(VOVWORLD) - ជាលើកដំបូងដែលអ្នកលេងហ្គីតាដ៏មានទេពកោសល្យពីររូបគឺ Tran Quang Huy (វៀតណាម) និង Wadcharin Suksabsri (ថៃ) បានរួមគ្នារៀបចំកម្មវិធីប្រគំតន្ត្រីអន្តរជាតិដែលមានឈ្មោះថា SagoBako ជាមួយនឹងការសម្តែងចំនួន ១៥ នៅក្នុងទីក្រុងធំៗចំនួន ៨ នៅអាស៊ីអាគ្នេយ៍។ កម្មវិធីប្រគំតន្ត្រី SagoBako ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរសហប្រតិបត្តិការសិល្បៈរវាងសិល្បករពីររូបមកពីប្រទេសទាំងពីរ ដែលមានខឿនសិល្បៈហ្គីតាបុរាណកំពុងរីកចម្រើន។ គម្រោងនេះមិនត្រឹមតែមានតម្លៃផ្នែកតន្ត្រីប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយសារនៃការតភ្ជាប់វប្បធម៌តាមរយៈភាសាតន្ត្រីទៀតផង។
សិល្បករ Tran Quang Huy និង Wadcharin Suksabsri។ |
នៅលើឆាកសម្តែង CLEFS Stages នាយប់ថ្ងៃអាទិត្យមួយ ដើមខែឧសភា សិល្បករ Tran Quang Huy និង Wadcharin Suksabsri បានសម្តែងយ៉ាងរំភើបចិត្តនូវស្នាដៃ Milonga Argentina – Justo Tomás Morales ដោយចាប់ផ្តើមការសំដែងរបស់សិល្បករទាំងពីររូបនៅទីក្រុងហាណូយ - ជារាត្រីទី ៨ ក្នុងចំណោមរាត្រីទាំង១៥ នៃ SagoBako។ ម្រាមដៃរបស់សិល្បករទាំងពីរបានរំកិលលើខ្សែហ្គីតា ជាមួយនឹងរចនាបថរបស់ពួកគេ បានដណ្ដើមចំណាប់អារម្មណ៍របស់ទស្សនិកជនយ៉ាងច្រើន។
“សិល្បករទាំងពីរមានរចនាបថខុសៗគ្នា។ ប្រសិនបើសិល្បករ Quang Huy មានរចនាបថដ៏តឹងរឹងនោះ សិល្បករថៃមានរចនាបថរីករាយនិងកំប្លែងជាង។ ដោយមានភាពខុសគ្នានោះ នៅពេលលាយបញ្ចូលគ្នា បាននាំមកនូវការសម្ដែងដ៏ចម្រុះពណ៌។ ខ្ញុំចូលចិត្តជាពិសេសចំពោះការសម្តែងតន្ត្រី Tango និងបទ “របាំអាហ្សង់ទីន””។
“នេះ ជាលើកដំបូងដែលខ្ញុំបានទស្សនា SagoBako។ ពិតជាទាក់ទាញណាស់។ គេលេងយ៉ាងជក់ចិត្ត នាំមកនូវពណ៌ថ្មីដល់ស្នាដៃនីមួយៗ។ ក្នុងការសម្តែងនេះ សិល្បករទាំងពីរបានសម្តែងនូវស្នាដៃថ្មីៗ ទាមទារបច្ចេកទេសខ្ពស់ ។ បើទោះបីខ្ញុំក៏ជាអ្នកលេងហ្គីតាដែរ ប៉ុន្តែមិនដែលស្តាប់ពីមុនមកទេ”។
 |
ដោយបានជួបគ្នាលើកដំបូងនៅពិធីប្រគល់ពានរង្វាន់និងមហោស្រពហ្គីតាអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៨ នៅទីក្រុងបាងកក សេចក្តីស្រឡាញ់រួមចំពោះហ្គីតាបុរាណបានក្លាយជាតំណភ្ជាប់ ជួយពួកគេឆ្លងកាត់ឧបសគ្គផ្នែកភូមិសាស្ត្រដើម្បីបង្កើតក្រុមសម្តែងដែលសមគ្នាល្អ។ ដោយរស់នៅក្នុងប្រទេសពីរផ្សេងគ្នា ការហ្វឹកហាត់ជាមួយគ្នាក៏ជាបញ្ហាសាកល្បងដែរ។ Quang Huy និង Wadcharin បានឆ្លៀតយកឱកាសជួបគ្នានៅឯពិធីបុណ្យហ្គីតាក្នុងតំបន់ ដើម្បីហ្វឹកហាត់ជាមួយគ្នាដោយផ្ទាល់ ហើយសូម្បីតែធ្វើដំណើរទៅកាន់ប្រទេសទីបីដើម្បីហ្វឹកហាត់ជាមួយគ្នា។ លើសពីនេះ សិល្បករទាំងពីរក៏បានទំនាក់ទំនងគ្នាតាមរយៈការថតសំឡេងផងដែរ។ សិល្បករ Tran Quang Huy បានចែករំលែកថា៖
“មនុស្សម្នាក់នឹងថតវីដេអូ នូវការហ្វឹកហាត់របស់ខ្លួនជាមុន មិនចាំបាច់លេងបទទាំងមូលទេ ប៉ុន្តែហាត់លេងផ្នែកនីមួយៗ រួចផ្ញើវីដេអូឲ្យគ្នាទៅវិញទៅមក។ ជាឧទាហរណ៍៖ Wadcharin ហ្វឹកហាត់ហើយផ្ញើវីដេអូមកខ្ញុំ បន្ទាប់មកខ្ញុំបើកវីដេអូ ហើយលេងហ្គីតាជាមួយវីដេអូនោះ។ ខ្ញុំក៏ថតដំណើរការនោះ ហើយផ្ញើទៅ Wadcharin វិញ ដើម្បីពិនិត្យថា តើផ្នែកមួយនោះបានឬនៅ ហើយបន្តរហូតដល់ទាល់តែបាន”។
គំនិតនៃការរៀបចំ កម្មវិធីសម្តែងអន្តរជាតិ SagoBako ត្រូវបានគ្រោងទុកតាំងពីចុងឆ្នាំ ២០២៤មក។ SagoBako ក៏ជាឈ្មោះរបស់ក្រុម ដែលមានអត្ថន័យថា "Sago" ជា Saigon - កន្លែងដែលលោក Tran Quang Huy កំពុងរស់នៅ និង "Bako" ជាទីក្រុងបាងកក - កន្លែងដែល Wadcharin រស់នៅ។ "SagoBako" ក៏មានន័យថា ទំនាក់ទំនងរវាងសិល្បករពីរនាក់នៅក្នុងប្រទេសពីរផ្សេងគ្នា។ ជាមួយនឹង SagoBako ២០២៥ សិល្បករទាំងពីរនឹងសម្តែងនៅទីក្រុងហូជីមិញ Can Tho, Long Xuyen, Da Lat, Hai Phong និងទីក្រុងហាណូយ(វៀតណាម) សិង្ហបុរី និងទីក្រុងបាងកក(ថៃ)។
“ថ្វីត្បិតតែយើងខ្ញុំរស់នៅប្រទេសផ្សេងគ្នា ដែលមានវប្បធម៌ខុសៗគ្នា ប៉ុន្តែតន្ត្រីជួយយើងជំនះរាល់ឧបសគ្គនៃភាសានិងវប្បធម៌។ នៅពេលដែលយើងនៅជាមួយគ្នា យើងខ្ញុំជា SagoBako។ យើងប្រើប្រាស់ភាសាតន្ត្រីដើម្បីលេងនិងទំនាក់ទំនងគ្នាទៅវិញទៅមក”។
"តាមរយៈ កម្មវិធីសម្តែងនេះ យើងខ្ញុំមានបំណងចង់នាំយកសម្រស់ស្អាតរបស់តន្ត្រីទៅកាន់មនុស្សគ្រប់រូប ដើម្បីជំរុញមនុស្សម្នាឱ្យលេងហ្គីតាជាមួយគ្នា។ ដូចជា Wadcharin និងខ្ញុំ ដែលរស់នៅប្រទេសពីរផ្សេងគ្នា យើងនៅតែអាចលេងហ្គីតាជាមួយគ្នាបាន ដូច្នេះមនុស្សនៅទីក្រុងតែមួយក៏អាចតភ្ជាប់ទំនាក់ទំនងនិងលេងហ្គីតាជាមួយគ្នាបានដែរ"។
បន្ទាប់ពីការសម្តែងនៅទីក្រុងហាណូយ សិល្បករទាំងពីរបានបន្តទៅសម្តែងនៅទីក្រុង Hai Phong ប្រទេសសិង្ហបុរី និងប្រទេសថៃ។ កម្មវិធីប្រគុំតន្ត្រីនេះ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែឧសភា នៅក្នុងពិធីប្រគល់ពានរង្វាន់និងមហោស្រពហ្គីតាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក។ បន្ទាប់ពីកម្មវិធីប្រគុំតន្ត្រីនេះ សិល្បករTran Quang Huy និង Wadcharin កំពុងរៀបចំការប្រគុំតន្ត្រីមួយចំនួននៅក្នុងប្រទេសផ្សេងទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលក្រុមបានទទួលការអញ្ជើញទៅសម្តែងផងដែរ៕
សិល្បករ Tran Quang Huy (កើតឆ្នាំ ១៩៩១) គឺជាមុខមាត់ធ្លាប់ស្គាល់សម្រាប់អ្នកចូលចិត្តហ្គីតាវៀតណាមនិងក្នុងតំបន់ ជាមួយនឹងពានរង្វាន់ជាបន្តបន្ទាប់ ដូចជា៖ រង្វាន់លេខមួយនៅមហោស្រពហ្គីតាអន្តរជាតិសៃហ្គន (ឆ្នាំ ២០១៧ - ប្រភេទលេងទោល ឆ្នាំ ២០១៩ - ប្រភេទលេងជាក្រុម) រង្វាន់លេខពីរនៅមហោស្រពហ្គីតាបុរាណ Pattaya (២០១៧) រង្វាន់លេខបី នៅពានរង្វាន់ហ្គីតាអាស៊ី (ឆ្នាំ ២០២២) ។ បច្ចុប្បន្ន លោកជាសាស្ត្រាចារ្យនៅវិទ្យាស្ថានតន្ត្រីទីក្រុងហូជីមិញ ហើយបានចូលរួមយ៉ាងសកម្មក្នុងគម្រោងសម្តែង និងបណ្តុះបណ្តាលហ្គីតាបុរាណជាច្រើន។
សិល្បករ Wadcharin Suksabsri (កើតឆ្នាំ ១៩៩០) គឺជាអ្នកលេងហ្គីតាមកពីទីក្រុងបាងកក។ លោកបានចាប់ផ្តើមរៀនហ្គីតា តាំងពីអាយុ ១៤ ឆ្នាំ ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងម៉ាស្ទ័រផ្នែកប្រគុំតន្ត្រីពីសាកលវិទ្យាល័យ Silpakorn។ ដោយយកឈ្នះក្នុងការប្រឡងហ្គីតា Martinez Thailand ២០២០ សិល្បករ Wadcharin Suksabsri ត្រូវបានវាយតម្លៃខ្ពស់ចំពោះរចនាបថសម្ដែង បច្ចេកទេសប្រណិតនិងស៊ីជម្រៅក្នុងវិធីសាស្រ្តប្រគុំតន្ត្រី៕