នៅស្រុកកោះស៊ីឆាង ខេត្តឈុនបុរី ប្រទេសថៃ ឧបករណ៍អភិរក្សសមុទ្រពិសេសកំពុងត្រូវបានបញ្ចុះទឹក។ នោះគឺជា "ក្បូនខ្សែពួរ" - ជាឧបករណ៍ប្រមូលផ្តុំត្រី (FAD) - ដែលត្រូវបានអ្នកនេសាទដំឡើងពីវត្ថុធាតុសាមញ្ញដូចជា៖ ខ្សែពួរ ពោងបណ្ដែតទឹក សន្លឹក PVC និងខ្សែពួរម៉ានីល ... រួចដាក់ចូលសមុទ្រក្នុងជម្រៅប្រហែល ៣ ម៉ែត្រ។ អត្ថប្រយោជន៍របស់ឧបករណ៍នេះ អាចមើលឃើញភ្លាមៗនៅពេលដាក់ឱ្យដំណើរការ៖ “ឧបករណ៍នេះជួយដល់ត្រីនិងសត្វសមុទ្រផ្សេងទៀតក្នុងដំណើរការពង។ ពងនឹងជាប់នឹងខ្សែពួរ។ ឧបករណ៍នេះត្រូវបានរចនាឡើងដោយនាយកដ្ឋានធនធានសមុទ្រនិងឆ្នេរសមុទ្រ។ យើងបានស្នើសុំគំរូ ហើយចលនាប្រជាជនឱ្យរួមគ្នាដាក់ពង្រាយ”។
លោក Chusak Nanthithanthada ប្រធានស្រុកកោះស៊ីឆាង ឧទ្ទេសនាមពីការរចនា "ផ្ទះសម្រាប់ត្រី" ដល់ក្រុមអ្នកសារព័ត៌មាន។ |
លោក Chusak Nanthithanyanthada ប្រធានស្រុកកោះស៊ីឆាងបានបន្ថែមថា គំរូនេះត្រូវបានពង្រីកថែមទៀត ដោយការទម្លាក់ផ្កាថ្មសិប្បនិម្មិត ដែលជាប្លុកបេតុងប្រហោង ធ្វើជាទីជម្រកសម្រាប់ប្រភេទត្រីធំៗដែលរស់នៅក្នុងតំបន់ទឹកជ្រៅ។
“យើងខ្ញុំបានទម្លាក់ផ្កាថ្មសិប្បនិម្មិតនៅកន្លែងចំនួន ៨ ជុំវិញកោះតូចៗ។ សរុបមក នឹងមាន ១០.០០០ ប្លុកនៅកន្លែងនីមួយៗ។ រហូតមកដល់ពេលនេះ យើងបានទម្លាក់តែ ៤.០០០ ប្លុកប៉ុណ្ណោះ”។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែមកពីររដ្ឋាបាលនោះទេ។ សហគមន៍មូលដ្ឋានក៏បានចូលរួមដោយផ្ទាល់ផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៨ មក មន្ទីរធនធានសមុទ្រនិងឆ្នេរសមុទ្រនៃខេត្តឈុនបូរី បានរៀបចំធ្វើ "ក្បូនខ្សែពួរ" ក្នុងក្របខ័ណ្ឌនៃគម្រោង "ឆ្នេរស្អាត ផ្ទះត្រីស្អាត រំដោះធម្មជាតិសម្រាប់គោលដៅទេសចរណ៍ថៃ" នៅកោះស៊ីឆាង និងកោះ Kham Chai។ ក្នុងកម្មវិធីនេះ សិស្សានុសិស្សនិងអ្នកស្ម័គ្រចិត្តចំនួន ២៧០ នាក់បានរួមគ្នាធ្វើ និងដំឡើងក្បូនខ្សែពួរចំនួន ៦០០ ហើយបានចូលរួមក្នុងការមុជទឹកដើម្បីរើសសំរាមនៅក្រោមសមុទ្រ និងប្រមូលសំរាមនៅលើឆ្នេរសមុទ្រ។
សកម្មភាពប្រចាំថ្ងៃរបស់អ្នកនេសាទ។ |
ឧបករណ៍ដូចជា "ក្បូនខ្សែពួរ" ឬផ្កាថ្មសិប្បនិម្មិតត្រូវបានដំឡើងនៅជុំវិញកោះ។ ដោយសារតែ "ក្បូនខ្សែពួរ" ជាធម្មតាអាចប្រើប្រាស់បានរយៈពេល ២-៣ឆ្នាំប៉ុណ្ណោះ ដោយសារការខូចខាត ឬរលួយ ដូច្នេះហើយ សហគមន៍នៅតែបន្តដំឡើងនិងដាក់ពង្រាយបន្ថែមជាប្រចាំ។ អ្នកស្រី Siyamon Thianngam មន្ត្រីជលផលស្រុកកោះស៊ីឆាង បានឲ្យដឹងថា៖
“យើងប្រមូលផ្តុំអ្នកនេសាទជាក្រុម បង្កើត "ក្បួនខ្សែពួរ" ជាមួយគ្នា ហើយពិភាក្សាអំពីការសាងសង់ផ្កាថ្មជាមួយគ្នា។ ដោយសារតែ "ក្បួនខ្សែពួរ" ឬផ្កាថ្មសិប្បនិម្មិតដែលយើងទម្លាក់ទៅក្នុងសមុទ្រ គឺជាវិធីបង្កើត "ផ្ទះសម្រាប់ត្រី មឹក និងក្តាម"។ ពេលមានសត្វសមុទ្រកាន់តែច្រើន អ្នកនេសាទនឹងមិនចាំបាច់ចេញទៅសមុទ្រឆ្ងាយទេ។ ពួកគេនឹងមានធនធានជលផលគ្រប់គ្រាន់ដើម្បីធ្វើអាជីវកម្មនៅហ្នឹងកន្លែង។ នេះក៏ជាវិធីមួយដើម្បីជួយពួកគេផងដែរ”។
“នាពេលខាងមុខនេះ ផ្កាថ្មនឹងត្រូវបានសាងសង់បន្ថែមទៀតនៅលើកោះ។ យើងដំឡើងដោយខ្លួនឯង ហើយរដ្ឋាភិបាលគាំទ្រយើងតាមរយៈអាជ្ញាធរមូលដ្ឋាន ហើយយើងក៏ចូលរួមអនុវត្តន៍ ព្រោះនេះជាអាជីពរបស់យើង”។
“ការសាងសង់ "ក្បួនខ្សែពួរ" ឬ ផ្កាថ្មសិប្បនិម្មិត ទាមទារការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។ នាយកដ្ឋាននាវាចរណ៍ក៏បានរៀបចំទីតាំងសម្រាប់ទម្លាក់ "ក្បួនខ្សែពួរ" និងផ្កាថ្មប៉សិប្បនិម្មិត ដើម្បីចិញ្ចឹមត្រីតូចៗ និងទាក់ទាញត្រីធំៗ។ តាមនោះ ជួយតំបន់ក្លាយជាកន្លែងប្រមូលផ្តុំត្រីច្រើន បង្កភាពងាយស្រួលដល់ការនេសាទ។ ប្រការនេះ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ និងអ្នកនេសាទ”។
ទេសភាពនៅលើកោះស៊ីឆាង។ |
“ផ្ទះសម្រាប់ត្រី” កំពុងបង្កើតរូបរាងជាបណ្តើរៗនៅកណ្តាលមហាសមុទ្រ ដោយមានការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជន និងរដ្ឋាភិបាល។ វាមិនត្រឹមតែជាសកម្មភាពអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តចំពោះមហាសមុទ្រ- ជាមហាសមុទ្ររស់ឡើងវិញ និរន្តរភាព និងវិបុលភាព មិនត្រឹមតែសម្រាប់ថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ថ្ងៃអនាគតទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


