ក្រោយពីប្រមូលផលហើយ កាហ្វេអាចលក់ផ្ទាល់នៅកន្លែងទិញ ឬទិញដោយឈ្មួញ។ រូបថត៖ VOV

ឃុំ Lang មានគ្រួសារជាង ៦៥០ គ្រួ ជាមួយប្រជាជនជាង ២ ៥០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ Co Tu។ ប្រជាជននៅទីនេះបានជ្រើសរើសដើមបាគីចពណ៌ស្វាយជាដំណាំដាំដុះស្នូលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Bríu Pố ព្រឹទ្ធាចារ្យភូមិនៅឃុំ Lang បានឲ្យដឹងថា៖ “បាគិចជារុក្ខជាតិវល្លិមានថ្នាំងនីមួយៗ ដូចដើមដំឡូងជ្វា ងាយដុះ ហើយត្រូវការការថែទាំតិចតួច។ ខ្ញុំហៅដើមបាគីចជាដើមខ្ជិល។ ជាមធ្យម ដាំដើមបាគីចចំនួន ៥ គុម្ព គឺអាចទទួលបានទិន្នផល ១ គីឡូក្រាម ហើយទទួលបានចំណូលជាង ១០០ លានដុង (៤ ១២០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ ដើមបាគីចគឺជាដើមឈើមួយក្នុងចំណោមដើមឈើជួយលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ តាមការប៉ាន់ប្រមាណថា គ្រួសារប្រមាណពី ៦៥% ទៅ ៧០% ក្នុងឃុំបានលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រដោយដាំដើមបាគីចផងដែរ”។

បច្ចុប្បន្ននេះ នៅឃុំ Lang បានបង្កើតតំបន់អភិរក្សដើមបាគីចពណ៌ស្វាយទំហំ ៦ហិកតាក្រោមព្រៃធម្មជាតិ។ ថ្នាក់ដឹកនាំឃុំបានលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាជនអភិវឌ្ឍន៍គំរូដាំដើមបាគីច។ ពួកគេត្រូវបានជួយណែនាំ និងបណ្តុះបណ្តាលបច្ចេកទេសបណ្តុះកូនឈើ បច្ចេកទេសដាំ ការថែទាំ និងការកែច្នៃបឋមដើមបាគីច។ លោកមេភូមិ Bhling Phát មកពីឃុំ Lang បានឲ្យដឹងថា៖ “ទិសដៅអភិវឌ្ឍរុក្ខជាតិឱសថនៅភូមិសាស្ត្រឃុំ Lang គឺដាំដើមបាគីចពណ៌ស្វាយ។ ដោយឡែកភូមិ Pơr’ning ក៏មានសួនចំការដាំដើមបាគីច ដែលមានទំហំជិត ១០ ហិកតា។ ក្នុងចំណោមគ្រួសារដែលដាំដើមបាគីច លេចធ្លោបំផុតគឺគ្រួសារលោក Cơlâu Thái Ngọc ដែលបានដាំដើមបាគីចជិត ៥ ហិកតា។ គំរូដាំដើមបាគីចរបស់គ្រួសារលោក Cơlâu Thái Ngọc គឺល្អណាស់ ពោលគឺដាំផង និងបន្តពូជផង ដើម្បីបម្រើគ្រួសារដែលមានតម្រូវការ។ ដើមបាគីច ១ គីឡូក្រាមមានតម្លៃ ៥០ មឺនដុង (ជាង ២០ ដុល្លារអាមេរិក / គីឡូក្រាម) ។ ដើមបាគីចគឺជារុក្ខជាតិឱសថដ៏មានតម្លៃ ហើយមានផលប្រយោជន៍ច្រើនណាស់ ពោលគឺ មើមបាគីចអាចត្រាំស្រាដើម្បីព្យាបាលជំងឺឈឺ សន្លាក់ឆ្អឹង និងជួយរាងកាយមានសុខភាពល្អផងដែរ”។

សហករណ៍ជាច្រើនបានវិនិយោគលើឧបករណ៍ទំនើបៗ ដើម្បីបម្រើដល់ការផលិត និងកែច្នៃ។ រូបថត៖ VOV

ទន្ទឹមនឹងការអភិវឌ្ឍន៍តំបន់ដាំដុះ និងអភិរក្សតំបន់ដាំបាគីច នាបច្ចុប្បន្ន ស្រុក Tay Giang ក៏មានសិប្បកម្មធ្វើអាជីវកម្មដើមបាគីច និងផលិតផលធ្វើពីដើមបាគីចដូចជា៖ Chinh Chau, Duc Huy និងសិប្បកម្មតូចៗមួយចំនួនដូចជា៖ សហករណ៍ Thien Binh, សហករណ៍កសិកម្ម Ch'Om, Ga Ry ។ អង្គភាពអាជីវកម្មទាំងនេះបានចូលរួមសហការគ្នាផ្គត់ផ្គង់គ្រាប់ពូជ ផលិតកម្ម និងការប្រមូលលក់ដើមបាគីចជាមួយប្រជាជន។ ផលិតផលពីដើម Ba Kich ត្រូវបានអភិវឌ្ឍន៍យ៉ាងសម្បូរបែប និងកែច្នៃយ៉ាងស៊ីជម្រៅ។ ផលិតផលធ្វើពីដើមបាគីចមួយចំនួនត្រូវបានទទួលស្គាល់ជាផលិតផល OCOP (កម្មវិធីជាតិមួយឃុំមួយផលិតផលមួយ) ដូចជា៖ តែរុក្ខជាតិបាគីច ស្រាបាគីច និងបាគីច។

យោងតាមផែនការ ដល់ឆ្នាំ២០២៥ ខេត្ត Quang Nam នឹងអភិរក្ស និងអភិវឌ្ឍន៍តំបន់វត្ថុធាតុដើមរុក្ខជាតិឱសថចំនួន ៩ ប្រភេទ (យិនស៊ិន បាគីចស្វាយ អ័រគីដេ រមៀត និង Dinh Lang ជាដើម) ជាមួយនឹងផ្ទៃដីដាំរុក្ខជាតិឱសថសម្រេចបានជិតជិត ៤ ម៉ឺន ហិកតា។ លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖ “ខេត្ត Quang Nam មានរុក្ខជាតិឱសថជាច្រើន។ គោលការណ៍របស់ខេត្ត Quang Nam គឺក្លាយទៅជាមជ្ឈមណ្ឌលឱសថនៃតំបន់ភូមិភាគកណ្ដាល និងតំបន់ខ្ពង់រាបភាគកណ្តាល។ គោលការណ៍នេះត្រូវបានលោកនាយករដ្ឋមន្ត្រីយល់ព្រមផងដែរ”។

ឃុំ Lang ត្រូវបានប្រៀបប្រដូចជា”មាតុធានី”ដាំដើមបាគីចនៅខេត្ត Quang Nam។ បច្ចុប្បន្ននេះ នៅឃុំ Lang គ្រួសារមួយបានដាំដើមបាគីចយ៉ាងហោចមួយរយដើម ហើយមានគ្រួសារខ្លះដាំដើមបាគីចរាប់ពាន់ដើម។ មិនត្រឹមតែជួយលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅទីនេះបានផ្លាស់ប្តូរជីវិត ហើយក្លាយទៅជាអ្នកមានដោយដាំដើមបាគីចផងដែរ៕