីបុណ្យ Gau Tao នាំមកនូវភាពសប្បាយរីករាយ សុភមង្គល ហើយបួងសួងសុំឲ្យប្រជាជនមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ ព្រះអាទិទេពបានប្រទានពរឱ្យប្រជាជន ផលិតស្រូវអង្ករ ចិញ្ចឹមសត្វនិងបសុបក្សីប្រកបដោយភាពងាយស្រួលផងដែរ”។
ពិធីបុណ្យ Xoe chieng របស់ជនជាតិ Thai នៅឃុំ Ban Bo ស្រុក Tam Duong។ |
ប្រសិនបើជនជាតិ Mong នៅឃុំ Ta Leng មានពិធីបុណ្យ Gau Tao នោះ គឺជនជាតិ Thai នៅឃុំ Ban Bo ស្រុក Tam Duong មានពិធីបុណ្យ Xoe chieng។ នៅទីនេះ ភ្ញៀវទេសចរអាចលង់ខ្លួននៅក្នុងបរិយាកាសដ៏ពិសិដ្ឋនៃពិធីសែនដើមឆ្នាំរបស់ជនជាតិ Thai; ចូលរួមរាំរបាំ xoe ជាមួយអ្នកស្រុកយ៉ាងសប្បាយរីករាយ ក៏ដូចជាបានគយគន់ភាពស្រស់ស្អាតដ៏ពិសេសនៃភូមិជនជាតិ Thai ជាមួយនឹងផ្ទះឈើផុតពីដីជាប្រពៃណី។ លោក Nguyen Van Trong ភ្ញៀវទេសចរមកពីទីក្រុង Hai Phong បានចែករំលែកថា៖
“នេះជាលើកទី៣ហើយ ដែលខ្ញុំបានចូលរួមក្នុងពិធីបុណ្យ Xoe chieng នៅដើមឆ្នាំថ្មី។ ប្រជាជនចូលរួមក្នុងពិធីបុណ្យនេះច្រើនណាស់ ដោយគោលបំណងចង់មានអាកាសធាតុអំណោយផលក្នុងឆ្នាំថ្មី។ ខ្ញុំក៏មានបំណងចង់ទទួលបានជោគជ័យជាច្រើនក្នុងការងារក៏ដូចជាក្នុងជីវភាពផងដែរ”។
ពិធីបុណ្យនិទាឃរដូវនៅ Lai Chau មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ភ្ញៀវទេសចរណ៍លង់ខ្លួនក្នុងបរិយាកាសដ៏ស្រស់ស្រាយនៃនិទាឃរដូវដែលពោរពេញដោយក្តីសង្ឃឹម។ លោក Tran Quang Khang នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖
“ពិធីបុណ្យនិទាឃរដូវគឺជាសកម្មភាពដើម្បីអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បណ្ដាជនជាតិក្នុងខេត្ត។ លើសពីនេះ នេះក៏ជាព្រឹត្តិការណ៍ដែលចាប់ផ្តើមការជំរុញទេសចរណ៍ក្នុងឆ្នាំថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ Lai Chau នៅឆ្នាំ ២០២៥ ផងដែរ”។
ពិធីបុណ្យនិទាឃរដូវនៅ Lai Chau គឺជាដំណើរស្វែងយល់វប្បធម៌ចម្រុះពណ៌ និងតភ្ជាប់មនុស្សជាមួយធម្មជាតិ។ ពិធីបុណ្យទាំងនេះនាំមកនូវភ្ញៀវទេសចរ នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានអំពីតម្លៃវប្បធម៌ ទំនៀមទម្លាប់ និងទេសភាពធម្មជាតិដ៏អស្ចារ្យនៅតំបន់ភ្នំភាគពាយ័ព្យ៕