(VOVWORLD) - ក្រោយពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលក្នុងខេត្តឡាងសឺន ឃុំ Huu Lien កំពុងលេចចេញជាទីកន្លែងដ៏លេចធ្លោនៅលើផែនទីទេសចរណ៍នៅតំបន់ភ្នំភាគខាងជើងវៀតណាម។ ដោយមានទេសភាពបែបរហោស្ថាននៃភ្នំថ្មកំបោរ ជ្រលងភ្នំ និងច្រាំងថ្មបញ្ឈរជាជួរ ឃុំ Huu Lien បានក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់សកម្មភាពឡើងភ្នំផ្សងព្រេង ដោយទាក់ទាញភ្ញៀវទេសចរវ័យក្មេងជាច្រើនដែលចូលចិត្តការរុករកនិងការសាកល្បង។
ទិដ្ឋភាពនៅឃុំ Huu Lien - កន្លែងឡើងភ្នំដ៏ផ្សងព្រេងនៅកណ្តាលភ្នំថ្មកំបោរនៃខេត្តឡាងសឺន។ (រូបថត៖ យីថៃ/VOV-ភាគឦសាន) |
ធ្វើដំណើរតាមផ្លូវបត់យ៉ាងក្រវិចក្រវៀន ជុំវិញចង្កេះភ្នំនៃខេត្ត ឡាងសឺន ឃុំ Huu Lien លេចចេញជាមួយនឹងទេសភាពពណ៌បៃតងនៃវាលស្រែ និងជួរភ្នំថ្មកំបោរដ៏ធំសម្បើម។ ក្រោយពីការរួមបញ្ចូលគ្នានៃដែនរដ្ឋបាល មូលដ្ឋានបានឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍សហគមន៍យ៉ាងខ្លាំងក្លា ក្នុងនោះការឡើងភ្នំផ្សងព្រេងត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏ពិសេស ដែលបង្កើតជាចំណុចខុសប្លែកពីមូលដ្ឋានជិតខាង។
តំបន់ឡើងភ្នំ ស្ថិតនៅជាប់នឹងជ្រលងភ្នំ Huu Lien ដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីដើរពីភូមិ និងប្រហែល ១០ នាទីជិះម៉ូតូពីតំបន់ទេសចរណ៍សហគមន៍ Huu Lien ប៉ុណ្ណោះ។ នៅទីនេះ ច្រាំងថ្មបញ្ឈរជាជួរដែលមានកម្ពស់ចាប់ពី ៣០ ដល់ ៦០ ម៉ែត្រត្រូវបានពិនិត្យ និងដំឡើងប្រព័ន្ធយុថ្កានិងខ្សែពួរសុវត្ថិភាពតាមស្តង់ដារអន្តរជាតិ។ សកម្មភាពឡើងភ្នំប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ភាគច្រើននៅពេលព្រឹក និងពេលរសៀល ដែលមានអាកាសធាតុត្រជាក់។
ផ្លូវលំចូលដល់ជើងភ្នំ - ចំណុចចាប់ផ្តើមនៃផ្លូវឡើងភ្នំល្បីៗជាច្រើន។ (រូបថត៖ ហាលីន/VOV5) |
ចូលរួមសកម្មភាពឡើងភ្នំជាលើកដំបូង ហើយបានឆ្លងកាត់ការសាកល្បងនេះដោយជោគជ័យ លោក Dang Van Du បានចែករំលែកថា៖ “នេះជាលើកដំបូងដែលខ្ញុំឡើងភ្នំបែបនេះ។ វាមានអារម្មណ៍អស្ចារ្យ ប៉ុន្តែលាយឡំជាមួយនឹងការភ័យខ្លាចបន្តិច។ ការឡើងភ្នំបែបនេះភាគច្រើនប្រើកម្លាំងដៃនិងជើង ហើយខ្ញុំបានរៀនពីអ្នកដែលបានឡើងភ្នំមុនខ្ញុំ។ ឆ្លងកាត់ការសាកល្បងនេះ ហើយយកឈ្នះលើដែនកំណត់របស់ខ្លួនឯង ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់”។
មិនត្រឹមតែសម្រាប់មនុស្សដែលមានបទពិសោធន៍ប៉ុណ្ណោះទេ ផ្លូវឡើងភ្នំនៅ Huu Lien ត្រូវបានបែងចែកយ៉ាងច្បាស់លាស់តាមកម្រិតលំបាក៖ ចាប់ពីផ្លូវមូលដ្ឋានសម្រាប់មនុស្សថ្មី រហូតដល់ផ្លូវកម្រិតខ្ពស់សម្រាប់អ្នកឡើងភ្នំដែលមានបទពិសោធន៍។ កញ្ញា Duong Thi Hong បានចែករំលែកដោយភាពរីករាយថា៖
“ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ព្រោះខ្ញុំបានយកឈ្នះលើការសាកល្បងរបស់ខ្លួនឯង។ នេះជាលើកដំបូងដែលខ្ញុំឡើងភ្នំ ហើយសំណាងល្អណាស់ ដោយមានការជួយពីក្រុមគាំទ្រឡើងភ្នំ ឡាងសឺន ទីបំផុតខ្ញុំបានយកឈ្នះលើស្នាដៃដែលខ្ញុំនឹកស្មានមិនដល់។ នេះគឺជាការលើកទឹកចិត្តសម្រាប់ខ្ញុំឱ្យឡើងខ្ពស់ជាងនេះ នៅពេលក្រោយ។ ខ្ញុំប្រាកដជានឹងវិលត្រលប់មកឡាងសឺនវិញដើម្បីឡើងភ្នំ”។
លោក Son ដែលជាអ្នកណែនាំនិងគាំទ្រការឡើងភ្នំ នៃក្រុមហ៊ុន VietClimb បានចែករំលែកថា៖ “ពេលឡើងភ្នំ ស្មារតីគឺសំខាន់បំផុត។ ស្មារតីរឹងមាំ យើងប្រាកដនឹងឈ្នះ។ នៅពេលដែលមនុស្សម្នាក់ឡើងភ្នំ គឺអ្នកឡើងភ្នំនិងអ្នកកាន់ខ្សែពួរនឹងភ្ជាប់គ្នាទៅវិញទៅមកតាមរយៈខ្សែពួរ ដើម្បីគាំទ្រគ្នាទៅវិញទៅមក។”
ភ្ញៀវទេសចរ ប្រើខ្សែពួរសុវត្ថិភាព និងឧបករណ៍ការពារនៅពេលឡើងលើច្រាំងថ្មបញ្ឈរ។ (រូបថត៖ ឌឺហ៊ុង/VOV5) |
ការពេញចិត្តរបស់ភ្ញៀវទេសចរគឺជាការលើកទឹកចិត្តសម្រាប់ប្រជាជននិងអាជ្ញាធរ បន្តវិនិយោគពង្រីកផលិតផល។ នៅពេលខាងមុខ ឃុំ Huu Lien មានគោលបំណងចង់បង្កើតចង្កោមទេសចរណ៍ផ្សងព្រេងខ្នាតតូច ឆ្ពោះទៅរកការធ្វើអាជីវកម្មប្រកបដោយចីរភាព ធានាសុវត្ថិភាព និងការពារទេសភាពធម្មជាតិ។
យោងតាមថ្នាក់ដឹកនាំមូលដ្ឋាន ការអភិវឌ្ឍទេសចរណ៍ផ្សងព្រេងមិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏ជាទិសដៅដើម្បីជួយយុវជន និងសហគមន៍មូលដ្ឋាន ឱ្យទទួលបានគំរូរៀបចំដ៏ទំនើប និងវិជ្ជាជីវៈទៀតផង។
បច្ចុប្បន្ននេះ ក្លឹបឡើងភ្នំមួយចំនួននៅទីក្រុងហាណូយ ទីក្រុងហាយហ្វុង និងខេត្តក្វាងនិញ បានបញ្ចូល Huu Lien ក្នុងកាលវិភាគហ្វឹកហាត់យ៉ាងទៀងទាត់។ សកម្មភាពនេះបានជួយបង្កើនតម្រូវការសម្រាប់សេវាកម្មក្នុងស្រុកដូចជា ផ្ទះស្នាក់នៅ ម្ហូបអាហារ និងមគ្គុទ្ទេសក៍ទេសចរណ៍ ដែលផ្តល់នូវប្រភពចំណូលស្ថិរភាពសម្រាប់ប្រជាជន។
នៅក្នុងបរិបទដែលខេត្តឡាងសឺន បង្កើនការផ្សព្វផ្សាយរូបភាពក្រោយពីការរួមបញ្ចូលគ្នា ផលិតផលទេសចរណ៍ដូចជា Huu Lien មិនត្រឹមតែនាំមកនូវបទពិសោធន៍ដ៏ខុសប្លែកសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតការងារធ្វើប្រកបដោយចីរភាពសម្រាប់សហគមន៍ទៀតផង៕