ហាងសៀវភៅចាស់ - ទីកន្លែងដែលផ្ទុក “រតនៈសម្បត្តិវប្បធម៌” នៅក្នុងទីក្រុងហាណូយ

(VOVWORLD) - ទីក្រុងហាណូយមិនត្រឹមតែមានភាពល្បីល្បាញដោយកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងនេះក៏ជាទីកន្លែងដែលបានបណ្តុះសេចក្ដីស្រឡាញ់អក្សរសាស្ត្ររបស់មនុស្សជាច្រើនជំនាន់ទៀតផង។ នៅក្នុងទីក្រុងទំនើបនេះ នៅតែមានហាងលក់សៀវភៅចាស់ៗ ជាទីកន្លែងដែលអ្នកស្រឡាញ់សៀវភៅតែងតែរកមក ដើម្បីជក់អារម្មណ៍នៅក្នុងពិភពនៃចំណេះដឹង។

វិថី Dinh Le បច្ចុប្បន្ននេះ នៅសល់តែហាងលក់សៀវភៅចាស់ៗមួយចំនួនប៉ុណ្ណោះ ប៉ុន្តែនៅតែជាទីសម្គាល់របស់អ្នកស្រឡាញ់សៀវភៅជាច្រើននៅទីក្រុងហាណូយ។ អ្នកលក់សៀវភៅនៅទីនេះ ក៏បានក្លាយជាផ្នែកមួយក្នុងការចងចាំរបស់ទីក្រុងហាណូយដែរ ព្រោះពួកគេមិនត្រឹមតែជាអ្នកលក់ដូរសៀវភៅប៉ុណ្ណោះទេ ថែមទាំងជាអ្នករក្សាចំណេះដឹង និងជាស្ពានអ្នកនិពន្ធ និងមិត្តអ្នកអានទៀតផង។

ហាងសៀវភៅចាស់ - ទីកន្លែងដែលផ្ទុក “រតនៈសម្បត្តិវប្បធម៌” នៅក្នុងទីក្រុងហាណូយ - ảnh 1ហាងលក់សៀវភៅ Mao នៅជាន់ទី ២ នៃអគារលេខ ៥ វិថី Dinh Le។ (រូបថត៖ កាសែតរូបថតវៀតណាម)

ស្ថិតនៅជាន់ទី ២ នៃអគារលេខ ៥ វិថី Dinh Le ជាមួយនឹងល្វែងសៀវភៅចំនួន ៥ លើផ្ទៃដីសរុបប្រហែល ២០០ម៉ែត្រការ៉េ ហាងលក់សៀវភៅ Mao ត្រូវបានបើកអស់រយៈពេលជាង ៣០ ឆ្នាំមក ដោយលោកស្រី Pham Thi Mao និងប្ដីរបស់គាត់។ មានការរចនាតាមស្ថាបត្យកម្មបារាំងបុរាណ ហាងសៀវភៅ Mao គឺជាកន្លែងដែលមិត្តអ្នកអានអាចមកដើរលេងពេញមួយថ្ងៃ ដើម្បីស្វែងរកសៀវភៅដែលពួកគេចូលចិត្ត ឬគ្រាន់តែស្វែងរកទីកន្លែងដ៏ស្ងប់ស្ងាត់ និងមានផាសុកភាពដើម្បីអានសៀវភៅប៉ុណ្ណោះ។ អ្នកស្រី Ngoc Anh កូនស្រីរបស់ម្ចាស់ហាងសៀវភៅ Mao បានឲ្យដឹងថា៖

“ហាងលក់សៀវភៅនេះ ត្រូវបានកសាងឡើងដោយសេចក្ដីស្រឡាញ់ចំពោះសៀវភៅរបស់ម្តាយខ្ញុំគឺលោកស្រី Pham Thi Mao។ គាត់មានជំនាញខាងសៀវភៅ។ សៀវភៅជាច្រើនដែលគាត់បានបន្សល់ទុក គឺទទួលបានការពេញនិយមយ៉ាងខ្លាំងពីមិត្តអ្នកអាន។ អ្នកដេញថ្លៃសៀវភៅចាស់ៗ ក៏មកហាងសៀវភៅ Mao ដើម្បីផ្តល់សៀវភៅល្អៗដល់មិត្តអ្នកអានដែរ។ ហាងសៀវភៅរបស់យើងខ្ញុំមានមោទនភាពចំពោះរឿងនេះណាស់”។

រឿងរ៉ាវដែលត្រូវបាននិទានយ៉ាងយឺតៗ តាមរយៈទំព័រសៀវភៅនីមួយៗ ដូចជាការរំលឹកពីអនុស្សាវរីយ៍របស់មិត្តអ្នកអានជាច្រើនជំនាន់។ ជាពិសេស ដូចដែលអ្នកស្រី Ngoc Anh បានធ្វើអត្ថាធិប្បាយថា សៀវភៅខ្លះសព្វថ្ងៃនេះ លែងបោះពុម្ពទៀតហើយ ដូច្នេះមិត្តអ្នកអានអាចរកបានតែនៅក្នុងហាងលក់សៀវភៅចាស់ប៉ុណ្ណោះ។

“សៀវភៅចាស់ៗមានតម្លៃពិសេសណាស់។ តម្លៃសៀវភៅសមរម្យ។ សៀវភៅបរទេសក៏ត្រូវបានបកប្រែយ៉ាងត្រឹមៗដែរ។ ឥឡូវនេះ គេច្រើនតែបកប្រែដោយប្រើឧបករណ៍ AI។ សៀវភៅចាស់ក៏មានចរិតលក្ខណៈពិសេសមួយទៀតនោះគឺ ក្លិនក្រដាស។ ហាងសៀវភៅរបស់គ្រួសារខ្ញុំមានអតិថិជនប្រចាំជាច្រើន។ នៅក្នុងបរិយាកាសបែបនេះ អ្នកនឹងមានពេលវេលាដើម្បីអង្គុយពិចារណាយ៉ាងជ្រាលជ្រៅក្នុងពាក្យពេជ្រនីមួយៗក្នុងសៀវភៅ”។

ហាងសៀវភៅចាស់ - ទីកន្លែងដែលផ្ទុក “រតនៈសម្បត្តិវប្បធម៌” នៅក្នុងទីក្រុងហាណូយ - ảnh 2ហាងលក់សៀវភៅចាស់មួយកន្លែងនៅលើវិថី Lang ជាមួយនឹងសៀវភៅរាប់ពាន់ក្បាលគ្រប់ប្រភេទ។ (រូបថត៖ VOV)

នៅលើវិថី Lang ហាងលក់សៀវភៅចាស់នៅតែបើកនៅម៉ោង ៨ ព្រឹកជារៀងរាល់ថ្ងៃ។ ទំហំហាងលក់សៀវភៅមិនធំទេ ប៉ុន្តែមានសៀវភៅរាប់ពាន់ក្បាលគ្រប់ប្រភេទ។ សៀវភៅសិក្សាមានចំនួនច្រើនជាងគេ បន្ទាប់នោះគឺសៀវភៅឯកសារយោង រឿង និងប្រលោមលោក។ មានច្រកផ្លូវនៅក្នុងហាងដែលមិនគ្រប់គ្រាន់សម្រាប់មនុស្សពីរនាក់ឆ្លងកាត់ក្នុងពេលតែមួយទេ ប៉ុន្តែគ្មាននរណាម្នាក់ត្អូញត្អែរដែរ។

“ជាអ្នកចូលចិត្តការអានម្នាក់ ខ្ញុំតែងតែទៅហាងលក់សៀវភៅចាស់ ប្រហែលបីដងក្នុងមួយខែ។ ខ្ញុំចង់រកសៀវភៅអំពីអក្សរសិល្ប៍វៀតណាម។ ពេលខ្ញុំមកទីនេះ ខ្ញុំមិនត្រឹមតែអានសៀវភៅប៉ុណ្ណោះទេ ថែមទាំងក៏ស្វែងរកភាពស្ងប់ចិត្តទៀតផង។ ខ្ញុំចូលចិត្តអារម្មណ៍បើកទំព័រសៀវភៅចាស់មួយសន្លឹកៗ ព្រោះវាហាក់ដូចការវិលត្រឡប់មកអតីតកាលអញ្ចឹង”។

 “ខ្ញុំទៅហាងសៀវភៅចាស់ដើម្បីស្វែងរកស្នាដៃរបស់អ្នកនិពន្ធ ង្វៀន ញ៉ឹត អាញ់ ដែលបានបោះពុម្ពពីមុន។ សៀវភៅទាំងនោះគឺជាស្នាដៃបោះពុម្ពលើកដំបូង ដែលនៅតែរក្សារចនាបទសរសេរចាស់របស់អ្នកនិពន្ធ។ ខ្ញុំចង់រកសៀវភៅដែលសព្វថ្ងៃនេះលែងមានលក់លើទីផ្សារទៀតឡើយ”។

មិនត្រឹមតែប្រជាពលរដ្ឋទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរបរទេសក៏ចង់ទៅកាន់ហាងលក់សៀវភៅចាស់ដើម្បីរីករាយនឹងពេលវេលាដ៏ស្ងប់ស្ងាត់ក្នុងភាពអ៊ូអរមមាញឹកនៃជីវភាពប្រចាំថ្ងៃ។

“ខ្ញុំចូលចិត្តសៀវភៅណាស់ ហើយពេលខ្ញុំទៅហាងលក់សៀវភៅចាស់ ខ្ញុំពិតជាចូលចិត្តបរិយាកាសនៅទីនេះ។ ខ្ញុំសង្ឃឹមថា នឹងអាចទិញសៀវភៅបានច្រើន”។

ហាងលក់សៀវភៅចាស់ប្រហែលជាមិនលេចធ្លោនោះទេ ប៉ុន្តែវាបង្កប់នូវតម្លៃវប្បធម៌ដែលមិនអាចកាត់ថ្លៃបាន។ អត្ថិភាពនៃហាងលក់សៀវភៅចាស់នៅទីក្រុងហាណូយ ហាក់ដូចជាបញ្ជាក់ឱ្យឃើញថា សៀវភៅចាស់នៅតែជាជើងមេឃវប្បធម៌ ជាសមុទ្រនៃចំណេះដឹងដែលមនុស្សជាច្រើនចង់ស្វែងរក។ ទោះបីជាពេលវេលាបានកន្លងផុតទៅ ហើយទីក្រុងហាណូយបានផ្លាស់ប្តូរក៏ដោយ ប៉ុន្តែហាងសៀវភៅចាស់ ជានិច្ចកាលជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងក្រអៅបេះដូងរបស់អ្នកស្រឡាញ់សៀវភៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ