អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ដោយផ្សាភ្ជាប់នឹងអក្សរសាស្ត្រសិល្បៈ

(VOVWORLD) - វៀតណាមកំពុងជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ឆ្ពោះទៅគោលដៅឧស្សាហកម្មវប្បធម៌រួមវិភាគទាន ៧% នៃតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០។ ក្នុងនោះ ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ក្នុងវិស័យអក្សរសាស្ត្រសិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពសម្បូរបែបនិងការច្នៃប្រឌិតនៃផលិតផលវប្បធម៌។

អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ដោយផ្សាភ្ជាប់នឹងអក្សរសាស្ត្រសិល្បៈ - ảnh 1ស្នាដៃអក្សរសិល្ប៍វៀតណាម "Dreamy Eyes" ត្រូវបានបង្កើតជាភាពយន្ត។
(ប្រភព៖ vietnamplus.vn)

វៀតណាមកំពុងជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ឆ្ពោះទៅគោលដៅឧស្សាហកម្មវប្បធម៌រួមវិភាគទាន ៧% នៃតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០។ ក្នុងនោះ ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ក្នុងវិស័យអក្សរសាស្ត្រសិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពសម្បូរបែបនិងការច្នៃប្រឌិតនៃផលិតផលវប្បធម៌។

អក្សរសាស្ត្រសិល្បៈអាចត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នង និងប្រភពធនធាននៃឧស្សាហកម្មវប្បធម៌។ ការរួមចំណែកប្រាក់ចំណូលដោយផ្ទាល់ពីអក្សរសាស្ត្រសិល្បៈ មិនសូវច្រើននោះទេ ប៉ុន្តែវាផ្តល់នូវសេណារីយ៉ូអក្សរសាស្ត្រ រូបភាពនិងរបៀបបង្ហាញសម្រាប់ការអភិវឌ្ឍនៃឧស្សាហកម្មរវប្បធម៌។ លើសពីនេះ ស្នាដៃអក្សរសាស្ត្រសិល្បៈបង្កើតតម្លៃបន្ថែមក្នុងវិស័យពាក់ព័ន្ធនានាដូចជាភាពយន្ត និងល្ខោនជាដើម។

អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ដោយផ្សាភ្ជាប់នឹងអក្សរសាស្ត្រសិល្បៈ - ảnh 2លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky ប្រធានក្រុមប្រឹក្សាទ្រឹស្តីរិះគន់អក្សរសាស្ត្រសិល្បៈមជ្ឈិម។

ផលិតផលអក្សរសាស្ត្រសិល្បៈត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតរបស់មនុស្ស ហើយជាធនធានគ្មានទីបញ្ចប់និងមិនអាចកាត់ថ្លៃបាន។ នៅពេលដែលផលិតផលអក្សរសាស្ត្រសិល្បៈក្លាយជាផលិតផលឧស្សាហកម្មវប្បធម៌ វានឹងរួមចំណែកលើកកំពស់ឋានៈជាតិ ក្លាយជា “អំណាចទន់” ដែលជះឥទ្ធិពលលើពិភពលោក រួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី មនុស្សនិងវប្បធម៌។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky ប្រធានក្រុមប្រឹក្សាទ្រឹស្តីរិះគន់អក្សរសាស្ត្រសិល្បៈមជ្ឈិមបានចាត់ទុកថា៖

“ដើម្បីកសាងឧស្សាហកម្មវប្បធម៌ គឺមានកម្លាំងជាច្រើន និងផ្នែកផ្សេងៗគ្នាជាច្រើនប៉ុន្តែពិសេសគឺអក្សរសាស្ត្រនិងសិល្បៈ។ អក្សរសាស្ត្រសិល្បៈ ជាដំបូងបង្អស់ ផ្តល់នូវគំនិត និងភាពច្នៃប្រឌិត។ ប្រការនោះសំខាន់ណាស់។ ប្រសិនបើផលិតផលវប្បធម៌រួមបញ្ចូលគ្នានូវធាតុផ្សំនៃអក្សរសាស្ត្រសិល្បៈ វានឹងបង្កើនតម្លៃ ភាពទាក់ទាញ និងឥទ្ធិពល។ មានតែពេលនោះទេ ទើបឧស្សាហកម្មវប្បធម៌អាចមានការអភិវឌ្ឍយ៉ាងរឹងមាំនិងខ្លាំងក្លា”។

យោងតាមការវាយតម្លៃរបស់អ្នកជំនាញ អក្សរសាស្ត្រសិល្បៈវៀតណាមនៅតែមានសក្តានុពល និងគុណសម្បត្តិជាច្រើនដែលមិនទាន់ត្រូវបានពង្រីក ដើម្បីបម្រើដល់ការអភិវឌ្ឍនៃឧស្សាហកម្មវប្បធម៌ ជាពិសេសក្នុងបរិយាកាសឌីជីថល ហើយអក្សរសាស្ត្រសិល្បៈកំពុងមានអន្តរកម្មយ៉ាងខ្លាំងក្លាក្នុងយុគសម័យឌីជីថលដូចបច្ចុប្បន្ន។ ជាក់ស្តែងនៅ វៀតណាមនាពេលបច្ចុប្បន្ននេះ ការច្នៃប្រឌិតលើបរិយាកាសឌីជីថលបាននាំមកនូវឱកាសថ្មីៗជាច្រើនសម្រាប់អ្នកនិពន្ធ ដើម្បីបង្កើតស្នាដៃអក្សរសាស្ត្រដ៏វិសេសវិសាលនិងទាក់ទាញ។ អ្នកកាសែត កវី Nguyen Quang Hung អនុប្រធានគណៈកម្មាធិការអ្នកនិពន្ធវ័យក្មេង សមាគមអ្នកនិពន្ធវៀតណាមបានចាត់ទុកថា៖

“យើងបានឃើញការវិវឌ្ឍន៍ដ៏រស់រវើកក្នុងការនិពន្ធ ការរិះគន់អក្សរសាស្ត្រ ក៏ដូចជាទីផ្សារអក្សរសាស្ត្រផងដែរ។ វាត្រូវបានបង្ហាញតាមរយៈវត្តមានរបស់អក្សរសាស្ត្រក្នុងទិដ្ឋភាព និងវិស័យជាច្រើនដូចជា៖ អក្សរសាស្ត្រលើសារព័ត៌មាន អក្សរសាស្ត្រលើអ៊ីនធឺណិត... ក៏ដូចជាត្រូវបានអភិវឌ្ឍន៍យ៉ាងសម្បូរបែបផងដែរ។ ជាពិសេសការលេចឡើងនៃទម្រង់ថ្មីជាច្រើននៃការនិពន្ធអក្សរសាស្ត្រដោយផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ គុណភាពនៃស្នាដៃអក្សរសាស្ត្រក៏មានភាពសម្បូរបែប ថ្មីថ្មោង ប្លែកៗ ដោយមានការកែលម្អយ៉ាងល្អិតល្អន់អំពីសិល្បៈ ភាសា និងខ្លឹមសារ”។

បច្ចុប្បន្ននេះ តម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានកម្សាន្ត រួមទាំងអក្សរសាស្ត្រសិល្បៈ កាន់តែសម្បូរបែប។ ដូច្នេះហើយ ស្នាដៃអក្សរសាស្ត្រសិល្បៈដ៏ល្អ និងទាក់ទាញគឺមិនគ្រប់គ្រាន់ដើម្បីរួមចំណែកដល់ឧស្សាហកម្មវប្បធម៌នោះទេ។ អ្នកនិពន្ធនិងសិល្បៈករមិនត្រឹមតែត្រូវលះបង់កម្លាំងកាយចិត្ត និងបញ្ញារបស់ពួកគេដើម្បីបង្កើតស្នាដៃប៉ុណ្ណោះទេ ថែមទាំងត្រូវស្វែងយល់អំពីទីផ្សារ និងតម្រូវការរបស់សាធារណជន និងចូលរួមដោយផ្ទាល់នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មវប្បធម៌ផងដែរ។ អ្នកកាសែតនិងកវី Tran Huu Viet សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមអ្នកនិពន្ធវៀតណាមបានសង្កត់ធ្ងន់ថា៖

“ធនធានដ៏សំខាន់បំផុតក្នុងវិស័យអក្សរសាស្ត្រសិល្បៈគឺធនធានមនុស្ស។ យើងត្រូវវិនិយោគលើស្ថាប័ន និងគោលនយោបាយដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។ ក្រៅពីទេពកោសល្យដែលត្រូវការជួយសម្រួលដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា យើងត្រូវវិនិយោគលើយុវជនទៀតផង។ យុវជនមានភាពក្លៀវក្លា និងសក្តានុពល ប៉ុន្តែពួកគេត្រូវបំពេញបន្ថែមនូវកត្តាជាច្រើនដូចជា៖ ចំណេះដឹង ជំនាញ ទស្សនវិស័យ សូម្បីតែភាពក្លៀវក្លាទៀតផង ដើម្បីឲ្យពួកគេតាំងចិត្តថា អាចទៅកាន់ទីចុងបញ្ចប់នៃផ្លូវច្នៃប្រឌិតរបស់ខ្លួនបាន”។

ក្នុងពេលជាមួយគ្នានោះ ទាក់ទងនឹងយន្តការ និងគោលនយោបាយដើម្បីអភិវឌ្ឍន៍វអក្សរសាស្ត្រសិល្បៈ រួមចំណែកក្នុងដំណើរការអនុវត្តឧស្សាហកម្មវប្បធម៌ លោក Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌និងអប់រំរបស់រដ្ឋសភាបានចាត់ទុកថា៖

“យើងត្រូវចាត់ទុកអក្សរសាស្ត្រជាវិស័យមួយក្នុងឧស្សាហកម្មវប្បធម៌ ដែលមិនត្រឹមតែពាក់ព័ន្ធនឹងការនិពន្ធអក្សរសាស្ត្រប៉ុណ្ណោះទេ ថែមទាំងពាក់ព័ន្ធនឹងការរិះគន់ ការផ្សព្វផ្សាយ និងការអភិវឌ្ឍមហាជនផងដែរ។ ប្រសិនបើយើងអាចគ្របដណ្ដប់បានយ៉ាងដូច្នេះ យើងនឹងបង្កើតច្រករបៀងផ្លូវច្បាប់ឱ្យកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍនៃអក្សរសាស្ត្រ”។

អក្សរសាស្ត្រសិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃឧស្សាហកម្មវប្បធម៌។ ការដែលមានផលិតផលអក្សរសាស្ត្រសិល្បៈដ៏មានតម្លៃជាច្រើន នឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ