(VOVWORLD) - ភូមិជាងឈើ Thai Yen ក្នុងឃុំ Thanh Binh Thinh ស្រុក Duc Tho ខេត្ត Ha Tinh ល្បីល្បាញជាមួយនឹងផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផលិតផលវិចិត្រសិល្បៈធ្វើពីឈើ។ នេះគឺជាភូមិជាងរបរឈើមួយក្នុងចំណោមភូមិជាងឈើប្រពៃណីដែលមានប្រវត្តិយូរលង់បំផុតនៅភាគកណ្តាលវៀតណាម។
មិនត្រឹមតែច្នៃបង្កើតផលិតផលឈើវិចិត្រសិល្បៈដ៏ប្រណិតប៉ុណ្ណោះទេ Thai Yen ក៏ជាភូមិជនបទមួយក្នុងចំណោមភូមិជនបទដ៏តិចតួចនៅ Ha Tinh ដែលនៅតែរក្សាបាននូវសម្រស់វប្បធម៍ប្រពៃណីដ៏ពោរពេញទៅដោយ ស្លាកស្នាមនៃភូមិសិប្បកម្មបុរាណទៀតផង។
យោងតាមព្រឹទ្ធាចារ្យភូមិថា របរជាងឈើ Thai Yen មានអាយុកាលយ៉ាងហោចណាស់ ៤០០ ឆ្នាំមកហើយ។ នៅចុងសតវត្សទី ១៩ មុខរបរនេះបានអភិវឌ្ឍន៍យ៉ាងខ្លាំងហើយឈានដល់ភាពរុងរឿងនៅដើមសតវត្សទី ២០។ ជាងឈើភូមិ Thai Yen ត្រូវបានគេលើកតម្កើង ជាជាងឈើមានទេពកោសល្យបំផុតក្នុងការឆ្លាក់រូប "នាគ ភីស៊ីវ អណ្តើក ហង្ស" នៅតាមប្រាសាទ វត្តអារាម និងចេតិយ។
គ្រឿងសង្ហារិមនៃភូមិជាងឈើ Thai Yen។ (រូបថត៖ Kim Lieu/VOV5) |
ចំណុចពិសេសនៃរបរជាងឈើ Thai Yen គឺស្ថិតនៅក្នុងដំណើរការផលិតដោយដៃទាំងស្រុង ដែលទាមទារឲ្យមានភាពល្អិតល្អន់និងភាពហ្មត់ចត់ក្នុងដំណាក់កាលនីមួយៗ។ ជាងឈើ Thai Yen ជ្រើសរើសឈើមានតម្លៃ ប្រើប្រាស់បានយូរ និងគុណភាពខ្ពស់ ដែលទិញពីតំបន់ភាគខាងលិចខេត្ត Ha Tinh និង Nghe An។ បន្ទាប់មក ឈើត្រូវបានគេអារកាត់ ពុះជ្រៀក និងកែច្នៃតាមលម្អិតនីមួយៗ។ ដំណាក់កាលត្រូវបានធ្វើដោយដៃទាំងស្រុងដោយធានាថាផលិតផលនីមួយៗមានសញ្ញាសម្គាល់រៀងៗខ្លួន។ តុ កៅអី ទូ គ្រែ ឬវត្ថុសក្ការៈទាំងអស់សុទ្ធតែមានចម្លាក់ក្បូរក្បាច់យ៉ាងប៉ិនប្រសប់ ដែលបង្កប់នូវសញ្ញាសម្គាល់នៃវប្បធម៌ប្រជាប្រិយ បង្កើតឡើងការរួមបញ្ចូលគ្នានៃតម្លៃសិល្បៈ និងប្រយោជន៍ជាក់ស្ដែងក្នុងការប្រើប្រាស់។
ជាម្ចាស់សិប្បកម្មផលិតគ្រឿងសង្ហារិមឈើវិចិត្រសិល្បៈខ្នាតធំនៅឃុំ Thanh Binh Thinh លោក Phan Dang Luan បានចែករំលែកថា ម៉ាកយីហោគ្រឿងឈើ Thai Yen បានដក់ជាប់ក្នុងចិត្តអតិថិជនទូទាំងប្រទេស ជាមួយនឹងប្រភេទឈើដែលមិនមែនភូមិសិប្បកម្មណាមួយក៏មានទេ៖
“ដំបូងបង្អស់ ត្រូវនិយាយអំពីឈើ ជាពិសេសប្រភេទឈើដែលមិនកោងឬស្រួចចុង ជាងឈើត្រូវមានបទពិសោធន៍ ១០ ឆ្នាំឡើងទៅជាមួយនឹងជំនាញខ្ពស់ ទើបបង្កើតបានផ្ទៃរាបស្មើនិងស្រស់ស្អាត ហើយបច្ចេកទេសដុសខាត់ឲ្យរលោងការផលិតតាមបច្ចេកវិទ្យាថ្មី ដោយប្រើប្រាស់គ្រឿងចក្រទំនើប”។
ភូមិជាងឈើប្រពៃណី Thai Yen ឃុំ Thanh Binh Thinh បច្ចុប្បន្នមានសហគ្រាសចំនួន ៥៦ សហករណ៍ និងសិប្បកម្មលក្ខណៈគ្រួសារជាង ១.០៣៧។ ចំណូលប្រចាំឆ្នាំសរុបរបស់ភូមិ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៩០០ ពាន់លានដុង (ជាង ៣៥ លានដុល្លារអាមេរិក) បង្កើតការងារជូនកម្មករចំនួន ១.៩០០ នាក់។ ផលិតផលឈើ Thai Yen មិនត្រឹមតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់ប្រទេសជាច្រើនទៀតផង។ ការនាំចេញផលិតផលទៅកាន់ទីផ្សារបរទេសបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចសម្រាប់ឃុំ Thanh Binh Thinh និងខេត្ត Ha Tinh។ លោក Tran Van Toan ម្ចាស់សិប្បកម្មគ្រឿងសង្ហារិមឈើ Toan Loc ភូមិ Thai Yen បានឲ្យដឹងថា៖
“ដើម្បីឱ្យផលិតផលនៃភូមិ Thai Yen អាចទៅដល់គ្រប់ទីកន្លែង ការតំរង់ទិសរបស់យើងគឺរចនាម៉ូដថ្មីៗសម្រាប់បម្រើប្រជាជន សមស្របនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ បន្ទាប់មកយើងនឹងប្រើប្រាស់គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបដើម្បីបង្កើនផលិតភាពការងារ។ យើងសហការជាមួយសហគ្រាសគ្រឿងឈើធំៗក្នុងស្រុក និងបរទេស ដើម្បីឲ្យផលិតផលឈើ Thai Yen អាចទៅកាន់តែឆ្ងាយ ឈានទៅដល់អតិថិជនកាន់តែងាយស្រួលជាង”។
នៅចំពោះមុខបញ្ហាប្រឈមនៃសម័យកាល ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំង និងតម្រូវការខ្ពស់ក្នុងការប្រើប្រាស់គ្រឿងឈើបែបឧស្សាហកម្មនោះ ប្រជាជន Thai Yen នៅតែខិតខំរក្សា និងអភិវឌ្ឍន៍ម៉ាកយីហោជាងឈើប្រពៃណី។ មូលដ្ឋានក៏បានកសាងគោលនយោបាយជាច្រើនដើម្បីទាក់ទាញអាជីវកម្មឱ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម។ បច្ចុប្បន្ន ឃុំនេះមានចង្កោមឧស្សាហកម្ម Thai Yen លើផ្ទៃដី ២១,២៩ ហិកតា ចំណាយសរុប ១០២ ពាន់លានដុង (ជាង ៤ លានដុល្លារអាមេរិក)។ គ្រឹះស្ថានផលិតកម្មបានអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងដំណើរការផលិតនិងកែច្នៃ ដើម្បីបង្កើនគុណភាពផលិតផល។ លើសពីនេះ ការអភិវឌ្ឍម៉ាកយីហោ “ជាងឈើ Thai Yen” តាមរយៈសកម្មភាព marketing ការណែនាំផលិតផលនៅតាមផ្សារណាត់ និងពិព័រណ៍អន្តរជាតិ គឺជាទិសដៅយុទ្ធសាស្ត្រដើម្បីបង្កើនការទទួលស្គាល់ និងការលក់ផលិតផលទៅកាន់ពិភពលោក។លោក Nguyen Khac Chien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Binh Thinh ខេត្ត Ha Tinh បានឲ្យដឹងថា៖
“យើងខ្ញុំរៀនសូត្រដើម្បីបង្កើនការរចនាម៉ូដ ឆ្ពោះទៅរកការជ្រើសរើសប្រភពវត្ថុធាតុដើម បន្ទាប់នោះគឺដំណាក់កាលកែច្នៃឈើ រួមជាមួយនឹងជំនាញរបស់ជាងឈើ ដើម្បីនាំយកទៅកាន់ទីផ្សារនូវផលិតផលដែលធានាទាំងគុណភាព កេរ្តិ៍ឈ្មោះ និងសោភ័ណ្ឌភាព”។
ភូមិជាងឈើ Thai Yen មិនត្រឹមតែជាចំណុចភ្លឺក្នុងវិស័យជាងឈើប្រពៃណីរបស់ខេត្ត Ha Tinh ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការរួមបញ្ចូលគ្នានៃវប្បធម៌ប្រពៃណី និងការអភិវឌ្ឍសេដ្ឋកិច្ចទំនើបទៀតផង។ ជាមួយនឹងតម្លៃពិសេស ភាពឆ្លាតវៃចំពោះទីផ្សារ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ភូមិជាងឈើ Thai Yen កំពុងក្លាយជានិមិត្តរូបនៃការសម្របខ្លួន។ ផលិតផលដែលទទួលបានការនិយមចូលចិត្តពីអតិថិជន បានជួយលើកកំពស់ជីវភាពរបស់អ្នកភូមិ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចមូលដ្ឋានផងដែរ៕