អញ្ជើញមកទឹកដី Ca Mau ទស្សនាព្រៃ U Minh ក្រោម

(VOVWORLD) - ព្រៃ U Minh ស្ថិតនៅតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងប្រទេសវៀតណាម ដែលលាតសន្ធឹងចាប់ពីទន្លេ Ong Doc ភាគខាងត្បូងខេត្ត Ca Mau រហូតដល់ទន្លេ Cai Lon ភាគខាងជើងខេត្ត Kien Giang។ ទន្លេចំនួន ២ ឈ្មោះ Trem Trem និង Cai Tau លាយបញ្ចូលគ្នា ដោយបែងចែកព្រៃ U Minh ជាពីរផ្នែកស្ទើរតែស្មើគ្នា គឺព្រៃ U Minh លើ នៅភាគខាងជើង និងព្រៃ U Minh ក្រោម នៅភាគខាងត្បូង។ ព្រៃ U Minh ក្រោម មានភាពល្បីល្បាញដោយទេសភាពធម្មជាតិដ៏រហោស្ថាន រួមជាមួយនឹងប្រភេទសត្វ និងរុក្ខជាតិចម្រុះ។

អញ្ជើញមកទឹកដី Ca Mau ទស្សនាព្រៃ U Minh ក្រោម - ảnh 1ជ្រុងមួយនៃព្រៃ U Minh ក្រោម ដែលមើលពីខាងលើ។ (រូបថត៖ Tran Hieu/VOV)

ព្រៃ U Minh ក្រោមមានផ្ទៃដី ៤៥ ពាន់ហិកតា ដែលស្ថិតនៅលើស្រុក U Minh និងស្រុក Tran Van Thoi នៃខេត្ត Ca Mau។ នេះគឺជាផ្នែកមួយក្នុងចំណោមផ្នែកស្នូលទាំងបីនៃតំបន់ជីវមណ្ឌលបម្រុងពិភពលោក Mui Ca Mau ដែលត្រូវបានទទួលស្គាល់ និងអភិរក្សដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ ក្នុងសម័យបុរាណកាល ឈ្មោះ "U Minh" (មានន័យថា ភាពងងឺត) បានធ្វើឱ្យប្រជាជន ស្រមើស្រមៃដល់រូបភាពនៃព្រៃស្រោងដ៏ធំល្វឹងល្វើយ។ អ្នកវប្បធម៌ Nham Hung បាននិយាយថា៖

“អ្នកនិពន្ធ Nguyen Van Bong ក្នុងសៀវភៅ “ទឹកដីព្រៃភាគខាងត្បូង” បានសរសេរថា៖ អ្នកគាស់រានដី ដែលមកដល់ជ្រោយ Ca Mau នេះ មួយគឺលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ពីរគឺត្រូវស៊ូទ្រាំដើម្បីរស់រាន។ មានន័យថា U Minh គឺជាព្រៃដ៏ស័ក្តិសិទ្ធ។ អ្នកណាមកទីនេះត្រូវរកគ្រប់វិធីដើម្បីទប់ទល់នឹងភាពសាហាវនៃធម្មជាតិ សត្វព្រៃ និងជំងឺដើម្បីរស់”។

ប្រវត្តិនៃការរស់រានមានជីវិតនៅព្រៃ U Minh ក្រោម ក៏បាននិយាយអំពីការផ្សាំងសត្វព្រៃផងដែរ ដែលជោគជ័យបំផុតគឺការទាក់ទាញឃ្មុំព្រៃឱ្យធ្វើសំបុកដើម្បីយកទឹកឃ្មុំ។ នៅក្រោមម្លប់ព្រៃស្មាច់ មនុស្សធ្វើសំបុកទាក់ទាញហ្វូងឃ្មុំមកធ្វើសំបុក។ ចាប់ពីខែកុម្ភៈ ជារៀងរាល់ឆ្នាំ គឺជាការត្រៀមរៀបចំសម្រាប់រដូវធ្វើសំបុកឃ្មុំ។ ដោយសារតែនេះជារដូវប្រាំង ព្រៃស្ងួត ផ្កាស្មាច់រីកស្គុះស្គាយ និងបញ្ចេញក្លិនក្រអូប។ តាមទម្លាប់របស់ឃ្មុំ កន្លែងណាមានក្លិនផ្កាក្រអូប ពួកវានឹងមកក្រេបយកទឹកដម និងធ្វើសំបុក។ សំបុកឃ្មុំមួយ ប្រសិនបើថែទាំបានល្អ អាចប្រមូលផលទឹកឃ្មុំបាន ៣-៤ ដងក្នុងមួយឆ្នាំ។ លោក Ho Van Hoang នៅឃុំ Khanh Binh Tay Bac ស្រុក Tran Van Thoi ខេត្ត Ca Mau បានឲ្យដឹងថា៖

“ជំនាន់ជីតា ឪពុក និងពូខ្ញុំ បានចិញ្ចឹមឃ្មុំក្នុងព្រៃ តាំងពីអាយុ១៣ឆ្នាំ រហូតមកដល់បច្ចុប្បន្នជិត៦០ឆ្នាំទៅហើយ។ ជីវិតក្នុងព្រៃគឺលំបាកជាងនៅក្រៅច្រើនដង។ ខ្ញុំគ្រាន់តែធ្វើការពីរដូវមួយទៅរដូវមួយទៀត ដើម្បីរកប្រាក់។ របរចិញ្ចឹមឃ្មុំត្រូវបានដូនតាបន្សល់ទុកមក ដូច្នេះខ្ញុំក៏សប្បាយដែរ”។

អញ្ជើញមកទឹកដី Ca Mau ទស្សនាព្រៃ U Minh ក្រោម - ảnh 2ទឹកឃ្មុំ U Minh ក្រោម ស្ថិតក្នុងជម្រើសអំណោយកំពូលទាំង ១០០ របស់វៀតណាម។ រូបថត៖ Tran Hieu/VOV

ទិន្នផលទឹកឃ្មុំដែលប្រមូលបានក្នុងព្រៃ U Minh ក្រោម មានប្រហែល ៧០០ តោន/ឆ្នាំ។ ទឹកឃ្មុំ U Minh ក្រោម ស្ថិតក្នុងជម្រើសអំណោយកំពូលទាំង ១០០ របស់វៀតណាម។ នេះជាមុខរបរមួយដែលរួមចំណែកចិញ្ចឹមជីវិត ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ លោក Pham Duy Khanh ម្ចាស់ទីតាំងទេសចរណ៍អេកូឡូស៊ី Muoi Ngot ឃុំ Khanh Binh Tay Bac ស្រុក Tran Van Thoi បានឲ្យដឹងថា៖

“ទីតាំងទេសចរណ៍គឺជាតំបន់ព្រៃដែលស្ថិតនៅជិតឧទ្យានជាតិ U Minh ក្រោម។ នេះគឺជាកន្លែងដែលមានផ្ទៃដីព្រៃធម្មជាតិដ៏ធំល្វឹងល្វើយ ដូច្នេះហើយមានឃ្មុំជាច្រើនហើរមកទីនេះ។ ភ្ញៀវទេសចរអាចដើរ ឬជិះទូកទៅទស្សនាសំបុកឃ្មុំជាច្រើន ហើយស្តាប់អ្នកចិញ្ចឹមឃ្មុំ ពន្យល់បន្ថែមអំពីរបៀបធ្វើសំបុកឃ្មុំ។ អ្នកណាដែលចង់សាកល្បង អាចទៅជិតសំបុកឃ្មុំដើម្បីទទួលយកអារម្មណ៍ដ៏រំភើបដោយបានឃើញផ្ទាល់ឃ្មុំរាប់ពាន់ក្បាល។ បន្ទាប់មក អង្គុយនៅក្រោមម្លប់ព្រៃដើម្បីទទួលទានផលិតផលដែលអ្នកទើបតែប្រមូលបាន”។

បច្ចុប្បន្ននេះ ព្រៃ U Minh ក្រោម ក្នុងខេត្ត Ca Mau មានផ្ទៃដីចំនួន ៣៥.០០០ ហិកតា។ ប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ និងសត្វមានភាពចម្រុះ និងសម្បូរបែប ជាមួយនឹងរុក្ខជាតិជាង ១០០ ប្រភេទ និងសត្វចំនួន ១៩៨ ប្រភេទ រួមទាំងសត្វស្លាប ល្មូន មណ្ឌុកសត្វ និងត្រីទឹកសាប។ ភ្ញៀវនៅពេលមកលេងផ្ទះ ត្រូវបានចាត់ទុកដូចសមាជិកគ្រួសារអញ្ចឹង។ អ្នកកាសែត Nguyen Tien Trinh បានចែករំលែក៖

“ប្រជាជន Ca Mau មានភាពស្លូតបូត និងទឹកចិត្តស្មោះត្រង់។ អ្វីៗដែលមាននៅផ្ទះ គេក៏យកចេញអញ្ជើញភ្ញៀវដែរ។ ដូច្នេះហើយ ភ្ញៀវទេសចរពេលមក Ca Mau មានអារម្មណ៏ហាក់ដូចជាបានត្រឡប់មកផ្ទះខ្លួនអញ្ចឹង”។

U Minh ក្រោម សព្វថ្ងៃនេះត្រូវបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍ ជាពិសេសការធ្វើអាជីវកម្មទេសចរណ៍។ ព្រឹត្តិការណ៍ “ក្លិនព្រៃឈើ U Minh” ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយខេត្ត Ca Mau ដើម្បីផ្សព្វផ្សាយរូបភាពនៃទឹកដីនេះដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកនាំឱ្យព្រៃឈើ U Minh ក្លាយជាគោលដៅលេចធ្លោនៅភាគខាងត្បូងប្រទេសវៀតណាម។ មកដល់ U Minh ក្រោម ជាមួយនឹងព្រៃស្មាច់បៃតង ទឹកក្រហម និងភាពរួសរាយរាក់ទាក់របស់ប្រជាជននៅទីនេះ ធ្វើឲ្យយើងមានអារម្មណ៍ជិតស្និទ្ធជាមួយធម្មជាតិដ៏រហោស្ថាននៅភាគខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ