(VOVWORLD) - ដោយបានក្លាយជាប្រពៃណីទៅហើយ ក្នុងឱកាសដើមនិទាឃរដូវជារៀងរាល់ឆ្នាំ ចាប់ពីខែទី ១ ដល់ថ្ងៃទី ៣ តាមច័ន្ទគតិ សូរសំឡេងស្គរនៃបុណ្យចំបាប់តែងតែបន្លឺឡើងនៅតាមតំបន់ជាច្រើននៅក្នុងនិងជាយរដ្ឋធានីហាណូយ។ បុណ្យចំបាប់ប្រពៃណីនៅតាមមូលដ្ឋានមិនត្រឹមតែលើកតម្កើងស្មារតីដ៏អង់អាចក្លាហានរបស់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដើម្បីប្រជាជនថែរក្សា និងអភិរក្សនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃស្រុកកំណើតទៀតផង។
ពេលនិយាយដល់សង្វៀនចំបាប់នៅដើមឆ្នាំនៅរដ្ឋធានីហាណូយ មិនអាចរំលងពិធីបុណ្យចំបាប់នៅភូមិ Mai Dong សង្កាត់ Mai Dong ខ័ណ្ឌ Hoang Mai បានឡើយ។ នេះគឺជាពិធីបុណ្យចំបាប់ដែលបានប្រារព្ធឡើងដំបូងគេ នៅក្នុងរដ្ឋធានីចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែមិគសិរ ហើយក៏ជាពិធីបុណ្យចំបាប់ចំណាស់ជាងគេដែលមានប្រវត្តិជិត ២០០០ ឆ្នាំផងដែរ។ ដូច្នេះហើយ ពិធីបុណ្យចំបាប់ភូមិ Mai Dong ត្រូវបានចាត់ទុកថា ជាកន្លែងរក្សានូវគុណតម្លៃវប្បធម៌ប្រជាប្រិយនៅក្នុងរដ្ឋធានី។ លោក Vu Van Au អ្នកប្រមូលសម្រាំង និងស្រាវជ្រាវប្រវត្តិសាស្ត្រភូមិ Mai Dong បានរៀបរាប់ថា៖
“សង្វៀនចំបាប់នេះមានប្រវត្តិតាំងពីសម័យ Hai Ba Trung មក។ ប្រជាជនមកពីគ្រប់ទិសទី ប្រមូលផ្ដុំនៅទីនេះ ដើម្បីចូលរួមពិធីបុណ្យនេះ។ មុនការប្រកួត អ្នកចំបាប់ទាំងពីរត្រូវថ្វាយបង្គំគ្រូ រួចឡើងសង្វៀនកម្តៅសាច់ដុំ ភាគីនីមួយៗធ្វើចលនាមួយដើម្បីឱ្យគូប្រកួតដឹងថា ខ្លួនមានលក្ខណៈបែបណា”។
ការប្រកួតរវាងអ្នកចំបាប់ជើងចាស់ដ៏ល្បីល្បាញនៅភូមិ Mai Dong។ (រូបថត៖ tapchinongthon.vn) |
ការប្រកួតចំបាប់ប្រពៃណី រួមទាំងពិធីបុណ្យចំបាប់ភូមិ Mai Dong ត្រូវបានបើកដោយការប្រកួតចំបាប់ដ៏ពិសេសមួយគឺការប្រកួត "ចំបាប់សម្ដែង"។ ការប្រកួតបែបនេះ ជាធម្មតា គឺសម្រាប់តែអ្នកចំបាប់ជើងចាស់ ដែលមានទាំងគុណធម៌ និងទេពកោសល្យ ដែលត្រូវបានជ្រើសរើសដើម្បីសម្ដែងកីឡាចំបាប់ដល់ទស្សនិកជន។ លោក Nguyen Doan Thuy អ្នកចំបាប់ជើងចាស់នៅភូមិ Mai Dong បាននិយាយថា៖
“ខ្ញុំបានចូលរួមក្នុងពិធីបុណ្យចំបាប់តាំងពីការបង្កើតសង្កាត់ក្នុងឆ្នាំ១៩២៨ មក។ ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែចូលរួមប្រកួតចំបាប់ “សម្ដែង”។ តាំងពីកុមារភាពមក ខ្ញុំត្រូវបានព្រឹទ្ធាចារ្យភូមិប្រៀនប្រដៅថា ភូមិរៀបចំការប្រកួតចំបាប់ឲ្យមនុស្សមកពីគ្រប់ទិសទីមកចូលរួម។ លុះត្រាតែពេលគ្មានអ្នកចំបាប់ចូលរួម ឬអ្នកចំបាប់មិនទាន់មក ទើបបុរសក្នុងភូមិត្រូវបានបណ្ដោយឲ្យចូលសង្វៀនប្រកួតសម្ដែង។ នេះគឺជាប្រពៃណីនៃភូមិ Mai Dong”។
នេះជាផ្នត់គំនិតដែលបង្កប់នូវស្មារតីស្រឡាញ់ក្បាច់គុនរបស់ប្រជាជននៅទីនេះ។ ហេតុដូច្នេះហើយ តាំងពីមុនមក សង្វៀនចំបាប់ភូមិ Mai Dong មានភាពល្បីល្បាញគ្រប់ទីកន្លែង ហើយជាសង្វៀនចំបាប់មួយដែលប្រមូលផ្តុំអ្នកចំបាប់ជាច្រើនមកពីរដ្ឋធានីហាណូយ ក៏ដូចជាខេត្តក្រុងផ្សេងៗ មកចូលរួមប្រកួតនិងប្រាស្រ័យ។
“ខ្ញុំសប្បាយចិត្តណាស់ពីព្រោះចលនាចំបាប់ក្នុងស្រុកមានការរីកចម្រើន។ ពីនោះជួយពង្រឹងស្មារតីសាមគ្គីភាព និងស្មារតីកីឡារបស់ប្រជាជនក្នុងភូមិ។ យុវជននៅមូលដ្ឋានមានឱកាសកាន់តែច្រើនដើម្បីប្រាស្រ័យទាក់ទងគ្នា។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នាទាំងផ្លូវចិត្តនិងរាងកាយ”។
“ខ្ញុំបានដឹងថា ចំបាប់ Mai Dong គឺជាលក្ខណៈវប្បធម៌បុរាណ ជាពិសេសនៅក្នុងទីក្រុងហាណូយ។ Mai Dong នៅតែរក្សាបាននូវលក្ខណៈប្រពៃណីនោះ ហើយខ្ញុំតែងតែចូលរួមពិធីបុណ្យនេះក្នុងឱកាសដើមនិទាឃរដូវជារៀងរាល់ឆ្នាំ។ នេះជាការចូលរួមអំណរពិធីបុណ្យក្នុងភូមិ ហើយក៏ជាវិធីហាត់ប្រាណ និងបង្កើនកម្លាំងកាយបន្ថែមទៀតដែរ។ ពិធីបុណ្យត្រូវបានរៀបចំដោយរបៀបរៀបរយនិងវិជ្ជាជីវៈ ទស្សនិកជនមកទស្សនាការប្រកួតចំបាប់ក៏សប្បាយរីករាយ គាំទ្រយ៉ាងក្លៀវក្លា ដូច្នេះហើយអ្នកចំបាប់មានការខ្នះខ្នែងនិងប្រកួតប្រជែងយ៉ាងខ្លាំងណាស់”។
ការប្រកួតចំបាប់ប្រពៃណីនៅឃុំ Phuong Son ស្រុក Quoc Oai។ (រូបថត៖ Quoc Oai TV) |
ទន្ទឹមនឹងពិធីបុណ្យចំបាប់ភូមិ Mai Dong ពិធីបុណ្យចំបាប់ដ៏ល្បីល្បាញជាច្រើនផ្សេងទៀតក៏ត្រូវបានប្រារព្ធឡើងផងដែរ ដូចជា៖ ភូមិ Trieu Khuc (ស្រុក Thanh Tri); ភូមិ Bung (ស្រុក Thach That); ភូមិ Dong Lao (ស្រុក Hoai Duc); ភូមិ Nanh ស្រុក Gia Lam) ជាដើម។
នៅឯពិធីបុណ្យចំបាប់ មនុស្សពេញវ័យបង្រៀនក្មេងៗ ហើយមនុស្សចាស់ជរាបានចែករំលែកអាថ៌កំបាំងដល់កូនចៅ។ ជាពិសេសសម្រាប់អ្នកចំបាប់ជើងចាស់ ពិធីបុណ្យចំបាប់មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្រៀនប្រពៃណីនៃស្រុកកំណើត និងអប់រំស្មារតីក្បាច់គុនដល់ក្មេងៗជំនាន់ក្រោយទៀតផង។ ដូច្នេះហើយ ចាប់ពីពិធីបុណ្យចំបាប់ប្រពៃណីបែបនេះ កីឡាករចំបាប់អាជីពជាច្រើន ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិត្រូវបានមហាជនស្គាល់ដល់។ លោក Nguyen Duc Thinh នៅមជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Quoc Oai បានឲ្យដឹងថា៖
“ជាច្រើនឆ្នាំមកនេះ នៅស្រុក Quoc Oai ការប្រកួតចំបាប់នៅតាមភូមិឃុំ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង ហើយទាក់ទាញកីឡាករជាច្រើន រួមទាំងជើងឯកជាតិ និងកីឡាករចំបាប់អន្តរជាតិផងដែរ។ តាំងពីបុណ្យតេតមក ស្រុក Quoc Oai បានរៀបចំការប្រកួតចំបាប់និទាឃៈរដូវចំនួន ៦ ដែលទាក់ទាញមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់”។
សង្វៀនចំបាប់តែងតែផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យប្រពៃណីរបស់ភូមិឃុំនីមួយៗ ដូច្នេះហើយ កីឡាចំបាប់មិនត្រឹមតែជាផ្នែកដ៏រីករាយក្នុងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌នៃតំបន់នីមួយៗទៀតផង។ នេះជាកន្លែងដែលប្រជាជនមិនត្រឹមតែបង្ហាញស្មារតីក្បាច់គុនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីបំណងប្រាថ្នាចង់មានអាកាសធាតុអំណោយផល ដំណាំសម្បូរ និងសុភមង្គលដល់មនុស្សគ្រប់គ្នាក្នុងឆ្នាំថ្មីទៀតផង៕