(VOVWORLD) - ប្រទេសវៀតណាមមានជនជាតិភាគតិចចំនួន ៥៣ ដែលមានចំនួនប្រជាជនជាង ១៤ លាននាក់។ ជនជាតិភាគតិចនីមួយៗមានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ដែលបង្កើតឡើងជីវភាពវប្បធម៌វៀតណាមដ៏សម្បូរបែបនិងចម្រុះពណ៌។ ឈានចូលយុគសម័យថ្មីរបស់ប្រជាជាតិ មជ្ឈដ្ឋានអ្នកអក្សរសាស្ត្រសិល្បៈករជនជាតិភាគតិច ក៏មានមនសិកាជានិច្ចចំពោះបេសកកម្មថែរក្សា ផ្សព្វផ្សាយគុណតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍បណ្ដាជនជាតិភាគតិចនៅវៀតណាម។
សិប្បការិនី កវី និងអ្នកកាសែត Ca Thi Hoan។ (រូបថត៖ VOV4) |
ដោយចាប់ផ្តើមនិពន្ធកំណាព្យជាភាសាជនជាតិ Thai តាំងពីអាយុ១២ឆ្នាំ ក្នុងអំឡុងពេលជាង៣០ឆ្នាំមកនេះ សិប្បការិនី កវី និងអ្នកកាសែត Ca Thi Hoan បាននិពន្ធស្នាដៃកំណាព្យ អក្សរសិល្ប៍ និងចម្រៀងប្រជាប្រិយជាង ៣០០ ដែលមានប្រធានបទជាច្រើន ក្នុងនោះស្នាដៃជាង ៤០ បានឈ្នះពានរង្វាន់នៅគ្រប់កម្រិត។
“នៅក្នុងគ្រួសាររបស់ខ្ញុំ មានឪពុក ពូ និងមីងរបស់ខ្ញុំ គឺជាមនុស្សដែលស្រឡាញ់កំណាព្យ តន្ត្រី ហើយជក់ចិត្តនឹងការនិពន្ធអក្សរសិល្ប៍សិល្បៈជាភាសាជនជាតិភាគតិច។ តាំងពីខ្ញុំនៅក្មេង ខ្ញុំបានឮឪពុកនិងពូខ្ញុំ ជជែកពិភាក្សាអំពីកំណាព្យ អក្សរសិល្ប៍ហើយ។ ពីនោះ គំនិតនិងអារម្មណ៍ជាច្រើនបានជ្រាបចូលក្នុងខ្ញុំ”។
ក៏ស្រឡាញ់អក្សរសិល្ប៍វប្បធម៌របស់ជនជាតិផងដែរ អ្នកនិពន្ធ Kieu Duy Khanh សមាជិកសមាគមអក្សរសិល្ប៍ និងសិល្បៈខេត្ត Son La បានចំណាយពេល ២០ ឆ្នាំលើការសរសេររឿងខ្លីស្ដីពីវប្បធម៌របស់បណ្ដាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ។ ថ្មីៗនេះ ក្នុងឆ្នាំ ២០២៤ លោកបានឈ្នះរង្វាន់លេខ ១ ក្នុងការប្រកួតនិពន្ធអក្សរសិល្ប៍សិល្បៈខេត្ត Son La លើកទី ៣ ជាមួយនឹងស្នាដៃកំណាព្យដំបូងអំពីប្រធានបទនេះ។
“ក្នុងស្នាដៃនិពន្ធដំបូងរបស់ខ្លួន ខ្ញុំបានសរសេរអំពីបងប្អូនជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ។ ជនជាតិនីមួយៗ ឧទាហរណ៍ជនជាតិ Thai, Mong, Xinh Mun… សុទ្ធតែមានលក្ខណៈវប្បធម៌ពិសេសរៀងៗខ្លួន។ កម្រង់កំណាព្យដំបូងរបស់ខ្ញុំ បានឈ្នះរង្វាន់ទីមួយក្នុងការប្រកួត ដែលជាកម្លាំងចលករសម្រាប់ខ្ញុំដើម្បីបន្តនិពន្ធកំណាព្យអំពីប្រធានបទជនជាតិភាគតិចនៅតំបន់ភ្នំ”។
លោកស្រី Hoan និងលោក Khanh សុទ្ធតែជាសមាជិកនៃសមាគមអក្សរសិល្ប៍សិល្បៈបណ្ដាជនជាតិភាគតិចវៀតណាម។ បច្ចុប្បន្ននេះ សមាគមមានសមាជិកជាង ១០០០ នាក់នៅតាមខេត្តក្រុងចំនួន ៤០ ទូទាំងប្រទេស ដែលធ្វើការក្នុងវិស័យជាច្រើនដូចជា៖ អក្សរសាស្ត្រ តន្ត្រី របាំ វិចិត្រសិល្បៈ ល្ខោន-ភាពយន្ត ការថតរូប ទ្រឹស្តីរិះគន់ សិល្បៈប្រជាប្រិយ...។
អក្សរសិល្ប៍សិល្បៈរបស់បណ្ដាជនជាតិភាគតិចក៏បានសម្របខ្លួនទៅក្នុងលំហូរជីវភាពរបស់ប្រជាជន។ (រូបថត៖ nguoihanoi.vn) |
ប្រធានបទរបស់អ្នកនិពន្ធមានភាពចម្រុះ និងសម្បូរបែប។ ជាពិសេស អ្នកនិពន្ធជនជាតិភាគតិច មានមនសិការនិងការយកចិត្តទុកដាក់កាន់តែច្រើន លើការនិពន្ធជាភាសាកំណើត និងការនិពន្ធពីរភាសា។ លើសពីនេះ ស្នាដៃរាប់រយដែលជាការប្រមូលសម្រាំង ការស្រាវជ្រាវ និងការបកប្រែទម្រង់សិល្បៈប្រជាប្រិយរបស់បណ្ដាជនជាតិតំបន់ Tay Nguyen ជនជាតិខ្មែរណាមបូ ជនជាតិចាម Tay Nung Muong Thai Mong ... និងជនជាតិភាគតិចជាច្រើនទៀត ត្រូវបានចងក្រងយ៉ាងយកចិត្តទុកដាក់ និងមានតម្លៃខ្ពស់ ហើយត្រូវបានឧទ្ទេសនាមដល់មិត្តអ្នកអាន។ តន្ត្រីករ Nong Quoc Binh ប្រធានសមាគមអក្សរសិល្ប៍សិល្បៈបណ្ដាជនជាតិភាគតិចវៀតណាម បានឲ្យដឹងថា៖
“ពេលនិយាយដល់អក្សរសិល្ប៍សិល្បៈ ត្រូវតែមានចរិតលក្ខណៈផ្ទាល់ខ្លួន។ អ្នកនិពន្ធនៅតំបន់ភាគពាយ័ព្យ តំបន់ Tay Nguyen តំបន់ណាមបូខាងលិច បានកើត និងធំដឹងក្ដីនៅទីនោះ ដូច្នេះអក្សរសិល្ប៍សិល្បៈជនជាតិភាគតិចមានលក្ខណៈពិសេសដោយឡែក។ ក្នុងបរិបទដែលប្រទេសជាតិកំពុងស្ទុះឈានទៅមុខទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងសង្គមនោះ តំបន់ជនជាតិភាគតិចមានគុណសម្បត្តិជាច្រើនដោយសារពួកគេកំពុងទទួលបានការចាប់អារម្មណ៍ច្រើន”។
អក្សរសិល្ប៍សិល្បៈរបស់បណ្ដាជនជាតិភាគតិចក៏បានសម្របខ្លួនទៅក្នុងលំហូរជីវភាពរបស់ប្រជាជន ដោយលើកសរសើរអ្វីៗដ៏ថ្មីថ្មោង ល្អប្រសើរ ព្រមទាំងរិះគន់ប្រការដ៏អាក្រក់និងហួសសម័យ។ ទន្ទឹមនឹងនោះ មានស្នាដៃនិពន្ធកាន់តែច្រើនឡើងៗ ជាមួយនឹងទស្សនៈដ៏ថ្មីថ្មោង ដែលបង្ហាញពីភាពប្រសព្វគ្នា និងការសម្របខ្លួនជាមួយនឹងវប្បធម៌មហាជន។
“ដោយការផ្លាស់ប្ដូរនៃមាតុភូមិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនជាតិភាគតិច ទាមទារឱ្យយុវជន អ្នកនិពន្ធត្រូវបញ្ចូលរូបភាព និងជីវភាពដ៏ស្រស់បំព្រងនោះទៅក្នុងកំណាព្យ និងអក្សរសិល្ប៍ ដើម្បីផ្សព្វផ្សាយ និងរីកសាយភាយដល់ប្រជាពលរដ្ឋជនជាតិភាគតិចក្នុងខេត្ត ក៏ដូចជាក្នុងប្រទេស និងចេញទៅពិភពលោក”។
“និន្នាការធ្វើសមាហរណកម្ម និងការអភិវឌ្ឍក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ ទាមទារឱ្យអ្នកនិពន្ធវ័យក្មេងជាជនជាតិភាគតិច ត្រូវមានទស្សនៈជាក់ស្តែងបន្ថែមទៀត។ នៅពេលដែលជីវភាពផ្លាស់ប្តូរ អក្សរសិល្ប៍ និងសិល្បៈក៏ត្រូវតែផ្លាស់ប្តូរដែរ ហើយមិនចាំបាច់ដើរតាមគន្លងចាស់នោះទេ ប៉ុន្តែត្រូវតែផ្លាស់ប្តូរទៅតាមពេលវេលា ជាមួយនឹងជីវភាព និងឆ្លុះបញ្ចាំងនូវជីវភាពពិតប្រាកដ”។
ជនជាតិភាគតិចទាំង ៥៣ សុទ្ធតែមានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ដែលបង្កើតឡើងជីវភាពវប្បធម៌វៀតណាមដ៏សម្បូរនិងចម្រុះពណ៌។ ឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិ មជ្ឈដ្ឋានសិល្បករនិងអ្នកនិពន្ធជនជាតិភាគតិចក៏កំពុងអនុវត្តន៍សេចក្ដីប្រាថ្នាស្ទុះឈានឡើងរបស់ខ្លួន ដើម្បីសម្របខ្លួនទៅក្នុងលំហូរអក្សរសិល្ប៍សិល្បៈរបស់ប្រទេសជាតិ៕