មហោស្រពវិចិត្រសិល្បៈយុវវ័យឆ្នាំ ២០២៤៖ បុគ្គលិកលក្ខណៈច្នៃប្រឌិតពីសិល្បករវ័យក្មេង

(VOVWORLD) - មហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី ៧ ឆ្នាំ ២០២៤ ទើបបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ស្នាដៃឆ្នើមរបស់មហោស្រពកំពុងត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងហាណូយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ ស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីការពិតនៃជីវភពវិចិត្រសិល្បៈរបស់អ្នកនិពន្ធវ័យក្មេង ជួយឱ្យសាធារណជនដែលស្រឡាញ់សិល្បៈមានទស្សនៈកាន់តែច្បាស់អំពីសិល្បៈសហសម័យនាពេលបច្ចុប្បន្ន។
មហោស្រពវិចិត្រសិល្បៈយុវវ័យឆ្នាំ ២០២៤៖ បុគ្គលិកលក្ខណៈច្នៃប្រឌិតពីសិល្បករវ័យក្មេង - ảnh 1ទីកន្លែងតាំងពិព័រណ៍នៅមហោស្រពវិចិត្រសិល្បៈយុវវ័យឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសិល្បៈ VCCA ខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយ។ (រូបថត៖ VOV5/Le Chi)

មហោស្រពវិចិត្រសិល្បៈយុវវ័យ គឺជាសកម្មភាពវប្បធម៌ សិល្បៈដែលត្រូវបានរៀបចំឡើងជារៀងរាល់ ២ ឆ្នាំម្តង ដើម្បីប្រកាសនិងឧទ្ទេសនាមអំពីស្នាដៃសិល្បៈថ្មីៗ និងសិល្បករវ័យក្មេងចាប់ពីអាយុ ១៨ ដល់ ៣៥ ឆ្នាំ។

នៅឆ្នាំនេះ ពីស្នាដៃចូលរួមជាង ១០០០ គណៈកម្មការរៀបចំមហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី ៧ បានជ្រើសរើសស្នាដៃចំនួន ១៤៨ ដោយអ្នកនិពន្ធចំនួន ១២១នាក់ សម្រាប់ដាក់តាំងបង្ហាញ ដែលក្នុងនោះ ស្នាដៃឆ្នើមចំនួន ២៩ ត្រូវបានប្រគល់ពានរង្វាន់។ រង្វាន់ទី ១ ចំនួន ៣ ត្រូវបានប្រគល់ជូនអ្នកនិពន្ធ៖ Vang Hai Hung ជាមួយស្នាដៃ "ម្តាយខ្ញុំ" ប្រភេទគំនូរ; Pham Thuy Duong ជាមួយនឹងស្នាដៃ "Suot", ប្រភេទដំឡើងវត្ថុ; Bui Thi Yen Vy ជាមួយស្នាដៃ “បន្ទាប់ពីភ្លៀងធ្លាក់" ប្រភេទក្រាហ្វិក។

“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃ “ម្តាយខ្ញុំ” របស់អ្នកនិពន្ធ Hai Hung។ ផ្ទាំងគំនូរនេះបានពណ៌នារូបភាពអ្នកម្តាយ រូបភាពកង់ នៅលើផ្ទៃដីដ៏សោះកក្រោះ”។

លើសពីនេះ រង្វាន់ទី ២ ចំនួន៤រង្វាន់ រង្វាន់ទី៣ ចំនួន៩រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន១១ រង្វាន់ និងរង្វាន់ជាគម្រោងបញ្ចប់ការសិក្សាចំនួន២ រង្វាន់ ត្រូវបានប្រគល់ជូន សិល្បករវ័យក្មេងផងដែរ។ ជាម្ចាស់ស្នាដៃចំនួន ២ ដែលបានឈ្នះរង្វាន់ទី ២ និងរង្វាន់លើកទឹកចិត្តក្នុងមហោស្រពឆ្នាំនេះ វិចិត្រករ Nguyen Tuan Dung បានឲ្យដឹងថា៖

 "ស្នាដៃរបស់ខ្ញុំដោយមានចំណងជើងថា "ការឆ្លុះបញ្ចាំងពីរាប់ពាន់ឆ្នាំ" គឺជាស្នាដៃវប្បធម៌ ដែលខ្ញុំចង់ដាក់បញ្ចូលរូបភាពអំពីបេតិកភណ្ឌ និងកេរ្តិ៍ដំណែល ចូលក្នុងស្នាដៃនេះ។ ខ្ញុំប្រើប្រាស់សម្ភារៈសេរ៉ាមិចដើម្បីបង្កើតស្នាដៃ ជាមួយនឹងបំណែកសេរ៉ាមិចចំនួន ៩ដែលបង្ហាញពីរូបភាពបេតិកភណ្ឌរបស់ទីក្រុងហាណូយ។ លើសពីនេះទៅទៀត ខ្ញុំបានប្រើសម្ភារៈ composite រួមជាមួយភ្លើង LED បន្ថែមទៀត ដើម្បីធ្វើឱ្យស្នាដៃមានលក្ខណៈអន្តរកម្ម»។

បណ្ដាស្នាដៃដែលចូលរួមក្នុងមហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី៧ ឆ្នាំ ២០២៤ បានលើកឡើងបញ្ហាជាច្រើនក្នុងជីវភាពសហសម័យជាមួយនឹងទស្សនៈ និងការត្រិះរិះប្រកបដោយភាពច្នៃប្រឌិតរបស់យុវជន តាមនោះឆ្លុះបញ្ចាំងពីការអភិវឌ្ឍទម្រង់សិល្បៈក៏ដូចជាជីវភាពវិចិត្រសិល្បៈវៀតណាមក្នុងសម័យសមាហរណកម្ម។

 “នៅពេលមកដល់មហោស្រពឆ្នាំនេះ ខ្ញុំរៀនបានចំណេះដឹងច្រើនអំពីពណ៌ និងការរៀបចំ ដើម្បីក្រោយមកខ្ញុំអាចអនុវត្តន៍បាននៅក្នុងមុខជំនាញសិក្សារបស់ខ្ញុំ។ គំនូររបស់វិចិត្រករវ័យក្មេងមានលក្ខណៈប្លែកពីគេ មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនាំមកនូវភាពថ្មីថ្មោង»។

“ឆ្នាំនេះ ខ្ញុំចូលរួមមហោស្រពជាមួយស្នាដៃគំនូរប្រេង។ ខ្ញុំបានពណ៌នារឿងរ៉ាវផ្ទាល់ខ្លួន ក៏ដូចជាការសង្កេតមើលចំពោះជីវភាពនៅជុំវិញខ្ញុំ។ ខ្ញុំបង្ហាញពីការខិតខំរបស់ខ្ញុំដើម្បីជម្នះការលំបាក ជាអ្វីដែលអ្នករាល់គ្នាជួបប្រទះក្នុងជីវិត”។

មហោស្រពវិចិត្រសិល្បៈយុវវ័យឆ្នាំ ២០២៤៖ បុគ្គលិកលក្ខណៈច្នៃប្រឌិតពីសិល្បករវ័យក្មេង - ảnh 2លោក Ma The Anh ប្រធាននាយកដ្ឋានវិចិត្រសិល្បៈ ការថតរូប និងការតាំងពិព័រណ៍។ (រូបថត៖ នាយកដ្ឋានវិចិត្រសិល្បៈ ការថតរូប និងការតាំងពិព័រណ៍)

ស្នាដៃក្នុងមហោស្រពសិល្បៈយុវវ័យលើកទី៧ ឆ្នាំ២០២៤ មិនត្រឹមតែឆ្លុះបញ្ចាំងពីទេពកោសល្យច្នៃប្រឌិតប៉ុណ្ណោះទេ ថែមទាំងបង្ហាញសារយ៉ាងជ្រាលជ្រៅអំពីសិល្បៈ និងទំនួលខុសត្រូវរបស់យុវជនចំពោះសហគមន៍ និងសង្គមទៀតផង។ លោក Ma The Anh ប្រធាននាយកដ្ឋានវិចិត្រសិល្បៈ ការថតរូប និងការតាំងពិព័រណ៍ បានឲ្យដឹងថា៖

“មហោស្រពបានឧទ្ទេសនាមពីស្នាដៃសហសម័យដែលមិត្តវ័យក្មេងបានច្នៃប្រឌិតក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ តាមរយៈការតាំងពិពណ៌ យើងខ្ញុំបានមើលឃើញទេពកោសល្យរបស់មិត្ត ដោយស្នាដៃជាច្រើនមានគុណភាពល្អ ខ្លឹមសារល្អ និងបង្ហាញពីជីវភាពសព្វថ្ងៃនេះ”។

ក្រោយពីការរៀបចំជាច្រើនលើក មហោស្រពវិចិត្រសិល្បៈយុវវ័យបានក្លាយជាទីធ្លាលេងសិល្បៈប្រកបដោយវិជ្ជាជីវៈ និងកិត្យានុភាព ដោយទាក់ទាញការចូលរួមពីសិល្បករវ័យក្មេងដែលមានទេពកោសល្យជាច្រើននៅទូទាំងប្រទេស។ តាមរយៈមហោស្រពនេះ សិល្បករវ័យក្មេងមានឱកាសដើម្បីជួបប្រាស្រ័យគ្នា ព្រមទាំងអះអាងខ្លួនឯងក្នុងអាជីពច្នៃប្រឌិតសិល្បៈរបស់ពួកគេ។ វិចិត្រករ Ngo Duy Hien បានចាត់ទុកថា៖

“ខ្ញុំឃើញថាស្នាដៃមានគុណភាពខ្ពស់ណាស់ ហើយស្មារតីការងាររបស់អ្នកនិពន្ធពិតជាខ្លៀវក្លាខ្លាំងណាស់។ ថ្វីត្បិតតែអ្នកនិពន្ធនៅក្មេង ប៉ុន្តែពួកគេមានទស្សនៈជ្រាលជ្រៅម៉ែនទែន។ ប្រធានបទក៏កាន់តែបើកចំហ សម្ភារៈកាន់តែសម្បូរបែប។ ទាក់ទងនឹងពណ៌ អ្នកនិពន្ធកាន់តែច្នៃប្រឌិត បង្កើតឡើងចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយភាពផ្ទុយគ្នារវាងពណ៌ស្រាលនិងពណ៌ងងឺតក៏កាន់តែច្បាស់ដែរ។ តាមនោះ អ្នកនិពន្ធអាចបញ្ចេញសំឡេងផ្ទាល់ខ្លួនរបស់ពួកគេ”។

មហោស្រពវិចិត្រសិល្បៈយុវវ័យលើកទី៧ ឆ្នាំ២០២៤ មិនត្រឹមតែជាកន្លែងលើកតម្កើងអ្នកមានទេពកោសល្យវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងជាស្ពាននាំសិល្បៈកាន់តែខិតជិតដល់សាធារណជនទៀតផង។ មហោស្រពក៏បានរកឃើញ បណ្តុះ និងអភិវឌ្ឍន៍ទេពកោសល្យថ្មីៗ រួមចំណែកលើកស្ទួយវិស័យសិល្បៈរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ