ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ Le Chi - VOV5) |
សូមគោរពឯកឧត្តមថា ថ្ងៃទី ២១ ខែធ្នូ ប្រធានរដ្ឋវៀតណាម ឯកឧត្តម Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខរដ្ឋវៀតណាមទៅកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបន្ទាប់ពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩។ តើឯកឧត្តមឯកអគ្គរាជទូតវាយតម្លៃយ៉ាងដូចម្ត៉េច ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះសម្រាប់ទំនាក់ទំនងទ្វេភាគី?
ឯកឧត្តមឯកអគ្គរាជទូត៖ “ដំណើរទស្សនកិច្ចនេះនឹងផ្ដល់នូវផលឬក៏ឆ្លុះបញ្ចាំងនូវទំនាក់ទំនងរវាងកម្ពុជាជាមួយវៀតណាមកាន់តែច្បាស់ ហើយបង្ហាញទៅដល់មតិបណ្ដាប្រទេសនានានៅក្នុងតំបន់ក៏ដូចជាក្នុងសកលលោកអំពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
កន្លងទៅ នាឆ្នាំ២០២០ កម្ពុជាបានគាំទ្រវៀតណាមសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងពេលដែលវៀតណាមធ្វើជាប្រធានអាស៊ានទោះជាក្នុងកាលៈទេសៈកូវីដ-១៩ក៏ដោយ ហើយនេះជាប្រការគួរឲ្យស្ងើចសរសើរណាស់។ យើងសូមស្ងើចសរសើរចំពោះថ្នាក់ដឹកនាំនិងបក្សកុម្មុយនិស្តវៀតណាមដែលបានរៀបចំកិច្ចប្រជុំក៏ដូចជាក្នុងពេលដែលធ្វើជាប្រធានអាស៊ានបាននាំអាស៊ានឈានទៅដល់កម្រិតខ្ពស់ដោយឡែកមួយទៀតក្នុងស្ថានភាពកូវីដ-១៩។ នៅឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន។ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំង២តែងតែសន្ទនាគ្នា ភាគច្រើនតាមទូរស័ព្ទឬវីដេអូខនហ្វឺរិន។ ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះជាការឆ្លុះបញ្ចាំងកាន់តែច្បាស់ថែមទៀតអំពីស្មារតីសាមគ្គីភាព គាំទ្រគ្នាទៅវិញទៅមកហើយបញ្ជាក់ថា វៀតណាមគាំទ្រកម្ពុជាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានហើយក្នុងពេលដែលអាស៊ានកំពុងតែប្រឈមនឹងបញ្ហាជាច្រើន។
ខ្ញុំជឿថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Nguyen Xuan Phuc នឹងជួយជាផ្នែកស្មារតីហើយក៏ជាការបង្ហាញដល់មតិជាតិនិងអន្តរជាតិថា កម្ពុជានិងវៀតណាមនៅតែងតែប្រកៀកស្មាជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមកក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លើសពីនេះទៅទៀតនារយៈពេល កន្លង មកមានកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខា ពិសេសគឺពាក់ព័ន្ធដល់ការសាងសង់អគាររដ្ឋបាលមួយនៅរដ្ឋសភាកម្ពុជាដែលជាជំនួយរបស់វៀតណាម។ តាមខ្ញុំដឹងគឺ ឯកឧត្តមប្រធានរដ្ឋនឹងចូលរួមពិធីចុះបឋមសិលានោះដែរ។ នេះក៏ជាតឹកតាងមួយទៀតបង្ហាញថា វៀតណាមបានជួយកម្ពុជាមែនទែន គឺជារូបភាពជាក់ស្ដែងតែម្ដង។ ហើយយើងឃើញថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋ យើងនឹងបានឃើញមានការសម្រេចចិត្តធំៗជាច្រើនទៀត ដែលកម្ពុជា-វៀតណាមយើងមិននិយាយតែមាត់នោះទេ យើងធ្វើមែនទែន។ ខ្ញុំឃើញថា នឹងមានកិច្ចព្រមព្រៀងជាច្រើនធ្វើឲ្យប្រសើរនិងរីកចម្រើនជាងនេះទៅទៀត ឧទាហរណ៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យទាំងអស់ហើយនឹងកិច្ចព្រមព្រៀងអំពីការសហការគ្នានិងការអភិវឌ្ឍនៅតំបន់ព្រំដែនគឺសំខាន់ណាស់”។
ឯកឧត្តមឯកអគ្គរាជទូតអញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ (រូបថត៖ Le Chi - VOV5) |
អ្នកសារព័ត៌មាន VOV៖សូមគោរពឯកឧត្តមឯកអគ្គរាជទូត នាពេលកន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជាត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ។ សូមឯកឧត្តមអាចប្រាប់យើងខ្ញុំ អំពីចំណុចលេចធ្លោនៃទំនាក់ទំនងវៀតណាម-កម្ពុជានៅពេលបច្ចុប្បន្ននេះ បាទ!
ឯកឧត្តមឯកអគ្គរាជទូត៖ “ចំណុចលេចធ្លោបំផុតគឺថា នៅពេលដែលពិភពលោកទាំងមូលប្រឈមនឹងកូវីដ-១៩ ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាមបានពួតដៃគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់និងលុបបំបាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។ ប្រទេសយើងទាំងពីរបានជួយគ្នាទៅវិញទៅមក ទាំងលើគ្រប់វិស័យតាមរយៈកាណាល់ទំនាក់ទំនងរដ្ឋាភិបាល បក្ស និងប្រជាជនយើបានជួយគ្នាទៅវិញទៅមក។ យើងមានទាំងរូបភាពគាំទ្រទាំងខាងសម្ភារៈបរិក្ខារពេទ្យ ថវិកានិងកម្លាំងស្មារតី។
ចំណុចទី២ នាពេលថ្មីៗនេះ ប្រទេសយើងទាំងពីរបានសហការបានយ៉ាងល្អក្នុងការរៀបចំឲ្យមានការអភិវឌ្ឍកិច្ចប្រជុំនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ ទោះបីក្នុងស្ថានភាពកូវីដ-១៩ក៏ដោយ យើងនៅតែសម្រេចបានក្នុងកិច្ចប្រជុំជាច្រើន សំដៅស្វែងរកវិធីដើម្បីអភិវឌ្ឍបណ្ដាខេត្តនៅតាមព្រំដែនឲ្យសមស្របទៅតាមអ្វីៗដែលជាទិសដៅប្រកបដោយប្រសិទ្ធភាពនិងខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើយ៉ាងណាអភិវឌ្ឍតំបន់ព្រំដែនរបស់យើងទាំងពីរជាតំបន់ព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍ។ យើងបានឈានដល់ការបោះបង្គោលព្រំដែនគោករវាងប្រទេសយើងទាំងពីរបានរហូតដល់៨៤%ហើយយើងកំពុងតែឈានទៅការបង្ហើយការងារនៅសេសសល់។
ចំណុចទី៣ ប្រទេសយើងទាំងពីរមានការអភិវឌ្ឍខ្លាំងក្លាទោះបីក្នុងស្ថានភាពកូវីដ-១៩ក៏ដោយ គឺគ្រប់វិស័យរបស់យើងបានសហការគ្នាយ៉ាងរឹងមាំថែមទាំងបាន ជួយគ្នាទៅវិញទៅមក។ ពាក់ព័ន្ធដល់ការងារសេដ្ឋកិច្ច សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងឯកឧត្តមអគ្គលេខាធិការបក្ស Nguyen Phu Trong បានឯកភាពគ្នាក្នុងកិច្ចស្ទនាតាមទូរស័ព្ទថា ធ្វើយ៉ាងណាលើកកំពស់ទំហំពាណិជ្ជកម្មដល់កម្រិតមួយដែលពីមុនមិនធ្លាប់មានទាល់តែសោះ។
ចំណុចទី៤គឺការសហការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងការផ្សព្វផ្សាយពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ខាងកម្ពុជាបានទទួលបណ្ដុះបណ្ដាលនិស្សិតវៀតណាមដែលទៅសិក្សាវប្បធម៌ក៏ដូចជាភាសានៅកម្ពុជា។ ដោយឡែកខាងវៀតណាមក៏បានផ្ដល់អាហារូបករណ៍សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាផងដែរ គឺយើងមាននិស្សិតនិងសិក្ខាកាមយោធាមកសិក្សានៅវៀតណាមជាច្រើន ពិសេសគឺធនធានមនុស្សខាងសុខាភិបាល ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ចំណុចទី៥គឺពាក់ព័ន្ធនឹងការអភិវឌ្ឍ។ ថ្មីៗនេះ ប្រទេសយើងទាំងពីរក៏ដូចជាប្រទេសអាស៊ានបានឈានដល់ចំណុចមួយគឺការកសាងសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដនិងអភិវឌ្ឍប្រកបដោយស្ថិរភាព។ ហើយថ្មីៗនេះ អាស៊ាន ក្នុងនោះមានវៀតណាមជាអ្នករៀបចំ យើងបានធ្វើសន្និសីទមួយហើយឯកភាពគ្នាថា ក្រោយពីកូវីដ តើយើងអាចអភិវឌ្ឍប្រទេសជាតិតាមរបៀបណា។
ចំណុចទី៦ យើងឃើញហើយថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ តំបន់អាស៊ានកំពុងតែក្លាយទៅជាចំណុចក្ដៅនៃការប្រកួតប្រជែងរវាងមហាអំណាចធំទាំងពីរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរនៅតែរួមសាមគ្គីគ្នា ឯកភាពគ្នាក្នុងទិសដៅមួយដើម្បីប្រជាជននិងប្រទេសយើងទាំងពីរ”។
អ្នកសារព័ត៌មាន VOV៖តើឯកឧត្តមឯកអគ្គរាជទូតមានជំនឿជាក់យ៉ាងណាចំពោះការអភិវឌ្ឍរបស់វៀតណាម? ក្នុងឱកាសដែលបុណ្យតេតប្រពៃណីរបស់ប្រជាជនវៀតណាមជិតមកដល់ហើយ តើឯកឧត្តមចង់ជូនពរប្រជាជនវៀតណាមយ៉ាងដូចម្ដ៉េច?
ឯកឧត្តមឯកអគ្គរាជទូត៖ “ខ្ញុំពិតជាកិត្តិយសខ្លាំងណាស់ហើយក៏ពិតជាមានឱកាសច្រើនណាស់ ព្រោះខ្ញុំបានមកស្នាក់នៅនិងធ្វើការនៅវៀតណាមនេះចំពេលដែលប្រទេសវៀតណាមកំពុងតែរីកចម្រើន។ ប្រជាជនវៀតណាមគ្រប់ស្រទាប់វណ្ណៈរួមដៃគ្នាខ្លាំងណាស់ ហើយមិនដែលមានពេលណាដែលវៀតណាមរីកចម្រើនដូចពេលនេះទេ។ នៅពេលខ្ញុំមកវៀតណាមលើកដំបូង ប្រការដែលងាយមើលឃើញនោះគឺផ្លូវបានចាក់កៅស៊ូឡើងស្អាត។ ថ្មីៗនេះ វៀតណាមបានសម្រេចនឹងធ្វើផ្លូវរថភ្លើងល្បឿនលឿនពីជើងទៅត្បូង។ ខ្ញុំស្ងើចសរសើរ មិនអាចរកពាក្យណាមកបរិយាយឲ្យត្រូវនឹងអ្វីដែលចិត្តខ្ញុំស្ងើចសរសើរទេ។ ហើយវៀតណាមក៏កំពុងតែកសងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួននៅភាគខាងត្បូង ជាពិសេសគឺតំបន់ Cuu Long ដូចជាព្រលានយន្តហោះ Long Thanh បណ្ដាផ្លូវហាយវៃនៅខាងនោះ ក៏កំពុងតែធ្វើ ហើយនឹងប្រែក្លាយទីក្រុង Can Tho ទៅជាទីក្រុងពាណិជ្ជកម្មមួយផ្សេងទៀត ធ្វើម៉េចឲ្យមានកំពង់ផែ ផ្លូវល្បឿនលឿន។ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ខ្ញុំឃើញថា ជីវភាពរបស់ប្រជាជនវៀតណាមក៏កើនខ្ពស់។ ការកើតឡើងនៃស្រទាប់អ្នកមាននិងមធ្យមក៏កើនឡើងដែរ។ ក្រៅពីនោះ ទីផ្សារភាគហ៊ុនរបស់វៀត ណាមកំពុងតែរីកចម្រើនមែនទែនហើយកំពុងតែពេញនិយម។ នៅលើឆាកអន្តរជាតិ កេរ្តិ៍ឈ្មោះរបស់វៀតណាមត្រូវបានទទួលស្គាល់ល្បីខ្ចខ្ចាយ ហើយគេកោតសរសើរ ទទួលស្គាល់វៀតណាមគ្រប់គ្នា គឺវៀតណាមបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានចូលរួមក្នុងការអភិវឌ្ឍ ការរក្សាសន្តិភាព ក្នុងតំបន់និងលើពិភពលោក។
មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ បានរៀបចំថ្នាក់ដឹកនាំ មានថ្មីមានចាស់ ប៉ុន្តែពួកគាត់ប្រកបដោយថាមពលខ្ពស់ មានចំណេះដឹងខ្ពស់ៗនិងការប្ដេជ្ញាចិត្តខ្ពស់ៗ។ មហាសន្និបាតបក្សលើកទី១៣ក៏បានដាក់ចេញទិសដៅអភិវឌ្ឍវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍកម្រិតខ្ពស់ ហើយជនបរទេសមួយចំនួនប្រាប់ខ្ញុំថា វៀតណាមដាក់ចេញគោលខ្ពស់ណាស់ តើគាត់អាចសម្រេចបានអត់? ខ្ញុំថា ប្រាកដជាបាន។ ខ្ញុំជឿជាក់ណាស់លើបក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលវៀតណាម ថ្នាក់ដឹកនាំវៀតណាមទាំងឡាយ អនាគតរបស់វៀតណាមគឺភ្លឺស្វាងណាស់។
អញ្ចឹងក្នុងឱកាសដែលថ្ងៃមុខនេះនឹងចូលដល់បុណ្យតេតប្រពៃណីជាតិវៀតណាម ខ្ញុំសូមជូនពរដល់ប្រជាជនវៀតណាមទាំងអស់ បក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលវៀតណាម ថ្នាក់ដឹកនាំវៀតណាមទាំងអស់ សូមឲ្យឆ្នាំថ្មីនាំនូវលាភសំណាងថ្មី ជោគជ័យថ្មី ត្រចះត្រចង់ដល់ប្រទេសវៀតណាម ប្រជាជនវៀតណាមគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ខ្ញុំជឿជាក់ថា នៅពេលដែលវៀតណាមរីកចម្រើន នឹងនាំឲ្យកម្ពុជារីកចម្រើនដូចគ្នា ព្រោះប្រទេសយើងជាប្រទេសភូមិផងរបងជាមួយ ជាប្រទេសបងប្អូន ដូច្នេះប្រទេសយើងនឹងសហការជាមួយគ្នា លូតលាស់ជាមួយគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ ប្រទេសយើងទាំងពីរ”។
អ្នកសារព័ត៌មាន VOV៖សូមអរគុណឯកឧត្តមឯកអគ្គរាជទូត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

