កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - ចំណុចភ្លឺ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី

(VOVWORLD) - ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥៥មក ទំនាក់ទំនងវៀតណាម - ឥណ្ឌូនេស៊ីតែងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ។ វៀតណាម និងឥណ្ឌូនេស៊ីបច្ចុប្បន្ន ស្ថិតក្នុងចំណោមដៃគូសំខាន់ៗជួរមុខរបស់គ្នាក្នុងតំបន់ ដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានកត់ត្រាវឌ្ឍនភាពដ៏អស្ចារ្យ ក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។

“ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌូណេស៊ីមានការរីកចម្រើនយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំកន្លងមកនេះ។ បច្ចុប្បន្នក្នុងអាស៊ាន ឥណ្ឌូនេស៊ីគឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាម ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់ឥណ្ឌូនេស៊ី។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានលើសពីកម្រិត ១៦ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៤ ដែលក្នុងនោះការនាំចេញពីវៀតណាមទៅឥណ្ឌូនេស៊ីត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតពាណិជ្ជកម្មទ្វេភាគីខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងមក"

ទាំងនេះគឺជាតួលេខគួរឱ្យគត់សម្គាល់ដែលត្រូវបានលើកឡើងដោយលោក Tran Minh Hung ប្រធានសមាគមមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ី នៅពេលវាយតំលៃចំពោះសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងសិក្ខាសាលា “វៀតណាម - ឥណ្ឌូនេស៊ីឆ្ពោះទៅឆ្នាំ ២០៤៥៖ ពង្រឹងភាពជាដៃគូ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ចំណងមិត្តភាព” ដែលប្រព្រឹត្តទៅនាចុងខែមីនាកន្លងទៅ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - ចំណុចភ្លឺ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី - ảnh 1Tran Minh Hung ប្រធានសមាគមមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ី 

បច្ចុប្បន្ននេះ វៀតណាមជាអ្នកផ្គត់ផ្គង់ដ៏មានកិត្យានុភាព នូវផលិតផលជាច្រើនមុខទៅកាន់ទីផ្សារឥណ្ឌូនេស៊ី ដូចជាអង្ករ កាហ្វេ ជលផល វាយនភណ្ឌកាត់ដែរ ទូរស័ព្ទចល័ត គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន...។ ប្រាក់ចំណូលនៃការនាំចេញទំនិញទាំងនេះទៅកាន់ប្រទេសឥណ្ឌូនេស៊ីគឺប្រហែល ៥០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ជាមួយនឹងអត្រាកំណើនពី ១៥-៣០% ។ ម៉្យាងវិញទៀត ផលិតផលជាច្រើនដែលជាប្រៀបខ្លាំងរបស់ឥណ្ឌូនេស៊ី ដូចជា ធ្យូងថ្ម ប្រេងដូង ផលិតផលគីមីឥន្ធនៈ និងរថយន្ត ក៏ត្រូវបានសហគ្រាសវៀតណាមយកចិត្តទុកដាក់និងនាំចូលផងដែរ។ លោកស្រី Phan Thi Dieu Linh អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង និងសហប្រតិបត្តិការក្នុងតំបន់ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានធ្វើអត្ថាធិប្បាយថា៖

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - ចំណុចភ្លឺ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី - ảnh 2លោកស្រី Phan Thi Dieu Linh អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង និងសហប្រតិបត្តិការក្នុងតំបន់។

“សម្រេចបាននូវលទ្ធផលកំណើនពាណិជ្ជកម្មជាវិជ្ជមានទាំងនេះ គឺដោយសារមានការយកចិត្តទុកដាក់និងការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់; កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ក្រសួង ស្ថាប័ន នាយកដ្ឋាន សាខា និងសមាគម ការខិតខំប្រឹងប្រែង សកម្ម និងម្ចាស់ការរបស់សហគ្រាស ហើយក៏មានតួនាទីដ៏សំខាន់នៃការវិនិយោគក្រៅប្រទេសរបស់សហគ្រាសវៀតណាម និងឥណ្ឌូនេស៊ីផងដែរ”

 

គិតត្រឹមឆ្នាំ ២០២៣ ឥណ្ឌូនេស៊ីបានវិនិយោគលើគម្រោងជាង ៣០០ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបប្រហែល ៨០០ លានដុល្លារអាមេរិក។ សហគ្រាសនិងក្រុមហ៊ុនឥណ្ឌូណេស៊ីជាច្រើនកំពុងវិនិយោគ និងធ្វើអាជីវកម្មដោយជោគជ័យនៅវៀតណាមដូចជា៖ Ciputra, Traveloka, Vietmindo Energitama, Japfa Comfeed Vietnam,...។ ផ្ទុយទៅវិញ សហគ្រាស និងសារជីវកម្មធំៗរបស់វៀតណាមបានមានវត្តមាន និងបង្កើតសញ្ញាសំគាល់នៅក្នុងទីផ្សារឥណ្ឌូណេស៊ី ដូចជា Vingroup, FPT, Era Blue ផងដែរ។ ប្រជាជននៃប្រទេសរាប់មឺនកោះ បានធ្លាប់ស្គាល់ដល់រថយន្ត VinFast តាក់ស៊ីអគ្គិសនី SM Green ផឹកកាហ្វេវៀតណាម ឬទិញរបស់របរអគ្គិសនីក្នុងផ្ទះនៅក្នុងបណ្តាញផ្សារទំនើប The Gioi Di Dong។ល។  ម៉ាកយីហោនៃសាជីវកម្ម និងសហគ្រាសឥណ្ឌូនេស៊ីជាច្រើនក៏បានកំណត់ឋានៈរបស់ខ្លួនក្នុងចិត្តអតិថិជនវៀតណាម ដូចជាមី Indomie តំបន់ទីក្រុង Ciputra ឬកម្មវិធីធ្វើដំណើរ Traveloka ជាដើម។

យោងតាមវិនិយោគិន វិស័យដែលមានសក្តានុពលបំផុតមួយគឺភស្តុភារ និងការដឹកជញ្ជូនពណ៌បៃតង ដែល VinFast គឺជាឧទាហរណ៍មួយ។ ក្នុងរយៈពេលមិនដល់មួយឆ្នាំនៃការវិនិយោគក្នុងទីផ្សារឥណ្ឌូនេស៊ី Vinfast បានបង្ហាញដោយជោគជ័យនូវម៉ូដែលរថយន្តសាំងនិងរថយន្តអគ្គិសនី សាងសង់រោងចក្ររថយន្តនៅ Subang បើក Showroom ចំនួន ២០ បើកដំណើរការសេវាកម្មតាក់ស៊ីអគ្គិសនី SM Green ហើយនាពេលថ្មីៗនេះបានសហការជាមួយក្រុមហ៊ុន PT Penta Artha Impressi ដើម្បីពង្រីកបណ្តាញរោងជាងសេវាកម្ម លើកកម្ពស់គុណភាពក្រោយការលក់ និងគាំទ្រអ្នកប្រើប្រាស់ឱ្យប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ។ សម្តែងការរំពឹងទុកចំពោះសក្ដានុពលនៃការធ្វើអាជីវកម្មលើទីផ្សារឥណ្ឌូនេស៊ីក្នុងវិស័យយានយន្តអគ្គិសនីសម្រាប់ Vinfast និងសហគ្រាសវៀតណាមនិយាយរួម លោក Nguyen Dinh Chien នាយកផ្នែកវិនិយោគនៃក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអាជីវកម្ម Vinfast បានឲ្យដឹងថា៖ "នៅមានឱកាសជាច្រើនសម្រាប់ធ្វើអាជីវកម្មក្នុងវិស័យយានយន្តអគ្គិសនីនៅឥណ្ឌូនេស៊ី នៅពេលដែលអត្រាប្រើប្រាស់យានយន្តអគ្គិសនីនៅឥណ្ឌូនេស៊ីសម្រេចបាន ៨% ប៉ុណ្ណោះ។ ឥណ្ឌូនេស៊ីជាប្រទេសដ៏សំខាន់ណាស់ ដែលតែងតែជាចំណុចកណ្តាលនៃបដិវត្តន៍យានយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹង ៦៨% នៃចំនួនប្រជាជនក្នុងអាយុវ័យធ្វើការ ប្រជាជនវ័យក្មេងមានចំណេះដឹងផ្នែកបច្ចេកវិទ្យានិងមានឆន្ទៈក្នុងការសាកល្បងបច្ចេកវិទ្យាថ្មីៗ កំណើនសេដ្ឋកិច្ចខ្ពស់និងស្ថិរភាព លើសពីនេះ ក៏មានការគាំទ្រផ្លូវច្បាប់និងការឧបត្ថម្ភដ៏សំខាន់របស់រដ្ឋាភិបាលផងដែរ”

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - ចំណុចភ្លឺ នៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី - ảnh 3អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីខែមីនាកន្លងទៅ វៀតណាម និងឥណ្ឌូនេស៊ីបានលើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយកំណត់គោលដៅទំហំពាណិជ្ជកម្មចំនួន ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨ ដោយសន្យាថា នឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងជំរុញលំហូរទុនកាន់តែច្រើនឡើង ក្នុងវិស័យអាទិភាពដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ឧស្សាហកម្ម។ ទាំងនេះនឹងក្លាយជាបុព្វបទសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-ឥណ្ឌូនេស៊ី ដើម្បីសម្រេចបានវឌ្ឍនភាពកាន់តែច្រើននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ