បុណ្យពីម៉ៃ៖ និស្សិតឡាវនៅវៀតណាមខិតខំ​អភិរក្សនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណី

(VOVWORLD) - ជារៀងរាល់ខែមេសា ក្នុងបរិយាកាសដ៏មមាញឹកនាដើមឆ្នាំថ្មី តាមពុទ្ធសករាជ សហគមន៍និស្សិតឡាវនៅវៀតណាមតែងតែអន្ទះអន្ទែង រៀបចំសម្រាប់បុណ្យពីម៉ៃ ដែលជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនឡាវ។ ឆ្នាំ ២០២៥ នេះ បុណ្យពិម៉ៃ ពុទ្ធសករាជ ២៥៦៨ មិនត្រឹមតែជាឱកាសសម្រាប់និស្សិតឡាវនៅវៀតណាមបានជួបជុំគ្នាដើម្បីអបអរនិងរីករាយជាមួយនឹងរសជាតិនៃមាតុភូមិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញយ៉ាងរស់រវើកនៃស្មារតីសាមគ្គីភាពក្នុងការថែរក្សានិងលើកតម្កើងវប្បធម៌ប្រពៃណីរបស់យុវជនឡាវផងដែរ។

នារសៀលថ្ងៃទី ១២ ខែមេសា នៅទីក្រុងហាណូយ ទីធ្លាខាងមុខនៃអន្តេវាសិកដ្ឋាននិស្សិតឡាវនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ក្នុងទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងស្អាតបាតនិងមានភាពរីករាយជាងធម្មតា។ និស្សិតម្នាក់ៗធ្វើការងាររបស់ខ្លួន បុរសរៀបចំតុនិងកៅអី ប្រព័ន្ធបន្លឺសំឡេង អ្នកខ្លះរៀបចំម្ហុបអាហារដូចជា៖ ឡាប បាយដំណើប សាឡាត់ ត្រីចំហុយក្រូចឆ្មា តាម៉ាក់ហុង(បុកល្ហុង)ជាដើម។ នារីស្អាតៗក្នុងសំលៀកបំពាក់ប្រពៃណីឡាវ ជាមួយផ្កាចំប៉ាតុបតែងលើសក់ ត្រៀមទទួលស្វាគមន៍លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំស្ថានទូតនិងមិត្តភក្តិនិស្សិតវៀតណាម ចូលរួមបុណ្យពីម៉ៃឡាវ ពុទ្ធសករាជ២៥៦៨។ 

“ដើម្បីរៀបចំ បុណ្យពីម៉ៃ ប្រកបដោយជោគជ័យ យើងខ្ញុំបានត្រៀមរៀបចំបរិមាណភ្ញៀវ ទីតាំងនិងម៉ឺនុយតាំងពីខែមុន។ ទោះបីជាពួកយើងជានិស្សិត ហើយថវិកាមានកម្រិតក៏ដោយ ក៏យើងមិនអាចខ្វះបានម្ហូប “ឡាប” ដែលជាមុខម្ហូបតំណាងឲ្យសំណាងល្អបានឡើយ”។

“យើងខ្ញុំក្រោកតាំងពីព្រលឹមដើម្បីទៅផ្សារទិញរបស់របរ រៀបចំតុនិងកៅអី ហើយចម្អិនម្ហូបអាហារ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងកក់ក្តៅណាស់ នៅពេលដែលមនុស្សគ្រប់គ្នាចូលរួមបង្កើតបរិយាកាសសប្បាយរីករាយនិងទទួលស្វាគមន៍ឆ្នាំថ្មីជាមួយគ្នា”។

បុណ្យពីម៉ៃ៖ និស្សិតឡាវនៅវៀតណាមខិតខំ​អភិរក្សនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណី - ảnh 1និស្សិតឡាវនៅវៀតណាម រៀបចំសម្រាប់បុណ្យពីម៉ៃ។

បុណ្យពីម៉ៃ ពុទ្ធសករាជ ២៥៦៨ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៥។ នៅក្នុងវប្បធម៌ប្រពៃណីរបស់ឡាវ បុណ្យពីម៉ៃ មានសកម្មភាពជាច្រើនដូចជាការទៅវត្តដើម្បីធ្វើសក្ការៈបូជានិងធ្វើពិធីស្រង់ព្រះ ; ការលេងជះទឹក; ការសង់ប៉មខ្សាច់ ប្រលែងសត្វជាដើម។ ប៉ុន្តែពិធីមួយដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យពីម៉ៃនេះគឺ ពិធីហៅព្រលឹង ចងអំបោះកដៃ។

យោងតាមទស្សនទានថា មនុស្សម្នាក់ៗមានព្រលឹងចំនួន ៣២ ដែលស្របនឹង ៣២ ផ្នែកនៃរាងកាយ។ ក្នុងអំឡុងពេលមួយឆ្នាំ ព្រលឹងនៃផ្នែកមួយចំនួនអាចរលត់ទៅ ដូច្នេះហើយ ពិធីហៅព្រលឹងត្រូវបានធ្វើឡើង សំដៅនាំព្រលឹងមកស្ថិតក្នុងរូងរាងកាយវិញ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីដោយមានសុខភាពល្អបរិបូរណ៍បំផុត។ ដូច្នេះហើយ ប្អូនៗនិស្សិតបានបែងចែកគ្នាទៅស្វែងរកនិងរៀបចំគ្រឿងតង្វាយឲ្យបានគ្រប់គ្រាន់បំផុត។ មិត្ត Buaphone Phanthabuasi និស្សិតថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា និស្សិតឡាវចំនួន១៤៨នាក់បានអង្គុយជុំគ្នាជារង្វង់ បត់ស្លឹកចេកធ្វើជាប៉ម ធ្វើអំបោះចងកដៃ និងរៀបចំថាសតង្វាយ។                 

“នៅក្នុងដំណើរការរៀបចំថាសដង្វាយនិងពិធីចងអំបោះកដៃ យើងខ្ញុំជួបការលំបាកខ្លះ ដោយសារមានរបស់របរពិសេសមួយចំនួនដែលមិនមាននៅប្រទេសវៀតណាមទេ។ ប៉ុន្តែយើងព្យាយាមរៀបចំឲ្យបានពេញលេញបំផុតតាមដែលអាចធ្វើទៅបាន។ យើងរួមគ្នាធ្វើតាំងពីព្រឹករហូតដល់យប់ជ្រៅ”។

មិត្ត Phonvilay Inthasen ជានិស្សិតថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យាល័យដឹកជញ្ជូន ទទួលតំណែងជាគ្រូសែនធ្វើពិធីហៅព្រលឹងចងអំបោះកដៃបានឲ្យដឹងថា៖ 

“សិស្សត្រូវរៀបចំគ្រឿងតង្វាយដោយខ្លួនឯង។ ពួកគេរៀបចំបានល្អនិងគ្រប់គ្រាន់ណាស់។ ខ្ញុំមិនចាំបាច់ផ្តល់ការណែនាំអ្វីទេ ព្រោះតាំងពីកុមារភាពរហូតដល់ពេញវ័យ ពួកគេទាំងអស់គ្នាយល់ដឹងយ៉ាងច្បាស់អំពីគ្រឿងតង្វាយដែលត្រូវការ"។

បុណ្យពីម៉ៃ៖ និស្សិតឡាវនៅវៀតណាមខិតខំ​អភិរក្សនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណី - ảnh 2 ពិធីហៅព្រលឹង ចងអំបោះកដៃ។

មិត្ត Phonvilay បានចែករំលែកថា នៅក្នុងវប្បធម៌ខាងវិញ្ញាណរបស់ឡាវ គ្រូសែនមានតួនាទីសំខាន់ណាស់។ ក្នុងគ្រប់សកម្មភាពវប្បធម៌ប្រពៃណី មិនថាធំឬតូចទេ គឺត្រូវការគ្រូសែន។ សម្រាប់និស្សិតដែលកំពុងសិក្សានៅបរទេសគឺពិបាកក្នុងការរៀបចំសកម្មភាពវប្បធម៌ប្រពៃណី ព្រោះគ្មានគ្រូសែនទេ។  ដូច្នេះហើយ មិត្តក៏សម្រេចចិត្តហ្វឹកហាត់ដើម្បីធ្វើជាគ្រូសែន។

មិនត្រឹមតែនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ និស្សិតឡាវដែលកំពុងសិក្សានៅតាមខេត្តនិងទីក្រុងនានានៃប្រទេសវៀតណាមក៏បានចូលរួមសកម្មភាពអបអរសាទរឆ្នាំថ្មីប្រពៃណីផងដែរ។ មោទនភាពជាតិ សេចក្តីស្នេហាជាតិ សាមគ្គីភាព និងសុទិដ្ឋិនិយមក្នុងការថែរក្សា និងលើកតម្កើងប្រពៃណីវប្បធម៌ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈស្នាមញញឹមដ៏ភ្លឺថ្លា ការស្វាគមន៍ភ្ញៀវ របៀបលើកដៃសំពះសួរសុខទុក្ខ ការនិយាយពាក្យជូនពរឆ្នាំថ្មី ឬតាមរយៈរបាំឡាំវង់ សំលៀកបំពាក់ប្រពៃណី ហើយសូម្បីតែមុខម្ហូបដែលប្អូនៗនិស្សិតបានរៀបចំសម្រាប់ពិធីបុណ្យដែរ។ លោក Praviwat Onusone ប្រធានគណៈគ្រប់គ្រង់និស្សិតឡាវនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានចែករំលែកថា ពួកគាត់មានសំណាងល្អណាស់ ដែលបានមកសិក្សានៅប្រទេសវៀតណាម ដោយមានថ្នាក់ដឹកនាំសាលា និងស្ថានទូតបង្កើតលក្ខខណ្ឌអំណោយផលក្នុងការរៀបចំសកម្មភាពវប្បធម៌ ផ្លាស់ប្តូរនិងផ្សព្វផ្សាយវប្បធម៌របស់ប្រទេសខ្លួន ទៅកាន់មិត្តភក្តិវៀតណាមនិងអន្តរជាតិ។ ប្រពៃណីនេះនឹងបន្តត្រូវបានផ្សព្វផ្សាយជានិច្ច ក្នុងចំណោមនិស្សិតឡាវនៅវៀតណាមជាច្រើនជំនាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ