(VOVWORLD) - ៥០ឆ្នាំក្រោយថ្ងៃរំដោះ (២៩ មេសា ១៩៧៥ - ២៩ មេសា ២០២៥) ស្រុក Truong Sa (ខេត្ត Khanh Hoa) កំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ស្រុកកោះនៅខ្សែជួរមុខនៃមាតុភូមិមិនត្រឹមតែគ្របដណ្ដប់ដោយម្លប់ដើមឈើបៃតងប៉ុណ្ណោះទេ ថែមទាំងមានមន្ទីរពេទ្យ សាលារៀនទៀតផង... កម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ មិនត្រឹមតែកសាងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងរួមដំណើរ និងចែករំលែកជាមួយប្រជានេសាទនៅក្នុងតំបន់កោះសមុទ្ររបស់មាតុភូមិទៀតផង។
បង្គោលនៅកោះ Truong Sa ទីរួមខេត្ត Truong Sa។ (រូបថត៖ VOV5/Vinh Phong) |
ខែមេសា គឺជារដូវស្ងួតហួតហែងបំផុតនៅ Truong Sa ប៉ុន្តែដើមឈើនៅទីនេះនៅតែរីកលូតលាស់យ៉ាងស្រស់ត្រកាល។ អ្នកស្រី Dinh Thi My Hao ប្រជាពលរដ្ឋនៅឃុំកោះ Song Tu Tay បានឲ្យដឹងថា កាលពីមុន ទឹកសាបខ្វះខាតរហូត ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ កោះត្រូវបានរដ្ឋវិនិយោគទឹកអណ្តូង ម៉ាស៊ីនចម្រោះទឹកប្រៃជាទឹកសាប និងស៊ីទែនផ្ទុកទឹកភ្លៀង ដូច្នេះហើយ លែងមានស្ថានការណ៍ខ្វះខាតទឹកសាបទៀតហើយ។
“គ្រួសារខ្ញុំដាំផ្លែម្រះ ល្ពៅ និងននោងបាន។ ផ្ទះមានស៊ីទែនផ្ទុកទឹកពេលរដូវវស្សាមកដល់សម្រាប់ប្រើប្រាស់ និងស្រោចបន្លែ”។
ភាពសុខសាន្តត្រាណនៅកោះ Truong Sa។ (រូបថត៖ VOV5/Vinh Phong) |
ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បច្ចុប្បន្នមានសាលាបឋមសិក្សាចំនួន ៣ នៅលើកោះ Truong Sa, Song Tu Tay និង Sinh Ton។ សាលានីមួយៗមានគ្រូពីរនាក់ទទួលបន្ទុកថ្នាក់រួមបញ្ចូលគ្នា។ លោក Cao Van Giap អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Song Tu Tay បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា ពេលសិស្សានុសិស្សចូលរៀនថ្នាក់ទី៦ ក្មួយៗនឹងចូលទៅដីគោកដើម្បីបន្តការសិក្សា៖
“បំណងប្រាថ្នារបស់ប្រជាជនគឺចង់មានអនុវិទ្យាល័យដើម្បីឲ្យបងប្អូននឹងនរចិត្តធ្វើការយូរអង្វែង។ ប្រសិនបើយើងអាចបើកអនុវិទ្យាល័យទៀត វានឹងបង្កើតភាពផ្សាភ្ជាប់កាន់តែខ្ពស់រវាងឪពុកម្តាយ និងកូន ហើយពួកគេនឹងកាន់តែមានទំនុកចិត្តក្នុងការកសាង និងការពារអធិបតេយ្យភាពផងដែរ”។
ព្រះសង្ឈនិងកុមារនៅទីរួមខេត្ត Truong Sa។ (រូបថត៖ VOV5/Vinh Phong) |
ស្រុកកោះ Truong Sa បច្ចុប្បន្នមានគិលានដ្ឋានយោធាជិត ១០ កន្លែងនិងមជ្ឈមណ្ឌលពេទ្យចំនួន ១ កន្លែង ដែលត្រូវបានបំពាក់ដោយម៉ាស៊ីន និងឧបករណ៍បរិក្ខារពេទ្យទំនើប។ ជារៀងរាល់ឆ្នាំ ស្រុកកោះបានជួយសង្គ្រោះអ្នកនេសាទរាប់រយនាក់និង ចែកថ្នាំដោយឥតគិតថ្លៃដល់ករណីរាប់ពាន់។ ជាពិសេស ករណីស្មុគស្មាញជាច្រើនដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល របួសខួរក្បាល ការវះកាត់ខ្នែងពោះវៀន ឬការសម្រាលកូនសុទ្ធតែត្រូវបានព្យាបាលប្រកបដោយជោគជ័យ។ ប្រសិនបើមានករណីធ្ងន់ធ្ងរ នឹងមាន
ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ បញ្ជូនទៅព្យាបាលនៅដីគោក។ លោកវេជ្ជបណ្ឌិត Duong Minh Chien ប្រធានគិលានដ្ឋានកោះ Truong Sa បានឲ្យដឹងថា៖
“យើងខ្ញុំដឹងថា អ្នកនេសាទជួបការលំបាកជាច្រើននៅពេលចេញទៅនាយសមុទ្រ។ ដូច្នេះហើយ នៅពេលដែលអ្នកនេសាទមកទីនេះ យើងខ្ញុំតែងតែបង្កើតលក្ខខណ្ឌល្អបំផុតដើម្បីឱ្យពួកគេនឹងនរចិត្តចេញទៅសមុទ្រ។ យើងខ្ញុំសង្ឃឹមថា ពេលអ្នកនេសាទជួបគ្រោះថ្នាក់ សូមទាក់ទងមកយើងខ្ញុំឲ្យបានឆាប់រហ័ស ដើម្បីអាចជួយសង្គ្រោះឲ្យបានទាន់ពេលវេលាតាមគ្រប់មធ្យោបាយ”។
នៅពេលដែលទូករបស់អ្នកនេសាទរងការខូចខាត មជ្ឈមណ្ឌលសេវាកម្មភស្តុភារការនេសាទ នៃក្រសួងកសិកម្ម និងបរិស្ថាន ព្រមទាំងកងទ័ពនិងប្រជាជននៅលើកោះ មកជួយសង្គ្រោះ និងអូសទូកត្រឡប់មកជួសជុលដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនោះ ផ្តល់អាហារ ទឹកស្អាត ប្រេងឥន្ធនៈ ក្នុងតម្លៃដីគោក... មិនត្រឹមតែប៉ុណ្ណោះទេ កងកម្លាំងនៅលើកោះ ក៏បានឃោសនាដល់អ្នកនេសាទអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានលារគ្រប់គ្រង (IUU) ផងដែរ។ លោក Tran Quang Phu ប្រធានទីរួមស្រុក Truong Sa បានឲ្យដឹងថា៖
“ដោយអនុវត្តន៍កម្មវិធី កងទ័ពជើងទឹកប្រជាជនវៀតណាមជាទីបង្អែកសម្រាប់ប្រជានេសាទទៅនាយសមុទ្រ និងជាប់សមុទ្រ ... ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កោះ Truong Sa បានបំពេញបានល្អនូវការងារឃោសនាអំពីច្បាប់ជលផល គោរពតាមបទប្បញ្ញត្តិស្តីពីការទប់ស្កាត់ និងប្រឆាំងការនេសាទ IUU សម្រាប់ប្រជានេសាទ។ កោះ Truong Sa ឥឡូវនេះជា "អាស័យដ្ឋានក្រហម" សម្រាប់បងប្អូននឹងនរចិត្តចេញទៅនាយសមុទ្រ”។
Truong Sa តែងតែអមដំណើរអ្នកនេសាទទៅនាយសមុទ្រ។ (រូបថត៖ VOV5/Vinh Phong) |
៥០ឆ្នាំក្រោយថ្ងៃរំដោះ ស្រុកកោះ Truong Sa កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទចេញទៅនាយសមុទ្រ និងច្បាមជាប់នឹងសមុទ្រ។
“ពេលប្រជាជននៅកោះធ្លាក់ខ្លួនឈឺ យើងតែងតែទៅពេទ្យយោធា ហើយទទួលបានការថែទាំដោយយកចិត្តទុកដាក់”។
“ពេលដែលយើងមានឧប្បត្តិហេតុម្ដងៗ យើងហៅទូរស័ព្ទហើយបងប្អូនយុទ្ធជននឹងមកភ្លាមៗ នាំយើងទៅកាន់កោះ ដើម្បីព្យាបាល និងជួសជុលទូក”។
“ខ្ញុំនឹងបន្តនេសាទនៅក្នុងដែនទឹកអធិបតេយ្យរបស់មាតុប្រទេស។ នេសាទផង និងច្បាមជាប់កោះផង រួមជាមួយនឹង Truong Sa ដើម្បីរក្សាអធិបតេយ្យភាពលើកោះសមុទ្រ”។
Truong Sa បច្ចុប្បន្នកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជុំកោះ Truong Sa ពីកោះខ្សាច់ស បានក្លាយទៅជាកោះដែលគ្របដណ្ដប់ដោយពណ៌បៃតង ម្លប់ដើមឈើដ៏ត្រជាក់ និងជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជានេសាទនឹងនរចិត្តចេញទៅនាយសមុទ្រ៕