ស្លឹកម្លូវបៃតងនៃភូមិ Vi Thuy

(VOVWORLD) - ប្រជាជនវៀតណាមតែងនិយាយថា "ម្លូស្លាមួយដុំគឺជាដើមរឿង" ដូច្នេះហើយ ស្លឹកម្លូនិងផ្លែស្លា គឺជារបស់ដែលមិនអាចខ្វះបានក្នុងឱកាសសំខាន់ៗដូចជា៖ ពិធីសែន ពិធីមង្គលការ... ហើយលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតបែបសាមញ្ញនេះ នៅតែត្រូវបានថែរក្សានៅភូមិម្លូ Vi Thuy ស្រុក Vi Thuy ខេត្ត Hau Giang។ ប្រជាជន Vi Thuy បានផ្សារភ្ជាប់ជាមួយនឹងរបរដាំដើមម្លូតាំងពីយូរណាស់មកហើយ និងកំពុងប្រែក្លាយផលិតផលនេះទៅជាលក្ខណៈវប្បធម៌ដ៏ពិសេសប្រចាំស្រុក។

ស្លឹកម្លូវបៃតងនៃភូមិ Vi Thuy - ảnh 1ភូមិ Vi Thuy បច្ចុប្បន្នមានផ្ទៃដីដាំម្លូប្រហែល ៤០ ហិកតា។ រូបថត៖ Tan Phong/VOV

បើតាមព្រឹទ្ធាចារ្យ ដើមម្លូត្រូវបានគេដាំនៅ Vi Thuy ប្រហែល៦០ឆ្នាំមុន។ កាលពីមុន ប្រជាជនដាំវាភាគច្រើនសម្រាប់បម្រើដល់ទំនៀមទម្លាប់ "ញ៉ាំម្លូស្លា" របស់មនុស្សចាស់ជាច្រើន ឬសម្រាប់ពិធីភ្ជាប់ពាក្យ និងពិធីមង្គលការ។ ក្រោយមក ស្លឹកម្លូត្រូវបានដាក់លក់នៅតាមផ្សារក្នុងខេត្ត Hau Giang ទីក្រុងហូជីមិញ ជាពិសេសត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា៖ កម្ពុជា តៃវ៉ាន់ (ចិន) ដូច្នេះហើយ មុខរបរដាំម្លូនៅ Vi Thuy ចាប់ផ្តើមអភិវឌ្ឍន៍។ ដើមម្លូមិនត្រឹមតែជួយអ្នកដាំម្លូនៅ Vi Thuy មានសេដ្ឋកិច្ចស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើ ស្ថិរភាពដល់កម្មករជាច្រើននៅមូលដ្ឋានចាប់ពីការដាំ ថែទាំ បេះ និងរៀបស្លឹកម្លូ។

បច្ចុប្បន្ននេះ Vi Thuy មានប្រជាជនចំនួនជាង ២០០ គ្រួសារ ដែលកំពុងដាំម្លូ នៅលើផ្ទៃដីសរុបជាង ៤០ ហិកតា និងជាភូមិដាំម្លូធំជាងគេនៅតំបន់ដីសណ្តទន្លេ Cuu Long។ អាស្រ័យដោយទទួលបានការប្រទានពីធម្មជាតិ ជាពិសេសប្រភពទឹកសាបពីទន្លេ Hau ដើមម្លូ Vi Thuy តែងតែលូតលាស់បានល្អ ដោយមានស្លឹកម្លូពណ៌លឿងធំៗ និងមានរសជាតិហឹរខ្លាំងដែលមនុស្សជាច្រើននិយមចូលចិត្ត។ នៅពេលប្រមូលផលម្ដងៗ មនុស្សម្នាវេចស្លឹកម្លូជាបាច់នីមួយៗ (មួយបាច់មានស្លឹក ៤០)។ លោក Mai Van Van នៅភូមិទី៥ ឃុំ Vi Thuy ស្រុក Vi Thuy បាននិយាយថា នៅលើផ្ទៃដីមួយកុង (១.២៩៦ ម៉ែត្រការ៉េ) ប្រជាពលរដ្ឋរកចំណូលបានយ៉ាងហោចណាស់ ១០០ លានដុង (ជិត ៤.០០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ៖

“គ្រួសារខ្ញុំបានដាំម្លូរាប់សិបឆ្នាំមកហើយ។ ជីវភាពក៏មានស្ថេរភាពផងដែរ។ ឧទាហរណ៍ ផ្ទៃដីដាំម្លូមួយកុង ប្រមូលផលបានច្រើនជាងស្រូវខ្លាំងណាស់ ដោយប្រមូលផល ៣ ដង ក្នុងមួយខែ ហើយចំណូលក៏ខ្ពស់ជាងស្រូវ ២-៣ ដងដែរ។ កសិករនៅទីនេះក្លាយជាអ្នកមានពីដើមម្លូ”។

នៅឆ្នាំ ២០២០ ដើម្បីជួយសម្រួលដល់ការលក់ផលិតផល អ្នកដាំម្លូ នៅឃុំ Vi Thuy បានរួមដៃគ្នាបង្កើតសហករណ៍ម្លូមាស ដោយមានសមាជិកជិត ៣០ នាក់ និងផ្ទៃដីដាំម្លូជិត ២០ ហិកតា។ ជាមធ្យម សហករណ៍ផ្គត់ផ្គង់ស្លឹកម្លូប្រហែល៥.០០០ទៅ៦.០០០ បាច់ ទៅទីផ្សារក្នុងមួយខែ។ កាលពីឆ្នាំ ២០១៩ ភូមិម្លូ Vi Thuy ក៏ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang ទទួលស្គាល់ជាភូមិរបរសិប្បកម្មប្រពៃណីផងដែរ។ លោក Nguyen Van Doi នាយកសហករណ៍ម្លូមាស បានឲ្យដឹងថា៖

“ចូលរួមសហករណ៍ ប្រជាជនសាមគ្គីគ្នាក្នុងការដាំដុះ លើកកម្ពស់គុណភាពស្លឹកម្លូ ដូច្នេះតម្លៃមានស្ថិរភាព។ ខ្ញុំដាំម្លូបានចំនួន២.៥០០ដើម ដើម្បីថែទាំកូនទាំង ២ នាក់ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ។ ជីវភាពពិតជាសប្បាយរីករាយ និងមានផាសុកភាព”។

ស្លឹកម្លូវបៃតងនៃភូមិ Vi Thuy - ảnh 2ភូមិម្លូ Vi Thuy នឹងក្លាយទៅជាតំបន់ទេសចរណ៍សហគមន៍ពិសេសមួយ ដើម្បីជួយប្រជាជនក្នុងតំបន់បង្កើនប្រាក់ចំណូល។ រូបថត៖ Tan Phong/VOV

ក្នុងផែនការ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Hau Giang ឃុំ Vi Thuy គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលមានសក្តានុពលអភិវឌ្ឍន៍។ នាបច្ចុប្បន្ន ខេត្ត Hau Giang បានកសាងសំណុំផលិតផលទេសចរណ៍ផ្ទាល់ខ្លួនរបស់ខេត្ត ក្នុងនោះភូមិម្លូ Vi Thuy គឺជាផលិតផលមួយក្នុងចំណោមផលិតផលទាំង ៨។ ដំណើរកម្សាន្តនឹងនាំភ្ញៀវទៅទស្សនាចម្ការម្លូ ស្តាប់រឿងរ៉ាវអំពីការបង្កើតភូមិម្លូ ហើយលំហែកាយជាមួយរុក្ខជាតិឱសថផ្សំពីស្លឹកម្លូ...លោក Nguyen Cong Duy ប្រធានគណៈកម្មាធិការប្រជាជនស្រុក Vi Thuy បានចែករំលែកថា ក្រៅពីសក្ដានុពលសេដ្ឋកិច្ចពីម្លូ ស្រុកកំពុងតែអភិវឌ្ឍន៍ភូមិម្លូ ទៅជាទីតាំងទេសចរណ៍សហគមន៍ពិសេសមួយ ដើម្បីជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។

“សម្រាប់គម្រោងអភិវឌ្ឍន៍ភូមិម្លូ Vi Thuy ស្រុកបានវិនិយោគផ្លូវចរាចរណ៍ចំនួន២ខ្សែ; កែលម្អគ្រឿងបរិក្ខារដូចជា ខ្លោងទ្វារ ផ្លាកសញ្ញា និងដាំជួរដើមស្លា ចង្កោមផ្កា តុបតែងទេសភាព ដើម្បីបង្កើតចំណុចលេចធ្លោសម្រាប់ទេសចរណ៍ភូមិម្លូ Vi Thuy។ ស្រុកក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលអំពីការផ្ទេរវិទ្យាសាស្ត្រ បច្ចេកទេស និងរៀបចំដំណើរទៅទស្សនា ស្វែងយល់ពីបទពិសោធន៍នៅកន្លែងផ្សេងទៀតអំពីការអភិវឌ្ឍទេសចរណ៍។ មូលដ្ឋានក៏បានតភ្ជាប់ និងអំពាវនាវឱ្យវិនិយោគិន ដើម្បីចម្រោះប្រេងនិងស្លឹកម្លូ ហើយផលិតជាផលិតផលដូចជា ស្ករគ្រាប់ម្លូ ប្រេងម្លូ និងទឹកអនាម័យ ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ”។

ភ្ញៀវទេសចរដែលបានមកទស្សនាភូមិ Vi Thuy ម្ដងហើយ នឹងចាប់ចិត្តនឹងរូបភាពនៃចម្ការម្លូពណ៌ខៀវស្រងាត់នៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃតំបន់ជនបទ។ បច្ចុប្បន្ននេះ ប្រជាជននៅទីនេះកំពុងត្រៀមរៀបចំធ្វើទេសចរណ៍ ដើម្បីណែនាំភូមិសិប្បកម្មដល់ភ្ញៀវទេសចរទាំងជិត និងឆ្ងាយ។ ពីព្រោះក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ច នេះក៏ជាដំណោះស្រាយមួយដើម្បីអភិរក្ស និងអភិវឌ្ឍន៍ភូមិម្លូដ៏ធំបំផុតនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ