វត្ត Non Nuoc - វត្តបុរាណដ៏វិសេសវិសាល
(VOVWORLD) - វត្ត Non Nuoc ស្ថិតនៅក្នុងតំបន់កេរ្តិ៍ដំណែលវិហារ Soc ក្នុងស្រុក Soc Son ទីក្រុងហាណូយ ត្រូវបានចាត់ទុកជាវត្តដែលមានសសរឈើផ្ជិតច្រើនជាងគេនៅប្រទេសវៀតណាម។ នេះក៏ជាវត្តបុរាណដ៏ស្រស់ស្អាតបំផុតមួយនៅប្រទេសវៀតណាមដែរ។
វត្ត Non Nuoc គឺជាកន្លែងគោរពបូជា ព្រះ Giong ដែលជាព្រះមួយអង្គក្នុងចំណោមព្រះអមតៈទាំង៤អង្គ នៅក្នុងជំនឿរបស់ប្រជាជនវៀតណាម ដែលមានគុណបំណាច់ក្នុងការវាយបរាជ័យពួកសត្រូវឈ្លានពាន An ក្នុងរជ្ជកាលស្តេច Hung ទី ៦ (១៦៧២- ១៦៣២ មុនគ.ស)។
វត្ត Non Nuoc ស្ថិតក្នុងបរិវេណព្រះវិហារ Soc ក្នុងស្រុក Soc Son ទីក្រុងហាណូយ។ រូបថត៖ VOV2 |
វត្ត Non Nuoc លេចធ្លោជាមួយនឹងព្រះវិហារដែលមានផ្ទៃដី ២៦០ម៉ែត្រការ៉ែ និងកម្ពស់ ១៤ ម៉ែត្រ។ ដើម្បីស័ក្តិសមនឹងតួនាទីជាវត្តបេតិកភណ្ឌនៃទឹកដីដ៏ពិសិដ្ឋ សំណង់នេះបានប្រើប្រាស់សំរិទ្ធិ ៣០តោនសម្រាប់ចាក់រូបសំណាក ឈើផ្ជិតចំនួន ៦០០ ម៉ែត្រគុប និងថ្មខៀវចំនួន ៣០០ម៉ែត្រគុប។ ដំបូលវត្តត្រូវបានប្រក់ក្បឿងស្រការលិញ តុបតែលំអដោយរូបនាគកោងតាមគែមដំបូល។ ក្បាលនាគមានរូបរាងចម្លែក ជាមួយនឹងស្នែង ធ្មេញ និងភ្នែកធំៗ។ ជាពិសេស នៅក្នុងព្រះវិហារ មានសសរឈើផ្ជិតចំនួន ៨០ ដែលមានប្រវែងប្រហែល ១៣ ម៉ែត្រ និងអង្កត់ផ្ចិតប្រហែល ៣៥ សង់ទីម៉ែត្រ។ នេះក៏ជាវត្តដែលមានសសរឈើផ្ជិតក្នុងព្រះវិហារ ច្រើនជាងគេនៅប្រទេសវៀតណាមផងដែរ។ ព្រះតេជគុណ Thich Khai Tuan ព្រះចៅអធិការវត្ត Non Nuoc បានមានសង្ឃដីការថា៖ “វត្តនេះត្រូវបានសាងសង់ឡើងតាមរចនាបថស្ថាបត្យកម្ម “Noi Cong, Ngoai Quoc” (មានន័យថា៖ សំណង់នៅខាងក្នុងត្រូវបានកសាងដូចអក្សរ Cong (工) រីឯសំណង់នៅខាងក្រៅ កសាងដូចអក្សរ Quoc (国))។ ដំបូងបង្អស់ នៅពេលចូលដល់ខ្លោងទ្វារវត្ត អ្នកនឹងឃើញព្រះវិហារ Hung Bao។ នៅពីក្រោយ គឺជាកន្លែងសក្ការៈបូជាព្រះសង្ឃដែលមានគុណបំណាច់បង្កើតវត្តនេះ”។
វត្ត Non Nuoc មានរូបសំណាកព្រះពុទ្ធធ្វើពីសំរិទ្ធិដ៏ធំបំផុតនៅវៀតណាម។ សំណាកព្រះពុទ្ធត្រូវបានដាក់តម្កល់នៅចំកណ្តាលវត្ត ដោយមានទម្ងន់ ៣០ តោន និងកម្ពស់ ៦,៥ ម៉ែត្រ។ ព្រះចៅអធិការដំបូងនៃវត្ត Non Nuoc គឺព្រះសង្ឃ Ngo Chan Luu (៩៣៣ - ១០១១) ដែលជាកូនចៅរបស់ស្តេច Ngo Quyen (ស្តេចដំបូងនៃរាជវង្ស Ngô នៅវៀតណាម) ។ នៅឆ្នាំ ៩៧១ ព្រះអង្គត្រូវបានស្តេច Ðinh Tien Hoang ប្រទានគោរមងារ Khuong Viet Đai su ។ នេះក៏ជាព្រះសង្ឃដំបូងគេដែលត្រូវបានរាជវង្សសក្តិភូមិប្រទានគោរមងារ សម្តេចព្រះមហាសង្ឃរាជ ដែលជាគោរមងារដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះពុទ្ធសាសនា។
ក្នុងបរិវែណនៃវត្ត Non Nuoc វិទ្យាស្ថានព្រះពុទ្ធសាសនាវៀតណាមត្រូវបានសាងសង់ឡើង ដែលជាសាលាបណ្តុះបណ្តាលព្រះសង្ឃមានទេពកោសល្យ ធំជាងគេនៅប្រទេសវៀតណាម។ លោក Lê Huu Dung ប្រជាជនរស់នៅក្បែរវត្ត Non Nuoc បាននិយាយដោយមោទនភាពថា៖ “វត្ត Non Nuoc មានទេសភាពស្រស់ស្អាតណាស់ មានដើមឈើបៃតងជាច្រើន មានភ្នំនិងមានបឹងទឹកថ្លា។ ការរចនាសាងសង់វត្តនេះមានភាពសុខដុមរមនាណាស់។ នៅពេលមកដល់ទីនេះ យើងមានអារម្មណ៍ថា អារម្មណ៍ខ្លួនមានភាពធូរស្រាល ស្ងប់ស្ងាត់ និងសុខក្សេមក្សាន្ត”។
វត្ត Non Nuoc ក៏មានរូបសំណាកព្រះពុទ្ធ ធ្វើពីសំរិទ្ធដ៏ធំបំផុតក្នុងប្រទេសវៀតណាម។ រូបថត៖ VOV2 |
ដោយមានទីតាំងស្ថិតក្នុងក្នុងតំបន់ កេរ្តិ៍ដំណែលវិហារ Soc បន្ទាប់ពីទស្សនាវត្ត Non Nuoc ភ្ញៀវទេសចរអាចទៅទស្សនាកំសាន្តតំបន់ជាច្រើនទៀតនៅទីនេះ ដូចជា៖ វិហារ Trinh (ឬហៅថាវិហារ Ha ជាកន្លែងគោរពបូជាព្រះអាទិទេព នៅភ្នំ Soc) វិហារព្រះម៉ែ (ជាកន្លែងគោរពបូជាមាតារបស់ព្រះ Giong) វិហារ Thuong (គោរពបូជាព្រះ Giong - Phu Đong Thien Vuong) វិទ្យាស្ថានព្រះពុទ្ធសាសនាវៀតណាម និងវិមានស្តូបព្រះ Giong ។ ជាមួយនឹងសិល្បៈស្ថាបត្យកម្មបុរាណពោរពេញទៅដោយស្លាកស្នាមប្រវត្តិសាស្ត្រ វត្ត Non Nuoc មិនត្រឹមតែជាវត្តអារាមដ៏សក្តិសិទ្ធិប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញនៅប្រទេសវៀតណាមទៀតផង៕