ឃុំ Tien Thinh ថែរក្សារបរសិប្បកម្មប្រពៃណី

(VOVWORLD) - មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហាណូយ ឃុំ Tien Thinh ស្រុក Me Linh ប្រមូលផ្ដុំភូមិរបរសិប្បកម្មប្រពៃណីជាច្រើន ដែលមានប្រពៃណីយូរលង់ណាស់មកហើយ ជាមួយនឹងផលិតផលដែលបង្កប់នូវរសជាតិនៃស្រុកកំណើតដូចជា៖ ធូប នំបញ្ចុក មីសួ ស្ករគ្រាប់សណ្ដែកដី បង្អែមនិងបាញ់ត្រាង ជាដើម។ នៅទីនេះ ក៏ដូចជាបង្កើតភាពរស់រវើកសម្រាប់ភូមិសិប្បកម្មនៃឃុំ Tien Thinh។ ក្នុងចំណោមនោះ របរធ្វើនំបញ្ចុកដោយដៃ ត្រូវបានបន្សល់ទុកក្នុងអំឡុងពេលច្រើនឆ្នាំមក ហើយបានរួមចំណែកនាំមកនូវជីវភាពធូរធារដល់ប្រជាជននៅទីនេះ ព្រមទាំងបង្កើតកម្លាំងរស់សម្រាប់ភូមិសិប្បកម្មនានានៃឃុំ Tien Thinh ផងដែរ។

ឃុំ Tien Thinh ថែរក្សារបរសិប្បកម្មប្រពៃណី - ảnh 1ប្រជាជននៅឃុំ Tien Thinh មានជីវភាពរស់នៅធូធារអាស្រ័យដោយរបរសិប្បកម្មប្រពៃណី។ (រូបថត៖ langngheviet.com.vn)

មកដល់ Tien Thinh អ្នកតែងតែអាចស្រូបក្លិនក្រអូបស្រាលនៃអង្ករ ម្សៅ និងកញ្ច្រែងនំបញ្ចុកនិងមីសួ ដែលបានហាលថ្ងៃក្នុងទីធ្លាគ្រួសារជាច្រើន។ ផ្លូវភូមិមិនមានសំឡេងរថយន្តច្រើនទេ មានតែសំឡេងម៉ាស៊ីនកិន និងសំឡេងសំណើចក្អាកក្អាយអ្នកភូមិដែលកំពុងត្រៀមការងារប៉ុណ្ណោះ។ លោក Le Ngoc Thanh រស់នៅឃុំ Tien Thinh ចែករំលែកពីរបៀបធ្វើសរសៃមីសួនិងនំបញ្ចុកឆ្ងាញ់ៗ យ៉ាងដូច្នេះថា៖

“ជំហានសំខាន់បំផុតគឺជ្រើសរើសអង្ករ អង្ករចាស់ទើបម្សៅម៉ត់។ លាងអង្កររួចយកមកត្រាំ។ ត្រាំអង្ករប្រហែល ១៥ ដល់ ១៨ ម៉ោង។ បន្ទាប់មកទុកឲ្យស្ងួតទឹករួចបុកជាម្សៅ។ បន្ទាប់ពីបុកម្សៅរួចហើយ ត្រូវលាយជាមួយទឹក ដើម្បីដាក់ចូលម៉ាស៊ីនកិនវាជាសរសៃ”។

ប្រជាជន Yen Thi ធ្វើនំបញ្ចុក មីសួពេញមួយឆ្នាំ ប៉ុន្តែពេលវេលាមមាញឹកបំផុតគឺនៅចុងឆ្នាំ នៅពេលដែលការបញ្ជាទិញចូលមកពីគ្រប់ទិសទី។ គ្រួសារនីមួយៗធ្វើជំហានមួយ។ គ្រួសារខ្លះមានជំនាញកិនម្សៅ ខ្លះធ្វើបាញ់ត្រាង ខ្លះទៀតហាលមីសួនិងនំបញ្ចុក។ ជំហាននីមួយៗទាមទារភាពល្អិតល្អន់ ហ្មត់ចត់ ជាពិសេសការយល់ដឹងអំពីវត្ថុធាតុដើម។ អង្ករ និងមើមសាគូគឺជាវត្ថុធាតុដើមដ៏សំខាន់ តាមរយៈបាតដៃរបស់អ្នកភូមិ Tien Thinh ជាមួយនឹងរូបមន្តផ្ទាល់ខ្លួន បានក្លាយទៅជាផលិតផលដ៏វិសេសវិសាលនៃមូលដ្ឋាន។ ប្រការពិសេសនោះគឺថា ទោះបីជាពេលវេលាកន្លងផុតទៅក៏ដោយ ប៉ុន្តែប្រជាជន Tien Thinh នៅតែរក្សានូវវិធីធ្វើដោយដៃប្រពៃណី ដោយគ្រាន់តែបន្ថែមម៉ាស៊ីនជំនួយ ដើម្បីបន្ថយភាពលំបាកក្នុងដំណាក់កាលខ្លះ ប៉ុន្តែមិនធ្វើឲ្យផ្លាស់ប្តូររសជាតិនៃផលិតផលនោះទេ។ លោក Le Ngoc Thanh បានចែករំលែកថា៖

ឃុំ Tien Thinh ថែរក្សារបរសិប្បកម្មប្រពៃណី - ảnh 2លោក Le Ngoc Thanh រស់នៅឃុំ Tien Thinh ត្រួតពិនិត្យគុណភាពបាញ់ត្រាងនៅសិប្បកម្មរបស់ខ្លួន។ (រូបថត៖ langngheviet.com.vn)

“នំបញ្ចុកនិងមីសួ នៅទីនេះ ខុសពីកន្លែងធ្វើនំបញ្ចុកមីសួផ្សេងទៀត ដោយធានាបាននូវស្តង់ដារទីផ្សារ។ ប្រជាជនធ្វើបានប៉ុណ្ណា លក់អស់បុណ្ណឹង គ្មានទំនិញសេសសល់ទេ។ ឥឡូវនេះការផ្គត់ផ្គង់មានកម្រិតហើយ ពេលខ្លះអត់មានដើម្បីលក់ទេ”។

មិនត្រឹមតែល្បីល្បាញដោយមុខរបរធ្វើនំបញ្ចុក មីសួ ដោយដៃដ៏យូរលង់ប៉ុណ្ណោះទេ Tien Thinh ក៏ជាកន្លែងដែលរក្សានូវគុណតម្លៃនៃមុខរបរប្រពៃណីជាច្រើនទៀតផង។ ផលិតផលដូចជា ស្ករគ្រាប់សណ្ដែកដី បង្អែម បាញ់ត្រាង... មិនត្រឹមតែជាផលិតផលពោរពេញទៅដោយរសជាតិស្រុកស្រែប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពឧស្សាហ៍ព្យាយាម និងរបៀបរស់នៅបែបជនបទសាមញ្ញរបស់ប្រជាជននៅទីនេះទៀតផង។ ជាមួយនឹង គុណភាពផលិតផលស្របតាមស្តង់ដារ ផលិតផលក្នុងស្រុកជាច្រើនត្រូវបានទទួលស្គាល់ជាផលិតផលក្រោមកម្មវិធី ឃុំមួយផលិតផលមួយ (OCOP) ដែលបង្ហាញពីកិត្យានុភាព និងសក្តានុពលអភិវឌ្ឍន៍របស់ភូមិរបរសិប្បកម្ម។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បី Tien Thinh ឆ្ពោះទៅរកការរួមផ្សំការអភិរក្សភូមិរបរសិប្បកម្ម និងការអភិវឌ្ឍទេសចរណ៍ទទួលយកបទពិសោធន៍សម្រាប់ភ្ញៀវទេសចរទាំងជិតនិងឆ្ងាយ។ លោក Nguyen Van Luu អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tien Thinh បានឲ្យដឹងថា៖

“នេះជាលក្ខណៈល្អ ដើម្បីឲ្យឃុំឆ្ពោះទៅអភិវឌ្ឍគំរូទេសចរណ៍ទទួលយកបទពិសោធន៍កសិកម្ម និងជនបទ។ តាមពិតទៅ នាបច្ចុប្បន្ន សាលារៀនជាច្រើនក្នុងទីក្រុងបាននាំសិស្សានុសិស្សមកទស្សនា កម្សាន្តនិងទទួលយកបទពិសោធន៍ក្នុងការចូលរួមធ្វើបាញ់ត្រាង ក៏ដូចជាការធ្វើនំបញ្ចុក និងមីសួផងដែរ”។

ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដោយដើរទន្ទឹមនឹងទេសចរណ៍ និងសេវាកម្ម កំពុងបើកទិសដៅសក្ដានុពល សម្រាប់ឃុំ Tien Thinh។ ជាមួយនឹងប្រៀបខ្លាំងនៃភូរបរមិសិប្បកម្មប្រពៃណីសម្បូរទៅដោយអត្តសញ្ញាណ ជាពិសេសភូមិធ្វើនំបញ្ចុក Yen Thi នោះ តំបន់ជនបទនេះកំពុងបង្កើតឡើងមុខមាត់ថ្មី ស្វាហាប់ និងរស់រវើក។ លោក Nguyen Van Luu បានឲ្យដឹងបន្ថែមថា៖

“ដើម្បីអភិវឌ្ឍន៍សក្តានុពលទេសចរណ៍ យើងកំពុងកសាងម៉ាកយីហោដែលទាក់ទាញអតិថិជនមិនត្រឹមតែនៅក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងអាចរីកសាយភាយទៅកាន់ប្រទេសជិតខាងនៅអាស៊ី និងអឺរ៉ុបទៀតផង។ បច្ចុប្បន្ននេះ បាញ់ត្រាង នំបញ្ចុកនិងមីសួ ត្រូវបាននាំចេញទៅកាន់ប្រទេសអឺរ៉ុបដូចជា ប៉ូឡូញ រុស្សី ជាដើម”។

នៅក្នុងជីវភាពសម័យទំនើបដែលកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃនោះ ភូមិរបរសិប្បកម្ម ឃុំ Tien Thinh នៅតែរក្សាបាននូវលក្ខណៈសុទ្ធសាធ សាមញ្ញ និងសម្បូរទៅដោយរសជាតិស្រុកកំណើត។ ផលិតផលដ៏វិសេសវិសាលរបស់ Tien Thinh ក៏ជាស្នាដៃដែលបានបង្កើតឡើងពីបាតដៃដ៏ប៉ិនប្រសប់ សេចក្ដីស្រឡាញ់វិជ្ជាជីវៈ និងសេចក្ដីស្រឡាញ់ចំពោះទឹកដីដែលដូនតាបានបន្សល់ទុកមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ