វត្តព្រះនាងភ្នំ Sam ខេត្ត An Giang ទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះកុរ។ (រូបថត៖ truyenhinhdulich.vn)

ក្រោយពីមួយរយៈពេលនៃការផ្អាកទទួលភ្ញៀវទេសចរដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ពោលគឺចាប់ពីថ្ងៃទី ២៨ ខែមេសា មានតំបន់កេរិ៍្ត ដំណែល និងគោលដៅទេសចរណ៍ជាច្រើននៅខេត្ត An Giang បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឡើងវិញជាលំដាប់លំដោយ។ ក្នុងប៉ុន្មានថ្ងៃដំបូង ចំនួនភ្ញៀវទេសចរ អញ្ជើញទៅទស្សនានៅតំបន់ Bay Nui គឺមានចំនួនតិចតូចណាស់ ប៉ុន្តែដោយមានការគាំទ្រពីមន្ទីរ អង្គភាពនានាក្នុងតំបន់ ក៏ដូចជាអង្គភាពអាជីវកម្មទេសចរណ៍ នោះភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត An Giang បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ រហូតមកទល់ពេលនេះ តំបន់ទេសចរណ៍មួយចំនួនដែលមានភ្ញៀវទេសចេកើតឡើងដល់ ៦០-៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរួមមាន៖ តំបន់អេកូទេសចរណ៍ព្រៃកោងកាង Tra Su ស្រុក Tinh Bien; តំបន់ទេសចរណ៍ជាតិភ្នំ Sam ទីក្រុង Chau Doc ជាដើម។ លោក Ly Thanh Sang នាយករមណីយដ្ឋានខ្សែកាបកន្ត្រកយោង Nui Cam ខេត្ត An Giang បានចែករំលែក៖

« នៅពេលបើកដំណើរកំសាន្តទេសចរណ៍ឡើងវិញ អតិថិជនសម្រេចបានត្រឹមតែ ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ក្រុមហ៊ុនបានដាក់ចេញកញ្ចប់ជម្រុញតម្រូវការទេសចរណ៍នានារួចមកហើយ។ ទីមួយគឺជាការលើកលែងចំណាយសម្រាប់ ក្រុមភ្ញៀវទេសចរចំនួន ១០ នាក់ ឬច្រើនជាងនេះ; ទីពីរគឺមានកញ្ចប់ Combo ដើម្បីកាត់បន្ថយសេវាកម្មមួយចំនួននៅក្នុងរមណីយដ្ឋាន; ទីបី គឺបញ្ចុះតម្លៃលើសំបុត្រ និងមានកម្មវិធីប្រូម៉ូសិនសម្រាប់សិស្សានុសិស្សជាដើម។ ជាបណ្តារៗ បន្ទាប់ពីដំណើរការបានរយៈពេលមួយខែកន្លះ ចំនួនភ្ញៀវទេសចរបានកើនឡើងជាលំដាប់ ៗរហូតមកដល់ពេលនេះ សម្រេចបាន ៧០% បើធៀបនឹងរយៈពេលដូចគ្នាផងដែរ»។

លោកស្រី Vo Xuan Thu នាយិកាសណ្ឋាគារ Victoria Can Tho បានឱ្យដឹង ថាក្រៅពីទួរទេសចរណ៍សម្រាកលំហែកាយជាធម្មតា អង្គភាពអាជីវកម្មក៏បានដាក់ឱ្យដំណើរការនូវគំរូដំណើរកំសាន្តតាមនាវាទេសចរណ៍ Can Tho - Chau Doc (ខេត្ត An Giang) ក្នុងរយៈពេល ៤ ថ្ងៃ ៣ យប់ផងដែរ។ រីឯសហគ្រាស Mai Linh Tay Do វិញ ក្រៅពីសេវាកម្មដឹកជញ្ជូនតាមផ្លូវគោកជាប្រពៃណី នោះអង្គភាពអាជីវកម្មនេះបានដាក់ចេញនូវគំរូទេសចរណ៍ដោយធ្វើដំណើរតាមកប៉ាល់ល្បឿនលឿន Can Tho – Con Dao ផងដែរ។ ជាពិសេស នៅតំបន់អេកូទេសចរណ៍នានា ឧទាហរណ៍គឺតំបន់ទេសចរណ៍សហគមន៍ Con Son គេក៏បានអនុវត្តគំរូ ទេសចរណ៍ប្លែកៗជាច្រើនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកស្រី Le Thi Be Bay តំណាងទេសចរណ៍សហគមន៍ Con Son បានចែករំលែកថា៖

«នៅពេលដែលទទួលបានអារម្មណ៍នៃវប្បធម៌ក្នុងស្រុកយ៉ាងត្រឹមត្រូវនិងគ្រប់គ្រាន់យើងនឹងមានកម្មវិធីល្អ និងបង្កើតផលិតផលទេសចរណ៍ថ្មីទៀតផង ហើយនេះគឺជាឱកាសសម្រាប់យើងដើម្បីប្រែថ្មីស្រឡាងតែម្តង។ យើងខ្ញុំមានវិធី ជំរុញវិស័យទេសចរណ៍ដោយឡែករបស់ខ្លួន ហើយត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរដែលវិលត្រឡប់មក Con Son វិញផងដែរ។»

បទពិសោធន៍ក្នុងការចាប់ត្រីនៅតំបន់ទេសចរណ៍សហគមន៍ Con Son ទីក្រុង Can Tho (រូបថត៖ truyenhinhdulich.vn)្

នៅខេត្ត Dong Thap ក្នុងរយៈពេលបិទតំបន់ទេសចរណ៍ អង្គភាពអាជីវកម្មទេចរណ៍ បានដំឡើងនិងបង្កើតតំបន់គួរឲ្យទាក់ទាញច្រើនថែមទៀត សម្រាប់ភ្ញៀវទេសចរ។ លោក Tran Thanh Dien សមាគមអាជីវកម្មទេសចរណ៍រួមគ្នា នៅភូមិផ្កា Sa Dec បានឲ្យដឹងថា៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ សួនច្បារដែលជា តំបន់ទស្សនាទេសចរណ៍នៅទីនេះសុទ្ធសឹងតែបញ្ចុះតម្លៃ ៥០% នៃសំបុត្រចូលចំការទស្សនា រួមទាំងបង្កើនគុណភាពសេវាកម្មទៀតផង។ លោក Tran Thanh Dien បានចែករំលែកថា៖

«ក្រោយពីជំងឺរាតត្បាត Covid-19 ភូមិផ្កា Sadec បានស្តារឡើងវិញយ៉ាង ឆាប់រហ័សបំផុត។ នាពេល ថ្មីៗនេះ ដោយសារឥទ្ធិពលនៃចំការដើមល្មើ ទើបតែ មានភ្ញៀវទេសចមកលេងកំសាន្តរជាច្រើន។ អង្គភាពនីមួយៗមានគំនិតដោយឡែកពីគ្នា ហេតុដូច្នេះគេត្រូវបង្កើតលក្ខណៈពិសេសផ្ទាល់ខ្លួន ដើម្បីទាក់ទាញអតិថិជនឱ្យបានយូរអង្វែង ពីព្រោះថាភាពសាមញ្ញនៃទេសភាពទេសចរណ៍ បើគេបានធ្លាប់បានមើលឃើញរួចមកហើយ នៅពេលក្រោយគេនឹងមិនចង់ឃើញវាថែមម្តងទៀតឡើយ ហេតុដូច្នេះ យើងនឹងត្រូវតែជ្រើសរើសអ្វីដែលថ្មីថ្មោងផ្សេងទៀត សូម្បីតែស្វែងរកនូវភាពប្លែកៗមានតែមួយគ្មានពីរ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរឲ្យមានកម្លាំងចលករច្រើនថែមទៀតមកទស្សនាបន្តទៀតផងដែរ»។

រីឯខ្លួនវិញ លោក Nguyen Thien Thanh អគ្គលេខាធិការរងនៃសមាគម ទេសចរណ៍វាលសណ្តទន្លេ Cuu Long បានសង្កត់ធ្ងន់ថា៖

«សមាគមទេសចរណ៍ទីក្រុងហូជីមិញក្រោមការប្រគល់សិទ្ធពីសមាគមទេសចរ ណ៍វៀតណាមបានទទួលសិទ្ធិផ្តាច់មុខក្នុងការជំរុញតម្រូវការទេសចរណ៍នៅវាលសណ្តរទន្លេ Cuu Long។ ទីក្រុងហូជីមិញនឹងធ្វើការសិក្សាស្រាវជ្រាវនិងទិញផលិតផលទេសចរណ៍នៅតំបន់វាលសណ្តរទន្លេ Cuu Long តាមរបៀបផ្តាច់មុខ ដើម្បីជួយឲ្យតំបន់ទេសចរណ៍នេះងើបឡើងវិញយ៉ាងឆាប់រហ័ស ព្រមទាំងឆ្ពោះទៅស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញផងដែរ។ ខ្ញុំគិតថា នាបច្ចុប្បន្នតំបន់វាលសណ្ដទន្លេ Cuu Long គឺជាគោលដៅទេសចរណ៍មួយ ប្រកបដោយសុវត្ថិភាពនិងគួរឱ្យទុកចិត្ត។ ម្យ៉ាងវិញទៀត ខ្ញុំប្រាកដថា នោះក៏គឺជាលក្ខខណ្ឌដំបូងនៅពេលដែលភ្ញៀវទេសចរសំរេចចិត្តធ្វើដំណើរកំសាន្ត ហើយនឹងជ្រើសរើសតំបន់វាលសណ្ដទន្លេ Cuu Long ជាជម្រើសចម្បងផងដែរ។»

នៅពេលដែលជំងឺរាតត្បាតត្រូវបានទប់ស្កាត់និងគ្រប់គ្រងបានយ៉ាងល្អ វិស័យទេសចរណ៍នៅតាមតំបន់វាលសណ្ត ទន្លេ Cuu Long បានសហការជាមួយគ្នាដើម្បីតភ្ជាប់ផលិតផលថ្មីថ្មោង កសាងគោលដៅទេចរណ៍សុវត្ថិភាព និងលើកកម្ពស់គុណភាពផលិតផលទេសចរណ៍។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ ក៏បានផ្តល់កញ្ចប់ទួរទេសចរណ៍ក្នុងតម្លៃសមរម្យ និងមានជើងហោះហើរក្នុងស្រុកជាច្រើនបានប្រតិបត្តិការឡើងវិញផងដែរ។ ទាំងនេះគឺជាសញ្ញាវិជ្ជមានដែលសន្យាថាវិស័យ ទេសចរណ៍នឹងងើបឡើងវិញយ៉ាងឆាប់ៗនាពេលខាងមុខ ដើម្បីរួមចំណែកដល់ការស្តារសេដ្ឋកិច្ច ឡើងវិញក្នុងតំបន់វាលសណ្ដទន្លេ Cuu Long និងទូទាំងប្រទេសផងដែរ៕