ផែនការសន្តិភាព ២០ ចំណុចត្រូវបានប្រកាសដោយលោក Donald Trump នៅមុនសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក)។ ផែនការនេះ បានអនុវត្តន៍ជាក់ស្តែមនូវការសន្យារបស់ប្រធានាធិបតីអាមេរិកកាលពីដើមឆ្នាំនេះ ក្នុងការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។
ប្រជាជនប៉ាឡេស្ទីនបានជម្លៀសខ្លួន ដើម្បីជៀសវាងជម្លោះនៅតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN |
ការគ្រប់គ្រងអន្តរជាតិលើតំបន់ហ្គាហ្សា
យោងតាមផែនការសន្តិភាព ២០ ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ចំណាប់ខ្មាំងទាំងអស់រួមទាំងអ្នកដែលបានស្លាប់ នឹងត្រូវបានប្រគល់មកវិញ ក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀង។ ជាថ្នូរមកវិញ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសចំនួន ២៥០នាក់ ដែលជាប់ពន្ធនាគារអស់មួយជីវិត និងជនប៉ាឡេស្ទីន ១៧០០នាក់ ដែលត្រូវបានឃុំខ្លួនក្រោយថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ រួមទាំងស្ត្រី និងកុមារទាំងអស់។ លើសពីនេះ ចំណាប់ខ្មាំងអ៊ីស្រាអែលនីមួយៗដែលត្រូវបានដោះលែងនឹងស្មើនឹងការប្រគល់សាកសពជនប៉ាឡេស្ទីន ១៥ នាក់នៅតំបន់ហ្គាហ្សាត្រលប់មកវិញ។ លោក Trump ក៏បានអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការយោធា បន្ទាប់ពីភាគីទាំងពីរបានទទួលយកកិច្ចព្រមព្រៀងនេះ។ កងកម្លាំងអ៊ីស្រាអែលនឹងដកខ្លួនទៅកាន់ខ្សែព្រំដែនដែលបានព្រមព្រៀងគ្នា។ ទន្ទឹមនឹងនោះ សមាជិកក្រុមហាម៉ាស់ ដែលទម្លាក់អាវុធនិងប្តេជ្ញារស់នៅដោយសន្តិភាព នឹងត្រូវបានលើកលែងទោសនិងបង្កលក្ខណ្ឌសម្រាប់ចាកចេញដោយសុវត្ថិភាព។
ចំណុចគួរឱ្យកត់សម្គាល់បំផុតនៅក្នុងផែនការសន្តិភាពរបស់លោក Donald Trump គឺសំណើបង្កើតគណៈកម្មាធិការប៉ាឡេស្ទីនជាបណ្តោះអាសន្នដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា ក្រោមការតាមដានរបស់ "ក្រុមប្រឹក្សាសន្តិភាព" អន្តរជាតិដែលដឹកនាំដោយលោក Trump ផ្ទាល់។ ក្រុមប្រឹក្សានេះនឹងរួមបញ្ចូលមេដឹកនាំនៃប្រទេសមួយចំនួនផ្សេងទៀត រួមទាំងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ផងដែរ។ លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសដែលមានអត្រាពន្ធអនុគ្រោះនឹងត្រូវបានបង្កើតឡើងនៅតំបន់ហ្គាហ្សា រួមជាមួយនឹងគណៈកម្មាធិការវិនិយោគអន្តរជាតិមួយ ដើម្បីស្ដារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការអភិវឌ្ឍន៍។ យោងតាមលោក Trump ការបង្កើតគណៈកម្មាធិការអន្តរជាតិដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សាជាបណ្តោះអាសន្ន ជំនួសឱ្យការគ្រប់គ្រងដោយរដ្ឋប៉ាឡេស្ទីន បានធានាផលប្រយោជន៍សម្រាប់ភាគីទាំងអស់ ជាពិសេសជនប៉ាឡេស្ទីន ក្នុងបរិបទដ៏លំបាកនៅតំបន់ហ្គាហ្សានាពេលបច្ចុប្បន្ន។
“គ្មាននរណាម្នាក់ដឹងថា អនាគតរបស់ប៉ាឡេស្ទីននឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែផែនការដែលយើងបានដាក់ចេញគឺផ្តោតលើការបញ្ចប់ជម្លោះភ្លាមមួយរំពិច ការនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ និងឆ្ពោះទៅរកភាពប្រក្រតីវិញ។ ផែនការនេះក៏បានបង្កើតលក្ខខណ្ឌសម្រាប់សន្តិសុខយូរអង្វែងដល់ជនអ៊ីស្រាអែល និងភាពជោគជ័យសម្រាប់ជនប៉ាឡេស្ទីនផងដែរ”។
ចំណុចសំខាន់មួយទៀតនៅក្នុងផែនការសន្តិភាពរបស់លោក Donald Trump គឺការសន្យាថា គ្មាននរណាម្នាក់ត្រូវបង្ខំឱ្យចាកចេញពីតំបន់ហ្គាហ្សាឡើយ។ ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា អ្នកដែលចង់ចាកចេញ នឹងមានសេរីភាពក្នុងការចាកចេញ ហើយអ្នកដែលចង់ត្រលប់មកវិញ នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញដែរ។ ប្រការនេះមានសារៈសំខាន់ជាពិសេសសម្រាប់បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ ដែលមានការព្រួយបារម្ភ ការបង្ខំឱ្យជនជាតិប៉ាឡេស្ទីនរាប់លាននាក់ចាកចេញពីតំបន់ហ្គាហ្សានឹងបណ្តាលឲ្យមានវិបត្តិសន្តិសុខនិងការធ្វើចំណាកស្រុកដ៏ធំធេងសម្រាប់ប្រទេសទាំងនេះ។ សេតវិមានក៏បានប្រកាសថា អាមេរិក អ៊ីស្រាអែល និងកាតានឹងបង្កើត "យន្តការត្រីភាគី" ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង។
ជ័យជំនះសម្រាប់ភាគីជាច្រើន?
ផែនការសន្តិភាព ២០ ចំណុចរបស់ប្រធានាធិបតីអាមេរិកទទួលបានប្រតិកម្មយ៉ាងប្រុងប្រយ័ត្នពីគ្រប់ភាគី។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា អ៊ីស្រាអែលទទួលយកផែនការនេះ ដោយវាយតម្លៃថា ផែនការរបស់លោក Trump បំពេញតាមគោលដៅដែលប្រទេសនេះចង់សម្រេចបានក្នុងជម្លោះ ហើយជាវិធានការជាក់ស្តែងបំផុតដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងបើកចេញយថាទស្សន៍ថ្មីសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា។ យោងតាមលោក Sina Azodi អ្នកជំនាញខាងនយោបាយមជ្ឈិមបូព៌ានៅសកលវិទ្យាល័យ George Washington (សហរដ្ឋអាមេរិក) បានឲ្យដឹងថា ជាទូទៅ ផែនការសន្តិភាពរបស់លោក Trump ឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធនឹងជម្លោះនៅតំបន់ហ្គាហ្សា ដូច្នេះហើយ វាទំនងជានឹងត្រូវបានអនុម័តដោយគ្រប់ភាគីទាំងអស់។
"ខ្ញុំគិតថា ភាគីទាំងអស់បានទទួលជ័យជំនះនៅក្នុងផែនការនេះ។ លោកប្រធានាធិបតី Trump ទទួលបានកិច្ចព្រមព្រៀងសន្តិភាពដែលលោកចង់បាន ជម្លោះបានបញ្ចប់ជាមួយជនប៉ាឡេស្ទីន ខណៈដែលអ៊ីស្រាអែលអាចនាំយកចំណាប់ខ្មាំងឲ្យវិលត្រលប់មកវិញ រួមទាំងសាកសពរបស់អ្នកស្លាប់។ លើសពីនេះ ខ្ញុំគិតថា ប្រសិនបើអ្វីគ្រប់យ៉ាងបានដំណើរការល្អ ជនប៉ាឡេស្ទីននឹងអាចគ្រប់គ្រងទឹកដីរបស់ខ្លួនបាន”។
មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា បញ្ហាលំបាក់បំផុតនៅក្នុងផែនការសន្តិភាពរបស់លោក Trump គឺរបៀបដោះស្រាយជាមួយចលនាហាម៉ាស។ ផែនការរបស់លោក មិនត្រឹមតែនិយាយអំពីការរំសាយអាវុធក្រុមហាម៉ាសទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលុបបំបាត់តួនាទីនយោបាយទាំងអស់របស់អង្គការនេះនៅហ្គាហ្សាទៀតផង។ នៅក្នុងប្រតិកម្មដំបូងចំពោះផែនការសន្តិភាពរបស់លោកTrump មន្ត្រីជាន់ខ្ពស់ហាម៉ាស់បានប្រកាសថា អង្គការនេះត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយរដ្ឋប៉ាឡេស្ទីនដើម្បីបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយសម្រាប់គ្រប់គ្រងតំបន់ហ្គាហ្សា និងតំបន់ Westbank។ សេចក្តីប្រកាសបានបង្ហាញថា ក្រុមហាម៉ាសនឹងពិបាកទទួលយកការដកខ្លួនចេញពីដំណើរការនយោបាយថ្មីនៅតំបន់ហ្គាហ្សា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
