ទេសភាពធម្មជាតិដ៏ស្រស់បំព្រងរបស់ Ho Tram មើលពីខាងលើ។ ប្រភព៖ vneconomy.vn

ធ្លាប់ត្រូវបានប៉ូស្តិ៍ទូរទស្សន៍ CNNGo (សហរដ្ឋអាមេរិក) បោះឆ្នោតជ្រើសរើសជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រដ៏រហោស្ថាននិងស្អាតបំផុតនៅលើភពផែនដីនោះ Ho Tram បានលេចចេញដោយឈ្មោះហៅថា "រាជធានីនៃទេសចរណ៍រមណីយដ្ឋាន" នៅតំបន់ភាគខាងត្បូង ជាមួយនឹងឆ្នេរសមុទ្រពណ៌ខៀវស្រស់ថ្លានិងឆ្នេរខ្សាច់សក្បុសដែលលាតសន្ធឹងប្រវែង ៣០ គីឡូម៉ែត្រ។

ធម្មជាតិបានប្រទានឲ្យ Ho Tram មានអាកាសធាតុត្រូពិចបង្គួរជាមួយនឹងពន្លឺថ្ងៃស្រស់ស្អាតចែងចាំងរស្មីស្ទើរតែពេញមួយឆ្នាំ។ រួមជាមួយនឹងតំបន់អភិរក្សធម្មជាតិ Binh Chau – Phuoc Buu ដែលមានទំហំជាង ១១ ពាន់ហិកតា “សួតបៃតង” ដ៏ធំសម្បើមនេះ ជួយឱ្យ Ho Tram ក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ដែលមានគុណភាពខ្យល់អាកាសល្អបំផុតនៅប្រទេសវៀតណាម។

តំបន់អភិរក្សធម្មជាតិ Binh Chau - Phuoc Buu ដោយមានប្រព័ន្ធដើមឈើច្រើនស្រទាប់ បានបង្កើតជាលំហធម្មជាតិដ៏ស្រស់ស្រាយ ស្ងប់ស្ងាត់ ស្និទ្ធស្នាលជាមួយធម្មជាតិ ដែលសមស្របសម្រាប់ការដើរថ្មើចម្ងាយវែង ឬរីករាយនឹងការស្រូបយកខ្យល់អាកាសបរិសុទ្ធ ដាច់ដោយឡែកទាំងស្រុងពីភាពអ៊ូអរមមាញឹកនៃទីក្រុង។

ទន្ទឹមនឹងប្រៀបខ្លាំងនៃព្រៃស្តុក Ho Tram ក៏មានឆ្នេរសមុទ្រ ឆ្នេរខ្សាច់សម៉ត់ខែដ៏វែងឆ្ងាយ ដែលរក្សាបាននូវសោភ័ណភាពដើម និងភាពសុខសាន្តត្រាណ ដូចការអញ្ជើញភ្ញៀវទេសចរឱ្យជ្រមុជខ្លួននៅក្នុងទឹកពណ៌ខៀវស្រស់ថ្លា ហើយរីករាយនឹងភាពស្ងប់ស្ងាត់ដ៏កម្រ។ ជាមួយនឹងអាកាសធាតុក្តៅស្រួល ពេញមួយឆ្នាំ និងសីតុណ្ហភាពចន្លោះពី ២៥ - ៣០អង្សាសេ កន្លែងនេះគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរ មិនថាវិស្សមកាលរដូវក្តៅដ៏រស់រវើក ឬដំណើរកម្សាន្តដោយចៃដន្យនាចុងសប្តាហ៍នោះទេ។ ភ្ញៀវទេសចរស្រីម្នាក់បានចែករំលែកថា៖

“នេះជាលើកទីមួយហើយដែលខ្ញុំបានមកទីនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្និទ្ធស្នាល ស្រស់ស្អាតខ្លាំងណាស់។ ផ្ទៃសមុទ្រ ផ្ទៃមេឃធំល្វឹងល្វើយ ខ្យល់ត្រជាក់ស្រួល។ ខ្ញុំនឹងវិលត្រឡប់មកទីនេះវិញជាពុំខាន”។

ទីតាំងអំណោយផល ធម្មជាតិស្រស់បំព្រង និងឆ្នេរសមុទ្រស្អាត... ជាកត្តាដែលធ្វើឲ្យតំបន់ Ho Tram ទាក់ទាញវិនិយោគិនឈានមុខគេជាច្រើន មកអភិវឌ្ឍន៍គម្រោងរមណីយដ្ឋានលំដាប់ខ្ពស់។ វិនិយោគិន Tran Quang Hy បានចែករំលែកថា៖

“អត្ថប្រយោជន៍ដ៏ធំបំផុតដែលតំបន់ឆ្នេរ Ho Tram នេះនាំមកជូនភ្ញៀវទេសចរគឺទីតាំងភូមិសាស្រ្តស្ថិតនៅជិតមជ្ឈមណ្ឌលទីក្រុងហូជីមិញ។ ឆ្នេរ Ho Tram ត្រូវបានកាសែតអន្តរជាតិមួយ វាយតម្លៃថា ជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រដ៏ស្អាតបំផុតលើពិភពលោក ដូច្នេះនេះក៏ជាហេតុផលសំខាន់មួយដែលយើងបានបណ្ដាក់ទុនមកទីនេះ។ បច្ចុប្បន្ននេះ Ho Tram ក៏ជាគោលដៅទេសចរណ៍ដែលទើបលេចចេញ ដូច្នេះសេវាកម្សាន្តមិនទាន់មានភាពសម្បូរបែបនៅឡើយ យើងអាចកសាងភោជនីយដ្ឋានជាមួយនឹងទេសភាពសមុទ្រ”។

រមណីយដ្ឋាន Grand Ho Tram។ ប្រភព៖ vneconomy.vn

ចំណែកឯវិនិយោគិនបរទេសវិញ នៅពាក់កណ្តាលខែឧសភា ក្រុមហ៊ុន Grand Ho Tram បានចាប់ផ្តើមសាងសង់តំបន់ថ្មីលើផ្ទៃដី ៣៥ ហិកតា ដែលជាព្រឹត្តិការណ៍យុទ្ធសាស្ត្រក្នុងដំណើរឆ្ពោះទៅអភិវឌ្ឍតំបន់ទេសចរណ៍លំដាប់អន្តរជាតិនៅវៀតណាម។ លោក Stuart Haine នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ តំណាងឱ្យមូលនិធិ Warburg Pincus ដែលជាម្ចាស់វិនិយោគគម្រោងបាននិយាយថា៖

“គម្រោងស្នូលរបស់យើងខ្ញុំក្នុងតម្លៃជាង ១,៤ ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគនៅ Ho Tram ហើយលើកនេះវាមានតម្លៃ ១ ពាន់លានដុល្លារ។ ក្នុងដំណាក់កាលថ្មីនេះ យើងខ្ញុំនឹងសាងសង់បន្ទប់សណ្ឋាគារជាង ៦០០០ បន្ទប់ និងអាចទទួលភ្ញៀវបាន ១៨ ពាន់នាក់។ នៅពេលសាងសង់រួចរាល់ The Grand Ho Tram នឹងក្លាយជារមណីយដ្ឋានរួមបញ្ចូលគ្នាលំដាប់ពិភពលោកតាមគំរូ MICE ហើយក្លាយជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានដ៏ធំបំផុតលើទូទាំងពិភពលោក”។

យោងតាមលោក Huynh Phi Khanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ho Tram បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ មូលដ្ឋានបានទទួលភ្ញៀវទេសចរណ៍ប្រមាណ៣លាននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិជាង៩១៥ ពាន់នាក់។ ប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណថា ទទួលបានជាង៣.៣៤០ ពាន់លានដុង។

អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១ នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ តាមនោះនាំទេសចរណ៍រមណីយដ្ឋាន Ho Tram ខិតទៅជិតភ្ញៀវទេសចរទូទាំងពិភពលោក។ ប្រភព៖ VNA

លោក Huynh Phi Khanh បានឲ្យដឹងថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍គឺជាគំនាស់ដ៏សំខាន់សម្រាប់ទេសចរណ៍នៅឃុំ Ho Tram នាពេលអនាគត។ ជាពិសេស អាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅពេលដាក់ឲ្យដំណើរការ នឹងបង្កើតឱកាសសម្រាប់តំបន់សមុទ្រភាគខាងត្បូង ទទួលបានភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសភ្ញៀវអន្តរជាតិ។ ផ្លូវហាយវែទីក្រុង Ho Tram - អាកាសយានដ្ឋានអន្តរជាតិ Long Thanh ពេលសាងសង់រួចរាល់នឹងរួមចំណែកសុក្រិតបណ្តាញផ្លូវចរាចរណ៍ ដែលជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេវាកម្មយ៉ាងខ្លាំងក្លាឆ្ពោះទៅរកស្តង់ដារអន្តរជាតិសម្រាប់តំបន់ Ho Tram។

ដោយការពង្រីកប្រៀបខ្លាំងដែលប្រទានដោយធម្មជាតិ ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម ផលិតផលទេសចរណ៍គុណភាពខ្ពស់ សម្បូរបែប និងមានកេរ្តិ៍ឈ្មោះ ក្នុងរយៈពេលវែង Ho Tram នឹងត្រូវបានអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ជាតិ ជារាជធានីទេសចរណ៍គុណភាពខ្ពស់ជាមួយនឹងទម្រង់ទេសចរណ៍រមណីយដ្ឋាន សន្និសីទ ដំណើរផ្សងព្រេងយ៉ាងសម្បូរបែប... ប្រការនេះនឹងក្លាយទៅជាការពិតក្នុងពេលឆាប់ៗនេះ នៅពេលដែលកន្លែងនេះត្រូវបានច្របាច់បញ្ចូលទៅក្នុងទីក្រុងហូជីមិញ ដែលរួមចំណែកបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់៕