បឹង Ghenh Che៖ ត្បូងពណ៌បៃតងនៃទីក្រុង Song Cong ខេត្ត Thai Nguyen

(VOVWORLD) - ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីភាគខាងត្បូងមជ្ឈមណ្ឌលទីក្រុង Thai Nguyen បឹង Ghenh Che គឺជាគោលដៅអេកូឡូស៊ីដ៏ស្រស់បំព្រងមួយកន្លែងនៅក្នុងឃុំ Binh Son ទីក្រុង Song Cong ខេត្ត Thai Nguyen។ ដោយមានផ្ទៃទឹកប្រហែល ៨០ ហិកតា បឹង Ghenh Che គឺជាបឹងសិប្បនិម្មិតមួយដែលព័ទ្ធជុំវិញដោយកោះតូចនិងឧបទ្វីបតូចៗជាង ៥០។ ទេសភាពនៅទីនេះមានភាពសុខដុមរមនារវាងផ្ទៃទឹកស្រស់ថ្លា ជួរភ្នំជុំវិញ និងព្រៃឈើខៀវស្រងាត់ ដែលបានបង្កើតឡើងផ្ទាំងគំនូរធម្មជាតិដ៏មនោរម្យបំផុត។

បឹង Ghenh Che៖ ត្បូងពណ៌បៃតងនៃទីក្រុង Song Cong ខេត្ត Thai Nguyen - ảnh 1បឹង Ghenh Che - គោលដៅទេសចរណ៍សហគមន៍ថ្មីនៅ Thai Nguyen។ រូបថត៖ thainguyen.gov.vn

បឹង Ghenh Che មានភាពទាក់ទាញបំផុតនៅពេលព្រឹកព្រលឹម ចំពេលដែលស្រទាប់អ័ព្ទអណ្តែតលើផ្ទៃទឹក ធ្វើឱ្យទេសភាពមើលទៅដូចជាគំនូរមួយផ្ទាំងអញ្ចឹង។ នៅពេលល្ងាច ពន្លឺព្រះអាទិត្យឆ្លុះបញ្ចាំងយ៉ាងចិញ្ចែងចិញ្ចាចនៅលើផ្ទៃទឹក បង្កើតទេសភាពដ៏រ៉ូម៉ង់ទិកដូចក្នុងរឿងព្រេងនិទាន។

លោក Phan Van Chinh សមាជិកនៃសហករណ៍ទេសចរណ៍សហគមន៍ Ghenh Che ទីក្រុង Song Cong ខេត្ត Thai Nguyen បានឲ្យដឹងថា៖

“ប្រព័ន្ធទឹកនៃបឹង Ghenh Che មានប្រភពចេញពីប្រព័ន្ធធ្នូ Tam Dao ដែលជាប្រព័ន្ធភ្នំដី ដូច្នេះវាមានសារធាតុរ៉ែចម្រុះជាងតំបន់ដែលមានប្រភពចេញពីភ្នំថ្ម។ ត្រីនៃបឹង Ghenh Che ក្នុងទម្ងន់ដូចគ្នា តែងតែលក់បានថ្លៃជាងបឹងដទៃទៀតនៅក្នុងតំបន់ជុំវិញ”។

ភ្ញៀវទេសចរនៅពេលមកដល់បឹង Ghenh Che អាចជិះទូកជុំវិញបឹងទស្សនាកោះតូចៗ ទស្សនា
ទួលតែបៃតងដែលលាតសន្ធឹងយ៉ាងធំល្វឹងល្វើយ។ ភ្ញៀវទេសចរក៏អាចទទួលទានតែ Thai Nguyen ពិតប្រាកដ ហើយទទួលយកអារម្មណ៍ដ៏រួសរាយរាក់ទាក់ និងភាពសាមញ្ញរបស់ប្រជាជន Song Cong ផងដែរ។ ភ្ញៀវក៏អាចទៅទស្សនាតំបន់ចិញ្ចឹមត្រីក្នុងបែរ។ ម្ហូបអាហារនៅទីនេះក៏មានលក្ខណៈប្លែកពីគេ ជាមួយនឹងមុខម្ហូបដ៏ពោរពេញទៅដោយវប្បធម៌ក្នុងស្រុកដូចជា៖ មាន់អាំង Binh Son បង្គារទន្លេចៀនស្រួយ សាច់ចំហុយស្លឹកឬស្សី ជាដើម។

បឹង Ghenh Che៖ ត្បូងពណ៌បៃតងនៃទីក្រុង Song Cong ខេត្ត Thai Nguyen - ảnh 2ភ្ញៀវទេសចរប្រមូលផលតែនៅសហករណ៍តែ Cao Son ដែលជាចំណុចតភ្ជាប់ក្នុងដំណើរកម្សាន្តនៅបឹង Ghenh Che។ រូបថត៖ thainguyen.gov.vn

មិនត្រឹមតែមានទេសភាពស្រស់ស្អាត និងមុខម្ហូបសម្បូរបែបប៉ុណ្ណោះទេ បឹង Ghenh Che ក៏ជាលំនៅដ្ឋានរបស់សហគមន៍ជនជាតិជាច្រើនដូចជា Tay, Nung, San Diu និង Kinh ដែលមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងមានប្រពៃណីតាំងពីយូរលង់មកហើយ។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍។ នៅឆ្នាំ ២០១៩ សហករណ៍ទេសចរណ៍សហគមន៍ Ghenh Che ត្រូវបានបង្កើតឡើង ដោយមានសមាជិកចំនួន ១៩ ដែលចូលរួមធ្វើអាជីវកម្មលើសេវាកម្មនានាដូចជា ប្រតិបត្តិការទេសចរណ៍ ការស្នាក់នៅ ការដឹកជញ្ជូនតាមផ្លូវទឹក និងសកម្មភាពទទួលយកបទពិសោធន៍ផ្សេងៗទៀត។

ក្នុងនាមជាមនុស្សម្នាក់ដែលបានផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅបឹង Ghenh Che ជាច្រើនឆ្នាំមកហើយ លោក Phan Van Chinh បានចែករំលែកថា៖

“ចាប់តាំងពីឆ្នាំ ២០១៩ មក គ្រប់ថ្នាក់ គ្រប់ផ្នែកនៃទីក្រុង Song Cong បានតម្រង់ទិសឲ្យយើងធ្វើទេសចរណ៍ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់យើងក្នុងការអភិវឌ្ឍទេសចរណ៍។ សង្ឃឹមថាឆ្នាំក្រោយ ឬប៉ុន្មានឆ្នាំខាងមុខ យើងនឹងអភិវឌ្ឍន៍បន្ថែមទៀតក្នុងទិសដៅប្រកបដោយនិរន្តរភាព”។

បច្ចុប្បន្ននេះ បឹង Ghenh Che បានអភិវឌ្ឍន៍វិស័យទេសចរណ៍បានយ៉ាងល្អបង្គួរ ដោយមានផ្ទះស្នាក់នៅ និងភោជនីយដ្ឋានសម្រាប់ភ្ញៀវទេសចរឈប់សម្រាក និងស្នាក់នៅ។ ជាមួយនឹងការតម្រង់ទិសក្លាយជាតំបន់ទេសចរណ៍អេកូឡូស៊ីនិងសម្រាកលំហែកាយ នាពេលខាងមុខ បឹង Ghenh Che នឹងត្រូវបានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាមួយតំបន់ទេសចរណ៍ជាតិ បឹង Nui Coc និងតំបន់ជិតខាងនៃខេត្ត Thai Nguyen ដូច្នេះហើយក្នុងអនាគតមិនឆ្ងាយខាងមុខ បឹង Ghenh Che នឹងក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរនៅពេលមក Thai Nguyen ម្ដងៗ។

ទាក់ទិននឹងការទាញយកប្រយោជន៍នៃទីតាំងទេសចរណ៍នេះ លោក Nguyen Thanh Luan នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Thai Nguyen បានឲ្យដឹងថា៖

 “ទីតាំងទេសចរណ៍សហគមន៍ Ghenh Che នៅទីនេះមានសម្ភារៈបរិក្ខារដែលអាចធានាបាននូវគ្រប់លក្ខខណ្ឌសម្រាប់ការទទួលក្រុមភ្ញៀវទេសចរ។ មកដល់បឹង Ghenh Che ភ្ញៀវទេសចរនឹងអាចធ្វើដំណើរលើបឹង ទស្សនាភ្នំស្រល់ស្រដៀងនឹង Da Lat ហើយមានសេវាកម្មបោះជំរុំឲ្យភ្ញៀវទេសចរអាចរីករាយនឹងលំហស្ងាត់ដាច់ពីគេដោយផ្សាភ្ជាប់ជាមួយសហគមន៍”។

ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង និងទីតាំងដ៏ងាយស្រួល បឹង Ghenh Che កំពុងក្លាយជាគោលដៅដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនា និងទទួលយកបទពិសោធន៍។

លោកស្រី Vy Thi Tham នាយិកាមជ្ឈមណ្ឌលសំរបសំរួលទេសចរណ៍ ភាគខាងលិច Nghe An បានធ្វើអត្ថាធិប្បាយបន្ទាប់ពីដំណើរកម្សាន្តនៅបឹង Ghenh Che យ៉ាងដូច្នេះថា៖

"នាងខ្ញុំឃើញថា នេះមិនមែនជាសក្តានុពលទៀតទេ ប៉ុន្តែត្រូវបានចាត់ទុកជាទ្រព្យសកម្ម និងជាប្រសិទ្ធភាពនៃទេសចរណ៍សហគមន៍។ ខ្ញុំគិតថាគំរូនេះនឹងទទួលបានជោគជ័យ ហើយនឹងទទួលភ្ញៀវទេសចរក្នុងបរិមាណធំ ប្រសិនបើយើងចេះពីរបៀបផ្សព្វផ្សាយ និងធ្វើទំនាក់ទំនងបន្ថែមទៀត"។

ក្រៅពីទួលតែ Tan Cuong និងបឹង Nui Coc នោះ បឹង Ghenh Che នៅ Thai Nguyen កំពុងត្រូវបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ និយមចូលចិត្តនិងជ្រើសរើសជាកន្លែងទស្សនាដែលមានលំហធម្មជាតិដ៏សុខសាន្ត។ ទីនេះកំពុងក្លាយជាតំបន់ទេសចរណ៍អេកូឡូស៊ីសហគមន៍ជាបណ្ដើរៗ ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ទទួលយកបទពិសោធន៍ អាស្រ័យដោយមានទេសភាពធម្មជាតិពោរពេញទៅដោយលក្ខណៈរហោស្ថាន ខ្យល់អាកាសត្រជាក់ស្រួលនិងបរិសុទ្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ