កោះស៊ីឆាង៖ ​​អភិរក្សក្តាមខៀវ និង​លើកកំពស់ជីវភាពរស់នៅ​របស់​អ្នក​ស្រុក

(VOVWORLD) - នាប៉ុន្មានឆ្នាំថ្មីៗនេះ ធនធានជលផលបានថយចុះជាបណ្ដើរៗ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជានេសាទនៅលើកោះស៊ីឆាង (ខេត្ត Chon Buri - ថៃ)។ ដូច្នេះហើយ សកម្មភាពស្រាវជ្រាវ និងអភិរក្សប្រភេទជលផលមួយចំនួនដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ត្រូវបានអាជ្ញាធរមូលដ្ឋាននិងប្រជាជនកោះស៊ីឆាងសម្របសម្រួលអនុវត្តន៍យ៉ាងខ្លាំង។ ប្រការនេះ រួមចំណែកដល់ការស្ដារឡើងវិញនូវបរិស្ថានអេកូឡូស៊ីសមុទ្រ កែលម្អរបររកស៊ី និងបង្កើនប្រាក់ចំណូលសម្រាប់អ្នកនេសាទនៅលើកោះ។
កោះស៊ីឆាង៖ ​​អភិរក្សក្តាមខៀវ និង​លើកកំពស់ជីវភាពរស់នៅ​របស់​អ្នក​ស្រុក - ảnh 1ទេសភាពខាងក្រៅនៃមជ្ឈមណ្ឌល។

អស់រយៈពេលជាង ៤ ឆ្នាំកន្លងទៅ។ លោកវេជ្ជបណ្ឌិត Nilnaj Chaitanawisuti - ទទួលបន្ទុកមជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជជលផលនៅកោះស៊ីឆាង នៅតែខិតខំប្រឹងប្រែងស្រាវជ្រាវនិងសម្របសម្រួលប្រតិបត្តិការនៅមជ្ឈមណ្ឌលនេះ។

"បេសកកម្មចម្បងរបស់មជ្ឈមណ្ឌលគឺស្ដារឡើងវិញធនធាននិងប្រព័ន្ធអេកូឡូស៊ីនៅឆ្នេរសមុទ្រ តាមរយៈការរៀបចំឲ្យប្រជាជនចូលរួមក្នុងការស្ដារឡើងវិញសមុទ្រ"។

កោះស៊ីឆាង៖ ​​អភិរក្សក្តាមខៀវ និង​លើកកំពស់ជីវភាពរស់នៅ​របស់​អ្នក​ស្រុក - ảnh 2កន្លែបង្កាត់ពូជក្តាមខៀវនៅមជ្ឈមណ្ឌល។

ដើម្បីស្តារធនធានសមុទ្រឡើងវិញ កាលពីជាង ៤ ឆ្នាំមុន ពីគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានស្រាវជ្រាវនៃសាកលវិទ្យាល័យ Chulalongkorn ក្រោមការឧបត្ថម្ភរបស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ Maha Chakri Sirindhorn (ម៉ាហា ចក្រី សិរិន្ទថន) មជ្ឈមណ្ឌលបង្កាត់ពូជក្តាមខៀវត្រូវបានបង្កើតឡើងនៅលើកោះស៊ីឆាង។ លក្ខណៈពិសេសនៃគំរូនេះ គឺវិធីសាស្រ្តសហគមន៍៖ អ្នកនេសាទមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាដៃគូក្នុងការអភិរក្សទៀតផង។ ពួកគេនាំយកក្ដាមមានពងទៅកាន់មជ្ឈមណ្ឌល ហើយក្តាមខៀវទាំងនោះ ត្រូវបានចិញ្ចឹមរហូតដល់ពេលដែលពងញាស់ជាកូនក្តាមរាប់លានក្បាល រួចត្រូវបានដោះលែងចូលសមុទ្រវិញ៖      “យើងនឹងចិញ្ចឹមក្ដាមមានពងរហូតដល់ពងញាស់ ទើបដោះលែងវាចូលទៅសមុទ្រ។ និយាយឲ្យសាមញ្ញទៅ ក្តាមខៀវមានពងគឺជាដើមទុន ប្រជាជនឲ្យយើងចិញ្ចឹមរហូតដល់ពងញាស់ ហើយដោះលែងចូលសមុទ្រវិញ។ នោះគឺជាការបង្កើតប្រាក់ចំណេញសម្រាប់អនាគត”។

កោះស៊ីឆាង៖ ​​អភិរក្សក្តាមខៀវ និង​លើកកំពស់ជីវភាពរស់នៅ​របស់​អ្នក​ស្រុក - ảnh 3លោកវេជ្ជបណ្ឌិត Nilnaj Chaitanawisuti - ទទួលបន្ទុកមជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជជលផលនៅកោះស៊ីឆាង ។

មកទល់នឹងពេលនេះ អ្នកនេសាទនៅលើកោះស៊ីឆាង បាននាំយកក្តាមខៀវប្រមាណ ៤០,០០០ ក្បាល មកដាក់នៅមជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជជលផល។ ក្តាមមានពងមួយក្បាល់អាចញាស់ជាកូនក្តាមចំនួន ១ លានក្បាល។ សរុបមក ក្តាមខៀវប្រមាណ ៤០ពាន់លានក្បាលត្រូវបានដោះលែងចូលសមុទ្រពីធនាគារក្តាមខៀវ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សក្តាមខៀវរបស់អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលបានជួយកែលម្អសកម្មភាពនេសាទរបស់អ្នកនេសាទនៅលើកោះស៊ីឆាង៖ “យើងតាមដានថា តើស្ថានភាពនេសាទរបស់ប្រជាជនមានភាពប្រសើរឡើង ឬកាន់តែយ៉ាប់យ៉ឺន។ មុនឆ្នាំ ២០១៧ អ្នកចាប់ក្តាមខៀវស្ទើរតែបោះបងចោលរបរនេះ ព្រោះមិនអាចចាប់ក្តាមខៀវបានឡើយ។ បន្ទាប់ពីយើងខ្ញុំបង្កើតមជ្ឈមណ្ឌលបានរយៈពេលប្រហែល ២ ឆ្នាំ អ្នកនេសាទបានចាប់ផ្តើមទៅចាប់ក្តាមខៀវម្តងទៀត។ សម្រាប់អ្នកដែលនៅតែប្រកបរបរបានចាប់ក្តាមខៀវកាន់តែកើនឡើង”។

ដោយកើតមកនិងធំដឹងក្តីនៅលើកោះ ស៊ីឆាង លោក Tai Lu គឺជាអ្នកនេសាទម្នាក់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ លោក Tai Lu ធ្វើការនេសាទជាចម្បងគឺក្តាមខៀវ។ ដោយយល់ដឹងពីអត្ថប្រយោជន៍នៃសកម្មភាពអភិរក្ស លោក Tai Lu បានម្ចាស់ការនាំយកក្តាមខៀវមានពងមកកាន់មជ្ឈមណ្ឌល បន្ទាប់ពីការធ្វើដំណើរនេសាទម្តងៗ។ ទិន្នផលក្តាមខៀវដែលលោក Tai Lu ចាប់បាន ក្នុងដំណើរនេសាទនីមួយៗកាន់តែប្រសើរឡើង។ ប្រសិនបើកាលពីមុននោះ លោក Tai Lu អាចចាប់បានក្តាមខៀវ ១០គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះ លោកចាប់បាន ២០គីឡូក្រាមក្នុងមួយថ្ងៃ។ លោក Tai Lu បានចែករំលែកដោយក្តីរំភើបថា៖  ឥឡូវនេះ ក្តាមខៀវមានច្រើនណាស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ក្តាមធំមានតម្លៃប្រហែល ៤០០ បាត/គីឡូក្រាម ក្តាមទម្ងន់មធ្យមមានតម្លៃ ៣០០បាត/គីឡូក្រាម និងក្តាមតូច ២០០បាត/គីឡូក្រាម។ ខ្ញុំចាប់បានក្តាមខៀវមានពងប្រហែល ២គីឡូក្រាម ក្នុងមួយថ្ងៃ។ ប្រាក់ចំណូលកាន់តែកើនឡើង។ ខ្ញុំសហការជាមួយសាកលវិទ្យាល័យ Chulalongkorn ព្រោះខ្ញុំមើលឃើញពីអត្ថប្រយោជន៍ ដែលមជ្ឈមណ្ឌលនាំមកជូន។ មជ្ឈមណ្ឌលដោះលែងក្តាមខៀវចូលសមុទ្រ ហើយយើងខ្ញុំនឹងទទួលផលពីប្រតិបត្តិការរបស់មជ្ឈមណ្ឌល”។

កោះស៊ីឆាង៖ ​​អភិរក្សក្តាមខៀវ និង​លើកកំពស់ជីវភាពរស់នៅ​របស់​អ្នក​ស្រុក - ảnh 4 លោក Tai Lu នាំយកក្តាមខៀវមកមជ្ឈមណ្ឌល។

ជាមួយនឹងអត្ថប្រយោជន៍ជាក់ស្តែងដែលមជ្ឈមណ្ឌលនាំមក បច្ចុប្បន្ននេះអ្នកនេសាទទាំងអស់នៅលើកោះស៊ីឆាង បានយល់ព្រមសហការជាមួយមជ្ឈមណ្ឌលដើម្បីបង្កាត់ពូជក្តាមខៀវ រួមចំណែកស្តារឡើងវិញបរិស្ថានសមុទ្រ និងលើកកម្ពស់ជីវភាពរស់នៅ។ ប្រការនេះ ជួយមជ្ឈមណ្ឌលក្លាយជាមជ្ឈមណ្ឌលគំរូ ដើម្បីចម្លងទៅបណ្តាស្រុកឆ្នេរសមុទ្រនៃខេត្ត Chon Buri ។ អ្នកស្រី Siyamon Thianngam មន្ត្រីជលផលស្រុកកោះស៊ីឆាង បានឲ្យដឹងថា៖ "គំរូមជ្ឈមណ្ឌលបង្កាត់ពូជក្តាមខៀវត្រូវបានចម្លងយ៉ាងទូលំទូលាយនៅតាមបណ្តាស្រុកកោះ Sattahip, Bang Saray, Si Racha, Ao Udom និង Wat Komoot នៃខេត្ត Chon Buri។ ជាពិសេស លោកបណ្ឌិត Nilnaj Chaitanawisuti បានមកគាំទ្រដោយផ្ទាល់ ក្នុងការបង្កើតនិងប្រតិបត្តិការមជ្ឈមណ្ឌលបង្កាត់ពូជក្តាមខៀវនៅក្នុងមូលដ្ឋានទាំងនេះ"។

កោះស៊ីឆាង៖ ​​អភិរក្សក្តាមខៀវ និង​លើកកំពស់ជីវភាពរស់នៅ​របស់​អ្នក​ស្រុក - ảnh 5លោកវេជ្ជបណ្ឌិត Nilnaj Chaitanawisuti ឧទ្ទេសនាមដល់ក្រុមអ្នកកាសែតនៃ VOV អំពីមជ្ឈមណ្ឌល។ 

ថ្វីត្បិតតែនៅជិតទីក្រុងបាងកក និងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ Pataya ក៏ដោយ កោះស៊ីឆាង (ខេត្ត Chon Buri) មិនទាន់ល្បីឈ្មោះក្នុងចំណោមភ្ញៀវទេសចរណ៍ឡើយ។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រ អាជ្ញាធរមូលដ្ឋាននិងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ បានរួមចំណែកស្ដារឡើងវិញប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ នេះគឺជាលក្ខខណ្ឌដ៏សំខាន់មួយសម្រាប់កោះស៊ីឆាង អភិវឌ្ឍផលិតផលទេសចរណ៍ពិសេស នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពស្រាប់អ្នកស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ