ខេត្ត Quang Binh ធ្វើបរិវត្តកម្ម​​ឌីជីថល​ឆ្ពោះទៅ​រក​ទេសចរណ៍​បៃតង

(VOVWORLD) - ទេសចរណ៍ខេត្ត Quang Binh កំពុងជំរុញខ្លាំងការធ្វើអាជីវកម្ម ពង្រីកការអភិក្រមទីផ្សារទេសចរណ៍តាមរយៈវេទិកាឌីជីថល។ ការអនុវត្តបច្ចេកវិទ្យា ធ្វើ បរិវត្តកម្មឌីជីថល និងតាមរយៈវេទិកាឌីជីថលបាននាំមកនូវឱកាសកាន់តែច្រើនសម្រាប់វិស័យទេសចរណ៍ និងធុរកិច្ចទេសចរណ៍ សម្រេចបាននូវគោលដៅទេសចរណ៍បៃតង និរន្តរភាព និងឆ្ពោះទៅពិភពលោក។

ល្អាង Son Doong ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្ត Quang Binh កំពុងត្រូវបានក្រុមហ៊ុន Oxalis Adventure ធ្វើអាជីវកម្មក្នុងទម្រង់ជាទេសចរណ៍ផ្សងព្រេង រយៈពេល ៦ ថ្ងៃ ៥ យប់។ តម្លៃសម្រាប់ដំណើររុករក Son Doong គឺជាង ៣.០០០ ដុល្លារអាមេរិកលើមនុស្សម្នាក់ៗ។ បច្ចុប្បន្ន ដំណើររុករក Son Doong ក្នុងឆ្នាំ ២០២៤ ត្រូវបានលក់អស់ ហើយក្រុមហ៊ុនកំពុងលក់ដំណើរទេសចរណ៍នៅឆ្នាំ ២០២៥។

ខេត្ត Quang Binh ធ្វើបរិវត្តកម្ម​​ឌីជីថល​ឆ្ពោះទៅ​រក​ទេសចរណ៍​បៃតង - ảnh 1ផែនទី ៣D នៃល្អាង Son Doong ។ រូបថត៖ VOV

ដំណើររុករករូងភ្នំ Son Doong ត្រូវបានធ្វើអាជិវកម្មជាទេសចរណ៍ផ្សងព្រេងនៅប្រទេសវៀតណាមក្នុងខែសីហា ឆ្នាំ ២០១៣ ហើយភ្លាមៗបានក្លាយជាដំណើរទេសចរណ៍ផ្សងព្រេងដែលទាក់ទាញភ្ញៀវទេសចរនៅទូទាំងពិភពលោក។ លោក Nguyen Anh Tuan ភ្ញៀវទេសចរណ៍មកពីទីក្រុងហាណូយ បានចែករំលែកថា៖ “ដំណើររុករកល្អាង Son Doong ដែលជាល្អាងធំជាងគេបំផុតលើពិភពលោកនៅប្រទេសវៀតណាមពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ នៅក្នុងដំណើរនេះ ក្រុមហ៊ុន Oxalis Adventure បានណែនាំអ្នកគ្រប់គ្នាអំពីសុវត្ថិភាព ហើយកាលវិភាគនៃការធ្វើដំណើរត្រូវបានគិតគូរយ៉ាងហ្មត់ចត់។ នៅពេលចូលទៅក្នុងល្អាង Son Doong យើងមានអារម្មណ៍សម្បើមអស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍ណាស់"។

គួរឱ្យកត់សម្គាល់ថា ប្រសិនបើអ្នកទេសចរចាប់អារម្មណ៍លើល្អាង Son Doong ប៉ុន្តែមិនមានឱកាសទៅទស្សនានិងស្វែងយល់ដោយផ្ទាល់នោះទេ ពួកគេអាចទស្សនាតាមរយៈការតាំងពិព័រណ៍តាមអ៊ីនធឺណិតនៅលើគេហទំព័រ Google Arts & Culture ដែលបានបើកដំណើរការនៅដើមឆ្នាំ ២០២១។ នៅទីនេះ អ្នកទស្សនាអាចគយគន់បណ្តុំរូបថតនិងវីដេអូអំពីល្អាង Son Doong តាមអ៊ីនធឺណិត ក៏ដូចជាមុខងារអន្តរកម្មនានាដែលអនុញ្ញាតឱ្យពួកគេទទួលបានបទពិសោធន៍ដ៏អស្ចារ្យតាមរបៀបថ្មីថ្មោង។ នេះគឺជាគម្រោងមួយដែលអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម សហការជាមួយ Google ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់ពិភពលោក។

ដោយបានធ្វើបរិវត្តកម្មឌីជីថលក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ល្អាង Son Doong ត្រូវបានស្គាល់ដល់ដោយភ្ញៀវទេសចរកាន់តែច្រើននៅជុំវិញពិភពលោក។ លោក Nguyen Chau A នាយកក្រុមហ៊ុន Oxalis Adventure ចែករំលែកបទពិសោធន៍របស់ខ្លួននៅពេលអនុវត្តបរិវត្តកម្មឌីជីថល ដើម្បីនាំយកខ្លឹមសារនៃអត្ថបទទៅកាន់ពិភពលោក ដើម្បីផ្សព្វផ្សាយអំពីភាពស្រស់ស្អាត និងទាក់ទាញនៃផលិតផលទេសចរណ៍ដល់ភ្ញៀវទេសចរណ៍ជាច្រើន។ “រូងភ្នំ Son Doong ត្រូវបានគេរកឃើញក្នុងឆ្នាំ ២០០៩ បន្ទាប់មកត្រូវបានប្រកាសជារូងភ្នំដ៏ធំជាងគេបំផុតនៅលើពិភពលោក។ នៅពេលនោះ គ្មានឧបករណ៍ស្វែងរកអំពី Son Doong ទេ។ ក្រោយមក នៅពេលត្រូវបានប្រកាសជារូងភ្នំដ៏ធំជាងគេបំផុតនៅលើពិភពលោក មានកាសែតជាច្រើនសរសេ និងក្រុមហ៊ុនភាពយន្តទូរទស្សន៍ជាច្រើនមកថតវីដេអូ ហើយក្រោយនោះមានឧបករណ៍បណ្តាញសង្គមនិងព្រឹត្តិការណ៍នានា ទើបយើងអាចនាំយកអត្ថបទរាប់ពាន់អំពី ល្អាង Son Doong ទៅកាន់ពិភពលោក។ ចាប់តាំងពីពេលនោះមក អ្នកចាប់អារម្មណ៍មកពីទូទាំងពិភពលោកបានចាប់ផ្តើមស្វែងរក។ បច្ចុប្បន្ននេះ ជារៀងរាល់ខែយើងមានការស្វែងរកប្រហែល ៩០.០០០០លើកអំពីល្អាង Son Doong”។

ខេត្ត Quang Binh ធ្វើបរិវត្តកម្ម​​ឌីជីថល​ឆ្ពោះទៅ​រក​ទេសចរណ៍​បៃតង - ảnh 2កម្មវិធីឌីជីថលជួយអ្នកទេសចរពិសោធន៍ការធ្វើដំណើរតាមអ៊ីនធឺណិត។ រូបថត៖ VOV

បច្ចុប្បន្ននេះ ទម្លាប់របស់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានផលិតផលទេសចរណ៍មានភាពសម្បូរបែបនិងទូលំទូលាយ។ ទន្ទឹមនឹងនោះ តម្រូវការប្រើប្រាស់ និងពិសោធន៍របស់ភ្ញៀវអ្នកទេសចរណ៍ក៏បានផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ។ ប្រការនេះបានបើកឱកាសថ្មី ប៉ុន្តែក៏បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ទេសចរណ៍នៅទូទាំងប្រទេស ជាពិសេសនៅខេត្ត Quang Binh ក្នុងការឈានទៅដល់ទីផ្សារទេសចរណ៍អន្តរជាតិ។ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនេះ ទេសចរណ៍ខេត្ត Quang Binh កំពុងផ្លាស់ប្តូរវិធីសាស្រ្តធ្វើអាជីវកម្ម កសាងផលិតផលស្នូល លើកកំពស់ការប្រកួតប្រជែងរបស់គោលដៅ និងផលិតផលទេសចរណ៍។

យោងតាមលោក Nguyen Ngoc Quy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Binh បានឲ្យដឹងថា ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាបានផ្លាស់ប្តូរឥរិយាបទរបស់ភ្ញៀវទេសចរ ចាប់ពីការស្វែងរកព័ត៌មាន សេវាកក់សំបុត្រ ពិសោធន៍នៅគោលដៅទេសចរណ៍ ក៏ដូចជាការចែករំលែកអារម្មណ៍និងអនុស្សាវរីយ៍នៃដំណើរកម្សាន្ត ភាគច្រើនបានប្រព្រឹត្តិទៅនៅក្នុងបរិយាកាសឌីជីថល។ ដោយធ្វើបរិវត្តកម្មឌីជីថល ធុរកិច្ចទេសចរណ៍ជាច្រើនមានភាពងាយស្រួលក្នុងការរៀបចំដំណើរទេសចរណ៍ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរក្នុងទាំងស្រុកនិងបរទេស។ លោក Nguyen Ngoc Quy បានអះអាងថា៖ “ផលិតផលទេសចរណ៍នៅខេត្ត Quang Binh បានរីករាលដាលយ៉ាងខ្លាំង និងល្បីល្បាញនៅលើពិភពលោក។ ដំបូងបង្អស់ យើងបានផ្សព្វផ្សាយជាភាសាអង់គ្លេស បន្ទាប់មកបានបន្ថែមភាសាដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង និងភាសាមួយចំនួនទៀត ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយនៅលើវេទិកាឌីជីថលឲ្យកាន់តែប្រសើរឡើង”។

នៅឆ្នាំ ២០២៤ ខេត្ត Quang Binh មានបំណងទទួលភ្ញៀវទេសចរណ៍ចំនួន ៥ លាននាក់។ ការដែលទេសចរណ៍ខេត្ត Quang Binh អនុវត្តបច្ចេកវិទ្យា និងវេទិកាឌីជីថលដើម្បីជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុកនិងបរទេស គឺជាកម្លាំងចលករសម្រាប់ខេត្ត Quang Binh សម្រេចបាននូវគោលដៅនេះ បើកឱកាសនិងសក្តានុពលថ្មីសម្រាប់ទេសចរណ៍បៃតងនិងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ