គម្រោង “ភូមិ​មួយ​ មេចុង​ភៅមួយ” ជំរុញ​អំណាចទន់របស់ថៃ តាមរយៈម្ហូបអាហារ​

(VOVWORLD) - ជាមួយនឹងគោលដៅក្លាយជា "ផ្ទះបាយនៃពិភពលោក" ប្រទេសថៃកំពុងជំរុញដោយឥតឈប់ឈរនូវសគោលនយោបាយអភិវឌ្ឍន៍អំណាចទន់ក្នុងវិស័យភោជនាហារ។ ក្នុងនោះ គម្រោង “ភូមិមួយ មេចុងភៅមួយ” (OFOS) ត្រូវបានសង្ឃឹមថា នឹងបណ្តុះបណ្តាលនិងផ្តល់ក្រុមមេចុងភៅមានជំនាញធ្វើម្ហូបថៃ ដោយមានបរិមាណច្រើននិងគុណភាពខ្ពស់សម្រាប់ពិភពលោកទាំងមូល។

នៅក្នុងមជ្ឈមណ្ឌលសិក្សាបេតិកភណ្ឌម្ហូបអាហារថៃ ដែលមានទីតាំងស្ថិតក្នុងបរិវេណវិទ្យាស្ថានម្ហូបអាហារជាតិ(NFI) មេចុងភៅ Jay Fai ម្ចាស់ហាងអាហារតាមដងផ្លូវ Jay Fai កំពុងបង្ហាញបច្ចេកទេសធ្វើមុខម្ហូប “ពងមាន់មូលសាច់ក្តាម” ដ៏ល្បីល្បាញដែលជាប់តារា Michelin ទៅកាន់ហ្វូងសិស្សដែលចូលរួមក្នុងគម្រោង "ភូមិមួយ មេចុងភៅថៃ"។ នេះជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបថៃទាំង ៥០ ដែលកម្មសិក្សាមានឱកាសរៀន នៅពេលចូលរួមក្នុងគម្រោងនេះ។ ចែករំលែកអំពីមុខម្ហូបនេះ មេចុងភៅ Jay Fai បានឲ្យដឹងថា៖ 

“មុខម្ហូបនេះ ត្រូវបានអតិថិជនបរទេសជាច្រើននិយមចូលចិត្ត។ ប្រជាជនថៃក៏និយមញ៉ាំមុខម្ហូបនេះដែរ។ អាចនិយាយបានថា ម្ហូបថៃមានរស់ជាតិឈ្ងុយឆ្ងាញ់និងសម្បូរបែបណាស់ មិនអន់ជាងប្រទេសដទៃឡើយ។ បើយើងស្រលាញ់និងយកចិត្តទុកដាក់នោះ យើងនឹងធ្វើបានមុខម្ហូបដ៏ឆ្ងាញ់ពិសារ”។

គម្រោង “ភូមិ​មួយ​ មេចុង​ភៅមួយ” ជំរុញ​អំណាចទន់របស់ថៃ តាមរយៈម្ហូបអាហារ​ - ảnh 1មេចុងភៅ Jay Fai។

គម្រោង "ភូមិមួយ មេចុងភៅមួយ" ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យភោជនាហារ ដែលអូសបន្លាយរយៈពេល ៤ ឆ្នាំ រហូតដល់ឆ្នាំ ២០២៧ ប្រជាជនថៃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មកពីភូមិសិប្បកម្មប្រមាណ៧៨.០០០ភូមិនៅទូទាំងប្រទេស នឹងត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញធ្វើម្ហូបថៃ សំដៅបណ្តុះបណ្តាលមេចុងភៅមានជំនាញធ្វើម្ហូបថៃ ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក។ មេចុងភៅ លោក Chumphol Jangprai ប្រធានអនុគណៈកម្មការជំរុញឧស្សាហកម្មម្ហូបអាហារថៃបានមានប្រសាសន៍ថា៖

“ការបណ្តុះបណ្តាលមេចុងភៅក្រោមគម្រោង "ភូមិមួយ មេចុងភៅមួយ" នឹងគាំទ្រដល់ឧស្សាហកម្មម្ហូបអាហារថៃទាំងក្នុងស្រុកនិងនៅបរទេស។ ជាពិសេសនៅបរទេស តម្រូវការមេចុងភៅថៃមានប្រាក់ចំណូលខ្ពស់។ ប្រការនេះជួយមេចុងភៅថៃមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។ យើងនឹងបន្តផ្សព្វផ្សាយនិងគាំទ្រអាជីវកម្មភោជនីយដ្ឋានថៃ ដែលបច្ចុប្បន្នមានភោជនីយដ្ឋានជាង ២០.០០០ កន្លែងនៅទូទាំងពិភពលោក។ ការនាំចេញគ្រឿងទេសដូចជាខ្ទិះដូង ទឹកម្ទេស និងទឹកត្រី សម្រាប់រៀបចំម្ហូបថៃ នឹងជួយបង្កើតប្រាក់ចំណេញរាប់រយទ្រីលានបាត ជារៀងរាល់ឆ្នាំ”។

វគ្គបណ្តុះបណ្តាលនិងលើកកម្ពស់ជំនាញធ្វើម្ហូបថៃ ក្រោមគម្រោង"ភូមិមួយ មេចុងភៅមួយ" ត្រូវបានរៀបចំឡើងតាមអ៊ីនធឺណិតផងនិងដោយផ្ទាល់ផង ហើយមិនគិតថ្លៃទាំងស្រុង នៅតាមវិទ្យាស្ថានអប់រំទូទាំងប្រទេសថៃ ជាមួយនឹងមូលនិធិមកពីរដ្ឋាភិបាល។ នៅទីក្រុងបាងកក វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសិក្សាបេតិកភណ្ឌម្ហូបអាហារថៃ នៅក្នុងបរិវេណវិទ្យាស្ថានម្ហូបអាហារជាតិ (NFI)។ លោកស្រី Yuwapha Jaiboon នាយីការ NFI មានប្រសាសន៍ថា កម្មសិក្សានឹងស្វែងយល់ពីអាថ៌កំបាំងធ្វើមុខម្ហូបបែបប្រពៃណី ចាប់ពីរូបមន្តក្នុងរាជវង្សបុរាណ រហូតដល់មុខម្ហូបពិសសេសប្រចាំតំបន់នីមួយៗ បច្ចេកទេសធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងការជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពល្អ៖  

“គម្រោងនេះ នឹងជួយលើកកម្ពស់វិជ្ជាជីវៈរបស់មេចុងភៅថៃ ប្រែក្លាយពួកគេទៅជាឥស្សរជនដ៏មានឥទ្ធិពល រួមចំណែកផ្សព្វផ្សាយ និងនាំយកម្ហូបថៃទៅកាន់ពិភពលោក។ វគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនឹងរួមបញ្ចូលវគ្គសិក្សាទ្រឹស្តីចំនួន ៩០ ម៉ោង និងការអនុវត្តជាក់ស្តែងចំនួន ១៥០ម៉ោង សម្រាប់ម៉ឺនុយ ចំនួន៥០។ កម្មសិក្សាត្រូវឆ្លងកាត់ការប្រឡង និងទទួលបានវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ហើយអាចក្លាយជាមេចុងភៅជំនាញក្នុងភោជនីយដ្ឋាននៅប្រទេសថៃ ក៏ដូចជានៅបរទេសផងដែរ”។

គម្រោង “ភូមិ​មួយ​ មេចុង​ភៅមួយ” ជំរុញ​អំណាចទន់របស់ថៃ តាមរយៈម្ហូបអាហារ​ - ảnh 2សិក្ខាកាមចូលរួមគម្រោង "ភូមិមួយ មេចុងភៅមួយ"។

ក្រៅពីការបណ្តុះបណ្តាលមេចុងភៅ គម្រោងនេះក៏ផ្តល់វគ្គបណ្តុះបណ្តាលផ្នែកគ្រប់គ្រងចុងភៅ និងវគ្គបណ្តុះបណ្តាល់ “សហគ្រិនភោជនីយដ្ឋានថៃ” ផងដែរ។ តាមរយៈគម្រោង "ភូមិមួយ មេចុងភៅមួយ" ប្រទេសថៃមានគោលបំណងលើកកម្ពស់វិជ្ជាជីវៈ និងបណ្តុះបណ្តាលមនុស្សចំនួន ៧៥.០៨៦ នាក់ឱ្យក្លាយជានមេចុងភៅថៃមានជំនាញខ្ពស់ ជាមួយនឹងកម្មវិធីបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ក្នុងតំណាក់កាលឆ្នាំ ២០២៤- ២០២៧។ តួរលេខស្ថិតិបង្ហាញថា មនុស្ស ១.៣០០ នាក់ត្រូវបានបណ្តុះបណ្តាលក្រោមគម្រោងនេះកាលពីឆ្នាំមុន ហើយត្រូវបានរំពឹងថានឹងកើនឡើងដល់ ២០.៧៨៦នាក់ នៅឆ្នាំនេះ ៣០.០០០នាក់ក្នុងឆ្នាំ ២០២៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ