យុវជនវៀតណាម-កម្ពុជាជំរុញការផ្លាស់ប្តូរ ពង្រឹងចំណងមិត្តភាព
Hoang Hai -  
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្មវិធីជួបប្រាស្រ័យផ្លាស់ប្តូរប្រជាជនជាមួយប្រជាជននិយាយរួម និងយុវជនជាមួយយុវជននិយាយដោយឡែក តែងតែជាវិស័យមួយដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំង២ វៀតណាម និងកម្ពុជាយកចិត្តទុកដាក់ជំរុញ។ សកម្មភាពផ្លាស់ប្តូរយុវជនប្រព្រឹត្តទៅយ៉ាងផុលផុសក្នុងទម្រង់ជាច្រើនទាំងនៅថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន។ កាលពីខែវិច្ឆិកាកន្លងទៅ កម្មវិធី “ជំនួបមិត្តភាពយុវជនវៀតណាម - កម្ពុជា” ឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ និងខេត្ត Quang Ninh ដែលរួមចំណែកបង្កើនការផ្លាស់ប្តូរ និងការយល់ដឹងគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ។
កិច្ចពិភាក្សាយុវជនវៀតណាម-កម្ពុជាឈានមុខគេផ្លាស់ប្ដូរឌីជីថល ប្រព្រឹត្តទៅនៅទីស្នាក់ការស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម។ |
“ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលអាចត្រឡប់ទៅកន្លែងដែលខ្ញុំមានអនុស្សាវរីយ៍ជាច្រើនក្នុងកំឡុងពេលសិក្សារបស់ខ្ញុំ។ ការបានភ្លក់រសជាតិហ្វើនិងកាហ្វេហាណូយក្រោយរយៈពេល ១២ ឆ្នាំគឺពិតជាអស្ចារ្យណាស់។ វៀតណាមសព្វថ្ងៃនេះមានការអភិវឌ្ឍខ្លាំងជាងមុន ហើយប្រជាជននៅតែរួសរាយរាក់ទាក់”។
អ្នកស្រី ជា គុណឡាក់ និងលោក ឈួង ហ៊ុយ គឺជាយុវជនពីរនាក់ក្នុងចំណោមប្រតិភូយុវជន ៣០ នាក់ មកពីយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអញ្ជើញមកប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធី "ជំនួបមិត្តភាពយុវជន" ឆ្នាំ២០២៣។ ក្នុងចំណោមនោះ មានមនុស្សជាច្រើនមកវៀតណាមជាលើកដំបូង ប៉ុន្តែក៏មានអ្នកខ្លះដែលបានសិក្សានៅទីនេះ ហើយនិយាយភាសាវៀតណាមបានយ៉ាងល្អផងដែរ។ ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៣ - ២០១៧ រវាងមជ្ឈិមសហព័ន្ធយុវជនវៀតណាមនិងគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា “កម្មវិធីមិត្តភាពយុវជនវៀតណាម-កម្ពុជា” ត្រូវបានអង្គការយុវជននៃប្រទេសទាំងពីររៀបចំឆ្លាស់គ្នា ដោយមានគោលបំណងចង់លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងយុវជន និងនិស្សិតនៃប្រទេសទាំងពីរ តាមរយៈសកម្មភាពទស្សនា ការស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច-នយោបាយ វប្បធម៌-សង្គមនៃប្រទេសនីមួយៗ ព្រមទាំងចែករំលែកបទពិសោធន៍លើបញ្ហានានាដែលយុវជននៃប្រទេសទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ឆ្នាំនេះ កម្មវិធីប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ និងទីក្រុង Ha Long (ខេត្ត Quang Ninh)។ លោកស្រី Le Hong Nhung អនុប្រធានគណៈកម្មាធិការអន្តរជាតិនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សមាជិកនៃគណៈកម្មាធិការរៀបចំកម្មវិធីបានឲ្យដឹងថា៖
“យើងមានបំណងចង់ឧទ្ទេសនាមដល់មិត្តភ័ក្តិកម្ពុជា មិនត្រឹមតែអំពីទីកន្លែង កេរ្តិ៍ដំណែលដ៏ល្បីល្បាញ ដែលភ្ជាប់នឹងប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំងអ្វីៗដ៏សាមញ្ញៗ ជិតស្និទ្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមទៀតផង។ មិត្តភ័ក្តិជាច្រើនមកទីនេះ ហើយសួរថា ហេតុអ្វីបានជាកាហ្វេ និងហ្វើវៀតណាមឆ្ងាញ់ពិសារយ៉ាងដូច្នេះ ហើយហេតុអ្វីបានជាទេសភាពនៃ Ha Long ស្អាតដូចនៅ San Francisco អញ្ចឹង។ ក្រៅពីសកម្មភាពទស្សនាកម្សាន្ត យើងខ្ញុំក៏មានបំណងថា តំណាងយុវជននៃប្រទេសទាំងពីរអាចស្វែងយល់ និងពិភាក្សាអំពីខ្លឹមសារឯកទេសនានា ដែលជាប្រៀបខ្លាំងរបស់យុវជនក្នុងយុគសម័យបច្ចុប្បន្ន ជាពិសេសការធ្វើបរិវត្តកម្មឌីជីថល និងគំរូអប់រំជឿនលឿន”។
គណៈប្រតិភូយុវជនកម្ពុជាមកទស្សនាសាកលវិទ្យាល័យ Vin នៅទីក្រុងហាណូយ។ |
ក្នុងអំឡុងពេលស្នាក់នៅវៀតណាម គណៈប្រតិភូយុវជនកម្ពុជាបានចូលរួមសកម្មភាពជាច្រើនដូចជា៖ ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ទៅទស្សនាកេរ្តិ៍ដំណែលវិមានប្រធានរដ្ឋ; ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញមជ្ឈិម; កិច្ចពិភាក្សា “យុវជនវៀតណាម-កម្ពុជាឈានមុខគេធ្វើបរិវត្តកម្មឌីជីថល; ទស្សនាសាកលវិទ្យាល័យ Vin Uni; ទស្សនាកេរ្តិ៍ដំណែល Van Mieu Quoc Tu Giam; ដំណើរកំសាន្តរាត្រីនៅព្រះបរមរាជវាំងថាងឡុង; ទស្សនាឈូងសមុទ្រ Ha Long សារមន្ទីរ Quang Ninh; ចូលរួមពិធីជប់លៀង ផ្លាស់ប្តូរវប្បធម៌សិល្បៈ... សកម្មភាពទាំងនេះបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើននិងការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះយុវជននៃប្រទេសទាំងពីរ។
“យើងខ្ញុំមានមោទនភាពខ្លាំងណាស់នៅពេលដែលមិត្តយុវជនកម្ពុជាមានក្ដីសោមនស្សរីករាយនៅពេលមកទស្សនាឈូងសមុទ្រ Ha Long។ នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថានឹងមានសកម្មភាពផ្លាស់ប្តូរកាន់តែច្រើនរវាងយុវជនវៀតណាម និងកម្ពុជា និយាយដោយឡែក ក៏ដូចជាបណ្តាប្រទេសអាស៊ីអាគ្នេយ៍និយាយរួម តាមនោះជួយយុវជនខេត្ត Quang Ninh មានឱកាសលើកកម្ពស់ជំនាញសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ចង់ឧទ្ទេសនាមអំពីភាពស្រស់ស្អាតនៃទេសភាព វប្បធម៌ និងមនុស្សខេត្ត Quang Ninh ទៅកាន់មិត្តភ័ក្តិអន្តរជាតិ និងតំបន់ផងដែរ”។
ទៅទស្សនាឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។ |
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានសង្កត់ធ្ងន់ម្តងទៀតនូវអាទិភាពនៃការជំរុញសកម្មភាពផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយុវជន។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានចំណាយពេលទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយយុវជន និងនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស ទីក្រុងហាណូយផងដែរ។ តាមនោះ បង្ហាញសារថា យុវជនជំនាន់ក្រោយចាំបាច់ត្រូវមានទំនួលខុសត្រូវ និងកាតព្វកិច្ច បន្តមរតកនៃថ្នាក់ដឹកនាំជំនាន់មុនៗ ដោយប្តេជ្ញាចិត្តថែរក្សា និងអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម - កម្ពុជា តាមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”៕
Hoang Hai