(VOVWORLD) - ចាប់ពីវាលចំការផ្កាចម្រុះពណ៌ពេញមួយឆ្នាំនៅឃុំ Phuc Tho រហូតដល់ស្នាដៃ ខ្មុកម្រ័ក្សដ៏ប្រណិតនៅក្នុងភូមិ Ha Thai ឬផ្ទះបុរមបុរាណ និងរបរដេរអាវធំប្រពៃណីនៃភូមិ Phuc Am នោះ ផ្លូវបេតិកភណ្ឌ ថាំងឡុងខាងត្បូង កំពុងដាស់តម្លៃវប្បធម៌ និងរបរសិប្បកម្មប្រពៃណីនៃទីក្រុងហាណូយឲ្យភ្ញាក់ពីដំណេក។ ដំណើរនេះមិនត្រឹមតែតភ្ជាប់តំបន់បេតិកភណ្ឌនៅជាយក្រុងជាមួយនឹងមជ្ឈមណ្ឌលរដ្ឋធានីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទិសដៅថ្មីសម្រាប់ទេសចរណ៍ប្រកបដោយចីរភាព ដែលអតីតកាលនិងបច្ចុប្បន្នកាល លាយឡំគ្នានៅក្នុងដង្ហើមនៃសម័យកាល។
ទីក្រុងហាណូយគឺជាទីក្រុងដែលមានវប្បធម៌ ប្រវត្តិសាស្ត្រសម្បូរបែប ជាមួយនឹងប្រព័ន្ធបេតិកភណ្ឌ និងភូមិសិប្បកម្មដ៏វិសេសវិសាលជាច្រើន ដែលស្ថិតទាំងនៅក្នុងទីក្រុងនិងតំបន់ជាយក្រុងដោយស្មើៗគ្នា។ ផ្លូវបេតិកភណ្ឌ ថាំងឡុងខាងត្បូង បានបើកដំណើរមួយដែលតភ្ជាប់ឃុំនានាដូចជា Dai Thanh, Hong Van, Ngoc Hoi និង Chuyen My ជាតំបន់ដែលប្រមូលផ្ដុំប្រព័ន្ធសលាភូមិ វត្តអារាម ទីសក្ការៈបូជា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រួមជាមួយនឹងភូមិរបរសិប្បកម្មអាយុរាប់រយឆ្នាំ ដែលត្រូវបានអភិរក្សជាច្រើនជំនាន់មកហើយ។
កេរ្តិ៍ដំណែលសាលាភូមិ វិហារ Noi Binh Da ស្ថិតនៅនៅឃុំ Binh Minh ទីក្រុងហាណូយ។ (រូបថត៖ Đỗ Tươi/VTC News) |
ទីបង្អង់ដំណើរដំបូងក្នុងដំណើរកម្សាន្តគឺកេរ្តិ៍ដំណែលសាលាភូមិ វិហារ Noi Binh Da ដែលស្ថិតនៅនៅឃុំ Binh Minh។ ទីនេះធ្វើសក្ការៈបូជាព្រះបិតា Lac Long Quan របស់ជនជាតិវៀតណាម។ សាលាភូមិនៅតែរក្សាបាននូវចម្លាក់លៀនដោយមានតម្លៃសិល្បៈ និងជំនឿបុរាណដ៏ពិសេស ហើយត្រូវបានទទួលស្គាល់ជារតនៈសម្បត្តិជាតិចាប់តាំងពីឆ្នាំ ២០១៥។ ជារៀងរាល់ឆ្នាំ នៅក្នុងខែ បី តាមច័ន្ទគតិ ប្រជាជនតែងតែប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករដើម្បីចូលរួមពិធីបុណ្យ Binh Da។ ពិធីបុណ្យនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិដំបូងគេនៃទីក្រុងហាណូយក្នុងឆ្នាំ ២០១៤។ លោក Nguyen Chinh Trinh អ្នកមើលថែសាលាភូមិ បានឲ្យដឹងថា៖
“នាខែ ៣ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរជាច្រើនមកពីគ្រប់ទិសទី បានមកអុជធូបឧទ្ទិសដល់ព្រះបិតាជាតិ។ ភ្ញៀវទេសចរមកពីទីក្រុង និងឃុំនានាក៏មកទីនេះដើម្បីអុជធូប និងបង្ហាញពីការគោរពបូជាចំពោះព្រះបិតាជាតិផងដែរ”។
ភូមិធ្វើធូប Quang Phu Cau ត្រូវបានបង្កើតឡើងជាង ១០០ ឆ្នាំមុន។ (រូបថត៖ Minh Đức/VTC News) |
ចាកចេញពី Binh Da ដំណើរកម្សាន្តបន្តនាំភ្ញៀវទេសចរទៅកាន់ភូមិធ្វើធូប Quang Phu Cau ដែលត្រូវបានបង្កើតឡើងកាលពីជាង ១០០ ឆ្នាំមុន។ ប្រជាពលរដ្ឋបានផ្លាស់ប្ដូរថ្មីមុខមាត់ស្រុកកំណើតរបស់ខ្លួន ដោយការអភិវឌ្ឍទេសចរណ៍បទពិសោធន៍ ដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ លោក Nguyen Dinh Dam នាយកសហករណ៍សេវាកម្មទេសចរណ៍ភូមិធ្វើធូប Quang Phu Cau បានឲ្យដឹងថា៖
“ភូមិធ្វើធូប Quang Phu Cau មានគំនិតផ្តួចផ្តើមអំពីសេវាកម្មទេសចរណ៍ ដោយ រៀបចំជើងធូបតាមគំរូនៃផែនទីវៀតណាម ក៏ដូចជាផែនទី ឬគំរូណាមួយ ដើម្បីឱ្យយើងអាចផ្សព្វផ្សាយរូបភាពនៃស្រុកកំណើតដល់មិត្តភក្តិអន្តរជាតិ”។
សិប្បករសិប្បការិនីនៅភូមិតម្បាញសូត្រ Phung Xa។ (រូបថត៖ Ngô Nhung/VTC News) |
នៅភូមិសូត្រ Phung Xa ជាកន្លែងដែលថែរក្សាគុណតម្លៃនៃសិប្បកម្មតម្បាញ សូត្រប្រពៃណី នៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ សំឡេងរវៃសូត្រ បន្លឺឡើងដូចជាបទភ្លេងដ៏ជិតស្និទ្ធនៃភូមិសិប្បកម្មអាយុរាប់រយឆ្នាំ។
សិប្បការិនីឆ្នើម Phan Thi Thuan កំពុងផ្ដោតអារម្មណ៍ទៅលើសសៃសូត្រដ៏ភ្លឺផ្លេក។ លោកស្រីជាមនុស្សដំបូងគេដែលត្បាញសូត្រពីសសៃផ្កាឈូកដោយជោគជ័យ ហើយប្រើប្រាស់ដង្កូវនាង ដូចជាងតម្បាញម្នាក់ដែលត្បាញភួយសូត្រដោយខ្លួនឯងនៅប្រទេសវៀតណាម។
“ក្នុងតួនាតីជាសិប្បការិនីម្នាក់ ខ្ញុំអាចឧទ្ទេសនាមអំពីវិជ្ជាជីវៈរបស់ខ្លួន ដល់មនុស្សជាច្រើន ហើយក៏ចង់ឱ្យផលិតផលរបស់យើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងកសិកម្ម កសិករ និងជនបទផងដែរ។ ជាមួយនឹងមុខរបរប្រពៃណី តើយើងគួរធ្វើយ៉ាងណា ដើម្បីបង្ហាញឲ្យគេឃើញថា យើងមានផលិតផលដ៏ស្រស់ស្អាតបំផុត ដែលមានតម្លៃសេដ្ឋកិច្ច និងបម្រើអតិថិជន”។
ក្រណាត់សូត្រមានពណ៌ដ៏សម្បូរបែប។ (រូបថត៖ Ngô Nhung/VTC News) |
នៅក្នុងដំណើរត្រឡប់ទៅរកឫសគល់នៃថាំងឡុង - ហាណូយ “ផ្លូវបេតិកភណ្ឌថាំងឡុងភាគខាងត្បូង” លេចឡើងដូចជាផ្ទាំងគំនូរប្រកបដោយភាពសុខដុមរមនា ដែលប្រវត្តិសាស្ត្រ វប្បធម៌ និងសិប្បកម្មប្រពៃណីលាយឡំជាមួយគ្នា ដោយនិទានរឿងរ៉ាវអំពីមនុស្ស និងទឹកដីភាគខាងត្បូងដ៏សម្បូរ។ ចាប់ពីភូមិ Ha Thai ដែលល្បីល្បាញដោយស្នាដៃខ្មុកម្រ័ក្សធ្វើដោយដៃដ៏ប្រណិត ដែលធ្លាប់ត្រូវបាននាំចេញទៅកាន់ប្រទេសបារាំង និងជប៉ុន; រហូតដល់ភូមិ Cuu ដែលមានផ្ទះវីឡាបែបអាស៊ី-អឺរ៉ុបបុរាណ; ភូមិ Phuc Am ដ៏សម្បូរទៅដោយលក្ខណៈជំនឿប្រជាប្រិយ និងភូមិប្លែកៗជាច្រើនទៀត។ ភូមិសិប្បកម្មនីមួយៗ មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងក៏ជា «សារមន្ទីររស់» នៃវប្បធម៌ និងការងារសិល្បៈទៀតផង។ លោក Phung Quang Thang អ្នកជំនាញទេសចរណ៍ បានឲ្យដឹងថា៖
“មុខរបរដែលយើងបានឃើញ មិនមែនជារឿងដែលកើតឡើងក្នុងរយៈពេលខ្លីៗនោះទេ ប៉ុន្តែជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ អ្នកស្រុកបានថែរក្សា សូម្បីតែរបៀបធ្វើយ៉ាងយកចិត្តទុកដាក់បំផុតរបស់ប្រជាជន បានឈានដល់កម្រិតសិល្បៈផងដែរ។ នៅទីនេះ ក្រៅពីទៅទស្សនាភូមិសិប្បកម្ម យើងក៏មានទស្សនៈផ្សេងទៀតអំពីសិល្បៈសិប្បកម្មនៃមូលដ្ឋាននានានៅតំបន់ភាគខាងត្បូងទីក្រុងហាណូយ”។
ផលិតផលសិប្បកម្មខ្មុកម្រ័ក្សដ៏ប្រណិតនៅក្នុងភូមិ Ha Thai។ (រូបថត៖ Minh Đức/VTC News) |
ដំណើរ «ផ្លូវបេតិកភណ្ឌថាំងឡុងខាងត្បូង» មិនត្រឹមតែជាដំណើរកម្សាន្តឆ្លងកាត់កន្លែងល្បីៗប៉ុណ្ណោះទេ ថែមទាំងជាដំណើររុករកទឹកដីដែលបង្កប់នូវតម្លៃប្រវត្តិសាស្ត្រជាច្រើន ពីនោះភ្ញៀវទេសចរអាចទទួលបានអារម្មណ៍អំពីចង្វាក់ប្រពៃណីដែលកំពុងត្រូវបានប្រជាជនហាណូយថែរក្សា និងពង្រីកពីជំនាន់មួយទៅជំនាន់មួយទៀត៕