ផ្សាររាត្រីសៀមរាប - គោលដៅដែលមិនគួររំលងនៅច្រក​ចូលប្រាសាទ​អង្គរ​

(VOVWORLD) - ខេត្តសៀមរាប ត្រូវបានគេស្គាល់ដល់ជាកន្លែងប្រមូលផ្តុំនូវស្ថាបត្យកម្មប្រាសាទដ៏ធំសម្បើមនៅកម្ពុជា ដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្លាប់ទៅដើរលេងនៅខេត្តសៀមរាប អ្នកនឹងដឹងថា នៅទីនេះក៏មានកន្លែងគួរឲ្យទាក់ទាញផ្សេងទៀត។ ក្រៅពីប្រាសាទបុរាណ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងម្ហូបអាហារ  ជាមួយនឹងផ្សាររាត្រីដ៏មមាញឹកនិងអ៊ូអរ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេសៗជាច្រើនសម្រាប់ភ្ញៀវទេសចរណ៍ម្នាក់ៗ។
ផ្សាររាត្រីសៀមរាប - គោលដៅដែលមិនគួររំលងនៅច្រក​ចូលប្រាសាទ​អង្គរ​ - ảnh 1ទេសភាពតំបន់ផាប់ស្ត្រីតដ៏ចម្រុះពណ៌។

សំឡេងដ៏អ៊ូអរនៃវង់តន្ត្រីប្រពៃណីខ្មែរលាយឡំជាមួយក្លិនក្រអូបស្រាលនៅក្នុងហាងម៉ាស្សាបាតជើងមួយកន្លែង ស្ថិតនៅកណ្ដាលផ្សាររាត្រីសៀមរាប។ បុគ្គលិកបានជូនភ្ញៀវដែលមកម៉ាស្សាបាតជើង ប្រភេទតែក្រអូបមួយពែង និងចេកស្ងួតពីរបីដុំ ដែលជាមុខម្ហូបពិសេសប្រចាំមូលដ្ឋាន។ ហាងម៉ាស្សាបាតជើងនៅក្នុងផ្សាររាត្រីត្រូវបានអ្នកទេសចរជាច្រើនស្វែងរក ដើម្បីបំបាត់ភាពនឿយហត់ក្រោយរយៈពេលមួយថ្ងៃនៃការទស្សនានិងរុករកប្រាសាទអង្គរវត្ត។ អ្នកស្រី Nguyen Hong Ngoc ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយ (វៀតណាម) បានចែករំលែកថា៖  “ខ្ញុំបានទៅទស្សនាប្រាសាទអង្គរវត្តតាំងពីព្រឹកព្រលឹមរហូតដល់រសៀល ដូច្នេះហើយខ្ញុំពិតជាអស់កម្លាំងនិងរួយជើងខ្លាំងណាស់។ ដូច្នេះហើយនៅពេលរាត្រី យើងខ្ញុំបានសម្រេចទៅផ្សាររាត្រីដើម្បីហូបចុក និងម៉ាស្សាបាតជើង ដើម្បីបង្កើតថាមពលឡើងវិញ។ ពិតជាស្រណុកខ្លួនណាស់ ហើយតម្លៃក៏សមរម្យដែរ ត្រឹមតែ ៦ ដុល្លារសម្រាប់ការម៉ាស្សាបែបប្រពៃណីរយៈពេល ៣០ នាទី។ ហើយអ្នកណាចូលចិត្តម៉ាស្សាត្រី តម្លៃត្រឹមតែ ៣ ដុល្លារតែប៉ុណ្ណោះ”។

ផ្សាររាត្រីសៀមរាប - គោលដៅដែលមិនគួររំលងនៅច្រក​ចូលប្រាសាទ​អង្គរ​ - ảnh 2ភ្ញៀវទេសចរណ៍ពិសោធន៍ការម៉ាស្សាត្រី ។

ផ្ទុយពីទីធ្លាបុរាណដ៏ស្ងប់ស្ងាត់នៃប្រាសាទអង្គរវត្ត ផ្សាររាត្រីសៀមរាប ដែលមានទីតាំងនៅកណ្តាលទីក្រុង តែងតែមានភាពអ៊ូអរនិងរស់រវើកតាំងពីរសៀលរហូតដល់យប់ជ្រៅ។ ផ្សាររាត្រីនៅទីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដែលប្រមូលផ្តុំតូបលក់ទំនិញចំនួនជាង ២០០ តូប ដែលមានការតុបតែងភ្លឺចិញ្ច្រាច ទាក់ភ្នែក លក់វត្ថុអនុស្សាវរីយ៍ដូចជា រូបសំណាក់ព្រះពុទ្ធបដិមា និងរូបចម្លាក់បាយ័ន រូបអប្សរា និងផលិតផលធ្វើពីប្រាក់។ នៅក្នុងចំណោមតូបលក់វត្ថុអនុស្សាវរីយ៍ក៏មានហាងម៉ាស្សា ស្ប៉ាតូចៗ ភោជនីយដ្ឋាន តូបលក់សៀវភៅជាដើម។ ផ្សារក៏មានលក់សំលៀកបំពាក់ខ្មែរគ្រប់ប្រភេទ តាំងពីបុរាណរហូតដល់ទំនើប ក្នុងនោះ ផលិតផលដែលត្រូវបានភ្ញៀវទេសចរណ៍ពេញនិយមបំផុតគឺ ក្រមា ព្រោះវាត្រូវបានធ្វើដោយដៃទាំងស្រុង ជាមួយនឹងលំនាំក្បូរក្បាច់រចនាដ៏ប្រណិត ប៉ុន្តែមានតម្លៃត្រឹមតែពីរបីដុល្លារប៉ុណ្ណោះ។ អ្នកស្រី ចាន់ ធីតា អាជីវករលក់ដូរនៅផ្សាររាត្រីសៀមរាបបានឲ្យដឹងថា៖ “ហាងរបស់ខ្ញុំលក់ផលិតផលវាយនភណ្ឌប្រពៃណីដែលផលិតក្នុងស្រុកដូចជា ភួយ ក្រមា…។ ខ្ញុំប្រមូលទីញផលិតផលដោយផ្ទាល់ពីរោងចក្រវាយនភ័ណ្ឌក្នុងស្រុក។ បច្ចុប្បន្ននេះ ស្ថានភាពអាជីវកម្មក៏មានភាពអំណោយផលជាច្រើន ដោយសារភ្ញៀវទេសចរបានកើនឡើងម្តងទៀត ជាពិសេសភ្ញៀវមកពីអឺរ៉ុបក្នុងរដូវក្តៅ។ ពួកគេទិញផលិតផលជាច្រើន ទុកជាកាដូរសម្រាប់គ្រួសារ”។

ផ្សាររាត្រីសៀមរាប - គោលដៅដែលមិនគួររំលងនៅច្រក​ចូលប្រាសាទ​អង្គរ​ - ảnh 3ភោជនីយដ្ឋានមួយនៅក្នុងផ្សាររាត្រីសៀមរាប។

វាជាកំហុសមួយនៅពេលទៅទស្សនាផ្សាររាត្រីសៀមរាបដោយមិនចូល Pub Street នោះ។ នាពេលរាត្រី វិថីដើរកម្សាន្តដ៏មមាញឹកនេះពោរពេញទៅដោយពន្លឺនៃបារ ភោជនីយដ្ឋាន និងហាងកាហ្វេ។ នៅទីនេះ មានភោជនីយដ្ឋានគ្រប់ប្រភេទដែលបម្រើម្ហូបអាហារខ្មែរ ចិន វៀតណាម ថៃ រហូតដល់ អ៊ីតាលី ម៉ិកស៊ិកផងដែរ។ មនុស្សគ្រប់គ្នារីករាយជាមួយនឹងការពិសាស្រាបៀរអង្គរ ជជែកកម្សាន្ត និងរាំជាមួយគ្នាក្នុងបរិយាកាសតន្ត្រីដ៏រស់រវើក។

“Pub Street មានភាពស្រដៀងគ្នាជាមួយវិថី Khao San ក្នុងប្រទេសថៃ ឬវិថី Bui Vien នៅវៀតណាម។ មានបារ ជាច្រើននៅទីនេះ តម្លៃមិនថ្លៃទេ។ បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃ មកទស្សនាប្រាសាទអង្គរវត្ត មនុស្សជាច្រើនបានជ្រើសរើសមកទីនេះដើម្បីស្តាប់តន្ត្រីនិងបន្ធូរអារម្មណ៍នាពេលរាត្រី។ ប្រជាជនខ្មែរក៏រួសរាយរាក់ទាក់ណាស់។ ពួកគេស្វាគមន៍ខ្ញុំដូចគ្រួសារអញ្ជឹង”។

“បរិយាកាសនៅទីនេះគឺអស្ចារ្យណាស់។ ការ៉េម និងស្រាបៀរនៅទីនេះក៏ឆ្ងាញ់ពិសារដែរ។ ខ្ញុំក៏បានសាកល្បងការម៉ាស្សាត្រី ពិតជាសប្បាយណាស់ ត្រឹមតែ ៣ ដុល្លារលើមនុស្សម្នាក់។ ខ្ញុំនឹងណែនាំកន្លែងនេះដល់មិត្តភក្តិរបស់ខ្លួន"។

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ឈានមុខគេក្នុងប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ជាមួយនឹងសម្រស់ស្អាតផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌។ ចំណុចលេចធ្លោជាងគេរបស់ទីក្រុងគឺតំបន់ប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ លើសពីនេះ ផ្សាររាត្រីសៀមរាបក៏ជាគោលដៅដែលមិនគួររំលង ជាកន្លែងដែលអ្នកអាចរីករាយជាមួយមុខម្ហូបនិងមុខទំនិញពិសេសប្រចាំតំបន់ និងស្វែងយល់អំពីជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ