(VOVWORLD) - នៅពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២៥ ភូមិតម្បាញសូត្រ Van Phuc (ខ័ណ្ឌ Ha Dong ទីក្រុងហាណូយ) ត្រូវបានក្រុមប្រឹក្សាសិប្បកម្មពិភពលោកទទួលស្គាល់ជាផ្លូវការ ជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក។ នេះជាឱកាសសម្រាប់ភូមិសិប្បកម្ម ជំរុញការផ្សព្វផ្សាយផលិតផលសូត្រនៅមូលដ្ឋាន តាមនោះរួមចំណែកអភិរក្សរបរសិប្បកម្មប្រពៃណី ក៏ដូចជាបញ្ជាក់ពីម៉ាកយីហោភូមិសិប្បកម្មវៀតណាមនៅក្នុងផ្ទាំងគំនូរសិប្បកម្មសកលផងដែរ។
មជ្ឈមណ្ឌលច្នៃប្រឌិតភូមិត្បាញសូត្រ Van Phuc ដែលផលិតផល OCOP ត្រូវបានណែនាំ ផ្សព្វផ្សាយ និងដាក់លក់។ (រូបថត៖ thoibaonganhang.vn) |
ភូមិសូត្រ Van Phuc គឺជាភូមិមួយក្នុងចំណោមភូមិតម្បាញសូត្រដ៏យូរលង់បំផុតនៅក្នុងរដ្ឋធានីហាណូយ និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម ដោយមានអាយុកាលជាង ១០០០ ឆ្នាំ ដែលត្រូវបានមជ្ឈមណ្ឌលសៀវភៅកំណត់ត្រាវៀតណាមទទួលស្គាល់ថាជា “ភូមិប្រកបរបរតម្បាញសូត្រដ៏យូរលង់ជាងគេដែលនៅតែដំណើរការរហូតមកដល់សព្វថ្ងៃ”។ ឆ្លងកាត់ការឡើងចុះជាច្រើនរាប់មិនអស់នៃប្រវត្តិសាស្ត្រ របរតម្បាញសូត្រ Van Phuc នៅតែត្រូវបានប្រជាជននៅទីនេះអភិរក្ស និងអភិវឌ្ឍន៍។ ដូច្នេះហើយ សូត្រ Van Phuc តែងតែត្រូវបានគេវាយតម្លៃខ្ពស់ចំពោះគុណភាព ការរចនាផលិតផល ហើយជាម៉ាកសូត្រដែលមានឋានៈរឹងមាំនៅលើទីផ្សារទៀតផង។ ផលិតផលដ៏ពិសេសដោយឡែកនៃភូមិ Van Phuc គឺក្រណាត់សូត្រដែលមានពណ៌ស្រស់ស្អាតឆើយឆាយរួមជាមួយនឹងក្បូរក្បាច់រចនាដ៏ល្អប្រណិត។ បច្ចុប្បន្ននេះ ភូមិ Van Phuc មានសូត្រជាង ៧០ ប្រភេទ ដែលមានក្បូរក្បាច់រចនាដ៏សម្បូរបែបជាច្រើន។ លោក Nguyen Van Khanh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Van Phuc ខ័ណ្ឌ Ha Dong បានឲ្យដឹងថា៖
“ផលិតផលរបស់ភូមិតម្បាញសូត្រប្រពៃណី Van Phuc ភាគច្រើនគឺសូត្រផ្កា សូត្រធម្មតា ហើយជាពិសេសគឺសូត្រ “ពពក”។ សូត្រ “ពពក” មានន័យថាសសៃសូត្រមើលទៅដូចពពកអញ្ចឹង។ នេះគឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលមានវត្តមាននៅក្នុងការតាំងពិព័រណ៍ទីក្រុងប៉ារីស។ បច្ចុប្បន្ននេះ បណ្ដាសិប្បករនៃភូមិសិប្បកម្ម Van Phuc បាននិងកំពុងស្តារឡើងវិញនូវផលិតផលសូត្រចរបាប់ប្រពៃណី ដែលជាផលិតផលដ៏ល្អប្រណិតមួយនៃមូលដ្ឋាន ហើយក៏ធ្លាប់បានចូលរួមនៅក្នុងការតាំងពិព័រណ៍ប៉ារីសផងដែរ”។
លោក Nguyen Van Khanh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Van Phuc ខ័ណ្ឌ Ha Dong។ |
ក្នុងដំណើរចុះពិនិត្យនៅភូមិសូត្រ Van Phuc កាលពីចុងខែតុលាឆ្នាំមុន គណៈវិនិច្ឆ័យអន្តរជាតិនៃក្រុមប្រឹក្សាសិប្បកម្មពិភពលោកបានវាយតម្លៃខ្ពស់ចំពោះតម្លៃដ៏វិសេសវិសាលនៃភូមិសិប្បកម្ម ជាពិសេសគឺវប្បធម៌ដ៏សម្បូរបែប និងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍជាបន្តបន្ទាប់ជាច្រើនសតវត្ស។ លោក Nguyen Van Khanh បានចែករំលែក៖
“នៅពេលដែលត្រូវបានទទួលស្គាល់ជាសមាជិកទី ៦៨ នៃក្រុមប្រឹក្សាសិប្បកម្មពិភពលោក និងចូលរួមក្នុងអង្គការសមាគមភូមិសិប្បកម្មពិភពលោកនោះ ភូមិសូត្រ Van Phuc មានកិត្តិយសខ្លាំងណាស់។ សម្រាប់ពួកយើង នេះជាទំនួលខុសត្រូវដ៏ធំធេង និងជាឱកាសមួយដើម្បីនាំយករូបភាពភូមិតម្បាញសូត្រ Van Phuc ទៅកាន់ពិភពលោក ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ភូមិសិប្បកម្មនៅប្រទេសផ្សេងៗ ក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក និងបរទេសផងដែរ”។
កត្តាមួយដែលត្រូវបានទទួលស្គាល់ដោយគណៈវិនិច្ឆ័យអន្តរជាតិគឺ ភូមិ Van Phuc សព្វថ្ងៃនៅតែមានសិប្បករ និងជាងតម្បាញពូកែជាច្រើន ដែលផ្សារភ្ជាប់នឹងមុខរបរនេះ ក៏ដូចជាអភិវឌ្ឍន៍ផលិតផលដ៏ពោរពេញទៅដោយតម្លៃវប្បធម៌ប្រពៃណី។ ពួកគេគឺជាអ្នកដែលមានទឹកចិត្តក្លៀវក្លាចំពោះមុខរបរ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍របរសិប្បកម្មប្រពៃណីនៃភូមិ Van Phuc ។ អាចនិយាយដល់ សិប្បការិនី Nguyen Thi Tam ម្ចាស់សិប្បកម្មតម្បាញសូត្រ Trieu Van Mao ដែលបានស្ដារឡើងវិញដោយជោគជ័យនូវលំនាំសូត្របុរាណ ហើយពិសេសជាងនេះទៅទៀតគឺបច្ចេកទេសត្បាញផ្កានៅលើសូត្រ។ ចំណែកឯសិប្បការិនី Tran Thi Ngoc Lan បានស្រាវជ្រាវ និងផលិតដោយជោគជ័យនូវប្រភេទសូត្រដែលមិនសូវជ្រីវជ្រួញ មិនសាបរលាបពណ៌ កែលំអបច្ចេកទេសតម្បាញ ដើម្បីផ្លាស់ប្តូរជាបណ្ដើរៗ ទៅជាលក្ខណៈពាក់កណ្តាលឧស្សាហកម្ម ដើម្បីក្លាយជាផលិតផលយុទ្ធសាស្ត្រ ជំរុញការអភិវឌ្ឍនៃភូមិសិប្បកម្ម។
“យើងខ្ញុំពិតជាមានបំណងចង់សហប្រតិបត្តិការដើម្បីផ្លាស់ប្តូរជាមួយបណ្តាប្រទេសជុំវិញពិភពលោក និងប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ដើម្បីសិក្សាពីគ្នាទៅវិញទៅមក ដើម្បីបង្កើតផលិតផលដែលសមស្របទៅនឹងនិន្នាការទូទៅ”។
“យើងខ្ញុំចង់អភិរក្ស និងអភិវឌ្ឍន៍សូត្រ Van Phuc ។ នៅពេលដែលយើងខ្ញុំបំពេញតាមតម្រូវការរបស់សមាគមសិប្បកម្មពិភពលោក សូត្រ Van Phuc នឹងឈានដល់កម្រិតថ្មីមួយ។ យើងខ្ញុំបានអភិរក្សលក្ខណៈបុរមបុរាណ ប៉ុន្តែក៏អភិវឌ្ឍន៍និងធ្វើសមាហរណកម្មជាមួយពិភពលោកផងដែរ”។
សិប្បការិនីនៃភូមិតម្បាញសូត្រ Van Phuc។ (រូបថត៖ Vietnam+) |
ការក្លាយជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក បាននាំមកនូវឱកាសអភិវឌ្ឍន៍ជាច្រើនសម្រាប់ភូមិសូត្រ Van Phuc ប៉ុន្តែទន្ទឹមនឹងនោះទាមទារឱ្យភូមិ Van Phuc ត្រូវកែលម្អដោយឥតឈប់ឈរនូវគុណភាពការរចនាផលិតផល និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។ លោក Nguyen Van Khanh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Van Phuc បានឲ្យដឹងថា៖
“ដើម្បីបញ្ជាក់ពីតម្លៃនៃសូត្រ Van Phuc នាបច្ចុប្បន្នយើងខ្ញុំបានស្នើឲ្យសមាគមភូមិសិប្បកម្ម និងសហករណ៍ ធ្វើការឃោសនាដល់ប្រជាជន និងសមាជិកភូមិសិប្បកម្ម ជាពិសេសគ្រួសារផលិតកម្ម ឲ្យបោះត្រា “សូត្រ Ha Dong” នៅលើរឹមក្រណាត់ ដើម្បីសម្គាល់ពីផលិតផលនៅមូលដ្ឋានផ្សេងៗ។ ទន្ទឹមនឹងនោះ រៀបចំការប្រឡងនិងការប្រកួតអំពីការច្នៃប្រឌិតក្បូរក្បាច់រចនាលើសូត្រ។ លើសពីនេះ ពង្រីកនិងអភិរក្សផលិតផលដោយមានក្បូរក្បាច់រចនាបុរមបុរាណរបស់ ភូមិ Van Phuc ដើម្បីបញ្ជាក់អំពីលក្ខណៈពិសេស និងម៉ាកហីហោរ Van Phuc ផងដែរ”។
សូត្រ Van Phuc មិនត្រឹមតែជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃស្មារតីច្នៃប្រឌិត និងឆន្ទៈឈានឡើងរបស់ប្រជាជនវៀតណាមទៀតផង។ ជាមួយនឹងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់បណ្ដាសិប្បករ និងជាងតម្បាញជំនាញ ក៏ដូចជាសហគមន៍មូលដ្ឋាន ភូមិសូត្រ Van Phuc នឹងអភិវឌ្ឍកាន់តែខ្លាំង និងឈានទៅមុខលើដំណើរសមាហរណកម្មអន្តរជាតិ ជាពិសេសបន្ទាប់ពីក្លាយជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក៕