ពិធីបួងសួងសុំទឹកភ្លៀង - បេតិកភណ្ឌវប្បធម៌ពិសេសរបស់ជនជាតិចារាយ
(VOVWORLD) - ពិធីបួងសួងសុំទឹកភ្លៀង គឺជាសកម្មភាពវប្បធម៌ និងជំនឿដ៏វិសេសវិសាល ដែលបង្ហាញពីអត្តសញ្ញាណប្រចាំតំបន់របស់ប្រជាជនជនជាតិចារាយ (Jrai) នៅយ៉ាឡាយ (Gia Lai)។ ពិធីបុណ្យនេះត្រូវបានជនជាតិចារាយរក្សា និងផ្សព្វផ្សាយយ៉ាងពេញលេញនូវតម្លៃប្រពៃណី រួមចំណែកក្នុងការពង្រឹងនូវសម្បត្តិវប្បធម៌ និងពិធីបុណ្យទាននានារបស់បណ្តាជនជាតិភាគតិចនៅតំបន់តីង្វៀន។
អ្នកភូមិទៅដងទឹកធ្វើពិធីបួងសួងសុំទឹកភ្លៀង (រូបថត៖ Hoang Qui/VOV-Tay Nguyen) |
ប្រារព្ធឡើងនៅខែមេសានិងខែឧសភា ជារៀងរាល់ឆ្នាំ ពិធីបួងសួងសុំទឹកភ្លៀង Yang Potao Apui ឃុំ Chu A Thai ខេត្ត Gia Lai គឺជាជំនឿដ៏សំខាន់ហើយត្រូវបានជនជាតិចារាយថែរក្សាដោយឆ្លងកាត់ច្រើនជំនាន់។ ឃុំ Chu A Thai ស្ថិតនៅក្នុងតំបន់ជាជម្រុកស្រូវដ៏ធំបំផុតរបស់ខេត្ត Gia Lai ហើយក៏ជាកន្លែងដែលផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងរបស់ព្រះអគ្គី និងព្រះគង្គារ ដូច្នេះពិធីបួងសួងសុំទឹកភ្លៀងគឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងជីវភាពខាងវិញ្ញាណនិងវប្បធម៌របស់ប្រជាជនចារាយ។
តាំងពីព្រឹកព្រលឹម បរិយាកាសអ៊ូអរនិងសប្បាយរីករាយទូទាំងតំបន់ទាំងមូល នៅពេលដែលប្រជាជនជាច្រើននាក់បានប្រមូលផ្តុំគ្នានៅជើងភ្នំ Chu Tao Yang ដ៏ពិសិដ្ឋ ដែលជាកន្លែងបួងសួងសុំទឹកភ្លៀង។ អ្នកភូមិទាំងក្មេងចាស់ ប្រុសស្រី សុទ្ធតែស្លៀកសម្លៀកបំពាក់ប្រពៃណីស្រស់ឆើយឆាយចម្រុះពណ៌។ ក្រុមជនចាស់ជរា រួមទាំងព្រឹទ្ធាចារ្យភូមិបានតុបតែងដើម នេវ និងរៀបចំដង្វាយថ្វាយទេវតា។ លោក Rmah Phiet តំណាងភូមិពាលី Tel A បានចែករំលែកថា៖ “ខ្ញុំមានក្តីសប្បាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីបុណ្យ និងពិធីបួងសួងសុំទឹកភ្លៀង។ បំណងប្រាថ្នារបស់យើងខ្ញុំគឺដើម្បីស្ដារឡើងវិញប្រពៃណី និងអត្តសញ្ញាណរបស់ក្រុមជនជាតិភាគតិច Ja Rai”។
ម្ចាស់ពិធី និងជំនួយការទៅប្រភពទឹកក្នុងភូមិដើម្បីបួងសួងសុំអាកាសធាតុអំណោយផល (រូបថត៖ Hoang Qui/VOV-Tay Nguyen) |
មុននឹងពេលវេលាប្រព្រឹត្តទៅពិធីជាផ្លូវការ ប្រជាជនធ្វើពិធីតូចៗ ចំនួនបីរួមមានៈ ពិធីសែនព្រែនប្រដេញឧបទ្រុឌចង្រៃ ប្រដេញវិញ្ញាណអាក្រក់ ជំងឺរាតត្បាត សែនកំពង់ទឹកនៅមាត់ទន្លេ A Yun និងសែនភូមិ។ ស្ត្រីត្រូវបានប្រមូលផ្តុំនិងបែងចែកជាក្រុមដើម្បីត្រៀមចម្អិនអាហារ; យុវជនមានភារកិច្ចកាប់ឬស្សីទៅអូររកខ្យង ចាប់ត្រី និងជួយចាស់ព្រឹទ្ធាចារ្យភូមិដែលមានការងារធ្ងន់ សម្រាប់ពិធីសែនព្រេនរបស់ភូមិ។ បន្ទាប់ពីបញ្ចប់ការចាត់ចែងគ្រឿងសំណែនរួចរាល់ ពិធីផ្លូវការនឹងដោយក្រុមប្រឹក្សាប្រារព្ធឡើង ដោយមានការចូលរួមពីប្រជាជនដែលមិនបំពានលើបម្រាមក្នុងភូមិ និងមានឥទ្ធិពលវិជ្ជមានលើសហគមន៍។ ក្នុងថ្ងៃដំបូងអនុវត្តន៍ពិធីបួងសួងសុំទឹកភ្លៀងតាមភូមិ ប្រជាជនក៏ត្រូវឈប់ធ្វើការ មិនកាន់ចបកាប់ឬកាំបិតជាដើម។ គ្រឿងតង្វាយសំខាន់ៗក្នុងពិធីគឺជ្រូកឈ្មោលខ្មៅមួយក្បាល់ ទម្ងន់ប្រហែល ២០ គីឡូក្រាម; ស្រា Jơbô ៣ ពាង។ វត្ថុប្រើប្រាស់ក្នុងពិធីនោះរួមមាន ចានសំរិទ្ធមួយ ចានព៌ណសចំនួន៥ និងពាងស្រាឫស្សីចំនួន៥។ តាមទំនៀមទម្លាប់ វត្ថុទាំងនេះគឺប្រើសម្រាប់តែក្នុងពិធីសែនព្រេនប៉ុណ្ណោះ ហើយមិនត្រូវប្រើក្នុងថ្ងៃធម្មតាទេ។
ម៉ោងប្រហែល៩ព្រឹក ពិធីបួងសួងសុំទឹកភ្លៀងចាប់ផ្តើមប្រារព្ធឡើង ម្ចាស់ពិធីដើរយឺតៗទៅអង្គុយនៅមុខពាងទាំងបី។ ដាក់ដៃលើពាងស្រាដំបូង ម្ចាស់ពិធីបានបួងសួងតាមភាសា Jrai បង្ហាញពីបំណងប្រាថ្នាសូមឲ្យអាកាសធាតុអំណោយផលសន្តិភាពសុខភាពនិងភាពរុងរឿងសម្រាប់អ្នកភូមិ។ ពិធីនេះមានរយៈពេលប្រមាណ ១០ នាទី បន្ទាប់មកអ្នកប្រារព្ធពិធីដង្ហែទឹកពីក្រឡលង្ហិនមកចាក់ពេញពាងស្រា រួចបង្វែរពាងមកពិសាស្រា។ បន្ទាប់ពីពិធីនោះ អ្នកភូមិនឹងប្តូរវេនពិសាស្រាបាយជាមួយគ្នា។ លោក Siu Pho ដែលធ្វើពិធីបួងសួងសុំទឹកភ្លៀង Yang Pơtao Apui បានចែករំលែក ថា៖ “បួងសួងសុំទឹកភ្លៀង ឲ្យគ្រប់គ្នាមានសុខភាពល្អនិងកម្លាំងមាំមួន។ បងប្អូនប្រជាជននឹងមានជីវភាពរស់នៅដ៏ល្អប្រសើរ”។
យោងទៅតាមទស្សនៈរបស់ជនជាតិចារ៉ាយ នៅពេលដែលមនុស្សកើត មក គ្រប់សត្វលោកនិងរបស់ទាំងឡាយនឹងលេចឡើងក្នុងពេលតែមួយ។ ព្រះត្រូវបានគេជឿថាបានផ្តល់ជីវិតនិងការពារមនុស្ស ដូចជាព្រះគង្គារដែលនាំជីវិត; ព្រះពិរុណដែលនាំមកនូវភាពស្រស់ស្រាយដល់រុក្ខជាតិនិងដំណាំ; ព្រះពាយនិងព្រះអគ្គី ជាព្រះដែលរក្សាភ្លើងដ៏ពិសិដ្ឋ។ លោកស្រី Siu Kur អ្នកស្រុកនៅឃុំ Chu A Thai បានចែករំលែកថា៖ “បន្ទាប់ពីអនុវត្តន៍ពិធីបួងសួងរួចរាល់ នឹងមានភ្លៀងធ្លាក់។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីពិធីនោះនឹងមានភ្លៀងធ្លាក់ភ្លាមៗ។ លុះពេលមានភ្លៀង ទើបជីវភាពរបស់ប្រជាជនទើបមានការអភិវឌ្ឍ។
នៅក្នុងរឿងព្រេងរបស់ជនជាតិចារ៉ាយ មានស្តេចចំនួន ១៤អង្គ ហៅថា "Pơtao Apui" (ព្រះអគ្គី) ដែលមានសមត្ថភាពហៅទឹកភ្លៀងនិងខ្យល់ ជួយអ្នកភូមិឱ្យរួចផុតពីគ្រោះរាំងស្ងួត។ តំបន់ដីរបស់ Pơtao Apui ត្រូវបានបង្កើតឡើងដោយសារស្តេចទាំងនេះ និងរឿងរ៉ាវជុំវិញ ១៤ អង្គរបស់ Pơtao Apui ដែលគងវង្សស្ថិតស្ថេរអស់រយៈពេល ៥ សតវត្សមកហើយ ហើយដាវដ៏ពិសិដ្ឋដែលមានអំណាចក្នុងការហៅទឹកភ្លៀង និងខ្យល់នៅក្នុងទឹកដីដ៏ពិសិដ្ឋ Plei Oi តែងតែត្រូវបានមរតកដោយការគោរពខ្ពស់បំផុត។ អ្នកចុងក្រោយដែលត្រូវបានជ្រើសរើសធ្វើជាស្តេចគឺលោក Siu Luynh ដែលជាព្រះអគ្គីអង្គទី ១៤ ប៉ុន្តែស្តេចបានសោយទិវង្គតនៅឆ្នាំ ១.៩៩៩ មុនពេលធ្វើពិធីទទួលដាវ ដូច្នេះលោកមិនទាន់បានហៅថា Powtao ទេ។ ទ្រង់ក៏ជាស្តេចចុងក្រោយដែរ ហើយចាប់តាំងពីពេលនោះមកគ្មានអ្នកស្នង ដូច្នេះទំនៀមទម្លាប់នេះក៏លេងបានប្រារព្ធទៀត។ ផ្នូររបស់ទ្រង់នៅតែមាន ស្ថិតក្នុងទីតាំងនៅក្នុងទីបញ្ចុះសពរបស់ស្តេចព្រះអគ្គី ក្នុងជ្រលងភ្នំ Cheo Reo បុរាណ ដែលឥឡូវជាកន្លែងគោរពបូជា Plei Oi ឃុំ Chu A Thai។
បច្ចុប្បន្នពិធីបួងសួងសុំភ្លៀងមានអ្នកទទួលបន្ទុក សម្រាប់អនុវត្តន៍។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Khac Su អតីតអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបុរាណវិទ្យាបាននិយាយថា៖ “សម្រាប់ប្រជាកសិករនៅតំបន់ខ្ពង់រាប តីង្វៀន កត្តាសំខាន់ពីរគឺទឹក និងឧបករណ៍បម្រើកម្លាំងពលកម្ម។ Potao Apui ដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនសុបិន និងការអធិស្ឋានរបស់មនុស្ស; ជាពិសេសសម្រាប់ជនជាតិចារាយជាមួយមេឃ ព្រោះវប្បធម៌នៅទីនេះជាវប្បធម៌ផ្សាភ្ជាប់នឹងធម្មជាតិ”។
ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ពិធីបួងសួងសុំទឹកភ្លៀង Yang Pơtao Apui មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាអត្តសញ្ញាណប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជានិមិត្តសញ្ញាវប្បធម៌ពិសេសនៃតំបន់ខ្ពង់រាប តីង្វៀនផងដែរ។ នេះក៏ជាមោទនភាពរបស់សហគមន៍ជនជាតិចារ៉ាយ និងបើកសក្ដានុពលយ៉ាងធំធេងក្នុងការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាសម្រស់ដ៏សម្បូរបែបនៃទឹកដី Gia Lai៕