ក្លឹបតម្បាញភូមិ Phung - ចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនបទក្នុងខេត្ត Gia Lai
(VOVWORLD) - ក្លឹបតម្បាញភូមិ Phung (ឃុំ Bien Ho ទីក្រុង Plei Ku ខេត្ត Gia Lai) ត្រូវបានបង្កើតឡើងជិត ៣ ឆ្នាំមុន (ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២២)។ នេះជាកន្លែងថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាត អភិវឌ្ឍន៍របរតម្បាញប្រពៃណីរបស់ជនជាតិ Jrai ហើយរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលដល់ស្ត្រីជនជាតិ Jrai នៅភូមិ Phung។
ទិដ្ឋភាពនៃពិធីសម្ពោធក្លឹបតម្បាញភូមិ Phung។ រូបថត៖ Ngoc Anh/VOV5 |
ក្លឹបតម្បាញភូមិ Phung ត្រូវបានបង្កើតឡើងដោយផ្អែកតាមស្មារតីស្ម័គ្រចិត្តរបស់សមាជិក ដែលសុទ្ធសឹងជាស្ត្រីជនជាតិ Jrai នៅមូលដ្ឋាន។ ក្លឹបមានទីស្នាក់ការ និងបន្ទប់ដាក់តាំងបង្ហាញផលិតផលនៅផ្ទះរបស់សិប្បការិនី Rơ Lan Pel ដែលជាប្រធានក្លឹប។ សមាជិកក្លឹបតម្បាញភូមិ Phung អាចត្បាញនៅក្លឹបឬនៅផ្ទះផ្ទាល់ខ្លួនក៏បាន។ លោក Duk មេភូមិ Phung បានឲ្យដឹងថា៖
“របរតម្បាញចរបាប់ជារបរប្រពៃណីរបស់ជីដូនជីតា។ មុខរបរនេះមានតាំងពីយូរយារណាស់មកហើយ ដែលបានបន្សល់ទុកពីជីដូនជីតាដល់កូនចៅជំនាន់ក្រោយៗ។ បងប្អូននារីបានបង្កើតក្លឹបតម្បាញភូមិ Phung ដើម្បីផ្សព្វផ្សាយរបរសិប្បកម្មប្រពៃណីរបស់ភូមិ។ ក្លឹបនេះមានសមាជិកាចំនួន ២៣ នាក់។ បងប្អូននារីក៏បានបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ ជំនាន់ក្រោយដែរ ដោយមានក្មួយចំនួន ១០ នាក់កំពុងរៀន។ បងប្អូនត្បាញអាវ ខោ ក្រណាត់... ត្បាញដោយដៃយ៉ាងល្អិតល្អន់ណាស់ ហើយមានក្បូរក្បាច់រចនាប្លែកៗ។ ជារៀងរាល់សប្តាហ៍ បងប្អូននារីតែងតែផ្លាស់ប្តូរបទពិសោធន៍នៅឯផ្ទះប្រធានក្លឹប។ ផលិតផលដោយមានក្បូរក្បាច់រចនាសាមញ្ញមានតម្លៃ ៥០ ម៉ឺនដុង (ជិត ២០ ដុល្លារ) ចំណែកឯក្បូរក្បាច់រចនាស្រស់ស្អាតមានតម្លៃ ២ លានដុង (ជិត ៨០ ដុល្លារ)”។
បងប្អូននារីក្នុងក្លឹបតម្បាញភូមិ Phung។ (រូបថត៖ VOV5) |
អាស្រ័យលើប្រភេទផលិតផលតម្បាញនីមួយៗ ពេលវេលាត្រូវការដើម្បីសម្រេចផលិតផលក៏ខុសគ្នាដែរ។ វាអាចចំណាយពេល ១ សប្តាហ៍ ២ សប្តាហ៍...ពេលខ្លះត្រូវចំណាយ ១ ខែដើម្បីសម្រេចបានផលិតផល។ ផលិតផលត្បាញមានទំហំច្រើន និងការរចនាដ៏សម្បូរបែប។ អ្នកស្រី Ngan សមាជិកាក្លឹបតម្បាញភូមិ Phung បាននិយាយថា៖
“ក្លឹបតម្បាញភូមិ Phung មានឯកទេសលើផលិតផលតម្បាញដូចជា ខោ អាវ កាបូប កន្សែង ជាដើម ដោយមានក្បូរក្បាច់រចនារបស់ជនជាតិផ្សេងៗគ្នា។ ជនជាតិ Ede, Bana និង Jrai មានក្បូរក្បាច់រចនាស្រដៀងគ្នា។ ចំណែកជនជាតិ Jrai មានភាពខុសប្លែកគ្នាបន្តិចពីជនជាតិ Bana ហើយជនជាតិ Jrai មានក្បូរក្បាច់រចនានិងលំនាំជាច្រើន។ ដោយសារតែមិនទាន់ត្រូវបានគេផ្សព្វផ្សាយច្រើន ផលិតផលរបស់ក្លឹបត្រូវបានលក់ភាគច្រើននៅក្នុងភូមិ និងក្នុងខេត្ត Gia Lai ប៉ុណ្ណោះ។ ក្រៅពីនោះ មានភ្ញៀវទេសចរបរទេសមកពី អាមេរិក កាណាដា ឥណ្ឌា មកភូមិដើម្បីទិញផលិតផលតែប៉ុណ្ណោះ។ ហើយអតិថិជននៅទីក្រុងហូជីមិញក៏មកទីនេះដើម្បីបញ្ជាទិញដែរ”។
នៅក្នុងដំណើរការត្បាញ ដំណាក់កាលត្បាញក្បូរក្បាច់រចនាទាមទារឲ្យមានភាពល្អិតល្អន់ និងចំណាយពេលច្រើន។ ក្បូរក្បាច់រចនានៅលើចរបាប់នៅទីនេះមានភាពសម្បូរបែបណាស់ ភាគច្រើនជាក្បូរក្បាច់រចនាមានរាង៖ ការ៉េ ចតុកោណ ពីរ៉ាមីត... ក្បូរក្បាច់រចនានីមួយៗមានអត្ថន័យរៀងៗខ្លួន ដែលឆ្លុះបញ្ចាំងពីជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃបណ្ដាជនជាតិ។
ផលិតផលរបស់ក្លឹបតម្បាញភូមិ Phung។ រូបថត៖ Ngoc Anh/VOV5 |
មិនត្រឹមតែផលិតនិងថែរក្សារបរសិប្បកម្មប៉ុណ្ណោះទេ ក្លឹបតម្បាញភូមិ Phung ថែមទាំងរួមបញ្ចូលជាមួយនឹងការអភិវឌ្ឍទេសចរនៅមូលដ្ឋានទៀតផង។ ពេលមកទស្សនានៅទីនេះ ភ្ញៀវត្រូវបានសិប្បការិនីឧទ្ទេសនាមអំពីទំនៀមទម្លាប់ និងលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Jrai រួមទាំងរបរសិប្បកម្មតម្បាញប្រពៃណីរបស់ភូមិ ក៏ដូចជាត្រូវបានណែនាំ សាកល្បងត្បាញក្រណាត់ផ្ទាល់ខ្លួនទៀតផង។ លោកស្រី Ro Lan Han កូនស្រីសិប្បការិនី Ro Lan Pel ប្រធានក្លឹបតម្បាញភូមិ Phung គឺជាមគ្គុទេសជាភាសាវៀតណាម អង់គ្លេស និង Jrai នៅពេលដែលមានក្រុមភ្ញៀវទេសចរមកទស្សនាភូមិ Phung ម្ដងៗ។ លោកស្រី Ro Lan Han បានឲ្យដឹងថា៖
“ស្ត្រីជនជាតិ Jrai ត្រូវចេះត្បាញ ព្រោះនេះជាមុខរបរប្រពៃណី។ មុខរបរចម្បងរបស់បងប្អូនស្រី នៅតែជារបរធ្វើស្រែចម្ការ ចំណែកការត្បាញជារបរបន្ទាប់បន្សំ។ ពេលថ្ងៃ ស្ត្រីទៅធ្វើស្រែចំការ ហើយចំណាយពេលយប់ដើម្បីត្បាញនិងធ្វើការងារបន្ថែមដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ បច្ចុប្បន្ន របរតម្បាញផ្តល់ឱ្យស្ត្រីនូវការងារចិញ្ចឹមជីវភាពគ្រួសារ។ ក្លឹបលក់ផលិតផលតាមបណ្តាញសង្គមដូចជា facebook tiktok... អ្នកទិញអាចកម្ម៉ង់ផលិតផលតាមចំណងចំណូលចិត្ត។ ជាមធ្យមវាត្រូវចំណាយពេល ១ សប្តាហ៍ដើម្បីធ្វើបានផលិតផល១ ប៉ុន្តែសម្រាប់ផលិតផលដែលមានក្បូរក្បាច់រចនាស្មុគស្មាញ វាត្រូវចំណាយពេល ២ សប្តាហ៍ ឬ ១ ខែ”។
សមាជិកនៃក្លឹបតម្បាញភូមិ Phung ជានិច្ចកាលស្វែងយល់ សិក្សា និងកែលម្អការរចនាយ៉ាងសកម្ម។ អាស្រ័យហេតុនោះ ផលិតផលមានលក្ខណៈវិសេសវិសាលនិងសម្បូរបែប ហើយកាន់តែសមស្របទៅនឹងចំណងចំណូលចិត្តរបស់អតិថិជន។ ក្លឹបបានក្លាយជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ជនបទនៅទីក្រុង Pleiku ខេត្ត Gia Lai៕