ភូមិតម្បាញឬស្សីផ្តៅ Bao La

(VOVWORLD) - ដោយមានអាយុកាលរាប់រយឆ្នាំ ភូមិតម្បាញឬស្សីផ្តៅ Bao La ឃុំ Quang Phu ស្រុក Quang Dien ខេត្ត Thua Thien - Hue គឺជាទីកន្លែងដ៏ល្បីល្បាញទាំងនៅក្នុងស្រុកនិងអន្តរជាតិដោយផលិតផលសិប្បកម្មវិចិត្រសិល្បៈ ធ្វើពីឬស្សី និងផ្តៅ។ ពីដើមឬស្សី អ្នកភូមិ Bao La បានកែច្នៃទៅជាផលិតផលដ៏វិសេសវិសាល ដើម្បីបម្រើជីវភាពរស់នៅ បម្រើភ្ញៀវទេសចរ និងនាំរូបភាពដើមឬស្សីវៀតណាមទៅកាន់ពិភពលោកផងដែរ។
ភូមិតម្បាញឬស្សីផ្តៅ Bao La - ảnh 1សហករណ៍តម្បាញឫស្សីនិងផ្តៅ Bao La គឺជាគោលដៅទេសចរណ៍ដែលមិនគួររំលងសម្រាប់ភ្ញៀវទេសចរដែលស្រឡាញ់វប្បធម៌ និងប្រពៃណីវៀតណាម នៅពេលមកដល់ Hue ម្ដងៗ។
(រូបថត៖ Thanh Giang/VNP)

ភូមិតម្បាញឬស្សីផ្ដៅ Bao La តាំងពីច្រើនជំនាន់មុនមក បានបង្កើតរបស់របរប្រើប្រាស់ក្នុងផ្ទះ ដែលបង្កប់ដោយដួងព្រលឹង និងដង្ហើមនៃទឹកដីអតីតរាជធានី។ កាលពីមុន ភូមិ Bao La ទាំងមូលប្រកបរបរត្បាញឬស្សីផ្ដៅ។ ក្រោយពីរដូវសាបព្រួសនិងច្រូតកាត់រួច គ្រប់គ្រួសារក្នុងភូមិតែងតែយកឬស្សីចេញដើម្បីត្បាញ។ លោក Vo Van Dinh នាយកសហករណ៍តម្បាញឬស្សីផ្ដៅ Bao La បានចែករំលែកថា៖

“ទោះបីជាក្នុងប្រទេសយើង មានភូមិជាច្រើនដែលប្រកបរបរត្បាញកន្ត្រកឬស្សីដូច Bao La ក៏ដោយ ប៉ុន្តែផលិតផលរបស់ Bao La មានលក្ខណៈផ្ទាល់ខ្លួន ភាពល្អិតល្អន់ និងប្រណិតជាង”។

ភូមិតម្បាញឬស្សីផ្តៅ Bao La - ảnh 2ការត្បាញឬស្សីនិងផ្ដៅទាមទារភាពប៉ិនប្រសបពីជាងតម្បាញ។ (រូបថត៖ VNP)

ការផលិតនូវផលិតផលសិប្បកម្មវិចិត្រសិល្បៈ ជាមួយនឹងការរចនាប្លែកៗបានក្លាយទៅជាទិសដៅរបស់ Bao La។ ជាមួយនឹងបទពិសោធន៍ជាង ៥០ ឆ្នាំក្នុងអាជីពតម្បាញឬស្សីផ្ដៅ សិប្បករ Thai Phi Hung អ្នករចនានិងផលិតវត្ថុអនុស្សាវរីយ៍ សិប្បកម្មវិចិត្រសិល្បៈនៅសហករណ៍តម្បាញឬស្សីផ្ដៅ Bao La បាននិយាយថា៖

“យើងខ្ញុំប្រើប្រាស់វត្ថុធាតុដើមពឬស្សី និងផ្តៅ។ នេះគឺជាវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន។ ដំណាក់កាលផលិតកម្មទាំងអស់ គឺធ្វើឡើងពីបាតដៃប៉ិនប្រសប់របស់សមាជិក
សហករណ៍ និងសិប្បករនៃភូមិសិប្បកម្ម។ ចាប់ពីការអារកាត់ឬស្សី ពុះឫស្សី ត្បាញ បង្កើតរូបរាង និងលំនាំសម្រាប់ផលិតផល គឺធ្វើដោយដៃទាំងស្រុង”។

ផលិតផលរបស់ភូមិ Bao La ត្រូវបានសហគ្រាសនាំចូល-នាំចេញនៅរដ្ឋធានីហាណូយ និងតំបន់ភាគខាងជើងចូលចិត្តយ៉ាងខ្លាំង ដើម្បីនាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក រួមចំណែក បញ្ជាក់ម៉ាកយីហោវៀតណាមនៅលើទីផ្សារអន្តរជាតិ។ ជារៀងរាល់ឆ្នាំ ភូមិសិប្បកម្មរកចំណូលបានជាង ៥,៦ពាន់លានដុង (២១៦ពាន់ដុល្លារអាមេរិក) ជាមួយនឹងតម្លៃនាំចេញជាមធ្យមប្រចាំខែប្រហែល ២៨០ លានដុង (ជាង១ម៉ឺនដុល្លារអាមេរិក)។ អាស្រ័យដោយមានប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព ភូមិ Bao La បានបង្កើតការងារធ្វើស្ថេរភាពសម្រាប់កម្មកររាប់រយនាក់នៅមូលដ្ឋាន។ លោក Vo Van Dinh នាយកសហករណ៍តម្បាញឬស្សីផ្ដៅ Bao La បានចាត់ទុកថា៖

“សហករណ៍បានស្រាវជ្រាវ និងអភិវឌ្ឍន៍ការរចនាម៉ូដែលជាបន្តបន្ទាប់ ហើយកែលម្អគុណភាពផលិតផល ហេតុនេះហើយបានជាផលិតផលត្រូវបានអតិថិជននិយមចូលចិត្ត និងចំនួនអតិថិជនកាន់តែកើនឡើងៗ ដោយមានការបញ្ជាទិញច្រើន”។

លោកស្រី Thai Thi Thanh Tuyen និងលោកស្រី Nguyen Thi Nguyen ដែលបានធ្វើការនៅក្នុងសហករណ៍ Bao La តាំងពីយូរមកហើយបាននិយាយថា៖

“ប៉ុន្មានឆ្នាំថ្មីៗនេះ ការងារមានស្ថិរភាព ប្រាក់ខែក៏ខ្ពស់ កម្មាភិបាលតែងតែរកការងារឲ្យបងប្អូនស្ត្រីយើងធ្វើ ដូច្នេះយើងសប្បាយចិត្តណាស់។ បងប្អូនទាំងអស់ចង់មានការងារជាប្រចាំ ដើម្បីផ្សាភ្ជាប់ជាមួយនឹងភូមិ”។

“ពីមុន គ្រួសារខ្ញុំប្រកបរបរតម្បាញកន្ត្រក កញ្ច្រែង ជាប្រពៃណី... ហើយនាំទៅលក់នៅផ្សារ Dong Ba។ បន្ទាប់ពីសហករណ៍ត្រូវបានបង្កើតឡើង ខ្ញុំបានចូលធ្វើផលិតផលសិប្បកម្មវិចិត្រសិល្បៈ។ មកទីនេះ ខ្ញុំបានជួបមនុស្សជាច្រើន ហើយមានប្រាក់ចំណូលច្រើនជាងដែរ”។

ភូមិតម្បាញឬស្សីផ្តៅ Bao La - ảnh 3ផលិតផលតម្បាញឬស្សីនៃភូមិ Bao La មានភាពល្បីល្បាញដោយលក្ខណៈប្រណិត។
(រូបថត៖ VNP)

មិនត្រឹមតែធ្វើផលិតផលសិប្បកម្មវិចិត្រសិល្បៈតាមចំណង់ចំណូលចិត្តអតិថិជនប៉ុណ្ណោះទេ ភូមិសិប្បកម្មតម្បាញឬស្ដីផ្តៅ Bao La ថែមទាំងឆ្ពោះទៅអភិវឌ្ឍន៍ទេសចរណ៍ទៀតផង។ មកដល់ Bao La ភ្ញៀវទេសចរអាចទស្សនាដំណើរការផលិត ទទួលយកបទពិសោធន៍ធ្វើផលិតផលពីឬស្សី និងផ្តៅដោយដៃ និងទិញកាដូអនុស្សាវរីយ៍ប្លែកៗ។ លោក Vo Van Dinhនាយកសហករណ៍តម្បាញ
ឬស្សីផ្ដៅ Bao La បានឲ្យដឹងថា៖

“ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សហករណ៍ក៏បានវិនិយោគលើគំរូឆ្ពោះទៅរកការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សហករណ៍ និងបង្កើនថ្ងៃធ្វើការសម្រាប់ប្រជាពលរដ្ឋ។ សហករណ៍កំពុងស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបណ្តើរៗនូវគំរូបង្រួមបន្ថែមទៀត ដើម្បីបម្រើភ្ញៀវទេសចរឱ្យមកទស្សនា និងទទួលយកបទពិសោធន៍”។

ភូមិតម្បាញឬស្សីផ្ដៅ Bao La ដ៏ល្បីល្បាញពីមុនមក កំពុងផ្លាស់ប្តូរឆ្ពោះតាមទិសដៅផលិតកម្មនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ភូមិបុរាណប្ដេជ្ញាចិត្តក្លាយទៅជាគោលដៅទាក់ទាញដែលមិនគួររំលងចំពោះភ្ញៀវទេសចរដែលចូលចិត្តការស្វែងយល់ និងទទួលយកបទពិសោធន៍នៅតាមភូមិសិប្បកម្មប្រពៃណីនៃទឹកដីអតីតរាជធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ