ភូមិតម្បាញផ្ដៅនិងឬស្សី Phu Vinh សម្របខ្លួនដើម្បីអភិវឌ្ឍន៍

(VOVWORLD) - មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីភាគខាងលិចនៃមជ្ឈមណ្ឌលទីក្រុងហាណូយ ភូមិសិប្បកម្ម Phu Vinh ឃុំ Phu Nghia ស្រុក Chuong My (ហាណូយ) មានប្រវត្តិជាង ៤០០ ឆ្នាំនៃមុខរបរត្បាញផ្ដៅនិងឬស្សី។ បច្ចុប្បន្ន Phu Vinh មិនត្រឹមតែរក្សាបាននូវរបរប្រពៃណីប៉ុណ្ណោះទេ ថែមទាំងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាទៀតផង។ ផលិតផលនាំចេញជាច្រើនត្រូវបានអតិថិជននិយមចូលចិត្តយ៉ាងខ្លាំង។

ភូមិតម្បាញផ្ដៅនិងឬស្សី Phu Vinh សម្របខ្លួនដើម្បីអភិវឌ្ឍន៍ - ảnh 1ក្នុងចំណោមភូមិតម្បាញឬស្សីនិងផ្តៅនៅទីក្រុងហាណូយសព្វថ្ងៃនេះ ភូមិលេចធ្លោបំផុតគឺភូមិតម្បាញឫស្សីនិងផ្ដៅ Phu Vinh ឃុំ Phu Nghia ស្រុក Chuong My។ រូបថត៖ កាសែតហាណាម/Nhan Dan

កាលពីមុន ភូមិនេះមានឈ្មោះដើមថា Phu Hoa Trang ដោយមានអត្ថន័យថា ព្រះអាទិទេព្យបានប្រទានដល់ប្រជាជននៅទីនេះ ឲ្យមានបាតដៃដ៏ប៉ិនប្រសប ពូកែត្បាញឬស្សី និងផ្តៅ។ នៅឆ្នាំ ១៨៤១ Phu Hoa Trang បានប្តូរឈ្មោះទៅជាភូមិ Phu Vinh ដែលមានន័យថា វិបុលភាពនិងរុងរឿង។ ពីជំនាន់មួយទៅជំនាន់មួយទៀត ប្រជាជននៅភូមិ Phu Vinh បានផ្សាភ្ជាប់ជាមួយដើមឬស្សី និងផ្តៅ ហើយយល់ពីលក្ខណៈទាំងអស់នៃរុក្ខជាតិប្រភេទនេះ។ ចាប់ពីពេលនោះមក របរត្បាញឬស្សី និងផ្តៅបានអភិវឌ្ឍន៍បន្តិចម្តងៗ ហើយក្លាយជារបរសិប្បកម្មប្រពៃណីរបស់ភូមិ Phu Vinh។

កើតក្នុងគ្រួសារមួយដែលជំនាន់ទាំង ៣ បានប្រកបរបរត្បាញឫស្សី និងផ្តៅប្រពៃណីនៅភូមិ Phu Vinh សិប្បករ Nguyen Van Tinh បានចែករំលែកថា៖

“ភូមិសិប្បកម្ម Phu Vinh មានលក្ខណៈពិសេសផ្ទាល់ខ្លួន ខុសពីភូមិតម្បាញឬស្សីនិងផ្ដៅផ្សេងទៀតក្នុងប្រទេស ដោយសារយើងមានបច្ចេកទេសតម្បាញពិសេស និងបច្ចេកទេសធ្វើវត្ថុធាតុដើមប្លែកពីគេ។ នៅទីនេះមានរបៀបតម្បាញផ្សេងៗគ្នា រហូតដល់ ៨០% នៃការងារតម្បាញ គឺធ្វើដោយផ្តៅ។ បច្ចេកទេសតម្បាញទាមទារឱ្យមានការសម្របសម្រួលយ៉ាងប៉ិនប្រសប ដោយដៃ ភ្នែក និងអារម្មណ៍ទៀត ដូច្នេះបច្ចេកទេសតម្បាញ នៅ Phu Vinh គឺប្លែកជាងគេ”។

ភូមិតម្បាញផ្ដៅនិងឬស្សី Phu Vinh សម្របខ្លួនដើម្បីអភិវឌ្ឍន៍ - ảnh 2ជាមួយនឹងទេពកោសល្យនិងការជក់ចិត្តរបស់ពួកគេ សិប្បករនៅភូមិ Phu Vinh បានបង្កើតផលិតផលឫស្សី និងផ្តៅដ៏ស្រស់ស្អាតនិងប្រណិត។ រូបថត៖ congluan.vn

កាលពីអតីតកាល ផលិតផលរបស់ភូមិតម្បាញឬស្សីនិងផ្ដៅ Phu Vinh ភាគច្រើនជាកន្ត្រក កញ្ច្រែង កាបូប ប្រអប់... បែបប្រពៃណី ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ សិប្បករនៅ Phu Vinh បានរកឃើញវិធីគួបផ្សំផ្តៅ ឬស្សីជាមួយនឹងសម្ភារៈផ្សេងៗ ហើយស្វែងយល់ពីបច្ចេកទេសថ្មីៗ ជួយបង្កើតផលិតផលគំរូនានា ដូចជា៖ ផលិតផលផ្តៅរុំសេរ៉ាមិច ផលិតផលផ្តៅរាង 3D... ដើម្បីឲ្យស្របនឹងនិន្នាការបច្ចុប្បន្ន សិប្បករបានច្នៃប្រឌិតរបៀបត្បាញថ្មីរាប់សិប ពីរបៀបត្បាញបែបបុរាណដូចជា៖ ត្បាញរូបស្រកានាគ ត្បាញរូបភ្នែកកញ្ជ្រោង ត្បាញរូបបន្លាខ្នុរ... អាស្រ័យហេតុនេះ ផលិតផលនៃភូមិសិប្បកម្មកាន់តែសម្បូរបែប រួមទាំងផលិតផលជាច្រើនប្រភេទដែលទាមទារឱ្យមានភាពច្នៃប្រឌិត និងបច្ចេកទេសខ្ពស់ដូចជា៖ គំនូរបញ្ឈរ គំនូរទេសភាព ពាក្យឆ្លើយឆ្លងគ្នា បន្ទះក្ដារឆ្លាក់អក្សរផ្ចង់ រូបចម្លាក់សត្វ...។

សិប្បករ Nguyen Van Quang ភូមិ Phu Vinh ឃុំ Phu Nghia ស្រុក Chuong My ទីក្រុងហាណូយ បានឲ្យដឹងថា៖

“ពីមុននៅភូមិ Phu Vinh ផលិតផលភាគច្រើនធ្វើពីផ្តៅតែប៉ុណ្ណោះ។ ធ្វើថូពីផ្តៅទាំងស្រុង គឺអាចដោតផ្កាស្ងួតប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងផ្សំផ្តៅ និងសេរ៉ាមិច យើងនឹងមានផលិតផលដែលអាចដោតផ្កាស្រស់បាន”។

សិប្បករឆ្នើម Nguyen Van Trung ប្រធានសមាគមអាជីវកម្មឬស្សីនិងផ្ដៅ Phu Vinh បានឲ្យដឹងថា៖

“កាលពីមុន ជីដូនជីតាបានបង្កើតផលិតផលដោយផ្អែកលើគំនិតរបស់ពួកគេ ប៉ុន្តែ ឥឡូវនេះមិនដូច្នេះទេ។ ផលិតផលដែលយើងបានស្រាវជ្រាវ មានទាំងរូបរាងប្រកបដោយភាពច្នៃប្រឌិត ទាំងការកែលម្អវិធីសាស្រ្តត្បាញដើម្បីឲ្យលឿនផងនិងស្រស់ស្អាតផង”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិតែងតែទទួលបានការបញ្ជាទិញពីទីផ្សារសហភាពអឺរ៉ុប អាមេរិក និងចិន ក្នុងបរិមាណធំ និងតម្លៃនាំចេញខ្ពស់។ ប្រការនេះបាននាំមកនូវប្រាក់ចំណូលស្ថិរភាពដល់អ្នកភូមិ។

លោក Nguyen Van Khuong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu Nghia ស្រុក Chuong My ទីក្រុងហាណូយបានអះអាងថា៖

“ជារៀងរាល់ឆ្នាំការរួមវិភាគទានសេដ្ឋកិច្ចដល់មូលដ្ឋានគឺមានទំហំធំណាស់។ ឆ្នាំ ២០១៨ គឺជាឆ្នាំកំពូលនៃការនាំចេញផលិតផតតម្បាញឬស្សីនិងផ្តៅ។ អាជីវកម្មនៅក្នុងភូមិសិប្បកម្មបានរួមវិភាគទានពី ៦០០ ដល់ ៧០០ ពាន់លានដុង (២៤ លាន - ២៨ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ ប្រាក់ចំណេញនៅពេលនោះក៏ខ្ពស់ដែរ ចាប់ពី ១០ ដល់ ១៥% ហើយនាំចេញទៅកាន់ទូទាំងពិភពលោក”។

ភូមិតម្បាញផ្ដៅនិងឬស្សី Phu Vinh សម្របខ្លួនដើម្បីអភិវឌ្ឍន៍ - ảnh 3សិប្បករឆ្នើម Nguyen Van Trung និងរូបគំនូររបស់មេដឹកនាំគុយបាលោក Fidel Castro ដែលលោកបានត្បាញ។ រូបថត៖ កាសែតហាណាម/Nhan Dan

សិប្បករឆ្នើម Nguyen Van Trung ប្រធានសមាគមអាជីវកម្មឬស្សីនិងផ្តៅ Phu Vinh បានចែករំលែកថា៖

“ការបញ្ជាទិញដំបូងដែលខ្ញុំបានធ្វើគឺគ្រឿងតុបតែងក្នុងផ្ទះ ចង្កៀងព្យួរ ស៊ុមរូបថត និងស៊ុមកញ្ចក់។ នៅពេលនោះ អតិថិជនតៃវ៉ាន់ (ចិន) បានចាប់អារម្មណ៍ និងកុម្ម៉ង់។ យើងហៅថាទំនិញលំដាប់ខ្ពស់ ដូច្នេះវាពិបាកធ្វើបន្តិច។ ប៉ុន្តែបន្ទាប់ពីកញ្ចប់ទំនិញទីមួយនោះ ពួកគេបានបន្តកុម្ម៉ង់១កុងតឺន័រជារៀងរាល់ខែ។ ដូច្នេះ ប្រជាជននឹងនរចិត្តធ្វើផលិតកម្ម”។

ពីភូមិសិប្បកម្មដែលមានប្រវត្តិសាស្ត្រយូរយាណាស់មកហើយ ភូមិតម្បាញឬស្សី និងផ្ដៅ Phu Vinh បច្ចុប្បន្នកំពុងសម្របខ្លួនទៅនឹងទីផ្សារ ខណៈដែលនៅតែរក្សាបាននូវលក្ខណៈពិសេសរៀងៗខ្លួន។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍដ៏ខ្លាំងក្លានៃនិន្នាការប្រើប្រាស់បៃតងជាសកលនឹងជាគុណសម្បត្តិសម្រាប់ភូមិសិប្បកម្ម Phu Vinh បន្តអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ