ពីទីក្រុង Thanh Hoa តាមផ្លូវជាតិលេខ ៤៥ ដោយជិះឡានរយៈពេលជាងមួយម៉ោង ភ្ញៀវទេសចរណ៍នឹងមកដល់សួនឧទ្យានជាតិ Ben En ដើម្បីចាប់ផ្តើមដំណើរចូលទស្សនាកម្សាន្តព្រៃឈើ ជួរភ្នំដ៏រកេតរកូតនិងកោះបៃតងលេចឡើងនៅកណ្តាលផ្ទៃទឹកដ៏ធំល្វឹងល្វើយ។ ឧទ្យានជាតិ Ben En មានផ្ទៃដីជាង ១៤.០០០ ហិកតា លាតសន្ធឹងពីស្រុក Nhu Thanh ដល់ស្រុក Nhu Xuan ខេត្ត Thanh Hoa; ភាគច្រើនជាព្រៃឈើធម្មជាតិ ជាមួយប្រភេទសត្វនិងរុក្ខជាតិដ៏កម្រជាច្រើនប្រភេទ។
នៅកណ្តាលបឹងដ៏ធំល្វឹងល្វើយ មានកោះចំនួន ២១ បានលេចឡើង បង្កើតជាទេសភាពដ៏ស្រស់បំព្រង។ រូបថត៖ ទូរទស្សន៍ខេត្ត Thanh Hoa |
មានទីតាំងស្ថិតនៅកណ្តាលឧទ្យានជាតិ Ben En បឹង Song Muc មានទំហំជាង ៤.០០០ ហិកតា មានជម្រៅបំផុតគឺ ២៥ - ៣០ ម៉ែត្រ ដែលបង្កើតឡើងពីប្រភពទឹកជ្រោះចំនួន ៤ ហូរចេញពីជួរភ្នំនៅជុំវិញបឹង។ ក្រឡេកមើលពីខាងលើ បឹង Song Muc ដូចជាត្រែងមឹកដែលហូរចាក់ចេញទៅសមុទ្រអញ្ជឹង។ លោក Le Cong Cuong នាយកឧទ្យានជាតិ Ben En ស្រុក Nhu Thanh ខេត្ត Thanh Hoa បានឲ្យដឹងថា៖ “ឧទ្យានជាតិ Ben En ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ រហូតមកដល់ពេលនេះគឺជាង ៣០ ឆ្នាំហើយ។ យើងខ្ញុំចង់ជំរុញសកម្មភាពការពារព្រៃឈើ ជីវភាពរស់នៅរបស់ប្រជាជន អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ អភិរក្សធម្មជាតិនិងរក្សាតំបន់អេកូទេសចរណ៍ដែលផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាជន”។
ធម្មជាតិបានប្រទានឲ្យ Ben En នូវទេសភាពដ៏ពិសេសបំផុត។ នៅកណ្តាលបឹងដ៏ធំល្វឹងល្វើយ មានកោះចំនួន ២១ ដែលមានរូបរាងចម្លែកពីគ្នាជាច្រើន បង្កើតជាទេសភាពដ៏ស្រស់បំព្រង។ ប្រសិនបើធម្មជាតិបាននាំមកនូវសម្រស់ដ៏ស្រស់ស្អាតនៃទេសភាពព្រៃភ្នំ ទន្លេ និងបឹង ជាមួយនឹងការស្រមើស្រមៃដ៏សម្បូរបែបប្រជាជននៅទីនេះបានបណ្តែតអារម្មណ៍ទៅក្នុងកោះនីមួយៗ ដោយមានឈ្មោះដ៏ស្រស់ស្អាតដូចជា៖ កោះនៃសេចក្តីស្នេហា កោះភោះភ្លោះ កោះ Lung Tung កោះឋានសួគ៌, កោះសុប៉ីន និងកោះនៃសេចក្តីសង្ឃឹម។ រដូវនីមួយៗ Ben En មានភាពស្រស់ស្អាតរៀងៗខ្លួន ដូចជាផ្ទាំងគំនូរដ៏ភ្លឺចិញ្ច្រាច រួមបញ្ចូលជាមួយពណ៌ខៀវស្រងាត់របស់ផ្ទៃមេឃ ទឹក ពពក និងដើមឈើ។ លោក Trong Thang វិចិត្រករថតរូប បានចែករំលែកថា៖ “មកដល់ Ben En ខ្ញុំមានអារម្មណ៍ថា ទេសភាពនៅទីនេះ ពិតជាស្រស់ស្អាតនិងគួរឲ្យរំភើបណាស់។ នៅពេលចូលរួមដំណើរទេសចរណ៍ Ben En ខ្ញុំឃើញថា នៅទីនេះមានកោះដ៏ស្រស់ស្អាតជាច្រើន ជាមួយប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប។ ខ្ញុំគិតថា តំបន់ដីនិងមនុស្ស Ben En បាននាំមកនូវការបំផុសគំនិតដល់ភ្ញៀវទេសចរនៅពេលមកទស្សនាម្តងហើយ ចង់មកទស្សនាម្ដងទៀត”។
Ben En ជាគោលដៅដ៏គយរឲ្យទាក់ទាញដែលមិនគួររំលងបាននៅពេលមកដល់ខេត្ត Thanh Hoa ម្តងៗ។ រូបថត៖ កាសែត Thanh Hoa |
មកដល់ Ben En ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍នៃការជិះទូកតូចៗមួយ បណ្តែតលើផ្ទៃទឹក និងធ្វើនេសាទត្រីស្រស់ៗដោយខ្លួនឯង។ រីករាយជាមួយមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ពីត្រីស្រស់ដែលទើបតែប្រមូលនៅបឹង នៅចំកណ្តាលទេសភាពធម្មជាតិដ៏ធំល្វឹងល្វើយ រស់ជាតិឈ្ងុយឆ្ងាញ់របស់ត្រីស្រស់នឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ទន្ទឹមនឹងនោះ ក៏មានមុខម្ហូបពិសេសប្រចាំតំបន់ជាច្រើន ដែលធ្វើឲ្យភ្ញៀវទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង។
“Ben En មានទេសភាពដ៏ស្អាតណាស់។ ខ្ញុំតែងតែមកទីនេះជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ខ្ញុំ។ ក្រោយប៉ុន្មានថ្ងៃធ្វើការដ៏នឿយហត់ មកទីនេះពិតជាស្រណុកស្រួលខ្លួន និងធូរស្រាលអារម្មណ៍ណាស់”។
បច្ចុប្បន្ននេះ គណៈគ្រប់គ្រងនៃឧទ្យានជាតិ Ben En បានកសាងដំណើរទេសចរណ៍ដោយជិះទូកដើម្បីទៅទស្សនាបឹង និងឡើងកោះទស្សនារុក្ខជាតិពិសេសនៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ Ben En ។ នៅលើកោះមួយចំនួន ក្រុមប្រឹក្សាគ្រប់គ្រងឧទ្យានជាតិ Ben En បានវិនិយោគសាងសង់សំណង់មួយចំនួនដូចជា ខ្ទម ផ្ទះសំណាក់ ជាមួយនឹងផ្លូវដើរលេងនិងទស្សនាទេសភាពព្រៃឈើ។ លោកស្រី Le Ngoc Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Nhu Thanh បានឲ្យដឹងថា៖ “ឧទ្យានជាតិ Ben En បច្ចុប្បន្ន កំពុងសម្របសម្រួលជាមួយសារជីវកម្ម Sun Group ដើម្បីពន្លឿនការអនុវត្តខ្លឹមសារនិងកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ រួមទាំងឧទ្យានជាតិ Ben En ផងដែរ។ នាពេលខាងមុខ យើងខ្ញុំនឹងជំរុញទេសចរណ៍សហគមន៍នៅតាមបណ្តាឃុំនៅជិតឧទ្យានជាតិ Ben En”។
ទេសភាពធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ពិសេសរបស់ជនជាតិ Thai Kinh Muong និង Tho ទំនងជាបានទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា Ben En។ នាពេលរាត្រី បរិយាកាសដ៏អ៊ូអរនៃរបាំឬស្សី របាំស្គរនិងដួងចិត្តរួសរាយរាក់ទាក់របស់បងប្អូនបណ្តាជនជាតិនៅទីនេះ នឹងទាក់ទាញទឹកចិត្ត និងអញ្ជើញភ្ញៀវទេសចរណ៍ទាំងជិតនិងឆ្ងាយមកកាន់ Ben En ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

